អ្នកស្រី Matshidiso Moeti នាយិកាអង្គការ WHO ប្រចាំតំបន់អាហ្វ្រិក មើលឃើញសញ្ញានាំឱ្យខ្វាយខ្វល់ថា ប្រទេសជាតិនៅក្នុងទ្វីបអាហ្វ្រិកអាចឋិតក្នុងចំណោមពួកប្រទេសមានប្រាក់ចំណូលទាបចុងក្រោយគេ ដែលនឹងទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩។
អ្នកស្រីកត់សម្គាល់ថា ប្រទេសមានប្រាក់ចំណូលខ្ពស់ខ្លះដែលបានផ្តល់ប្រាក់សម្រាប់ការផលិតឬស្រាវជ្រាវវ៉ាក់សាំងនេះបម្រុងការផ្គត់ផ្គង់វ៉ាក់សាំងនេះសម្រាប់តែពួកគេផ្ទាល់។
ទោះណាជាមានការយល់ថា រដ្ឋាភិបាលនានាចង់ការពារប្រជាពលរដ្ឋផ្ទាល់របស់ពួកគេក៏ដោយក៏អ្នកស្រីនិយាយប្រាប់វីអូអេថា អ្នកស្រីសង្ឃឹមថា រដ្ឋាភិបាលទាំងនេះគួរពិចារណាអំពីសេចក្តីត្រូវការរបស់ប្រទេសឯទៀតៗផងដែរ។ អ្នកស្រី Matshidiso Moeti បាននិយាយថា៖
«យើងកំពុងបន្តវិភាគថា តើវាដំណើរការបែបណា។ យើងកំពុងបន្តជំរុញខ្លាំងណាស់ឱ្យមានគោលការណ៍សមធម៌ដែលត្រួវតែកាន់ខ្ជាប់និងគោរពដោយមនុស្សគ្រប់គ្នាហើយថា យើងធ្វើការជាមួយគ្នា ដើម្បីធ្វើឱ្យប្រាកដប្រជាថា ពួកប្រទេសមានប្រាក់ចំណូលទាបនិងពួកប្រទេសអភិវឌ្ឍន៍តិចបំផុត បានទទួលផលប្រយោជន៍នៅពេលមានវ៉ាក់សាំងនេះ»។
អ្នកស្រី Matshidiso Moeti ព្រមានថា ជាការមិនគិតវែងឆ្ងាយដែលពួកប្រទេសមានធនធានច្រើនគិតតែពីខ្លួនឯង។ អ្នកស្រីនិយាយថា នៅក្នុងពិភពលោកនេះដែលមានការទាក់ទងគ្នាទៅវិញទៅមក គ្មាននរណាមួយមានសុវត្ថិភាពទេរហូតដល់ពេលណាដែលមនុស្សគ្រប់គ្នាមានសុវត្ថិភាព។ អ្នកស្រីបាននិយាយបន្ថែមថា វីរុសនេះមិនស្គាល់ព្រំដែនទេ។ អ្នកស្រីថ្លែងថា ជំងឺកូវីដ១៩នឹងបន្តរាលដាលជុំវិញពិភពលោករហូតដល់ពេលមនុស្សគ្រប់គ្នាមានការការពារពីជំងឺដ៏ប្រល័យនេះ។
អ្នកស្រី Matshidiso Moeti និយាយថា វ៉ាក់សាំងមិនមែនជាគ្រាប់កាំភ្លើងទិព្វទេហើយប្រទេសជាតិនានាមិនគួរបង្អែបង្អង់សកម្មភាពរង់ចាំវ៉ា់ក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពនោះទេ ព្រោះផលិតវ៉ា់ក់សាំងបែបនេះជាដំណើរការស៊ីពេលច្រើនខែ។ នៅពេលជាមួយគ្នានេះដែរ អ្នកស្រីបានថ្លែងថា ជាការមានសារៈសំខាន់ចាំបាច់ ដែលប្រទេសនានាបន្តរកអត្តសញ្ញាណអ្នកជំងឺ តាមដានការទាក់ទងរបស់អ្នកជំងឺជាមួយ ជនឯទៀតៗ ដាក់ឱ្យអ្នកជំងឺនៅដាច់ពីគេនិងធ្វើឱ្យការឆ្លងវីរុសនេះមានតិចបំផុតផងដែរ។ អ្នកស្រី Matshidiso Moeti និយាយថា៖
«អ្វីដែលមានសារៈសំខាន់ជាងនេះគឺការយល់ដឹងរបស់ប្រជាពលរដ្ឋ ការចេះដឹងនិងឥរិយាបថការពារខ្លួនឯង បញ្ចៀសមិនឱ្យមានវីរុស ចៀសវាងកុំឱ្យពួកគេចម្លងជំងឺនេះទៅមនុស្សឯទៀតដោយពាក់ម៉ាស់ ដោយរក្សាគម្លាតពីគ្នា ដែលអាចធ្វើបាន ដោយធ្វើតាមវិធានការ អនាម័យដោយលាងដៃ និងសម្អាតផ្ទៃវត្ថុនានាដែលជាការមានសារៈសំខាន់ណាស់»។
អ្នកស្រី Matshidiso Moeti កត់សម្គាល់ថា ទោះណាជាមានវ៉ាក់សាំងហើយមានប្រាក់សម្រាប់ចាក់ថ្នាំនេះក៏ដោយ ក៏ការចាក់ថ្នាំនេះឱ្យបានគ្រប់គ្រាន់នឹងត្រូវការពេល។ អ្នកស្រីបានថ្លែងទៀតថា ទម្រាំដល់ពេលនោះ គេត្រូវមានវិធានការបញ្ចៀសមិនឱ្យមានជំងឺនេះតទៅទៀត។
របាយការណ៍ថ្មីៗបំផុតបង្ហាញថា ករណីអ្នកមានវីរុសកូរ៉ូណានៅក្នុងទ្វីបអាហ្វ្រិកមានជិត១លាន១សែននាក់ដោយមានអ្នកជំងឺស្លាប់ជាង២ម៉ឺន៣ពាន់នាក់។ អ្នកស្រី Moeti និយាយថា ចំនួនអ្នកជំងឺនេះកំពុងកើនឡើងថែមទៀតនៅពេលវីរុសកូរ៉ូណារាលដាលពីតំបន់ទីក្រុងមានដង់ស៊ីតេមនុស្សច្រើនទៅតំបន់ជនបទដែលមានដង់ស៊ីតេប្រជាពលរដ្ឋទាបនិងនៅពេលសហគមន៍បន្ធូរការរឹតត្បិតនៃការបិទប្រទេស។
អ្នកស្រីថ្លែងថា ប្រទេសទាំងឡាយត្រូវតែប្រុងប្រយ័ត្នតទៅទៀត ពីព្រោះការកាត់បន្ថយជំងឺកូវីដ១៩អាចប្រដូចបានជាមួយការរត់ម៉ារ៉ាតុងរយៈពេលយូរ មិនមែនរត់ប្រណាំងយ៉ាងលឿនតែឆាប់ឈប់នោះទេ៕
ប្រែសម្រួលដោយលោកឈឹម សុមេធ