ទម្រង់ថ្មីមួយនៃវីរុសបំប្លែងថ្មីអូមីក្រុង (omicron) ដែលទើបលេចឡើង ហាក់ដូចជាមិនមានភាពធ្ងន់ធ្ងរជាងប្រភេទវីរុសអូមីក្រុងទម្រង់ដើមនោះទេ។ នេះបើតាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃអង្គារម្សិលមិញ។
លោកវេជ្ជបណ្ឌិត Boris Pavlin នៃក្រុមឆ្លើយតបកូវីដ១៩របស់អង្គការសុខភាពពិភពលោក បានថ្លែងអំពីវីរុសអូមីក្រុងទម្រង់ថ្មីនេះ ដែលមានឈ្មោះបច្ចេកទេសថា BA.2 នៅក្នុងសន្និសីទកាសែតតាមអនឡាញ ខណៈវាកំពុងចាប់ផ្តើមជំនួសវីរុសអូមីក្រុងទម្រង់ដើមដែលមានឈ្មោះបច្ចេកទេសថា BA.1 នៅក្នុងប្រទេសដាណឺម៉ាក និងប្រទេសផ្សេងទៀត។
លោកវេជ្ជបណ្ឌិត Pavlin បាននិយាយថា៖ «បើយើងក្រឡេកមើលប្រទេសនានាដែលវីរុស BA.2 កំពុងរាតត្បាតលើសវីរុសដើម យើងមិនបានឃើញមនុស្សដែលចូលសម្រាកក្នុងមន្ទីរពេទ្យច្រើនជាងការរំពឹងទុកនោះទេ»។
លោកវេជ្ជបណ្ឌិត Pavlin ថា ប្រសាសន៍របស់លោកផ្អែកលើទិន្នន័យមកពីប្រទេសដាណឺម៉ាកជាប្រទេសទី១ ដែលវីរុស BA.2 មានចំនួនលើសវីរុសអូមីក្រុងដើម BA.1។ លោកបាននិយាយទៀតថា វ៉ាក់សាំង បានបន្តផ្តល់ការការពារស្រដៀងគ្នាប្រឆាំងនឹងទម្រង់អូមីក្រុងប្រភេទផ្សេងទៀត។
ប្រភេទវីរុសថ្មីនេះ ឆ្លងខ្លាំងជាងវីរុសដើម BA.1។ នេះ បើតាមការសិក្សារបស់ដាណឺម៉ាកដែលបានធ្វើការវិភាគអំពីការឆ្លងនៅក្នុងគ្រួសារដាណឺម៉ាកជាង៨.៥០០នៅខែធ្នូ និងមករា។
វីរុសអូមីក្រុងប្រភេទថ្មីនេះ ក៏កំពុងរាលដាលលើសលុបលើមេរោគកូវីដប្រភេទផ្សេងៗទៀតនៅក្នុងប្រទេសឥណ្ឌា នេប៉ាល់ ហ្វ៊ីលីពីននិងកាតាផងដែរ ក៏ប៉ុន្តែការរាលដាលរបស់វានៅប្រទេសដាណឺម៉ាក មិនបានបញ្ឈប់អាជ្ញាធរនៅក្នុងប្រទេសនេះ ឲ្យលុបចោលការរឹតត្បិតសង្គមនានាទេ៕
ព័ត៌មានខ្លះ នៅក្នុងសេចក្ដីរាយការណ៍នេះ ត្រូវបានដកស្រង់ពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។