ការចរចារយៈពេលពីរឆ្នាំបានបញ្ចប់ទៅកាលពីថ្ងៃទី ២៤ ខែឧសភាកន្លងទៅនេះ ដោយមិនមានការសម្រេចលើសេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងជាសកលស្ដីពីវិធីដោះស្រាយជំងឺរាតត្បាតនោះទេ។ មន្ត្រីផ្នែកសុខភាពសាធារណៈបាននិយាយថា ជំងឺរាតត្បាតផ្សេងទៀតប្រាកដជានឹងកើតមានទៀតនៅពេលខាងមុខ។
បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺរាតត្បាតកូវីដ១៩ មក អង្គការសុខភាពពិភពលោក (WHO) ត្រូវបានស្នើឱ្យបង្កើតកិច្ចព្រមព្រៀងមួយអំពីវិធីឆ្លើយតបទៅនឹងជំងឺរាតត្បាតបន្ទាប់ដែលអាចនឹងកើតឡើងដោយចៀសមិនរួច និងបញ្ចៀសនូវការប្រព្រឹត្តខុសនិងវិសមភាពដែលបានកើតឡើងក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩។
លោក Roland Driece សហប្រធានក្រុមប្រឹក្សាចរចារបស់អង្គការសុខភាពពិភពលោកសម្រាប់កិច្ចព្រមព្រៀងនេះ បាននិយាយកាលពីថ្ងៃទី ២៤ ខែឧសភាកន្លងទៅនេះថា៖ «យើងមិនបានឈានដល់ដំណាក់កាលដែលយើងសង្ឃឹមថានឹងឈានដល់នោះទេនៅពេលដែលយើងបានចាប់ផ្តើមដំណើរការចរចានេះ»។
សេចក្ដីព្រាងចុងក្រោយនៃកិច្ចព្រមព្រៀងនេះកំពុងត្រូវបានពិភាក្សានៅក្នុងមហាសន្និបាតសុខភាពពិភពលោកនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី ២៧ ខែឧសភាហើយនឹងបញ្ចប់នៅថ្ងៃទី ១ ខែមិថុនាខាងមុខ។
ប្រធានអង្គការសុខភាពពិភពលោកលោក Tedros Adhanom Ghebreyesus បាននិយាយនៅក្រោយការពិភាក្សាដែលបានបញ្ចប់ទៅកាលពីថ្ងៃទី ២៤ ខែឧសភាកន្លងទៅនេះថា៖ «នេះមិនមែនជាការបរាជ័យទេ»។
លោក Tedros បាននិយាយទៀតថា៖ «យើងនឹងព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងដោយជឿថាអ្វីៗគឺអាចទៅរួច ហើយនឹងធ្វើឱ្យមានសន្ធិសញ្ញានេះពីព្រោះពិភពលោកនៅតែត្រូវការសន្ធិសញ្ញាស្តីពីជំងឺរាតត្បាត»។
ជំងឺរាតត្បាតកូវីដ១៩ បានសម្លាប់មនុស្សរាប់លាននាក់នៅទូទាំងពិភពលោក ធ្វើឱ្យប្រព័ន្ធសុខាភិបាលខូចខាត និងបង្អាក់ដល់សេដ្ឋកិច្ច។
លោក Tedros បានពណ៌នាអំពីភាពខុសគ្នាដ៏ធំរវាងប្រទេសអ្នកមាននិងប្រទេសក្រីក្រទាក់ទងនឹងការទទួលបានវ៉ាក់សាំងនិងតម្រូវការចាំបាច់ផ្សេងទៀតថាជា «ការបរាជ័យផ្នែកសីលធម៌ដ៏មហន្តរាយ»។
តែទោះជាយ៉ាងនេះក្តី លោក Tedros នៅតែរក្សាក្តីសង្ឃឹមថា អង្គការសុខភាពពិភពលោកនឹងបង្កើតផែនការមួយដើម្បីដោះស្រាយដោយសមធម៌ជាងមុនអំពីជំងឺរាតត្បាតបន្ទាប់។
លោក Tedros បានថ្លែងថា៖ «បញ្ហាប្រឈមជាច្រើនដែលបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ គឺនៅតែមាន»។
លោក Driece និងអ្នកស្រី Precious Matsoso ដែលជាសហប្រធាននៃក្រុមប្រឹក្សាចរចានេះ មិនបាននិយាយលម្អិតអំពីចំណុចណាដែលបង្អាក់ដល់ការពិភាក្សានេះទេ។ ក៏ប៉ុន្តែ អ្នកផ្សេងទៀតបានចង្អុលបង្ហាញអំពីភាពខុសគ្នាទាក់ទិននឹងការចែករំលែកព័ត៌មានអំពីភ្នាក់ងារបង្កជំងឺ កម្មសិទ្ធិបញ្ញា និងលទ្ធភាពទទួលបានវ៉ាក់សាំង។
យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន The Associated Press ប្រទេសកំពុងអភិវឌ្ឍន៍ព្រួយបារម្ភថា បន្ទាប់ពីបានផ្តល់គំរូវីរុសដើម្បីប្រើប្រាស់ក្នុងការផលិតវ៉ាក់សាំងហើយ ខ្លួនអាចមិនមានលទ្ធភាពទិញវ៉ាក់សាំងទាំងនោះបាន។
សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សសាធារណរដ្ឋមួយចំនួនបានតវ៉ាទៅរដ្ឋបាលប្រធានាធិបតីអាមេរិកលោក Joe Biden ថា សេចក្តីព្រាងសន្ធិសញ្ញានេះមានបញ្ហារឿង «កម្មសិទ្ធិបញ្ញា»។
ចក្រភពអង់គ្លេសបានបញ្ជាក់ថា ខ្លួននឹងយល់ព្រមចំពោះសន្ធិសញ្ញានេះក្នុងករណីដែល «សន្ធិសញ្ញានេះប្រកាន់ខ្ជាប់តាមផលប្រយោជន៍ជាតិនិងអធិបតេយ្យភាពរបស់ចក្រភពអង់គ្លេស» តែប៉ុណ្ណោះ។
ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា ខ្លួនបានឃើញសេចក្តីព្រាងនៃកិច្ចព្រមព្រៀងនេះ ដែលផ្នែកមួយភាគធំត្រូវបានអនុម័ត ប៉ុន្តែផ្នែកមួយចំនួនទៀតមិនទាន់ត្រូវបានអនុម័ត៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន AFP។