អង្គការសុខភាពពិភពលោកបានលើកឡើងថា ខ្លួនកំពុងធ្វើផែនការកំណែទម្រង់លើសមត្ថភាពរបស់អង្គការនេះដើម្បីឆ្លើយតបឲ្យបានឆាប់រហ័ស និងមានប្រសិទ្ធិភាពចំពោះការសង្គ្រោះបន្ទាន់ផ្នែកសុខភាពអន្តរជាតិ។
ការធ្វើកំណែទម្រង់ទាំងនេះធ្វើឡើងបន្ទាប់ពីរងការរិះគន់នៅទូទាំងពិភពលោកអំពីការឆ្លើយតបយឺតយ៉ាវរបស់អង្គការសុខភាពពិភពលោកចំពោះជំងឺអេបូឡានៅតំបន់អាហ្វ្រិកខាងលិច។
លោកស្រី Margaret Chan អគ្គនាយកនៃអង្គការសុខភាពពិភពលោកមិនបានប្រកាសថា ជំងឺអេបូឡាជាបញ្ហាអាសន្នផ្នែកសុខភាពសាធារណៈអន្តរជាតិឡើយ រហូតដល់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ ដែលនេះមានរយៈពេលជាងបួនខែ បន្ទាប់ពីប្រទេសហ្គីណេ (Guinea) បានប្រកាសថា ជំងឺអេបូឡា ជាបញ្ហាអាសន្នផ្នែកសុខភាពជាតិ។ មេរោគដ៏ប្រល័យនេះបានរីករាលដាលទៅដល់ប្រទេសសៀរ៉ាឡែអូន (Sierra Leone) និងប្រទេសលីបេរីយ៉ា (Liberia) ហើយបានសម្លាប់មនុស្សជិត១.០០០នាក់រួចទៅហើយនៅក្នុងតំបន់នេះ នៅពេលដែលអង្គការសុខភាពពិភពលោកបានឆ្លើយតបនឹងបញ្ហានេះ។
លោកស្រីបណ្ឌិត Chan បានឲ្យដឹងថា អង្គការសុខភាពពិភពលោកនឹងអនុវត្តកំណែទម្រង់ នៅក្នុងវិស័យសំខាន់ចំនួនប្រាំមួយ។
«ជាដំបូង យើងត្រូវបង្កើតឡើងកម្មវិធីរួមគ្នាមួយដើម្បីសង្គ្រោះបន្ទាន់ ហើយយើងកំពុងព្យាយាមអនុវត្តឲ្យបានលឿនជាងមុននៅក្នុងអង្គការជាមុនសិន ដូចជានីតិវិធីផ្ទៃក្នុងសម្រាប់ការផ្គត់ផ្គង់ដែលមានលក្ខណៈងាយស្រួលច្រើនជាងមុន ការការដាក់ពង្រាយបុគ្គលិក និងការគ្រប់គ្រងធនធានជាសកលរបស់យើងដើម្បីពន្លឿនការឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ណាមួយ។ យើងបានឃើញលទ្ធផលដែលមានភាពល្អប្រសើរនៃការឆ្លើយតបរបស់យើងចំពោះការផ្ទុះឡើងនៃជំងឺនេះ និងការសង្គ្រោះបន្ទាន់នៅប្រទេសយេម៉ែន នេប៉ាល់ និងសាធារណរដ្ឋកូរ៉េ»។
អង្គការសុខភាពពិភពលោកបានបន្ថែមថា ខ្លូនក៏មានផែនការជួយបង្កើតប្រព័ន្ធការពារសុខភាពដ៏រឹងមាំដែលធន់នឹងការរងគ្រោះផងដែរ។ អង្គការនេះនឹងបង្កើតកងកម្លាំងការងារសង្គ្រោះបន្ទាន់ផ្នែកសុខភាពសកល ដែលអាចឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងបញ្ហាអាសន្នផ្នែកសុខភាពអន្តរជាតិផ្សេងៗ។
លោកស្រីបណ្ឌិត Chan បានមានប្រសាសន៍ថា ចំណុចទីបួននៃការងាររបស់អង្គការអ្នកស្រីមានគោលបំណងពង្រឹងការអនុវត្តបទប្បញ្ញត្តិសុខភាពអន្តរជាតិ។
«ខ្ញុំចង់មានន័យថា យើងត្រូវការបង្កើតយន្តការមួយដើម្បីជូនដំណឹងជាមុនឲ្យបានឆាប់រហ័សអំពីភាពអាសន្ន និងកំណត់យន្តការណាមួយ។ ខ្ញុំចង់បានន័យថាតើយើងអាចមានវិធីបង្កើតយន្តការមួយដើម្បីលើកទឹកចិត្តឲ្យបណ្តាប្រទេសទាំងអស់រាយការណ៍ការផ្ទុះឡើងនៃជំងឺនោះឲ្យបានឆាប់រហ័សដែរឬទេ»។
លោកស្រីបណ្ឌិត Chan បានឲ្យដឹងថា អង្គការសុខភាពពិភពលោកនឹងបន្តការស្រាវជ្រាវ និងផលិតវ៉ាក់សាំងបង្ការ និងការព្យាបាលជំងឺដែលកំពុងកើតមាននាពេលបច្ចុប្បន្ន និងជំងឺដែលនឹងលេចឡើងនាពេលអនាគត។
លោកស្រីបានយល់ស្របថា ការអនុវត្តកំណែទម្រង់ទាំងនេះនឹងត្រូវការចំណាយយ៉ាងច្រើន។ ប៉ុន្តែលោកស្រីបានបញ្ជាក់ថា លោកស្រីមានទំនុកចិត្តជាខ្លាំងថា នឹងមានថវិកាសម្រាប់ផែនការនេះយ៉ាងពិតប្រាកដ៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា