នៅក្នុងព្រះរាជសារជាវីដេអូរបស់អធិរាជជប៉ុន Akihito នាថ្ងៃច័ន្ទម្សិលមិញនេះ ព្រះអង្គបានស្នើថា ព្រះអង្គមានព្រះរាជបំណងចង់ដាក់រាជ្យ ដែលធ្វើឲ្យមតិសាធារណជនទូទៅផ្តោតការចាប់អារម្មណ៍ទៅលើបុត្រាច្បងរបស់ព្រះអង្គ ដែលមានព្រះរាជសិទ្ធិស្នងរាជ្យបន្ត។
នៅក្នុងព្រះរាជសារជាវីដេអូរយៈពេល ១០ នាទី ដែលបានផ្សព្វផ្សាយនៅទូទាំងប្រទេសជប៉ុនកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ព្រះមហាក្សត្រ Akihito ផ្តោតសំខាន់លើព្រះជន្មជរារបស់ព្រះអង្គ និងក្តីព្រួយបារម្ភរបស់ព្រះអង្គពាក់ព័ន្ធនឹងការលំបាកក្នុងការបំពេញព្រះរាជកិច្ចឲ្យបានពេញលេញក្នុងតួនាទីជាព្រះមហាក្សត្រ ដែលចំនុចនេះត្រូវបានអ្នកតាមដានកិច្ចការព្រះរាជវាំងលើកឡើងថា មានមូលហេតុផ្សេងនៅក្នុងព្រះរាជសាររបស់ព្រះអង្គក្នុងការចង់ដាក់រាជ្យ ដែលមូលហេតុនោះអាចជាអ្នកដែលត្រូវស្នងរាជ្យបន្តពីព្រះអង្គ។
ដូចជាព្រះរាជបិតារបស់ព្រះអង្គដែរ ព្រះអង្គម្ចាស់រជ្ជទាយាទ Naruhito ជាក្សត្រមានព្រះរាជបន្ទូលស្រទន់ និងមានភាពញញឹមរួសរាយរាក់ទាក់។ ព្រះអង្គប្រសូត្រនៅថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ១៩៦០ ដែលឥឡូវនេះ ព្រះអង្គមានព្រះជន្ម ៥៦ ព្រះវស្សាហើយ។ ព្រះអង្គបានរៀបអភិសេកជាមួយនឹងអ្នកម្នាង Masako ដែលជាអតីតអ្នកការទូតសិក្សានៅសាកលវិទ្យាល័យ Havard សហរដ្ឋអាមេរិក។ អ្នកម្នាង Masako បានធ្លាក់ខ្លួនប្រឈួនអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ ហើយអ្នកម្នាងកម្របង្ហាញព្រះកាយជាសាធារណៈណាស់។
ដោយមានព្រះរាជបិតាដែលប្រឹងប្រែងបំបែកនូវប្រពៃណីអធិរាជបុរាណរបស់ប្រទេសជប៉ុនធ្វើយ៉ាងណាឲ្យគ្រួសាររាជវង្សមានភាពជិតស្និទ្ធជាមួយប្រជារាស្ត្រ ព្រះអង្គម្ចាស់ Naruhito បានធំធាត់នៅក្នុងរាជវង្សានុវង្សមួយដែលគេមើលឃើញថាជាគំរូសម្រាប់ប្រទេសជាតិ។ ព្រះនាមរបស់ព្រះអង្គមានន័យថា មនុស្សដែលពោរពេញដោយគុណធម៌ខ្ពស់ផុតភពផែនដី។
ព្រះអង្គម្ចាស់ Naruhito បានសិក្សានៅសាលា Gakushuin ដែលជាសាលាឯកជនសម្រាប់អតីតគ្រួសារអភិជន។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ព្រះអង្គបានបន្តការសិក្សានៅសាកលវិទ្យាល័យ Oxford ប្រទេសអង់គ្លេស នឹងទទួលបានសញ្ញាប័ត្រផ្នែកប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទន្លេ Thames។
អ្នកតាមដានកិច្ចការព្រះរាជវាំង និងអ្នកជំនាញផ្សេងៗបានលើកឡើងថា ព្រះចៅអធិរាជ Akihito មានព្រះរាជបំណងចង់ដាក់រាជ្យ ដើម្បីឲ្យដំណើរការផ្ទេររាជ្យមានលក្ខណៈរលូនទៅមុខ ជាជាងរង់ចាំដល់នាទីចុងក្រោយដែលធ្វើឲ្យព្រះអង្គម្ចាស់ Naruhito ទទួលបន្ទុកធ្ងន់ភ្លាមៗបន្ទាប់ពីព្រះអង្គ៕