ប្រធានអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវឲ្យមានសមធម៌ជាសាកលឲ្យកាន់តែប្រសើរជាងមុន ទាក់ទិននឹងការចាក់វ៉ាក់សាំងកូវីដ១៩ ដោយបាននិយាយថា ប្រទេសអ្នកមានចាំបាច់ត្រូវចែករំលែកវ៉ា់ក់សាំងជាមួយនឹងប្រទេសក្រីក្រ។
ថ្លែងក្នុងកិច្ចប្រជុំគណៈអភិបាលប្រតិបត្តិរបស់អង្គការ WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃច័ន្ទមិ្សលមិញ ប្រធានអង្គការ WHO លោក Tedros Adhanom Ghebreyesus បាននិយាយថា៖ «វាមិនត្រឹមត្រូវនោះទេ ដែលមនុស្សវ័យក្មេងមានសុខភាពល្អក្នុងប្រទេសអ្នកមាន ទទួលបានវ៉ាក់សាំងកូវីដ១៩ មុនបុគ្គលិកសុខាភិបាលនិងមនុស្សវ័យចំណាស់នៅក្នុងប្រទេសក្រីក្រ»។
លោក Tedros បន្តថា៖ «វ៉ាក់សាំងកូវីដ១៩ ជាង ៣៩ លានដូស ត្រូវបានគេចាក់នៅក្នុងប្រទេសយ៉ាងតិច ៤៩ ដែលជាប្រទេសមានប្រាក់ចំណូលខ្ពស់។ ប៉ុន្តែមានវ៉ាក់សាំងតែ ២៥ ដូសប៉ុណ្ណោះត្រូវបានចាក់នៅក្នុងប្រទេសមួយដែលមានបា្រក់ចំណូលទាបបំផុត»។
លោក Tedros បានបន្ថែមថា៖ «ខ្ញុំត្រូវនិយាយដោយត្រង់ថា ពិភពលោកជិតឈានទៅរកការបរាជ័យផ្នែកសីលធម៌ដ៏មហន្តរាយមួយ ហើយផលវិបាកដែលបានមកពីការបរាជ័យនេះគឺការបាត់បង់ជីវិតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃប្រទេសក្រីក្របំផុតនៅលើពិភពលោក។ សមធម៌នៃការចែកចាយវ៉ាក់សាំងកូវីដ១៩ មិនត្រឹមតែជាភាពចាំបាច់ផ្នែកសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រនិងសេដ្ឋកិច្ចផងដែរ»៕