សេតវិមាន៖ លោក Trump មិន​បាន​ធ្វើ​ឲ្យ​ខូច​ប្រភព​ស៊ើប​ការណ៍​សម្ងាត់​នៅ​ក្នុង​កិច្ចពិភាក្សា​ជាមួយ​រុស្ស៊ី​នោះ​ទេ

លោក​ប្រធានាធិបតី Donald Trump ស្ថិត​នៅ​ក្នុង​បន្ទប់ Roosevelt នៃ​សេតវិមាន ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧។

លោក H. R. McMaster ទីប្រឹក្សា​សន្តិសុខជាតិ​របស់​អាមេរិក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ព័ត៌មាន​អំពី​អំពើ​ភេរវកម្ម​និង​ការ​គំរាម​កំហែង​ទៅ​លើ​អាកាសចរណ៍​អន្តរជាតិ​ដែល​លោក​ប្រធានាធិបតី​ Donald Trump បាន​ចែក​រំលែក​ជាមួយ​នឹង​ក្រុម​មន្ត្រី​កាទូត​រុស្ស៊ី​កាលពី​សប្តាហ៍​មុន​នោះ​គឺ​មាន​ភាព​សមស្រប​ទាំង​ស្រុង​និង​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រភព​ស៊ើប​ការណ៍​សម្ងាត់​របស់​អាមេរិក​នោះ​ទេ។

លោក McMaster បាន​ថ្លែង​បញ្ជាក់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​អ្វី​ដែល​លោក​បាន​ថ្លែង​កាលពី​ថ្ងៃ​ច័ន្ទ ដែល​ថា​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​គឺ​ខុស​ ដែល​ព័ត៌មាន​ទាំង​នោះ​បាន​ថា លោក​ Trump បាន​ប្រាប់​ព័ត៌មាន​សម្ងាត់​ទៅ​កាន់​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​រុស្ស៊ី​លោក Sergei Lavrov និង​ឯកអគ្គរដ្ឋទូត​រុស្ស៊ីប្រចាំ​នៅ​អាមេរិក​លោក Sergey Kislyak នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ឯ​សេតវិមាន។

លោក McMaster ដែល​ស្ថិត​ក្នុង​កិច្ច​ប្រជុំ​ក្នុង​ការិយាល័​ប្រធានាធិបតី Oval Office បាន​ថ្លែង​ថា៖ «ខ្ញុំ​មិន​ព្រួយ​បារម្ភ​អ្វី​ទាំង​អស់។ កិច្ច​សន្ទនា​នោះ​មាន​ភាព​សមស្រប​ទាំង​ស្រុង​ ហើយ​ខ្ញុំ​គិត​ថា វា​មាន​ភាព​សម​ស្រប​ទាំង​ស្រុង​ទៅ​នឹង​អ្វី​ដែល​ដៃគូ​ស៊ើប​ការណ៍​សម្ងាត់​របស់​យើង​រំពឹង​ទុក»៕