លោក Peter Navarro ទីប្រឹក្សាពាណិជ្ជកម្មរបស់សេតវិមានបាននិយាយកាលពីថ្ងៃអាទិត្យថា លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មិនមានផែនការនឹងលើកលែងប្រទេសណាមួយឲ្យរួចពីការបង់ពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូមមកកាន់សរហដ្ឋអាមេរិកនោះទេ។
លោក Navarro បានថ្លែងប្រាប់បណ្តាញសារព័ត៌មាន CNN ថា ព័ត៌មានលម្អិតទៅលើការដំឡើងពន្ធនាំចូលប្រមាណ២៥ភាគរយទៅលើដែកនិង១០ភាគរយទៅលើការនាំចូលអាលុយមីញ៉ូមគួរតែត្រូវរួចរាល់ក្នុងសប្តាហ៍នេះ ឬយ៉ាងយូរបំផុតត្រឹមដើមសប្តាហ៍ក្រោយ។
ការដំឡើងពន្ធនាំចូលថ្មីរបស់លោក ត្រាំ ទៅលើលោហធាតុសំខាន់ៗបានបង្កឲ្យមានការថ្កោលទោសពីតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋដែលមានពាក់ព័ន្ធនឹងការធ្វើជំនួញ ក៏ដូចជាដៃគូពាណិជ្ជកម្មសំខាន់ៗ ដូចជាកាណាដានិងសហភាពអឺរ៉ុបផងដែរ។ ក៏ប៉ុន្តែលោក Navarro និយាយថា ពន្ធនាំចូលនេះគឺចាំបាច់ «ដើម្បីការពារសន្តិសុខជាតិនិងសេដ្ឋកិច្ចជាតិអាមេរិក»។
លោកបានច្រានចោលការការព្រួយបារម្ភពីមន្ត្រីក្រសួងការពារប្រទេសដែលបានគាំទ្រដល់ការបង្កើនពន្ធសម្រាប់តែប្រទេសមួយចំនួនប៉ុណ្ណោះ មិនមែនបង្កើនពន្ធទៅលើការនាំចូលលោហធាតុពីបណ្តាប្រទេសទូទាំងពិភពលោកនោះទេ។
ប្រទេសកាណាដា ដែលជាដៃគូពាណិជ្ជកម្មធំជាងគេរបស់អាមេរិក អាចនឹងទទួលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារតែចាប់តាំងពីឆ្នាំមុនមក កាណាដាបាននាំចូលអាលុយមីញ៉ូមដែលមានតម្លៃជាទឹកប្រាក់ប្រមាណ៧ពាន់២រយលានដុល្លារ និងដែកថែបមានតម្លៃ៤ពាន់៣រយលានដុល្លារ។ ការដំឡើងពន្ធនាំចូលនេះក៏អាចប៉ះពាល់ដល់ប្រទេសជាសម្ព័ន្ធមិត្តអាមេរិកដទៃទៀតដែរ ដូចជា អង់គ្លេស អាល្លឺម៉ង់ កូរ៉េខាងត្បូង តួកគី និងជប៉ុន។ ចិនគឺជាប្រទេសដែលផលិតដែកថែបច្រើនបំផុតនៅក្នុងពិភពលោក ប៉ុន្តែនាំចូលដែកថែបមកកាន់សហរដ្ឋអាមេរិកត្រឹមតែ២ភាគរយប៉ុណ្ណោះ ហើយនឹងអាចរងផលប៉ះពាល់តិចតួច៕