រូបភាព​នៃ​ការ​ស្លាប់​ជន​ស៊ីវិល​នៅ​ពេល​ថ្មីៗ​នេះ​កំពុង​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោក​ត្រាំ​ពិចារណា​គោលនយោបាយ​របស់​ខ្លួន​ស្តី​ពី​ប្រទេស​ស៊ីរី​ឡើង​វិញ

បុរស​ម្នាក់​ដក​ដង្ហើម​តាម​ស្រោម​មុខ​ដែល​មាន​អុកស៊ីសែន នៅ​ពេល​ដែល​ម្នាក់​ទៀត​ទទួល​បាន​ការ​ព្យាបាល បន្ទាប់​ពី​ការ​វាយប្រហារ​ដោយ​ឧស្ម័ន​គីមី នៅ​ក្នុង​ក្រុង Khan Sheikhoun ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧។

ពួក​មន្ត្រី​សហរដ្ឋ​អាមេរិក​កំពុង​ថ្កោលទោស​ការ​វាយ​ប្រហារ​ដែល​គេសង្ស័យ​ថា​ជា​អាវុធ​គីមី​នៅ​ក្នុង​ប្រទេស​ស៊ីរី​ដែល​បាន​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​មួយ​ចំនួន​ធំ ខណៈ​ដែល​មាន​ការ​ទទួល​ស្គាល់​ថា ​រដ្ឋាភិបាល​របស់​ប្រធានា​ធិបតី​ Bashar al-Assad ​បាន​ធ្វើ​ការ​វាយ​ប្រហារ​នៅ​តែ​ជា​ការ​ពិត​ខាង​នយោបាយ​នៅ​ក្នុង​ប្រទេស។

​លោក Sean Spicer ​អ្នក​នាំ​ពាក្យ​សេតវិមាន ​បាន​និយាយ​នៅ​ឯ​សន្និសីទ​ប្រចាំ​ថ្ងៃ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ «ការ​វាយ​ប្រហារ​អាវុធ​គីមី​នៅ​ថ្ងៃ​នេះ​ក្នុង​ប្រទេសស៊ីរី​ប្រឆាំង​នឹង​ជន​ស្លូត​ត្រង់ ​រួម​មាន​ស្ត្រី និង​កូនក្មេង ​ជា​ការ​គួ​រឲ្យ​ស្តី​បន្ទោស​ ហើយ​មិន​អាច​មិន​អើ​ពើ​ដោយ​ពិភពលោក​ស៊ីវិល័យ​ទៀត​ទេ‍»។

​ការ​វាយ​ប្រហារ​តាម​អាកាសកាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ទៅ​លើ​សង្កាត់​ដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម​នៅ​ក្នុង​ខេត្ត Idlipភាគ​ខាង​ជើងកើត​មាន​ឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​មន្ត្រី​កំពូល​របស់​រដ្ឋបាល​លោកត្រាំ ​រួម​មាន​លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ Rex Tillerson ​បាន​ផ្តល់​សញ្ញា​ថា ​ការ​ដកលោក al-Assad ​ចេញ​ពី​តំណែង​លែង​ជា​អាទិភាព​របស់​សហរដ្ឋ​អាមេរិក​ទៀត​ហើយ។

រូបភាព​នៃ​ការ​ស្លាប់​ និង​កំពុង​ស្លាប់របស់​ជន​ស៊ី​វិល​នៅ​ពេល​ថ្ម​ៗ​នេះ​កំពុង​ជំរុញ​ឲ្យ​រដ្ឋបាល​របស់​លោកត្រាំ​ពិចារណា​ឡើង​វិញ​នូវ​គោល​នយោបាយ​របស់​ខ្លួន​ស្តីពី​ប្រទេស​ស៊ីរី ​ដែល​នៅ​ទី​នោះ​សង្គ្រាម​ស៊ីវិល​រយៈ​ពេល​៦​ឆ្នាំ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​ម៉ឺននាក់​ស្លាប់។

​កាល​ពី​ថ្ងៃ​អង្គារ ​លោកSpicer​ អ្នកនាំ​ពាក្យ​សេតវិមាន​បាន​ទទួល​ស្គាល់​ថា ការណ៍​វាយ​ប្រហារ​នេះ​មិនមែន​ជា​ផល​ប្រយោជន៍​ដ៏​ល្អ​របស់​ពលរដ្ឋ​ស៊ីរី​ដើម្បី​ទុក​ប្រធានាធិបតី al-Assad​ នៅ​កាន់​អំណាច​ទេ ​ក៏ប៉ុន្តែ ​លោក​បាន​និយាយ​ទៀត​ថា ជម្រើស​របស់​សហរដ្ឋ​អាមេរិក​មាន​កម្រិត៕​