មន្រ្តីកងទ័ពម្នាក់ដែលជាបុគ្គលិកសន្តិសុខនៅសេតវិមានកាលពីថ្ងៃអង្គារបានប្រាប់ការស៊ើបអង្កេតការប្តឹងទម្លាក់ប្រធានាធិបតីចេញពីតំណែងដែលចាត់គោលដៅលើលោកប្រធានាធិបតីដូណាល់ ត្រាំថា លោកមានការព្រួយកង្វល់យ៉ាងខ្លាំងអំពីសំណើររបស់មេដឹកនាំសហរដ្ឋអាមេរិកកាលពីខែកក្កដា ដែលឲ្យអ៊ុយក្រែនស៊ើបអង្កេតគូប្រជែងខាងនយោបាយរបស់លោកថា លោកបានប្រាប់អ្នកមើលការខុសត្រូវរបស់លោក។
លោកវរសេនីយ៍ទោ Alexander Vindman ដែលបានស្តាប់ការសន្ទនាកាលពីចុងខែកក្កដារវាងប្រធានាធិបតីត្រាំនិងប្រធានាធិបតី Volodymyr Zelenskiy នៃប្រទេសអ៊ុយក្រែននិយាយនៅក្នុងការផ្តល់កសិណសាក្សីមួយថា «ខ្ញុំមានការព្រួយកង្វល់អំពីការនិយាយទូរសព្ទនោះ។ ខ្ញុំគិតថា វាជាការមិនត្រឹមត្រូវដែលទាមទារឲ្យរដ្ឋាភិបាលបរទេសមួយស៊ើបអង្កេតពលរដ្ឋអាមេរិកាំងម្នាក់ ហើយខ្ញុំមានការព្រួយបារម្ភអំពីការជាប់ទាក់ទិននៃការគាំទ្ររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកជាមួយអ៊ុយក្រែន»។
ការនិយាយទូរសព្ទរវាងប្រធានាធិបតីត្រាំនិងប្រធានាធិបតី Zelenskiy បានក្លាយជាការខំប្រឹងប្រែងដ៏សំខាន់របស់ពួកគណបក្សប្រជាធិបតេយ្យក្នុងសភាតំណាងរាស្រ្តដើម្បីប្តឹងទម្លាក់ប្រធានាធិបតីត្រាំចេញពីតំណែងដែលបានសុំឲ្យអ៊ុយក្រែនស៊ើបអង្កេត ការជាប់ទាក់ទិនរបស់ខ្លួនទៅនឹងការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ ដែលលោកត្រាំបានឈ្នះ និងស៊ើបអង្កេតលោក Joe Biden អតីតអនុប្រធានាធិបតីនិងជាគូប្រកួតប្រជែងដ៏សំខាន់ខាងគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០ ហើយលោក Hunter Biden កូនប្រុសរបស់លោកដែលទាក់ទិននឹងក្រុមហ៊ុនឧស្ម័ន Burisma របស់អ៊ុយក្រែន។
ប្រធានាធិបតីត្រាំបានធ្វើសំណើរនៅពេលជាមួយគ្នាថា លោកបានផ្អាកជំនួយយោធាដែលមានទឹកប្រាក់ ៣៩១លានដុល្លារដល់អ៊ុយក្រែន ដែលរដ្ឋាភិបាលក្រុងកៀវត្រូវការដើម្បីប្រយុទ្ធពួកទាមទារបំបែករដ្ឋដែលគាំទ្រដោយរុស្ស៊ីនៅផ្នែកខាងកើតអ៊ុយក្រែន៕