កាលពីថ្ងៃចន្ទ មន្ត្រីសេតវិមានបានជួបជាមួយនឹងមេដឹកនាំនានាមកពីឧស្សាហកម្មផ្នែកបច្ចេកវិទ្យានិងយោធាដើម្បីពិភាក្សាអំពីវិធីផ្ដល់ដល់ប្រទេសអ៊ុយក្រែននូវសព្វាវុធទំនើបរបស់សហរដ្ឋអាមេរិក ដូចជាប្រព័ន្ធយន្តហោះគ្មានមនុស្សបើក ឬក៏ឧបករណ៍ដោះមីនជាដើម និងវិធីគាំទ្រអ៊ុយក្រែននៅក្នុងកិច្ចប្រឹងប្រែងការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ី។ នេះបើយោងតាមការបញ្ជាក់របស់ទីប្រឹក្សាក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក។
លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន បានកោះប្រជុំរយៈពេល ៥ ម៉ោងនេះរវាងអ្នកជំនាញផ្នែកបច្ចេកវិទ្យានិងយោធានិងមន្ត្រីរដ្ឋាភិបាលអំពីសមត្ថភាពបច្ចេកវិទ្យាថ្មី ដែលអាចអនុញ្ញាតឱ្យអ៊ុយក្រែនចាប់សញ្ញាបាននិងទប់ទល់នឹងយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីនិងដោះមីននៅតំបន់ជាច្រើននៅអ៊ុយក្រែន។
ការប្រជុំនេះធ្វើឡើងនៅពេលដែលកញ្ចប់ជំនួយបន្ថែមជាង ១០០ ពាន់លានដុល្លាររបស់ប្រធានាធិបតីអាមេរិកលោក Joe Biden ដែលក្នុងនោះរួមមានទាំងជំនួយសម្រាប់អ៊ុយក្រែនផងដែរ ជាប់គាំងនៅក្នុងសភា។
អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បានជំរុញបណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុបកាលពីថ្ងៃចន្ទឱ្យផ្ដល់ជំនួយយោធានិងហិរញ្ញវត្ថុបន្ថែមទៀតដល់អ៊ុយក្រែន។ លោកបានរិះគន់ប្រទេសជាសមាជិកសហភាពអឺរ៉ុប ថាមិនបានផ្ដល់សព្វាវុធគ្រប់គ្រាន់ដល់អ៊ុយក្រែន និងបានអំពាវនាវឱ្យប្រទេសទាំងនោះធ្វើបន្ថែមទៀត។
ទោះបីជាអាល្លឺម៉ង់យឺតយ៉ាវនៅក្នុងការផ្ដល់ការគាំទ្រដល់អ៊ុយក្រែននៅពេលសង្គ្រាមបានចាប់ផ្ដើមដំបូងៗក៏ដោយ ក៏ឥឡូវនេះអាល្លឺម៉ង់គឺជាប្រទេសផ្ដល់ជំនួយសព្វាវុធនិងហិរញ្ញវត្ថុកំពូលមួយដល់អ៊ុយក្រែន។ កាលពីចុងឆ្នាំមុន អាល្លឺម៉ង់បានយល់ព្រមបង្កើនជំនួយយោធាទ្វេដងដល់អ៊ុយក្រែននៅក្នុងឆ្នាំ ២០២៤ នេះឱ្យដល់ ៨,៨ ពាន់លានដុល្លារ។
នៅក្នុងរឿងដាច់ដោយឡែកមួយទៀត អ៊ុយក្រែនបាននាំចេញទំនិញ ១៥ លានតោនតាមរយៈច្រករបៀងដឹកជញ្ជូនរបស់ខ្លួនតាមសមុទ្រខ្មៅ ដែលនៅក្នុងការនាំចេញនោះរួមមានទាំងកសិផលចំនួន ១០ លានតោនផងដែរ។ នេះបើតាមការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov នៅថ្ងៃអង្គារនេះ។
អ៊ុយក្រែនបានចាប់ផ្ដើមប្រើប្រាស់ច្រករបៀងនេះដែលស្ថិតនៅក្បែរមាត់សមុទ្រខ្មៅភាគខាងលិចជិតប្រទេសរ៉ូម៉ានីនិងប្រទេសប៊ុលហ្គារីកាលពីខែសីហាឆ្នាំមុន ក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីរុស្ស៊ីបានដកខ្លួនចេញពីកិច្ចព្រមព្រៀងឆ្នាំ ២០២២ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិនៅក្នុងការនាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ និងបានគំរាមចាត់ទុករាល់នាវាទាំងអស់ថាជាគោលដៅយោធា៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។