សេតវិមានបានចេញផ្សាយនូវអ្វីដែលខ្លួនហៅថា ជាផែនការសម្រាប់ត្រៀមខ្លួនទប់ទល់នឹងជំងឺកូវីដ១៩ ក្នុងរដូវរងានេះ ដោយផ្តល់ឧបករណ៍ធ្វើតេស្តតាមផ្ទះដោយមិនគិតថ្លៃនិងការត្រៀមចាក់វ៉ាក់សាំងកូវីដ១៩នៅទូទាំងប្រទេសអាមេរិក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ សេតវិមាននិយាយថា ស្របពេលដែលជំងឺកូវីដលែងក្លាយជាឧបសគ្គបន្ទុចបង្អាក់ដូចមុនក៏ពិតមែនក៏ដោយ ក៏វីរុសនេះនៅតែបន្តវិវត្តន៍កើតមាន ហើយទិន្នន័យពីមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺសហរដ្ឋអាមេរិក (CDC) បានបង្ហាញថា ករណីថ្មីៗនៃជំងឺកូវីដ១៩ ការចូលសម្រាកពេទ្យ និងការស្លាប់ មានចំនួនកើនឡើងក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ។
សេតវិមាននិយាយថា បន្ថែមទៅលើទីតាំងធ្វើតេស្តដោយមិនគិតថ្លៃដែលមានស្រាប់នោះ ចាប់ពីថ្ងៃព្រហស្បតិ៍តទៅ គ្រប់ក្រុមគ្រួសារអាមេរិកទាំងអស់ អាចស្នើសុំដោយមិនគិតថ្លៃនូវឧបករណ៍ធ្វើតេស្តរកជំងឺកូវីដ១៩ចំនួន៤ប្រអប់ ដែលនឹងត្រូវផ្ញើទៅផ្ទះរបស់គេដោយផ្ទាល់តែម្តង។
បន្ថែមពីលើទីតាំងចែកចាយសម្ភារៈធ្វើតេស្តនិងការធ្វើតេស្តនាពេលបច្ចុប្បន្ននេះ សេតវិមាន បានបន្ថែមកម្មវិធីថ្មី ដែលរួមមានការចែកចាយឧបករណ៍ធ្វើតេស្តជំងឺកូវីដ១៩ ទៅអគារជួលសម្រាប់មនុស្សចាស់ជាង៦.៥០០កន្លែងដែលគាំទ្រដោយក្រសួងលំនៅដ្ឋាននិងអភិវឌ្ឍន៍ទីក្រុង នៅតាមទីក្រុងនានាផងដែរ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវផ្តល់ឱ្យដោយទីភ្នាក់ងារសារព័ត៌មាន Associated Press (AP)