សេតវិមាន​អាច​កែប្រែ​របៀប​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​វីរុស​កូរ៉ូណា ដើម្បី​កាត់​បន្ថយ​តួនាទី​របស់​លោក ត្រាំ

ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ថ្លែង​អំពី​វីរុស​កូរ៉ូណា​​នៅ​ក្នុង​បន្ទប់​សន្និសីទ​កាសែត James Brady នៅ​ក្នុង​សេតវិមាន ថ្ងៃ​ទី​២៣ ខែមេសា ឆ្នាំ​២០២០។

នេះ​គឺ​ជា​លើក​ទី​មួយ​ហើយ ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​កាត់បន្ថយ​រយៈពេល​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​របស់​ក្រុមការងារ​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា​របស់​លោក​កាល​ពី​ថ្ងៃ​សុក្រ ដោយ​មិន​ឲ្យ​អ្នក​កាសែត​សួរ​សំណួរ​នោះ​ទេ។ ការ​ធ្វើ​ដូច្នេះ​ប្រហែល​ជា​នឹង​បន្ដ​អនុវត្ត​ត​ទៅ​ទៀត។

មាន​ការ​ពិភាក្សា​គ្នា​នៅ​ក្នុង​សេតវិមាន​អំពី​ការ​កែប្រែ​ទម្រង់​នៃ​ការ​ធ្វើ​សន្និសីទ​កាសែត​នេះ ​ដើម្បី​កាត់បន្ថយ​តួនាទី​របស់​លោក ត្រាំ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​សេតវិមាន​ចំនួន ៤ នាក់ និង​សមាជិក​គណបក្ស​សាធារណរដ្ឋ​ដែល​ជិត​ស្និទ្ធ​នឹង​សេតវិមាន​ ដែល​បាន​និយាយ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយសារ​តែ​ពួកគេ​មិនអាច​និយាយ​អំពី​រឿង​នេះ​ជា​សាធារណៈ​បាន។ សន្និសីទ​កាសែត​នេះ​តែងតែ​ប្រព្រឹត្ត​ទៅ​រយៈពេល​ជាង​មួយ​ម៉ោង និង​មាន​ការ​សួរ​សំណួរ​ពី​អ្នក​កាសែត​ទៅ​កាន់​លោក​ ត្រាំ។

លោក ត្រាំ ​ខឹង​សម្បារ​នឹង​ចំណង​ជើង​អត្ថបទ​កាសែត​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ ដែល​ភាគច្រើន​និយាយ​អំពី​អត្ថាធិប្បាយ​បែប​ចំអក​របស់​លោក​នៅ​ក្នុង​សន្និសីទ​កាសែត​កាល​ពីល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដែល​ថា តើ​នឹង​មាន​ប្រសិទ្ធភាព​ជាង​មុន​ដែរ​ឬ​ទេ ប្រសិន​បើ​ចាក់​ទឹក​កម្ចាត់​មេរោគ​ទៅ​ក្នុង​ខ្លួន​មនុស្ស​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​វីរុស​កូរ៉ូណា។ គំនិត​នេះ​ធ្វើ​ឲ្យ​អ្នក​ជំនាញ​ខាង​សុខភាព​ចេញ​ការ​ព្រមាន​ខ្លាំងៗ​ដល់​សាធារណជន​ថា វា​មាន​គ្រោះថ្នាក់​ខ្លាំង​ណាស់ ហើយ​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ក៏​បាន​រិះគន់​ខ្លាំងៗ​ផង​ដែរ។

លោក ត្រាំ បាន​ឆ្លើយ​នឹង​សំណួរ​របស់​អ្នក​កាសែត​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​ និង​បាន​អះអាង​ថា ការ​លើកឡើង​របស់​លោក​អំពី​ការ​ចាក់​ទឹកកម្ចាត់​មេរោគ​នោះ​គឺ​គ្រាន់​តែ​ជា​ការ​និយាយ​លេងសើច​ប៉ុណ្ណោះ។ វា​មិន​ឆ្លុះបញ្ចាំង​ពី​សុន្ទរកថា​របស់​លោក​ទាំង​មូល​នោះ​ទេ។ ​

អស់​រយៈពេល​ជាច្រើន​សប្ដាហ៍​មក​ហើយ ដែល​ក្រុម​មន្ត្រី​ប្រឹក្សា​យោបល់​របស់​លោក​ប្រធានាធិបតី​បាន​ផ្ដល់​អនុសាសន៍​ឲ្យ​លោក​កាត់​បន្ថយ​ការ​បង្ហាញ​វត្តមាន​នៅ​ក្នុង​សន្និសីទ​កាសែត​នានា ដោយ​លើកឡើង​ថា លោក​ប្រធានាធិបតី​គួរ​តែ​បង្ហាញ​វត្តមាន​នៅ​មុខ​កាមេរ៉ា​តែ​ពេល​ណា​ដែល​មាន​ព័ត៌មាន​សំខាន់ៗ​ ឬ​នៅ​ពេល​ដែល​មាន​ដំណើរ​វិវត្ត​វិជ្ជមាន​ដើម្បី​ពិភាក្សា​ទៅ​បាន​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី។ ពួកគេ​បាន​លើកឡើង​ទៀត​ថា បើ​មិន​ដូច្នេះ​ទេ លោក​ប្រធានាធិបតី​គួរ​តែ​ទុក​ឲ្យ​លោក​អនុប្រធានាធិបតី Mike Pence និង​ក្រុមមន្ត្រី​សុខាភិបាល​ជា​អ្នក​ចាត់ចែង​រឿង​នេះ៕