អនុប្រធានប៉ូលិសស្រុកម្នាក់ក្នុងរដ្ឋ Georgia ភាគខាងត្បូងសហរដ្ឋអាមេរិក ត្រូវបានបណ្តេញចេញពីការងារ បន្ទាប់ពីមានវីដេអូឃ្លីប ដែលត្រូវបានគេបង្ហោះក្នុងបណ្តាញសង្គមជាច្រើន។
ប្រធានប៉ូលិសស្រុក Clayton លោកVictor Hill បាននិយាយក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទថា អនុប្រធានប៉ូលិសម្នាក់ ដែលបានដាល់ផ្ទួនៗទៅលើលោក Roderick Walker ដែលជាបុរសស្បែកខ្មៅ ត្រូវបានគេបញ្ឈប់ពីការងារ ដោយសារលោកបានប្រើកម្លាំងហួសហេតុទៅលើលោក Walker។
ឈ្មោះរបស់មន្ត្រីប៉ូលិសនោះមិនត្រូវបានគេប្រាប់ឲ្យដឹងនោះទេ។
រូបភាពវីដេអូដែលត្រូវបានថតដោយអ្នកឃើញហេតុការនោះកាលពីថ្ងៃសុក្រ ជិតទីក្រុង Atlanta បានបង្ហាញថា មន្រ្តីប៉ូលិសស្បែកស២រូបបានសង្កត់ទៅលើបុរសស្បែកខ្មៅលោក Walker ហើយមន្ត្រីប៉ូលិសម្នាក់ដែលសង្កត់នៅពីលើគេ ជាអ្នកបានដាល់ផ្ទួនៗទៅលើបុរសស្បែកខ្មៅរូបនោះ។
លោក Shean Williamsមេធាវីរបស់បុរសស្បែកខ្មៅលោក Walker លើកឡើងក្នុងសន្និសីទការសែតថា កូនក្តីរបស់លោក ជាអ្នកជិះពីក្រោយក្នុងរថយន្តមួយ នៅពេលដែលរថយន្តនោះត្រូវបានប៉ូលិសហៅឈប់ ដោយសារពុំមានភ្លើងបំភ្លឺខាងក្រោយ។ បុរសស្បែកខ្មៅលោក Walker ត្រូវបានចាប់ខ្លួន ហើយកំពុងស្ថិតក្នុងការឃុំខ្លួន ដែលនៅទីនោះលោកក៏ទទួលការព្យាបាលរបួសផងដែរ។
បាតុកម្មជាច្រើនដែលបន្តកើតមាននៅសហរដ្ឋនិងជុំវិញពិភពលោកបានផ្ទុះឡើងដំបូងក្រោយពីមានការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅលោក George Floyd ក្រោមសមត្ថកិច្ចប៉ូលិស នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota កាលពីចុងខែឧសភា កន្លងទៅនេះនៅពេលប៉ូលិសស្បែកសម្នាក់បានយកជង្គង់សង្កត់លើកលោក Floyd អស់ជិត៩នាទី៕