នៅឯខេត្តសៀមរាប មេដឹកនាំនយោបាយគណបក្សកាន់អំណាច និងប្រជាពលរដ្ឋដែលមានទ្រព្យធនតិចក្តី ច្រើនក្តី កំពុងសប្បាយរីករាយក្នុងក្រុងអង្គរអបអរឆ្នាំថ្មី។ ប៉ុន្តែប្រជាពលរដ្ឋខ្មែររងគ្រោះដោយជម្លោះដីធ្លីក្នុងខេត្តកោះកុងវិញ កំពុងតែខ្វល់ចិត្តពីការបាត់បង់ដីធ្លី។
ក្រុមអ្នកតំណាងប្រជាពលរដ្ឋដែលជាប់គាំងក្នុងវិបត្តិដីធ្លីនៅក្នុងខេត្តកោះកុង ពុំមានក្តីសប្បាយរីករាយនៅក្នុងការប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ឆ្នាំវកនេះទេ ពីព្រោះអាជ្ញាធរខេត្តដែលស្ថិតជាប់ប្រទេសថៃនេះ បានព្រងើយកន្តើយមិនផ្តល់ដំណឹងអំពីដំណើរការរកដំណោះស្រាយដល់ពួកគេតាំងពីមុនពេលចូលឆ្នាំ។ នេះបើយោងទៅតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្ស និងអ្នកតំណាងប្រជាពលរដ្ឋក្នុងខេត្តកោះកុង។
លោក អ៊ិន គង់ជិត មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូប្រចាំខេត្តកោះកុង បានប្រាប់ VOA ថា អាជ្ញាធរមូលដ្ឋាន មិនបានរវីរវល់ខ្លាំងក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋចំនួនប្រមាណជាជាង៨០០គ្រួសារ ដែលកំពុងជាប់គាំងក្នុងជម្លោះដីធ្លីធំៗក្នុងស្រុកចំនួនបួន ដែលរួមមានស្រុកកោះកុង ស្រុកស្រែអំបិល ស្រុកបទុមសាគរ និងគិរីសាគរនោះទេ។ លោកថា ការណ៍នេះធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយចិត្តជាងក្តីសប្បាយ ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ។
លោក អ៊ិន គង់ជិត ថ្លែងថា៖«គាត់មានការទុក្ខព្រួយ មានតែការភ័យព្រួយចំពោះ ការណ៍ដែលគាត់ទន្ទឹងរង់ចាំនូវដំណោះស្រាយរបស់អាជ្ញាធរហ្នឹង។ វាអត់ពន្លឺអ្វីដែលជាក្តីសង្ឃឹមសម្រាប់គាត់»។
កាលពីខែមីនាកន្លងទៅ ប្រជាពលរដ្ឋជាង៣០០នាក់ មកពីឃុំចំនួនបួននៅក្នុងស្រុកចំនួនពីរ គឺស្រុកស្រែអំបិល និងបទុមសាគរនៃខេត្តកោះកុង បានបើកយុទ្ធនាការហែរក្បួនម៉ូតូ យកញត្តិទៅដាក់នៅសាលាស្រុកចំនួនពីរ ក្នុងក្តីសង្ឃឹមថា អាជ្ញាធរស្រុកទាំងពីរនោះនឹងពន្លឿនការស្វែងរកដំណោះស្រាយជូនពួកគេ។ ក៏ប៉ុន្តែ ក្រុមអ្នកតំណាងប្រជាពលរដ្ឋ និងមន្ត្រីសិទ្ធិមនុស្ស និយាយថា អាជ្ញាធរស្រុកមិនទាន់បានផ្តល់ការឆ្លើយតបអ្វីទាំងអស់។
អ្នកស្រី ផាវ ញឺង តំណាងប្រជាពលរដ្ឋមកពីភូមិព្រែកជីក ឃុំជីខក្រោម ស្រុកស្រែអំបិល ខេត្តកោះកុង ថ្លែងថា អាជ្ញាធរស្រុកស្រែអំបិល មិនបានផ្តល់ដំណឹងទាក់ទិនសំណើប្រជាពលរដ្ឋសុំឲ្យមានការរកដំណោះស្រាយដល់ទំនាស់ដីធ្លីរបស់អ្នកស្រីទេ។ អ្នកស្រីថា ក្រុមអ្នកមានលុយ និងអំណាច ដែលរំលោភដីធ្លីប្រជាពលរដ្ឋមួយចំនួនបានសប្បាយក្នុងពិធីចូលឆ្នាំ តែពលរដ្ឋរងគ្រោះដោយការរំលោភបំពានដីធ្លី មិនមានក្តីរីករាយក្នុងពិធីបុណ្យចូលឆ្នាំនោះឡើយ។
អ្នកស្រី ផាវ ញឺង ពន្យល់ប្រាប់ VOA ថា៖«ជីវភាពយើងក្រីក្រ ខ្វះខាតដុនដាប ដោយសារតែមានបញ្ហាដី គេដែលអត់មានបញ្ហាដី គេអ្នកមានលុយ អ្នកមានអំណាច ដែលគេបានទទួលលទ្ធផល គេរំលោភយកដីយើង គេសប្បាយ វាជាការណ៍ពិតហើយអូន។ ប៉ុន្តែ ចំពោះពួកមីងវិញ គឺអត់សប្បាយទេ គ្រាន់តែដាក់ទទួលទេព្តាហ្នឹង រកលុយសឹងមិនចង់មានទទួល ទេព្តាឆ្នាំថ្មីផង អញ្ចឹងបានអីទៅដើរលេងនៅឯណា នៅផ្ទះ មីងនៅផ្ទះទេឥឡូវនេះ»។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តកោះកុង ធ្លាប់បានបញ្ជាក់ថា ប្រជាពលរដ្ឋកំពុងមានទំនាស់ដីធ្លីទំហំ២.២៣៨,៧ហិកតា ជាមួយក្រុមហ៊ុនផលិតស្ករសចំនួនពីរ គឺក្រុមហ៊ុន កោះកុងស៊ូហ្គើរ (Koh Kong Sugar Industry Co., Ltd.) និងកោះកុងផ្លេនថេស៊ិន (Koh Kong Plantation Co., Ltd)។ ចំនួនប្រជាពលរដ្ឋដែលកំពុងជាប់គាំងនៅក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនទាំងពីរនេះ គឺមានជាង៥២៦គ្រួសារ។ ទំនាស់ដីធ្លីនេះបានអូសបន្លាយមកជាង១០ឆ្នាំហើយ គិតតាំងពីខែសីហាឆ្នាំ២០០៦មក។
តំណាងប្រជាពលរដ្ឋ បញ្ជាក់ថា ទំនាស់នេះគឺផ្ដើមឡើង ដោយជំនួញរកស៊ីរបស់លោកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សគ្រប់គ្រងប្រទេស។ សមាជិកព្រឹទ្ធសភារូបនេះ ត្រូវក្រុមតំណាងប្រជាពលរដ្ឋឲ្យដឹងថា បានដើរចេញពីជំនួញស្ករអំពៅរបស់លោក ហើយបានបន្សល់ទុកជម្លោះដីធ្លីនេះ។
អ្នកស្រី ផាវ ញឺង ឲ្យដឹងបន្ថែមថា ជម្លោះមិនត្រឹមតែកើតមានរវាងក្រុមហ៊ុនស្ករអំពៅនោះទេ តែប្រជាពលរដ្ឋ ក៏កំពុងប្រឈមនឹងការរំលោភយកដីពីឧកញ៉ាម្នាក់ឈ្មោះ ហេង ហុយ ដែលពលរដ្ឋដឹងថា ជាអ្នកជំនួញខាងដាំអំពៅនៅក្នុងខេត្តកោះកុង។ អ្នកស្រីបញ្ជាក់ថា លោក ហេង ហុយ កំពុងមានទំនាស់ជាមួយប្រជាជនចំនួនប្រមាណ១៥គ្រួសារ។
លោក ហេង ហុយ បដិសេធមិនផ្តល់ការអធិប្បាយ។ VOA ក៏មិនអាចទាក់ទងលោកឧកញ៉ា លី យ៉ុងផាត់ បានដែរ។
អ្នកស្រី ព្រាប រដ្ឋា តំណាងប្រជាពលរដ្ឋរងគ្រោះនៅក្នុងឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និយាយថា ប្រជាពលរដ្ឋកំពុងព្រួយបារម្ភអំពីការបាត់បង់ភូមិឋាន ព្រោះកាលពីចុងឆ្នាំ២០១៥ អាជ្ញាធរស្រុកធ្លាប់បានរំឭកថា នឹងមានការជម្លៀសភូមិចំនួនពីរ ស្ថិតនៅក្នុងឃុំព្រែកខ្សាច់នេះ។ ដំណឹងនេះធ្វើឲ្យអ្នកភូមិ និងអ្នកស្រីពុំមានក្តីសប្បាយក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនោះទេ។
អ្នកស្រី ព្រាប រដ្ឋា ថ្លែងថា៖«ខាងសៀមរាបគេសប្បាយ តែចំណែកខាងខ្ញុំនៅក្នុងឃុំព្រែកខ្សាច់ហ្នឹង គឺអត់មានការសប្បាយទេបង។ ទោះជាសប្បាយម៉េចក៏ នៅតែមានអារម្មណ៍មួយព្រួយថា មិនដឹងជាគេជម្លៀសប្រជាពលរដ្ឋចេញពីភូមិនៅពេលណា។ ទោះជាខ្ញុំសប្បាយ ក៏សប្បាយមិនបានយូរសម្រាប់នៅក្នុងភូមិរបស់ខ្ញុំណាបងណ៎ា»។
អ្នកស្រីបន្តថា អាជ្ញាធរមូលដ្ឋានមិនបានបង្ហាញការយកចិត្តទុកដាក់ចំពោះការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ ដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា និងក្រុមហ៊ុនចិន Union Development Group (UDG)។
អ្នកស្រីបន្ថែមថា ដីអ្នកស្រីទំហំជាង២ហិកតា កំពុងស្ថិតក្នុងវិវាទជាមួយក្រុមហ៊ុនចិន UDG ហើយជាង១១ហិកតាទៀតជាមួយនឹងក្រុមហ៊ុន Koh Kong SEZ (តំបន់សេដ្ឋកិច្ចពិសេសកោះកុង) របស់លោកឧកញ៉ា លី យ៉ុងផាត់។ ប្រជាពលរដ្ឋជាច្រើនផ្សេងទៀតក៏កំពុងមានទំនាស់ជាមួយក្រុមហ៊ុន UDG និង SEZ នេះផងដែរ។
VOA ពុំទាន់អាចទាក់ទងតំណាងក្រុមហ៊ុនចិន Union Development Group បានដែរ នៅថ្ងៃសុក្រនេះ។ ក្រុមហ៊ុន Union Development Group នេះ បានទទួលដីសម្បទានសេដ្ឋកិច្ចសរុបចំនួន៤៥.១០០ហិកតា ពីរដ្ឋាភិបាលកម្ពុជាដើម្បីសាងសង់ទីក្រុងទេសចរណ៍ដ៏ធំមួយ ដែលត្រូវចំណាយទឹកប្រាក់៣,៨ពាន់លានដុល្លារ កាលពីឆ្នាំ២០០៨។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង បញ្ជាក់ប្រាប់ VOA ថា អាជ្ញាធរខេត្តបានធ្វើការទំនាក់ទំនងទៅភាគីជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋ តែលោកថា ការសម្រេចគឺអាស្រ័យលើក្រុមការងាររបស់គណៈកម្មការអន្តរក្រសួង។ លោកថា អាជ្ញាធរខេត្ត មិនបានព្រងើយកន្តើយក្នុងការបំបែកសំណុំរឿងដីធ្លីរ៉ាំរ៉ៃនេះទេ។
លោកអភិបាលខេត្តកោះកុង អះអាងថា៖«រឿងអីមិនរវីរវល់ យើងទទួលញត្តិ ត្រូវទទួលរបស់គាត់ហើយ ពិភាក្សាជាមួយក្រុមហ៊ុន យើងក៏បានធ្វើហើយ ប៉ុន្តែចាំដំណោះស្រាយរបស់គណៈកម្មការអន្តរក្រសួង»។
ក្រុមអ្នកតំណាងប្រជាពលរដ្ឋថ្លែងថា ពួកគេនឹងបើកយុទ្ធនាការស្វែងរកដំណោះស្រាយបន្តទៅទៀតពីអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិ បន្ទាប់ពីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះ។ ពួកគេនឹងមិនបារម្ភពីការគំរាមកំហែង ដែលអាចនឹងធ្វើឡើងដោយអាជ្ញាធរមានសមត្ថកិច្ចទេ។ មន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តកោះកុងបញ្ជាក់ថា ជម្លោះដីធ្លីដែលបានកើតឡើងមានអាយុមិនតិចជាង៥ឆ្នាំ៕