សុទិដ្ឋិនិយម​ក្នុង​វិបត្តិ​នយោបាយ​កម្ពុជា​​ខណៈ​មាន​បាតុកម្ម​តវ៉ា

ខ្មែរ​​អាមេរិកាំង​​​​ធ្វើបាតុកម្ម​​​នៅការិយាល័យ​អ.ស.ប.​នៅទីក្រុង​ញូយ៉ក ប្រឆាំង​លទ្ធផល​នៃ​​​​ការ​​បោះឆ្នោត​​​​នៅ​កម្ពុជា។​

កាល​ពី​ថ្ងៃ​ទី​១៨ ខែ​សីហា ខណៈប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ជាច្រើ​នបាន​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹងលទ្ធផលនៃការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣ នៅ​ការិយាល័យ​អ.ស.ប.​នៅទី​ក្រុង​ញូយ៉ក​និង​នៅ​រដ្ឋខ្លះ​ទៀត​នោះ​ ​ នៅ​ឯស្ថានទូត​កម្ពុជា​នា​រដ្ឋធានី​វ៉ាស៊ីនតោនវិញ​មាន​ពិធី​ជួប​ជុំ​ក្រៅ​ផ្លូវការ​មួយ​ដែល​មានអ្នក​ចូលរួម​ជាង​១០០​នាក់ ហាក់ដូច​ជា​មានសុទិដ្ឋិនិយម​ផង និង​បារម្ភ​អំពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ផង។

នៅ​ឯ​ពិធី​ជួប​ជុំ​គ្នា​នៅ​ស្ថាន​ទូត​កម្ពុជា​ប្រចាំ​សហរដ្ឋ​អាមេរិក​ លោក ថោង ផល្លា (Thong Phalla) មក​ពីរដ្ឋ​ញូវជឺស៊ី (New Jersey) មាន​ប្រសាសន៍​ថា លោក​គោរពលទ្ធផល​នៃ​ការ​បោះឆ្នោត​ ប៉ុន្តែ​លោកក៏​សូមអំពាវនាវ​ដល់​ភាគីទាំង​សងខាងឲ្យមាន​ការ​រួបរួម​គ្នា​ដោះ​សា្រយ​បញ្ហា​ដោយ​សនិ្តវិធី។​

លោក​និយាយថា៖ «ទាំង​គណបក្ស​ប្រឆាំង​និង​គណបក្ស​ដែល​មាន​តួនាទី​ជា​រដ្ឋា​ភិបាល​គួរ​តែ​រួប​រួមគ្នា​ហើយ​រក​គណៈកម្មការ​មួយ​ទៀត​ចូលរួម​ឲ្យ​បាន​ជា​អាជ្ញាកណ្តាល​ដើម្បី​នឹង​ដោះ​ស្រាយ​និង​ចរចា​(អំពី)​បញ្ហា​ដែល​កើត​មាន​បាទ។ ក្នុង​នាម​យើង​ជា​កូន​ខ្មែរ​ទាំង​អស់​គ្នា​យើង​គួរ​តែ​គិត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ព្រម​ទាំង​ប្រជាជាតិ​ខ្មែរ​យើង។ បើ​យើងចេះ​ឱន​បន្តិច​ហើយង​អ្នក​ខាងនោះ​ឱន​បន្តិច​ម៉ោ​យើង​អាច​ឈាន​ទៅ​ដល់​គោលដៅ​សម្រាប់​ប្រជាជន​និង​ប្រទេស»។​

ចំណែក​ឯលោកចៅ​ ពុធសំអាន (Chau Puth Samnang) មក​ពី​រដ្ឋ​វីជីញ៉ា (Virginia) បាន​ប្រាប់​វីអូអេនៅ​ឯពិធី​ជួប​ជុំ​គ្នា​ក្នុង​បរិវេណ​ស្ថាន​ទូត​កម្ពុជាថា ការ​បោះឆ្នោត​នេះ​គឺ​ជា​មេរៀន​លទ្ធិប្រជាធិបតេយ្យ​មួយដ៏​ល្អ ដែល​សរបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​យល់​ដឹង​ច្រើន​អំពី​តម្លៃ​នៃ​សិទ្ធិ​និង​សន្លឹកឆ្នោតរបស់​ខ្លួន។ ប៉ុន្តែ​លោក​ក៏​មាន​ការ​ព្រួយបារម្ភផង​ដែរ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា។

លោក​និយាយថា៖​ «អ្នក​ណា​ឈ្នះ​អ្នក​ណា​ចាញ់​មិន​មែន​ជា​បញ្ហាធំ​ទេ។ បញ្ហា​ធំគឺ​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​ទូទៅ​ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​ខ្មែរ​យើង​បាន​យល់​អំពី​សន្លឹក​ឆ្នោត​របស់​ខ្លួន​ដែល​ខ្លួន​បាន​ឲ្យ​ទៅ​អ្នក​ណាម្នាក់​ដែល​លោក​ចង់​ឲ្យ​ដឹក​នាំ​ក្នុង​ប្រទេស​យើង។ អ្នក​ណា​ក៏​ចង់​ឈ្នះឆ្នោត​ដែរ​ តែ​យើង​ត្រូវ​ទទួល​ស្គាល់​នៅ​ត្រង់​ចំណុច​ណាមួយ​។​ ខ្ញុំ​មាន​ការ​បារម្ភ​យ៉ាង​ច្រើន​អំពី​រឿង​ធ្វើ​មហាបាតុកម្ម។ ខ្ញុំ​មិ​ន​បារម្ភ​អំពី​គណបក្ស​នយោបាយធ្វើ​បាតុកម្មទេ។ ខ្ញុំ​បារម្ភ​នឹង​ការ​ឆ្លៀត​ឱកាស​របស់​ជន​ឬ​ក្មេងៗ​មួយ​ចំនួន​ដែល​ឆ្លៀត​ឱកាស​ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ព្រួយ​បារម្ភ»។

ប៉ុន្តែ​លោក​ហែម ហេង ឯកអគ្គរដ្ឋ​ទូត​កម្ពុជា​ប្រចាំ​នៅសហរដ្ឋ​អាមេរិក​មាន​សុទិដ្ឋិនិយម​ថា នឹង​មាន​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ។

លោកថ្លែងថា៖​ «ខ្ញុំ​ជឿ​ជាក់​ថា គណបក្ស​ទាំង​ពីរ​នឹង​ស្រុះ​ស្រួល​គ្នា​ក្នុង​រយៈយ៉ាង​ឆាប់​ខាង​មុខ​នេះ គឺ​ទី​១​ដើម្បី​ដោះ​ស្រាយនៅ​ក្នុង​រដ្ឋ​សភា​និងប្រជុំ​រដ្ឋ​សភា ទី​២​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ពី​ព្រោះ​ ខ្ញុំ​ជឿថា​គណបក្ស​ទាំង​ពីរ​មាន​សុឆន្ទៈដូច​គ្នា​ដើម្បី​បម្រើ​អ្នក​បោះឆ្នោត បម្រើ​ប្រជាជន​កម្ពុជា។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​ថា គណបក្ស​ទាំង​ពីរ​នឹង​ស្រុះ​ស្រួល​គ្នា​ក្នុង​រយៈពេល​ឆាប់ៗ​ខាង​មុខ»។

ក៏ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ចន្ទ ទី​១៩​ ខែ សីហា​ កន្លង​ទៅ​នេះ ប្រជាពលរដ្ឋខ្មែរ​អាមេរិកាំង ​បាន​ចេញ​ទៅ​ធ្វើ​បាតុកម្ម​នៅ​ក្រុង​ស៊ីអាថល (Seatle) នៃ​រដ្ឋ​វ៉ាស៊ីនតោនដែល​មាន​ចំនួន​ប្រហែល៤០០​នាក់​និង​ទីក្រុង​ញូវយ៉ក (New York) នៅ​មុខ​ទី​ចាត់​ការ​អង្គការ​សហ​ប្រជាជាតិដែល​មាន​ចំនួន​ជាង១​ពាន់​នាក់​ដើម្បី​តវ៉ា​ប្រឆាំង​នឹង​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត ទាម​ទារ​ឲ្យ​មាន​ការ​រក​យុត្តិធម៌​ពាក់​ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ដែល​កើត​មាន​ក្នុង​ពេល​បោះឆ្នោត​។ អ្នក​តវ៉ា​ទាំង​នោះ​បាន​អះអាង​ថា គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោ​តជាស្ថានប័ន​ប្រព្រឹត្តិ​អំពើ​អយុត្តិធម៌។

លោក សុស ចាន់ដារា (Sos Channdara) នៃ​រដ្ឋ​វ៉ាស៊ីនតោន​និង​ជា​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋ​នេះ​មានបាន​ប្រាប់​វីអូអេ​ខ្មែរ​តាម​ស្កៃព​(Skype) ​ថា លោកចង់​ឲ្យមាន​ការ​ពិនិត្យ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោតឡើងវិញ។

លោក​និយាយថា៖​ «ទី​១​សូម​ឲ្យ​សហរដ្ឋ​អាមេរិក​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​មិន​ប្រក្រតី​នៃការ​បោះឆ្នោតឆ្នាំ​២០១៣។ ទី​២​ សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរកុំ​ចល័ត​ទ័ព​ពេញ​ទីក្រុង​និង​ប្រទេស​យើង។ ទី​៣​សុំ​ឲ្យ​រដ្ឋាភិបាល​ខ្មែរ​គោរព​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ក្នុង​ហ្នឹង​យើង​មាន​ចំណុច​ពីរ​ទៀត​ (គឺ)​ប្រសិន​បើ​មិន​ធ្វើ​តាម​ការ​ទាមទារ​របស់​បង​ប្អូន​នៅ​សហរដ្ឋ​អាមេរិ​ក​និង​នៅ​រដ្ឋ​ផ្សេងៗ​ទេ ​យើង​សុំ​ឲ្យ​រដ្ឋាភិបាល​អាមេរិក​កុំ​ទទួល​ស្គាល់​លទ្ធផលនៃ​ការ​បោះ​ឆ្នោត ហើយ​ចុង​ក្រោយ​សុំ​ឲ្យ​សហរដ្ឋ​អាមេរិក​ដើរ​តួនាទី​ជា​អ្នក​គាស់​សន្ធិសញ្ញា​ទី​ក្រុង​ប៉ារីស​ឡើង​វិញ​ដើម្បី​ពង្រឹង​សន្ធិសញ្ញា​ហ្នឹង»។

ចំណែក​លោក អ៊ួង​ គា​ ដែល​ធ្វើ​ដំណើរ​មក​ពីរដ្ឋ​ហ្វ្លរីដា (Florida) បាន​ចួលរួម​ក្នុង​បាតុកម្ម​នៅ​ទី​ក្រុង​ញូវយកមុខ​អគារ​អង្គការ​សហប្រជាជាតិ​ ដើម្បី​ទាម​ទារ​អន្តរគមន៍ពីអង្គ​ការ​សហប្រជាជាតិ។

លោក​និយាយថា៖​ «ទាម​ទារ​ឲ្យ​មាន​អន្តរាគមន៍​ពី​UNនៅ​ក្នុង​ការ​ពិនិត្យ​លទ្ធផលនៃការ​បោះឆ្នោត​២០១៣​នៅ​ប្រទេស​ខ្មែរ​ហ្នឹង​ រកយុត្តិធម៌​និង​សេរីភាពជូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ហ្នឹង។ ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ទាមទារ​ឲ្យហ៊ុន​សែន​ចុះ​ចេញ​ពី​តំណែង​ដោយ​ម្នាក់ៗ​យល់​ឃើញថា ជ័យ​ជម្នះ​ពិត​ប្រាកដ​មិន​មែន​គណបក្ស​ប្រជាជន​ទេ»។​

គួរកត់​សម្គាល់​ឃើញ​ថា ក្រុម​ការ​ងារ​គណបក្ស​ទាំង​ពី​រ​បានវិល​មក​កាន់​តុ​ចរចារ​វិញ​ហើយខិត​ខំ​ចរចា​ដើម្បី​រក​ដំណោះ​ស្រាយ​ចំពោះ​វិបត្តិនយោបាយ​នេះ​។ ពួក​គេបាន​ជួប​គ្នា​ជាថ្មី​ទៀតកាល​ពី​ថ្ងៃ​ទី​២០​ខែសីហា​កន្លង​មក​នេះបន្ទាប់​ពី​មាន​ការ​រាំង​ស្ទះ​មួយ​រយៈដោយ​សារ​ការចរចា​មិន​ត្រូវ​គ្នា​ទាក់​ទង​នឹង​ការ​បង្កើត​គណៈ​កម្មការ​ចម្រុះ​ឯករាជ្យ​មួយ​ដើម្បី​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​ក្នុង​ពេល​បោះឆ្នោត​ដែល​គណៈកម្មាធិការ​រៀប​ចំការ​បោះឆ្នោត​បាន​ប្រកាស​ថា គណបក្ស​ប្រជាជន​ជាអ្នក​ឈ្នះ​ឆ្នោត​នេះ៕