សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​ចាត់ទុក​ការការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ជា«អាទិភាព​កំពូល»

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក អគ្គលេខាធិការអង្គការអូតង់ និង​ប្រធានអគ្គសេនាធិការចម្រុះអាមេរិក ចូលរួម​កិច្ចប្រជុំ​នៃ​ក្រុម​ទំនាក់ទំនង​ការពារ​ជាតិ​អ៊ុយក្រែន​នៅ​ទីស្នាក់ការ​កណ្តាល​របស់​អង្គការ​អូតង់​នៅ​ទីក្រុង​ព្រុចសែល នៅ​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

នៅ​ថ្ងៃ​ពុធ​នេះ សហគមន៍​អន្តរជាតិ​ដែល​គាំទ្រ​ប្រទេស​អ៊ុយក្រែន​បាន​ពិភាក្សា​គ្នា​អំពី«អាទិភាព​កំពូល» នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ឧបករណ៍​ការពារ​ដែន​អាកាស​បន្ថែម​ទៀត​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន ដោយ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ថា ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កាលពី​ពេល​ថ្មីៗ​នេះ​មានតែ​ធ្វើ​ឱ្យ​អន្តរជាតិ​កាន់តែ​គាំទ្រ​អ៊ុយក្រែន​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អ៊ុយក្រែន​លោក Oleksiy Reznikov បាន​និយាយ​តែ​ពាក្យ ៣ ម៉ាត់​ប៉ុណ្ណោះ ដែល​នោះ​គឺ «ប្រព័ន្ធ​ការពារ​ដែន​អាកាស» នៅ​ពេល​ដែល​គេ​សួរ​លោក​ថា​តើ​លោក​សង្ឃឹម​ថា​នឹង​ទទួល​បាន​អ្វី​ពី​កិច្ច​ប្រជុំ​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​របស់​អង្គការ​អូតង់ (NATO) នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក។

ក្រុម​ប្រទេស​ជិត ៥០ ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ការ​ពិភាក្សា​គ្នា​នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​អង្គការ​អូតង់​នៅ​ថ្ងៃ​ពុធ​នេះ​ដោយ​ផ្ដោត​លើ​ការ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន បន្ទាប់ពី​ប្រទេស​រុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​នៅ​ទូទាំង​ប្រទេស​អ៊ុយក្រែន​នៅ​ក្រោយ​ពេល​ដែល​មាន​ការ​ផ្ទុះ​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នៅ​ឯ​ស្ពាន​មួយ​ខ្សែ​ដែល​ភ្ជាប់​ប្រទេស​រុស្ស៊ី​ទៅ​ដែនដី Crimea។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​លោក Lloyd Austin បាន​និយាយ​នៅ​ក្នុង​កិច្ច​ប្រជុំ​នោះ​ថា៖ «ពិភពលោក​ទាំង​មូល​ទើប​បាន​ឃើញ​គំនិត​ព្យាបាទ​និង​ភាព​សាហាវ​ព្រៃផ្សៃ​នៃ​សង្គ្រាម​ដែល [ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir] Putin បាន​ជ្រើសរើស​ធ្វើ»។

លោក​បាន​បន្ថែម​ថា៖ «ប៉ុន្តែ ការ​វាយ​ប្រហារ​ថ្មីៗ​ចុងក្រោយ​បំផុត​របស់​ប្រទេស​រុស្ស៊ី​នេះ​មានតែ​ធ្វើ​ឱ្យ​ការ​តាំងចិត្ត​របស់​ប្រជាពលរដ្ឋ​អ៊ុយក្រែន​កាន់តែ​ខ្លាំងក្លា​បន្ថែម​ទៀត និង​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ដែល​មាន​ឆន្ទៈ​ល្អ​នានា​កាន់តែ​រួបរួម​គ្នា​បន្ថែម​ទៀត​តែ​ប៉ុណ្ណោះ»។

នៅ​ក្នុង​ការ​ថ្លែង​នៅ​ពេល​បើក​កិច្ច​ប្រជុំ​នោះ លោក Austin ក៏​បាន​សាទរ​ផងដែរ​ចំពោះ​ជ័យជម្នះ​មួយ​ចំនួន​របស់​យោធា​អ៊ុយក្រែន​តាំងពី​ខែ​កញ្ញា​មក ដោយ​លោក​បាន​ហៅ​ការ​វិវឌ្ឍ​ទៅ​មុខ​នេះ​ថា​ជា​រឿង «អស្ចារ្យ» និង​បាន​និយាយ​ថា «ជ័យជម្នះ​ទាំង​នេះ​គឺ​ជា​ជ័យជម្នះ​របស់​ទាហាន​ដ៏​ក្លាហាន​របស់​ប្រទេស​អ៊ុយក្រែន»។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕