គេហទំព័រ​ទទួល​បាន​យោបល់​ស្តី​អំពី​សេចក្តី​ព្រាង​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ិនធឺណិត​ពី​មហាជន

និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បើក​មើល​អ៊ីនធឺណិត​នៅ​ហាង​កាហ្វេ​មួយ​តាម​បណ្តោយ​មហាវិថី​សហព័ន្ធ​រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១៤។

មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ (The Cambodia Center for Independent Media) បាន​បង្កើត​គេហទំព័រ​មួយ​សម្រាប់​ការ​ផ្តល់​យោបល់​ជា​សាធារណៈ​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​ចម្រូង​ចម្រាស​មួយ​ ដែល​នឹង​គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ិនធឺណិត​របស់​កម្ពុជា។

គេហទំព័រ​នោះ​បាន​បង្កើត​បណ្តាញ​ដែល​អាច​ដឹង​ពី​ចំនួន​ចូល​មើល​ដូច​នឹង​គេហទំព័រ​ wiki សម្រាប់​ការ​ផ្តល់​យោបល់​ទៅ​ច្បាប់ ទោះបី​ជា​សាធារណៈ​ជន​មិន​ទាន់​បាន​ឃើញ​សេចក្តី​ព្រាង​ច្បាប់​នោះ​ក៏​ដោយ។

អ្នក​រិះ​គន់​មាន​ការ​ព្រួយ​បារម្ភ​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​គោលបំណង​គ្រប់គ្រង​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​តាម​អ៊ិនធឺណិត ខណៈ​ដែល​ភាព​ពេញ​និយម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ និង​ឧបករណ៍​ទូរស័ព្ទ​ដៃ​ដទៃៗ​ទៀត​មាន​កំណើន​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

លោក​ប៉ា ញួនទៀង នាយក​ប្រតិបតិ្ត​របស់​មជ្ឈមណ្ឌល​នេះ​និយាយ​ថា «យើង​បង្កើត​វា​ឡើង​ដើម្បី​ជា​មធ្យោបាយ​សម្រាប់​សាធារណ​ជន​បង្ហាញ​ពី​យោបល់​របស់​ពួកគេ​ទៅ​លើ​ច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ិនធឺណិត»។ លោក​បាន​បន្ថែម​ថា ជា​ការ​ល្អ ​មនុស្ស​នឹង​អាច​បញ្ចេញ​នូវ​ក្តី​កង្វល់​របស់​ពួកគេ​ចំពោះ​ច្បាប់​នេះ ឬ​អាច​នឹង​កែ​ប្រែ​វា​នៅ​លើ​អ៊ិនធឺណិត​ទៀត​ផង។

គេហទំព័រ​ www.netlawkh.org ដែល​ត្រូវ​បាន​បង្កើត​ឡើង​តាំង​ពី​ខែ​កុម្ភៈ​ ទទួល​បាន​ការ​គាំទ្រ​ពី​ អង្គការ​ Freedom House ដែល​ជា​អង្គការ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ និង​ធ្វើ​ការ​តាម​ដាន​ ក៏​ដូចជា​ដាក់​អត្រា​វាយ​តម្លៃ​ទៅ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​របស់​ប្រទេស​ទាំង​ឡាយ។

មក​ដល់​ពេល​នេះ អ្នក​ប្រើប្រាស់​បាន​បង្ហោះ​នូវ​យោបល់​របស់​ពួកគេ​ទៅ​លើ​ច្បាប់​នេះ​ ហើយ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​បង្ហោះ​ច្បាប់​នេះ​នៅ​លើ​ប្រព័ន្ធ​អ៊ិនធឺណិត។ អ្នក​ខ្លះ​និយាយ​ថា​ នេះ​អាច​ជា​ច្បាប់​ដែល​មាន​ប្រភព​ចេញ​ពី​ក្រុម​មនុស្ស​ជា​លើក​ដំបូង​របស់​កម្ពុជា។

ឈីវ ពិដោរ ប្រធាន​ផ្នែក​ធនធាន​មនុស្ស​សម្រាប់​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្នុង​ក្រុង​ភ្នំពេញ និយាយ​ថា គាត់​ប្រើប្រាស់​អ៊ិនធឺណិត​ «ស្ទើរ​តែ​២៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ» រួម​ទាំង​ការ​ប្រើប្រាស់​បណ្តាញ​ហ្វេសប៊ុក (Facebook) ទី​ដែល​គាត់​ទាក់ទង​ជាមួយ​មនុស្ស​ដែល​ធ្វើ​ការ​នៅ​ក្នុង​ក្រុមហ៊ុន​របស់​គាត់​ ជាមួយ​មិត្តភក្តិ និង​ជាមួយ​គ្រួសារ។ គាត់​ព្រួយ​បារម្ភ​ថា ច្បាប់​នេះ​អាច​នឹង​កាត់​បន្ថយ​សកម្មភាព​របស់​នៅ​លើ​អ៊ិនធឺណិត ជា​ពិសេស​អាច​នឹង​ប៉ះពាល់​ដល់​ជំនួញ​របស់​គាត់ ឬ​អាច​នឹង​រំលោភ​បំពាន​ដល់​ភាព​ឯកជន​របស់​គាត់។

គាត់​និយាយ​ថា គាត់​យល់​ពី​តម្រូវ​ការ​នៃ​សន្តិសុខ​ជាតិ​ ដែល​ជា​មូលហេតុ​មួយ​ក្នុង​ការ​បង្កើត​ច្បាប់​នេះ ប៉ុន្តែ​វា​ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​មិន​ប៉ះពាល់​ដល់​សេរីភាព។ គាត់​បន្ថែម​ទៀត​ថា «ជា​ទស្សនៈ​ផ្ទាល់​ខ្លួន វា​ជា​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ហើយ​វា​មិន​គួរ​ត្រូវ​បាន​គេ​ហាម​ឃាត់​នោះ​ទេ»។

គាត់​និយាយ​ទៀត​ថា ព័ត៌មាន​នៅ​លើ​គេហទំព័រ netlaw.org គួរ​តែ​ត្រូវ​បាន​គេ​ចែក​រំលែក​ឲ្យ​បាន​ទូលាយ ដូច្នេះ​មនុស្ស​អាច​យល់​ពី​ច្បាប់​បាន​ច្បាស់ និង​អាច​ផ្តល់​យោបល់​ទៅ​លើ​ច្បាប់​នោះ។

និស្សិត ហួង ធី និយាយ​ថា គាត់​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​របៀប​ដែល​ច្បាប់​ត្រូវ​បាន​តាក់តែង​ឡើង ហើយ​គាត់​ចង់​ឲ្យ​មិត្តភក្តិ​របស់​គាត់​ស្គាល់​គេហទំព័រ​នោះ។ គាត់​និយាយ​ថា គាត់​ និង​មិត្តភក្តិ​ប្រើប្រាស់​អ៊ិនធឺណិត​ដើម្បី​ទាក់ទង​ជាមួយ​គ្នា និង​ធ្វើ​ការ​ស្រាវជ្រាវ។

និស្សិត​ម្នាក់​ទៀត​ឈ្មោះ ស្រី វ៉ាត និយាយ​ថា គាត់​ចង់​មើល​ខ្លឹមសារ​នៃ​សេចក្តី​ព្រាង​នោះ។ បន្ទាប់​ពី​ឃើញ​ការ​ផ្តល់​យោបល់​ផ្សេងៗ​នៅ​លើ​គេហទំព័រ​នា​ពេល​ថ្មីៗ​នេះ គាត់​និយាយ​ថា គាត់​ចង់​ឲ្យ​មនុស្ស​ជាច្រើន​ទៀត​ដឹង​ពី​វា។ គាត់​និយាយ​ទៀត​ថា «វា​គួរ​តែ​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ដូចជា​ហ្វេសប៊ុក (Facebook)»។

ប៉ា ងួនទៀង និយាយ​ថា គាត់​នឹង​ផ្សព្វផ្សាយ​គេហទំព័រ​នេះ​តាម​រយៈ​កម្មវិធី​វិទ្យុ និង​បណ្តាញ​សង្គម ដោយ​សង្ឃឹម​ថា វា​នឹង​ឲ្យ​មនុស្ស​កាន់​តែ​ច្រើន​ចូលរួម​ក្នុង​ដំណើរ​ការ​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ»។​

ប្រែ​សម្រួល​ដោយ ប៊ុន ប៉េងហ៊ុយ