សព្វាវុធ​ទិញ​ពី​ចិន​នឹង​មក​ដល់​កម្ពុជា​ក្នុង​ខែ​សីហា

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់ដៃ​ជាមួយ​លោក​ប្រធានាធិបតីចិន ស៊ី ជីនពីង មុន​កិច្ចប្រជុំនៅវិមានរដ្ឋាភិបាលចិនប្រចាំទីក្រុង​ប៉េកាំង ប្រទេស​ចិន ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។

បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន​ ប្រកាស​​ផ្តល់​ថវិកា​ជិត​៤០​លាន​ដុល្លារ​បន្ថែម​ទៀត​​ដើម្បី​ទិញ​កាំភ្លើង​រាប់​ម៉ឺន​ដើម​​សម្រាប់​ពង្រឹង​សមត្ថភាព​កង​ទ័ព​កម្ពុជា​នោះ​ ​នៅ​ថ្ងៃ​ពុធ​នេះ​ រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​​បន្ថែម​ថា​ ​គ្រឿង​សព្វាវុធ​ទាំង​នោះ​នឹង​ត្រូវ​មក​ដល់​កម្ពុជា​នា​ខែ​សីហា​នេះ។

គ្រឿង​សព្វាវុធ​ដែល​បញ្ជា​ទិញ​ពី​ប្រទេស​ចិននឹង​មក​ដល់​ប្រទេស​កម្ពុជា​នៅ​ក្នុង​អំឡុង​ខែ​សីហា​ខាង​មុខ​នេះ។​

លោក​ ទៀ បាញ់​ ឧប​នាយក​រដ្ឋ​មន្ត្រី​ ​និង​ជារដ្ឋ​មន្ត្រី​ក្រសួង​ការពារ​ជាតិ​កម្ពុជា​ បាន​ប្រាប់​វីអូអេ ​នៅ​ថ្ងៃ​ពុធ​នេះ​ថា សព្វាវុធ​ទាំង​នោះ​កំពុង​ស្ថិត​នៅ​តាម​ផ្លូវ​មក​កាន់​ប្រទេស​កម្ពុជា​ហើយ។​
«ក្នុង​ខណៈ​ហ្នឹង​ ​វាជិត​មក​ដល់​ហើយ!​ ប៉ុន្តែ​អត់​ទាន់​កំណត់​ច្បាស់។​ គេ​មិន​ទាន់​ជូន​ព័ត៌មាន​ច្បាស់​លាស់ថា មក​ដល់​ថ្ងៃ​ណា»។​

កាល​ពី​ថ្ងៃ​ច័ន្ទ​ ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ប្រកាស​ថា ​ លោក​សម្រេច​ផ្តល់​ថវិកា​ជិត​៤០​លាន​ដុល្លារ​បន្ថែម​ទៀត​«ដើម្បី​ទិញ​កាំភ្លើង​រាប់​ម៉ឺន​ដើម»​សម្រាប់​ពង្រឹង​សមត្ថភាពកង​ទ័ព​កម្ពុជា។ ​លោក​បន្ថែម​ថា​ ​ថវិកា​នេះ​គឺ​ជា​ការ​បន្ថែម​លើ​ទឹក​ប្រាក់​ចំនួន២០០​លាន​ដុលា្លរដែល​បាន​បញ្ជា​ទិញ​សព្វាវុធ​កន្លង​ទៅ។​

លោក​ ហ៊ុន សែន ​បញ្ជាក់​ថា​ សព្វាវុធ​ទាំង​នោះ​កំពុង​ដឹក​តាម​នាវា​មក​កាន់​ប្រទេស​កម្ពុជា។​

ក្នុង​បទ​សម្ភាសន៍​តាម​ទូរស័ព្ទជាមួយ​វីអូអេ​ ​លោក ​ទៀ បាញ់ ​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​លម្អិតអំពី​ប្រភេទ​សព្វាវុធ​ដែល​ទិញ​ពី​ប្រទេស​ចិន​នោះ​ទេ។ ប៉ុន្តែ​លោក​បង្ហើប​ថា​ ​អាវុធ​ទាំង​នោះ​នឹង​យក​មក​ជំនួស​អាវុធ​ចាស់ៗ​ដែល​កម្ពុជា​កំពុង​មាន​ស្រាប់។​

លោក ​ទៀ បាញ់ ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​សម្រេច​ទិញ​គ្រឿង​សព្វាវុធ​ពី​ប្រទេស​ចិន​នោះ។ លោក​បកស្រាយ​ថា​ ​ដោយ​សារ​ចិន​ផលិត​ស្រប​តាម​តម្រូវ​ការ​របស់​កម្ពុជា ​និង​មាន​តម្លៃ​ថោក។​

«និយាយ​ឲ្យ​មែន​ទែន​ទៅ​ រឿង​ទិញ​ហ្នឹង​ក៏​មាន​ការ​ចរចារឿង​តម្លៃ​ដែរ។ ​នៅ​ឯ​ណេះ[ចិន]​ ​តម្លៃ​គេ​គិត​គូរតម្លៃ​មិត្ត​ភាព ​ឬ​ក៏​គេ​អាច​ហៅ​ថា​ ​ចុះ​តម្លៃអីបាន​ខ្លះមួយ​ចំនួន​ទៀត​ទើប​យើង​ទៅ​ទិញ​បាន។​ យើង​ក្រ​ណាស់»។​

លោក ឯម សុវណ្ណារ៉ា​ អ្នក​វិភាគ​នយោបាយ​ឯករាជ្យ​ លើក​ឡើង​ថា​ ការ​ប្រកាស​ពី​ចំនួន​ទឹក​ប្រាក់​ក្នុង​ការ​ទិញ​គ្រឿង​សព្វាវុធ​ពី​បរទេស​គឺ​បង្ហាញ​ពី​តម្លា​ភាព​នៃ​ការ​ប្រើប្រាស់​ថវិកា​ជាតិ​ ប៉ុន្តែ​លោក​ថា ​ការ​បង្ហាញ​តែ​ការ​ទិញ​ពី​ចិន​អាច​ធ្វើ​ឲ្យ​កម្ពុជាស្ថិត​ក្នុង​រូបភាព​កាន់​តែ​លម្អៀង​ទៅ​កាន់​ចិន។​

«យើង​ទាក់ទង​ទាំង​អស់​ទៅ ​គ្រប់​វិស័យ​យោធា​ ឬ​វិស័យ​អី​ហ្នឹង។ ​យើង​បើក​ចំហឲ្យមាន​ឱកាស​ទំនាក់​ទំនង​នឹង​លោក​ខាង​លិច​ ​លោក​ខាង​កើត​អី ​ឲ្យ​មាន​ការ​ថ្លឹង​ថ្លែង​គ្នា​បាន ​មាន​តុល្យភាព​ទៅ​ ខ្ញុំ​គិត​ថា ​បញ្ហា​គេ​គិត​ថា​ ជំហរ​កម្ពុជា​ឈរ​ខាង​ណាៗ​ហ្នឹង​ ​ វា​អាច​កាត់​បន្ថយ​បាន​ហើយ»។​

ប្រទេស​កម្ពុជា​បាន​ទិញ​សព្វាវុធ​ជាច្រើនពី​អតីត​សហ​ភាព​សូវៀត​ដែល​ជា​ប្លុក​កុម្មុយនីស្ត ​ក្នុង​អំឡុង​ទស​វត្សរ៍​១៩៨០។ ​សព្វាវុធ​ទាំង​នោះ​ត្រូវ​បាន​ប្រើ​ប្រាស់​ក្នុង​ការ​ធ្វើ​សង្គ្រាម​ស៊ីវិលជាមួយ​ពួក​ខ្មែរ​ក្រហម ​មុន​ពេល​អង្គការ​ចាត់​តាំង​របស់​ក្រុម​ទ័ព​ព្រៃ​កុម្មុយនីស្ត​ទាំង​នោះបានដួល​រលំជា​ស្ថាពរ​នៅ​ឆ្នាំ​១៩៩៨។​

ទោះ​ជា​យ៉ាង​ណា​ ​ការ​ទិញ​សព្វាវុធ​កាលណោះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ជំពាក់​បំណុល​អតីត​សហភាព​សូវៀត​រាប់​រយ​លាន​ដុល្លារ។​

ដោយ​ឡែក​កម្ពុជា​បាន​ចាប់​ផ្តើម​ទិញ​សព្វា​វុធ​ពី​ប្រទេស​ចិន​ជា​ច្រើន​ក្នុង​អំឡុង​មាន​ការ​ប៉ះ​ទង្គិច​ដោយ​ប្រដាប់​អាវុធ​ជា​មួយ​កង​ទ័ព​ប្រទេស​ថៃ នៅ​តាម​បណ្តោយ​ព្រំដែន​ខេត្ត​ព្រះវិហារ​ និង​ខេត្ត​ឧត្តរមានជ័យ ​ក្នុង​អំឡុង​ឆ្នាំ​២០០៨៕