នៅថ្ងៃព្រហស្បតិ៍នេះ កម្ពុជាចាប់ផ្តើមប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ថ្ងៃទី១ ស្របពេលគណៈកម្មាធិការរៀបចំបុណ្យជាតិបារម្ភពីឥទ្ធិពលភ្លៀង និងខ្យល់បោកបក់ដោយសារព្យុះត្រូពិក។ នេះបើតាមការលើកឡើងរបស់គណៈកម្មការបច្ចេកទេសសម្រាប់ព្រះរាជពិធីបុណ្យអុំទូក។
លោក ប៊ូ ជុំសេរី អនុប្រធានគណៈកម្មការបច្ចេកទេសសម្រាប់ព្រះរាជពិធីបុណ្យ ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍ដែលជាថ្ងៃទី១នៃការចាប់ផ្តើមព្រះរាជពិធីបុណ្យអុំទូករយៈពេលបីថ្ងៃថា ក្នុងឆ្នាំ២០១៧នេះ ចំនួនទូក ង ចូលរួមប្រណាំង កើនឡើងដល់២៧០ទូក ខណៈនៅក្នុងឆ្នាំ២០១៦ មានតែ២៥៧ទូក ដែលមានកីឡាករ និងកីឡាការិនីចំនួនជិត១ម៉ឺន៨ពាន់នាក់ (១៧.៨២៨នាក់)។ លោកបន្តថា ពិធីបុណ្យអុំទូកឆ្នាំនេះមានភាពសប្បាយរីករាយ និងមានប្រជាពលរដ្ឋចូលរួមច្រើនជាងឆ្នាំមុនៗ។
ទោះជាបែបនេះក្តី លោក ប៊ូ ជុំសេរី បន្ថែមថា គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ មានការបារម្ភពីឥទ្ធិពលរបស់ព្យុះត្រូពិកដែលនឹងបោកបក់មកលើកម្ពុជា ក្នុងអំឡុងពិធីបុណ្យអុំទូកនេះ ប៉ុន្តែលោកថា គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានណែនាំក្រុមកីឡាករ និងប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នជាមុនរួចរាល់ហើយ។
លោក ប៊ូ ជុំសេរី បញ្ជាក់ថា៖
«យើងបានត្រៀមលក្ខណៈហើយ។ ជួយគាត់ឲ្យមានការយកចិត្តទុកដាក់ ផ្សព្វផ្សាយគាត់ឲ្យមានការប្រុងប្រយ័ត្នពេលមានខ្យល់ពេលមានភ្លៀង។ យើងបានធ្វើការណែនាំគាត់ក្នុងពេលប្រជុំពីម្សិលមិញ។ ឲ្យគាត់ត្រៀមលក្ខណៈឲ្យហើយ កុំឲ្យថាគេងៗទៅអត់ដឹងខ្លួន ស្រាប់តែមានខ្យល់ព្យុះមានអី។ ឲ្យដឹងថាប្រទេសយើងក្នុងចន្លោះប៉ុន្មានថ្ងៃនេះនឹងមានភ្លៀង និងមានខ្យល់ ដូច្នេះត្រូវត្រៀមលក្ខណៈឲ្យហើយ មានតង់ មានអាវភ្លៀង។ ប៉ុន្តែរដ្ឋាភិបាលមិនបានទិញជូនគាត់ទេ គ្រាន់តែជាការណែនាំ ព្រោះថានេះគឺជាការងារមួយមានលក្ខណៈធំធេងណាស់ ដូច្នេះអ្នកដែលចូលរួមមានម្ចាស់ការរៀងៗខ្លួនរួចហើយ»។
ព្រះរាជពិធីបុណ្យអ៉ុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែដែលមានរយៈពេលបីថ្ងៃ ចាប់ផ្តើមនៅថ្ងៃទី២ ខែវិច្ឆិកានេះ រហូតដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។ អាជ្ញាធររាជធានីភ្នំពេញ និងគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ រំពឹងថា ដំណើរការនៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះនឹងប្រព្រឹត្តទៅដោយរលូន និងប្រសើរជាងឆ្នាំមុនៗ ទាំងបញ្ហាសន្តិសុខ សុវត្ថិភាព និងអនាម័យ។
មន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ផ្នែកខ្លះនៃប្រទេសកម្ពុជា នឹងទទួលរងឥទ្ធិពលជាភ្លៀង និងខ្យល់បោកបក់បង្កមកពីឥទ្ធិពលនៃព្យុះត្រូពិកឈ្មោះ «ព្យុះដំរី» ដែលបានបោកបក់ចេញពីប្រទេសហ្វីលីពីន និងវិវត្តក្លាយជាព្យុះត្រូពិក ដែលនឹងធ្វើឲ្យមានភ្លៀងចាប់ផ្ដើមធ្លាក់រាយប៉ាយទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែវិច្ឆិកានេះ។
មន្ត្រីដដែលបញ្ជាក់ថា ខ្យល់«ព្យុះដំរី»នេះ នឹងមិនបង្កការរំខានអ្វីដល់ព្រះរាជពិធីបុណ្យអុំទូកប្រចាំឆ្នាំដែលកំពុងប្រារព្ធនៅភ្នំពេញឡើយសម្រាប់ថ្ងៃទីមួយ និងថ្ងៃទីពីរនៃព្រះរាជពិធី តែសម្រាប់ថ្ងៃទីបីវិញ អាចចាប់ផ្ដើមមានភ្លៀងធ្លាក់នៅអំឡុងពេលក្បាលព្រលប់ និងថា ក្រសួងកំពុងពិនិត្យតាមដាន។
លោក ឈុំ សុវណ្ណឌី កីឡាករអុំទូកមួយរូបមកពីខេត្តកណ្តាលលើកឡើងថា ពិធីបុណ្យអុំទូកឆ្នាំនេះមានភាពអ៊ូអរជាងឆ្នាំមុន ប៉ុន្តែលោកថា លោកមានការបារម្ភពីសុខភាព និងសុវត្ថិភាព ខណៈដែលគណៈកម្មាធិការរៀបចំពិធីបុណ្យអុំទូក បានប្រកាសឲ្យមានការប្រុងប្រយ័ត្នពីឥទ្ធិពលខ្យល់ព្យុះត្រូពិកដែលនឹងកើតមានក្នុងពេលឆាប់ៗខាងមុខ។
លោកឈុំ សុវណ្ណឌី បញ្ជាក់ថា៖
«មានគណៈកម្មការដូចជាមេទូកៗហ្នឹងគាត់បានប្រាប់ចំណុះទូកទាំងអស់ ឲ្យប្រុងប្រយ័ត្នរៀងខ្លួន ដោយសារទី១ខ្យល់ ហើយទី២ ទឹកគឺហូរខ្លាំង អញ្ចឹងយើងមានការត្រៀមទុករួចអស់ហើយ។ ក្នុងទូកហ្នឹងមានម៉ាស៊ីនបូមទឹកបូមអី»។
ក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ គេឃើញកងកម្លាំងចម្រុះដើរទៅដើរមកជាជួរកាត់ហ្វូងមហាជន ដោយក្នុងដៃរបស់ពួកគេប្រដាប់ដោយអាវុធ ខ្លះជាកាំភ្លើងដែលដាក់ក្នុងស្រោម និងខ្លះទៀត ជាកាំភ្លើងវែងដែលបានដកចេញពីស្រោមរួចជាស្រេច។
VOA បានព្យាយាមទាក់ទងសុំការអធិប្បាយពីលោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិ និងលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ពាក់ព័ន្ធនឹងការការពារសន្តិសុខសណ្តាប់ធ្នាប់ ប៉ុន្តែរហូតមកដល់ល្ងាចថ្ងៃព្រហស្បតិ៍នេះ មិនមានការឆ្លើយតបណាមួយនៅឡើយ។
បើតាមរបាយការណ៍របស់នគរបាលជាតិស្តីពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីបុណ្យអុំទូក ចេញកាលពីថ្ងៃទី២០ ខែតុលា បង្ហាញថា រដ្ឋាភិបាលបានត្រៀមកម្លាំងមានសមត្ថកិច្ចសរុបចំនួន១២.២៨៥នាក់ រួមទាំងកងអង្គរក្សផងដែរ។
ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែជាពិធីបុណ្យប្រពៃណីជាតិខ្មែរតាំងពីបុរាណ ដែលតែងត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ។ ប្រជាពលរដ្ឋប្រមាណជិត៣លាននាក់ចូលរួមពិធីនេះជារៀងរាល់ឆ្នាំ។
ទោះជាយ៉ាងណា កម្ពុជាបានខកខានមិនបានប្រារព្ធពិធីបុណ្យប្រពៃណីមួយនេះរយៈពេល៣ឆ្នាំជាប់ៗគ្នា កាលពីឆ្នាំ២០១១ ឆ្នាំ២០១២ និងឆ្នាំ២០១៣ ក្រោយពីមានហេតុការណ៍រត់ជាន់គ្នានៅកោះពេជ្រ ដែលបណ្ដាលឲ្យមនុស្សជាង៣៥០នាក់ស្លាប់ និងដោយសារហេតុផលគ្រោះទឹកជំនន់ និងក្រោយការសោយទិវង្គតរបស់ព្រះបរមរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។
ក្នុងឆ្នាំ២០១៤ ពិធីបុណ្យបុណ្យអុំទូកត្រូវបានរៀបចំធ្វើឡើងវិញ តែក៏បានខកខានម្ដងទៀតនៅឆ្នាំ២០១៥ ស្របពេលដែលស្ថានភាពនយោបាយនៅកម្ពុជាបានឡើងកម្តៅ ប៉ុន្តែលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានអះអាងថា ការផ្អាកប្រារព្ធពិធីនេះគឺដោយសារកម្ពស់ទឹកទន្លេទាបពេកមិនអាចអុំទូកបាន៕