វាគ្មិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ពិភាក្សា​ពី​ផល​ប្រយោជន៍​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំពោះ​សុខភាព

កម្មវិធី «Straight Talk Africa» របស់​ VOA ផ្សាយ​ទៅ​ទ្វីប​អាហ្វ្រិក​ សម្រប​សម្រួល​ដោយ​ពិធីករ Shaka Ssali (ឆ្វេង) កាល​ពី​ថ្ងៃ​ទី​១៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ពីភាក្សា​អំពី​​ការ​យល់​ដឹង​ចុង​ក្រោយ​ទាក់ទង​នឹង​ជំងឺ​អេបូឡា។

ក្រុម​វាគ្មិន​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បានទទួល​ស្គាល់​អំពី​តួនាទី​សំខាន់​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ពេល​ប្រទេស​នានា​កំពុង​ប្រឈម​មុខ​នឹង​ជំងឺ​ឆ្លង​ផ្សេងៗ ​ដោយ​និយាយ​ថា​ ការ​ផ្សព្វផ្សាយ​អប់រំ​ឲ្យ​ពលរដ្ឋ​យល់ដឹង​អំពី​ជំងឺ​ឆ្លង​និង​បញ្ហា​ផ្លាស់ប្តូរ​ទម្លាប់​អាច​ជា​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​ជាច្រើន​លាន​នាក់។​

ការ​ពិភាក្សា​មួយ​ថ្ងៃ​អំពី​«ផល​ប្រយោជន៍​និង​តម្លៃ​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ដល់​សុខភាព​ពលរដ្ឋ​ក្នុង​ពិភពលោក»​ បាន​រៀបចំ​ដោយ​វីអូអេ ​សហការ​ជាមួយ​នឹង​អង្គការ​ផ្តល់​ជំនួយ​ស.រ.អា.​ ​USAID។​ ​ក្រុម​វាគ្មិន​មកពី​បណ្តា​អង្គការ​ និង​សាកល​វិទ្យាល័យ​ល្បីល្បាញ ​និង​ស្ថាប័ន​រដ្ឋធំៗ​ក៏​បាន​មក​ចូលរួម​ផង​ដែរ។​

ថ្លែង​បើក​កិច្ច​ពិភាក្សា​ លោក​ ដេវីដ អេនស័រ ​(David Ensor) ​នាយក​វិទ្យុ​សំឡេងស.រ.អា. (VOA) បាន​ថ្លែង​ថា​ VOA ​បាន​ធ្វើ​ការ​ទាក់ទង​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ចំពោះ​បញ្ហា​សុខភាព​ និង​ការ​ផ្សព្វផ្សាយ​ក្នុង​ទ្វីប​ចំនួន៥​ ក្នុង​នោះ​គឺ​តំបន់​ ដែល​មាន​ជំងឺ​ឆ្លង ​និង​បញ្ហា​សុខភាព​សំខាន់ ​ដូចជា​តំបន់​អាហ្វ្រិក​ដែល​មាន​ផ្ទុះ​ជំងឺ​អ៊ីបូឡា​ផ្តាច់ផ្តិល​ជីវិត​មនុស្ស​និង​នៅ​ក្នុង​តំបន់​អាស៊ី​ដែល​មាន​បញ្ហា​ជំងឺ​ឆ្លង​ចម្រុះ ​និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ផង​ដែរ។​

«ដូច្នេះ ​ការ​ផ្សាយ VOA មាន​ VOA ​ជាភាសា​អង់គ្លេស​ និង​ការ​ផ្សាយ​ចំនួន​៤៧​ភាសា​ផ្សេង​ទៀត​ពាសពេញ​ពិភព​លោក​គឺ​ជា​ការណ៍​ពិត​ណាស់​ វា​អាច​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ព័ត៌មាន ​ដំណឹង ​ដែល​ធ្វើ​ឲ្យ​ជីវិត​ពលរដ្ឋ​បាន​ប្រសើរ​ ជួយ​ជីវិត​ពលរដ្ឋ។​ យើង​មាន​មោទន​ភាព​ណាស់​ចំពោះ​កិច្ចការ​នេះ​ ហើយ​យើង​មាន​មោទនភាព​ក្នុង​ការ​ធ្វើជា​ដៃ​គូ​ជា​មួយ​នឹង​ដៃគូក្នុង​រដ្ឋាភិបាល​សហព័ន្ធ ​និង​អ្នក​ផ្តល់​ជំនួយ​ផង​ដែរ​នៅ​ក្នុង​ករណី​ខ្លះ»។​

លោក​បាន​អះអាង​បន្ត​ថា​ នៅ​តំបន់​ផ្សេងៗ​ទៀត​មាន​ការ​ជួយ​ផ្សព្វ​ផ្សាយ​អប់រំ​អំពី​បញ្ហា​ជំងឺ​អេដស៍​ ជំងឺ​គ្រុនចាញ់​ ជំងឺ​របេង ​ជំងឺ​គ្រុនផ្តាស់​ជំងឺ​សាយបក្សី​ ការអប់រំ​ទប់ស្កាត់​ការ​ស្លាប់​របស់មាតា​និង​ទារក​តាម​ រយៈ​កម្ម​វិធី​អប់រំ​ និង​ហ្វឹកហ្វឺន​អ្នក​កាសែត ការ​ចាក់​វ៉ាក់​សាំង​គ្រុន​ស្វិត​ដៃជើង​ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​ទីភ្នាក់ងារ​ជំនួយ​របស់​ស.រ.អា. ​USAID ​ផង​ដែរ។​

«ការដែល​យើង​បន្ត​ធ្វើ​ជា​ដៃគូជាមួយ​ទីភ្នាក់ងារ​ ​USAID ​ទីភ្នាក់ងារ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​របស់​ស.រ.អា.​ ​CDC​ ហើយ​នឹង​ក្រសួង​ការ​បរទេស​ស.រ.អា.នេះ​គឺ​បានដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ពង្រីក​សមត្ថភាព​ផ្សព្វ​ផ្សាយ​របស់​យើង។​ ចាប់​តាំង​ពី​ឆ្នាំ​១៩៩៧​មក ​ជា​ឧទាហរណ៍​ ​ទីភ្នាក់ងារ ​USAID ​បាន​គាំទ្រ​វីអូអេ​ក្នុង​ការ​ផ្សព្វផ្សាយដំណឹង​អំពី​សុខ​ភាព​ពាសពេញ​ពិភពលោក​ជូន​ដល់​អ្នកស្តាប់​រាប់​រយ​លាន​នាក់»។​

លោក​ស្រី​អេលីហ្សាប៊ែត ហ្វុក​ (Elizabeth Fox)​ នាយិកា​ការិយាល័យ​សុខាភិបាល ​ជំងឺឆ្លង ​និង​អាហាររូបត្ថម្ភ​នៃ​ទីភ្នាក់ងារ​សហ​រដ្ឋ​អាមេរិក​ ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ ​(USAID)​បាន​ផ្តល់​តម្លៃ​ទៅ​លើ​ការ​អប់រំ​តាម​រយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ ដោយ​អះអាង​ថា​ សូម្បីតែការ​ប្រើ​កម្មវិធី​ និង​ របៀប​អប់រំ ​ជា​លក្ខណៈ​ធម្មតា​ក៏អាច​ជួយ​ជីវិត​មនុស្ស​រាប់​លាន​នាក់​បាន​ដែរ។

«ចន្លោះ​ពេលនេះ​ដល់​ឆ្នាំ​២០២០​ ប្រសិន​បើ​គេ​លាង​ដៃ​នឹង​សាប៊ូ ​នោះ​អាច​ជួយ​សង្គ្រោះ​ក្មេង​ចំនួន​១លាន​នាក់​ក្រោម​៥​ឆ្នាំ​គឺ​ការ​លាង​ដៃ​នឹង​សាប៊ូ​មុន​ពេល​ទទួលទាន​អាហារ។ ​ប្រសិន​បើគេ​ប្រើការ​ព្យាបាល​តាម​របៀប​បំពេញ​ជាតិ​ទឹក​ធម្មតា​ដល់​ក្មេង​ដែល​រាគ ​នោះ​វា​អាច​ជួយ​សង្គ្រោះ​ក្មេង​កន្លះ​លាន​នាក់អាយុ​ក្រោម​៥​ឆ្នាំ»។​

អ្នក​វិភាគ​ខាង​សុខភាព​ខ្លះ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង​៣៥​លាន​នាក់​ក្នុង​ពិភព​លោក​កំពុង​រស់​នៅដោយ​ផ្ទុក​មេរោគ​អេដស៍​ ហើយមាន​មនុស្ស​ស្លាប់​ជាង​១​លាន​នាក់​ក្នុង​១​ឆ្នាំៗ។ ​ដោយ​ឡែក​ ជំងឺ​អ៊ីបូឡា​ធ្វើ​ឲ្យ​មនុស្ស​ស្លាប់​ជិត​៩​ពាន់​នាក់​ក្នុង​ប្រទេស​នៅ​អាហ្រ្វិក​ខាង​លិច ​ហើយ​ក៏​មាន​ជំងឺ​រាត​ត្បាត​ផ្សេងៗ​ទៀត​ ដែល​ជា​ក្តី​បារម្ភ​ខ្លាំង​សម្រាប់​ពិភព​លោក។​

លោក​ស៊ីលវីយ៉ូ វ៉ៃស្បត ​(Silvio Waisbord) ​សាស្ត្រាចារ្យ​សាលា​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ និង​ការងារ​សាធារណៈ​នៃ​សាកលវិទ្យាល័យ​ George​ Washington​ បាន​ថ្លែង​ថា ​គេ​អាច​ធ្វើការ​ស្រមៃ​មើល​ថា ​ប្រសិន​បើ​គ្មាន​ព័ត៌មាន​ តើ​នឹង​មាន​អ្វី​កើត​ឡើង?​ នោះ​គឺ​ថា ​យើង​គ្មាន​ព័ត៌មាន ​គ្មាន​ការ​យក​ចិត្ត​ទុកដាក់​អំពី​អ្វី​ជា​ភាព​ត្រឹមត្រូវ​ក្នុង​ពិភពលោក​ ក្នុង​ស្រុក​និង​ជនបទ​ចំពោះ​ការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ ទម្លាប់សង្គម។​

«ដូច្នេះ​ នេះ​មិន​គ្រាន់តែ​ជា​បញ្ហា​នៃ​ការ​ផ្តល់ព័ត៌មាន​ទេ​ តែ​ជា​ការ​ផ្សព្វ​ផ្សាយគម្រូ​ជាក់លាក់​ណាមួយ​ជា​សារធារណៈ​ ការ​ផ្លាស់ប្តូរ​គំនិត​អំពី​អ្វី​មួយ​ឲ្យ​ត្រឹមត្រូវ។​ ​ហើយ​បណ្តាញ​ព័ត៌មាន​របស់​យើង​មាន​ភស្តុតាង​ក្នុង​រឿង​នេះ​គឺ​ពិតជា​គឺបង្ហាញ​ថា យើង​កំពុង​ដើរ​តួ​សំខាន់​ មិនគ្រាន់​តែ​ផ្តល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ទេ ​តែ​ជា​ការណ៍​ពិត​គឺ​បញ្ជាក់​យ៉ាង​ប្រាកដ​ប្រជា​ចំពោះ​ការ​ផ្លាស់ប្តូរ​គម្រូ​នោះ ​ដោយ​ការ​រំឭកដល់​ពលរដ្ឋ​អំពី​គម្រូថ្មី​ ឬ​និន្នាការ​ថ្មី​ ហើយ​បញ្ជាក់​អំពី​ការ​កែប្រែ​ទម្លាប់​នោះ​ផង»។​

លោក​ជឿ​ថា​ ពលរដ្ឋ​ពេល​នេះ​គួរ​ចេះ​ប្រើ​ប្រព័ន្ធ​ព័ត៌មាន​ទំនើប​ ដោយ​មិន​ប្រើវិធី​បែប​បូរាណ​ដើម្បី​ចែក​រំលែក​ព័ត៌មាន​ទៀត​នោះ​ទេ។​

លោក ​ស្កត រ៉ាតស្សាន ​(Scott C Ratzan) ​អ្នក​ជំនាញ​ផ្នែក​សុខភាព​និង​ជា​អនុប្រធាន​ក្រុម​កិច្ចការ​សហ​ប្រតិបត្តិការ​ពិភព​លោក ​ Anheuser-Busch InBev ​បាន​ទទូច​ឲ្យ​មាន​ការ​រៀបចំ​បណ្តាញ​ព័ត៌មាន​ ដែល​អាច​ផ្តល់​ព័ត៌មាន​ជាក់លាក់​មួយ​ មុន​ពេល​ដែល​ជំងឺ​ឆ្លង ​ដូច​ជា​ជំងឺ​អ៊ីបូឡា​ចាប់​ផ្តើម​រាតត្បាត ​គឺ​បណ្តាញ​ព័ត៌មាន​ ដែល​ជា​ប្រភព​ច្បាស់​លាស់ ​ព័ត៌មាន​អាច​ជឿ​ទុកចិត្ត​បាន​ ហើយ​ផ្តល់​ព័ត៌មាន​ត្រឹមត្រូវ។​

«នោះ​ជាអ្វី​ដែល​យើង​បន្ត​កសាង​ទៅ​មុខ។​ ខ្ញុំ​គិត​ថា ​ជា​រឿង​អាច​ធ្វើ​បាន។​ ខ្ញុំ​គិត​ថា​ គេ​អាច​ធ្វើ​បាន​តាមរយៈ​ការងារ​របស់​ទីភ្នាក់ងារ​ ​USAID ​VOA​ និង​ក្រុម​អភិបាល។ ​តែ​រឿង​នេះ​ត្រូវតែ​ស្ថិត​ឋេរ ​វា​ត្រូវ​តែ​មាន​ការ​ជឿជាក់ ​ហើយ​វា​ត្រូវតែ​ជា​កន្លែង​ ដែល​ពលរដ្ឋ​អាច​ប្រើប្រាស់​ អាច​មាន​សកម្ម​ភាព ​និង​អាច​ទទួល​បាន​ព័ត៌មាន​ស៊ី​ជម្រៅ ​ប្រសិន​បើ​គេ​ចាប់​អារម្មណ៍​នឹង​ព័ត៌មាន​នោះ»។​

លោក​ស្រី​ម៉ាស្សា វ៉ាន់ឌឺហ្វ័ដ​ (Marsha L.Vanderford) ​ជា​អនុប្រធាន​នៃ​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​របស់​ស.រ.អា.​សម្រាប់​សុខភាព​ពិភព​លោក​បាន​ថ្លែង​ថា ​ការ​កសាង​សមត្ថភាព​ ការ​បង្កើត​ប្រព័ន្ធ ​និង​ការ​ហ្វឹកហ្វឺន​អ្នក​កាសែត​ដើម្បី​គាំទ្រ​ផ្នែក​សុខភាព​គឺ​ជា​រឿង​ត្រូវធ្វើ។​ ​តែ​គេ​ត្រូវ​សួរ​ថា ​តើ​កិច្ចការ​នានា​ដែល​ត្រូវ​ធ្វើ​នោះ​មាន​ប្រយោជន៍​អ្វី​ដល់​ពល​រដ្ឋ​អាមេរិកាំង។​ តើ​ប្រាក់​ជំនួយ​ទៅ​ទីណា​ហើយ? ​តើ​គេប្រើ​យ៉ាងម៉េច?​ ​ នោះ​ក៏​ជា​រឿង​សំខាន់ ​ដែល​ត្រូវ​ឆ្លើយ​នឹង​សំនួរ​របស់​អ្នកតាក់​តែង​គោល​នយោបាយ​ផង​ដែរ។​

«អង្គ​ការ​កំចាត់​ជំងឺ​ឆ្លង​ស.រ.អា.CDC ​មាន​ការិយាល័យ​តាម​ប្រទេស​ចំនួន​៦០ ​ហើយ​មាន​កម្មវិធី​នានា​ក្នុង​ការិយាល័យ​នោះ​ ដោយ​រាប់​តាំង​ពី​ជំងឺ​គ្រុនផ្តាសាយ ​ទៅ​ដល់ជំងឺ​អេដស៍​ និង​ការ​ស្រាវជ្រា​វអំពីជំងឺ​សាកល​ផង​ដែរ ​ហើយ​មាន​រយៈពេល​វែង​ខុសៗ​គ្នា​ទៅ​តាម​កម្ម​វិធី​មួយៗ។​ ខ្ញុំ​គិត​ថា​ វា​ពិត​ជាមាន​ចំណោទ​លើ​បញ្ហា​គោល​នយោបាយ​ក្នុង​ការ​និយាយ​ថា ​តើ​ទីណា​យើង​ធ្វើ​កិច្ចការ ​ហើយ​ហេតុ​អ្វី​យើង​ធ្វើការ​នៅ​ទីនោះ?​ វា​ពិតណាស់​ ក្រុម​អ្នក​នយោបាយ​ចង់​ដឹង​អំពី​ផល​ប្រយោជន៍​នានា​សម្រាប់​ស.រ.អា.ក្នុង​ការ​ធ្វើ​កិច្ចការ​ទៅ​នោះ»។​

សម្រាប់ប្រទេស​កម្ពុជា​វិញ ​លោក​វេជ្ជបណ្ឌិត​លី សុវណ្ណ ​ប្រធាន​នាយក​ដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង​នៃ​ក្រសួង​សុខាភិបាល​កម្ពុជា​ បាន​ថ្លែង​ថា ​ព័ត៌មាន​ពិតជា​ជួយ​ដល់​ការ​រួម​ចំណែកយ៉ាង​សំខាន់​ទប់ស្កាត់​ជំងឺ​ឆ្លង​ ហើយ​បណ្តាញ​ព័ត៌មាន​ទាំងអស់​គឺ​ស្ថិត​ក្នុង​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ឃ្លាំ​មើល​របស់​ក្រសួង​សុខា​ភិបាល​ផង​ដែរ។​

«ព្រលឹម​ឡើង​គាត់ ​Screen ​មើល​គ្រប់​សារ​ព័ត៌មាន​ទាំងអស់​ ដើម្បី​មើល​ថា​ តើ​មាន​ព័ត៌មាន​អី​ទាក់ទង​នឹង​ជំងឺ​ឆ្លង​ទេ។​ បើ​មាន​ គេ​តែងតែ​ធ្វើ​ការ​ពិគ្រោះ​ជា​បន្ទាន់ ​ហើយ​ប្រព័ន្ធ​ហ្នឹង​ត្រូវ​ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភព​លោក»។​

លោក​បាន​ថ្លែង​ថា ​ក្រសួង​សុខាភិបាល​មាន​គេហទំព័រ​ស្តីពីជំងឺ​ឆ្លង​ដែល​ពលរដ្ឋ​អាច​មើល​បាន​លឿន ​ហើយ​អ្នក​សារ​ព័ត៌មាន​ទាំងអស់​អាច​យក​បាន​ព័ត៌មាន​ជាផ្លូវ​ការ។​

«និយាយ​រួម​ទៅ​ គេចង់​បាន​ការ​អប់រំ​ពី​ក្រសួង​សុខាភិបាល​អំពី​ព័ត៌មាន​និមួយៗ អំពី​ស្ថានភាព​ជំងឺ ​ប្រសិន​បើ​មាន​ផ្ទុះ​ ទាំងក្នុង​ស្រុក​ទាំង​បរទេស​ហ្នឹង។​ គាត់តែង​សួរ​ ចង់​ដឹង​ពី​ស្ថានភាព​យ៉ាង​ម៉េច ​ហើយ​ វិធាន​ការ​ការពារ​យ៉ាង​ម៉េច ​ហើយ​ប្រសិន​បើ​គាត់​ឈឺ ​គាត់​អញ្ចើញ​ទៅ​ទីណា?​ ​ហើយ​ទំនាក់ទំនង​ប្រព័ន្ធ​អ្វី​ខ្លះ​ដែល​អាច​ទាក់ទង​បាន»។​

លោក​មឿន ឈានណារិទ្ធិ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែក​សារ​ព័ត៌មាន​ បាន​និយាយថា​ សារ​ព័ត៌មាន​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ប្រទេស​កម្ពុជា​ទាក់ទង​នឹង​ការ​ជួយ​ផ្សព្វ​ផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹង​អំពី​បញ្ហា​ជំងឺ​ឆ្លង​និង​សុខភាព។​

«អ្នក​សារព័ត៌មាន​ ទាំង​ការ​សែត ​វិទ្យុ ​ទូរទស្សន៍ ​រួម​ទាំង​ប្រព័ន្ធ​វេបសាយ​ និង​បណ្តាញ​សង្គម​ បាន​ជួយ​ច្រើន​ណាស់​ក្នុង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ដល់​សាធារណ​ជន​អំពី​បញ្ហា​ផ្សេងៗ​ ហើយ​ជាពិសេស​យើង​ដឹង​ថា ​មាន​ការ​រីករាលដាល​នៃ​មេ​រោគ​អេដស៍​នៅ​ខេត្ត​បាត់ដំបង​ហ្នឹង ​ក៏​អ្នក​កាសែត​យើង​បាន​ផ្សាយ​បាន​ច្រើនមែន​ទែន។​ អញ្ចឹង​ការ​ផ្សាយ​នេះ​ យើង​សុំ​អរគុណ​ដល់​អ្នក​សារ​ព័ត៌មាន​យើង​ដែល​បាន​ជួយ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ហ្នឹង។​ តែ​ទន្ទឹម​ហ្នឹង ​យើង​មាន​ការ​ព្រួយ​ខ្លាច​ ការ​ផ្សាយ​ព័ត៌មាន​ហ្នឹង​បង្ក​ឲ្យ​មាន​ការ​រើស​អើង​នៅ​ក្នុង​សហគមន៍​ដែល​មាន​ឆ្លង​មេរោគ​អេដស៍​ហ្នឹង»។​

លោក​បាន​និយាយ​យោង​ទៅ​លើការ​ដែល​មាន​អ្នក​ភូមិ​ជាង​២០០​នាក់​ក្នុង​ភូមិ​មួយ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ដែល​មាន​ពល​រដ្ឋ​ជាង​២​ពាន់​គ្រួសារ​រស់ ​ដែលបាន​ឆ្លង​មេរោគ​អេដស៍​ដោយសារ​គ្រូពេទ្យ​គ្មាន​អាជ្ញាប័ណ្ណ​ម្នាក់​ត្រូវ​គេ​សង្ស័យ​ថា​ បាន​ប្រើ​ម្ជុល​ចាក់​ថ្នាំ​ម្តង​ហើយ​ម្តង​ទៀត​ជាមួយ​ អ្នក​ជំងឺ​ក្នុង​ភូមិ​កាលពី​ខែ​ថ្មីៗ​នេះ។​ លោក​និយាយ​ថា​ ​រឿង​នេះ​ អ្នក​សារ​ព័ត៌មាន​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​អំពី​រឿង​អាម៉ាស់​នេះ​ដែរ៕