រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​ផ្សព្វផ្សាយ​ការ​ព្រមាន​ថ្មី​អំពី​បម្រែបម្រួល​អាកាសធាតុ

  • Michael Bowman

លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន នៅ​រមណីយដ្ឋាន Mar-a-Lago របស់​លោក ក្នុង​ក្រុង Palm Beach រដ្ឋ Florida កាលពី​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨។

រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ផ្សព្វផ្សាយ​អំពី​ការព្រមាន​មិន​ធ្លាប់​មាន​ពីមុន​មក​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ និង​ការព្យាករណ៍​នាពេល​បច្ចុប្បន្ន​អំពី​ការប្រែប្រួល​អាកាសធាតុ។

​សេតវិមាន​គ្មាន​វិធានការ​ណាមួយ​ឆ្លើយតប​ទៅនឹង​របាយការណ៍​វាយតម្លៃ​អាកាសធាតុ​ថ្នាក់ជាតិ​នោះទេ ហើយលោកប្រធានាធិបតី Donald Trumpនៅ​តែ​បន្ត​សើចចំអក​អំពី​ការ​ព្រមាន​នានា​ពាក់ព័ន្ធ​នឹង​ការឡើង​កម្តៅ​ភព​ផែនដី។

ព្យុះសង្ឃរា​បង្ក​ជា​ទឹកជំនន់​ក្នុង​ប្រវត្តិសាស្ត្រ​ ហើយ​គ្រោះរាំងស្ងួត​ធ្ងន់ធ្ងរ​បាន​បង្ក​ឲ្យ​មាន​ភ្លើងឆេះ​ព្រៃ​ដ៍​មហន្តរាយ។ ទីភ្នាក់ងារ​សហព័ន្ធនានា​ដែល​សហការគ្នា​រៀបចំ​របាយការណ៍​វាយតម្លៃ​អាកាសធាតុ​ថ្នាក់ជាតិ​បាន​ព្យាករណ៍​ថា​នឹង​មាន​ផលប៉ះពាល់​កាន់​តែធ្ងន់ធ្ងរឡើង​ពាក់ព័ន្ធ​នឹង​បញ្ហា​ប្រែប្រួល​អាកាសធាតុ ​ដែល​នឹង​បង្កគ្រោះ​មហន្តរាយ​ដល់​សុខភាព​ និង​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ ក៏​ដូចជា​វិស័យកសិកម្ម​ និង​ការរីកលូតលាស់​សេដ្ឋកិច្ច​ផងដែរ។

រដ្ឋបាលលោក Trump មិន​បាន​រារាំង​ដល់​ការចេញ​របាយការណ៍​នេះ​ទេ​ ប៉ុន្តែ​របាយការណ៍​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​គ្មាន​ការ​ចាប់អារម្មណ៍​ពី​សាធារណៈ​កាល​ពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​ គឺ​នៅមួយ​ថ្ងៃ​បន្ទាប់​ពី​ថ្ងៃទិវា​ការដឹង​គុណ​ ឬ Thanksgiving Day និង​ជា​ថ្ងៃ​ដែល​ពលរដ្ឋអាមេរិកាំង​រីករាយ​ដើរទិញ​ទំនិញ​បញ្ចុះ​តម្លៃ​ប្រចាំឆ្នាំ។ លោកប្រធានាធិបតី DONALD TRUMP បាន​ថ្លែង​ថា «ខ្ញុំ​ចង់​បាន​អាកាសធាតុ​ដែល​ល្អ។ យើង​នឹង​ទទួល​បាន​អាកាសធាតុ​ល្អ​ ហើយ​យើង​នឹង​មាន​ព្រៃឈើ​ដែល​មាន​សុវត្ថិភាព»។

នៅប៉ុន្មាន​ថ្ងៃ​មុន​របាយការណ៍​នេះ​ត្រូវបាន​ផ្សព្វផ្សាយ​ លោកប្រធានាធិបតី Trump បាន​ទាញ​ចំណាប់អារម្មណ៍​អំពី​អាកាសធាតុ​ត្រជាក់​នៅ​សហរដ្ឋអាមេរិក​ដោយ​លោកបាន​បង្ហោះសារ​ថា «នេះ​ឬ​ជា​ការឡើង​កម្តៅ​ភពផែនដី?»។

អ្នកផ្សេង​ទៀត​ចាត់ទុក​របាយការណ៍​នេះ​ថា​ជា​ការអំពាវនាវ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន។

លោកស្រី AMY KLOBUCHAR សមាជិកសភា​ខាងគណបក្ស​ប្រជាធិបតេយ្យ​បាន​ថ្លែង​ថា៖ «របាយការណ៍​នេះ​បង្ហាញ​អំពី​ផលប៉ះពាល់​នៅ​តាម​តំបន់នានា​ ដូចជា​តំបន់​ដែល​ខ្ញុំ​រស់នៅ​គឺ​នៅ​រដ្ឋ​ភាគកណ្តាល​ឈៀង​ខាងជើង​ឬ Midwest ជា​កន្លែង​ដែល​អ្នក​ឃើញ​អំពី​ការបំផ្លិចបំផ្លាញ​ដំណាំ​របស់​យើង។ អ្នក​បាន​ឃើញ​ហើយ​ពី​ព្យុះសង្ឃរា​នានា​ដោយសារ​ការឡើង​កម្តៅ​ទឹកសមុទ្រ ​ហើយ​អ្នក​ក៏​បាន​ឃើញ​យ៉ាងច្បាស់​អំពី​ភ្លើងឆេះ​ព្រៃ​ដ៏រន្ធត់​នៅ​ភាគខាងលិច​សហរដ្ឋអាមេរិក​ផងដែរ។ នេះ​គឺ​ជា​អ្វី​ដែល​អង្គការ NASA និង​យោធា​របស់​យើង​បាន​ទូស្សន៍ទាយ​ជាច្រើន​ឆ្នាំ​មក​ហើយ ​ហើយ​វា​ដល់​ពេល​ដែល​ត្រូវ​ចាត់​វិធានការ​ទប់ទល់​នឹង​ហេតុការណ៍​ទាំងនេះ​ហើយ»។

លោកស្រី​សមាជិកសភា Klobuchar បាន​គូស​បញ្ជាក់​ផងដែរ​ថា​ នៅ​ក្រោម​រដ្ឋបាល​លោក Trump គោលដៅ​នៃ​ការកាត់បន្ថយ​ការបំភាយ​ឧស័ន្ម​ចេញ​ពី​រថយន្ត​ និង​ថាមពល​ស្អាត​ត្រូវ​បាន​ផ្លាស់ប្តូរ​ឬ​មិន​សូវ​មាន​ការយកចិត្តទុកដាក់​ ហើយ​លោក​ប្រធានាធិបតី​បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​ប្រែប្រួល​អាកាសធាតុ​សកលលោក​ ដែល​ជា​កិច្ចព្រមព្រៀង​មួយ​ដើម្បី​កាត់បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់។

លោកប្រធានាធិបតី​ធ្លាប់​បាន​និយាយ​ថា​ លោក​មិន​ជឿ​ថា​ការប្រែប្រួល​អាកាសធាតុ​បណ្តាល​មក​ពី​ទង្វើ​របស់​មនុស្ស​នោះទេ​ ហើយ​លោក​បាន​លើកឡើង​ផងដែរ​ថា​ ការកាត់បន្ថយ​ការបំភាយ​ជាតិ​កាបោន​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អាមេរិក។

ប៉ុន្តែ​របាយការណ៍​វាយតម្លៃ​អាកាសធាតុ​ថ្នាក់ជាតិលើកឡើង​ផ្ទុយ​ពី​នេះ​ ដោយ​បាន​បញ្ជាក់​ថា ​ប្រសិន​បើ​គ្មាន​ការត្រួតពិនិត្យ​នោះទេ​ ការឡើងកម្តៅ​ភពផែនដី​អាចកាត់​បន្ថយ​ទិន្នផល​សេដ្ឋកិច្ច​អាមេរិក​ដល់​ទៅ​១០ភាគរយ​នៅ​អំឡុង​សតវត្សរ៍​នេះ៕

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា