ដោយបន្ទោសគ្នាទៅវិញទៅមកអំពីភាពជាប់គាំងផ្នែកនយោបាយ សមាជិកសភាខាងគណបក្សសាធារណរដ្ឋ និងសមាជិកសភាខាងគណបក្សប្រជាធិបតេយ្យបានបញ្ចប់ថ្ងៃទីមួយនៃការបិទរដ្ឋាភិបាលមួយផ្នែក ដោយមានសញ្ញាតិចតួចប៉ុណ្ណោះទាក់ទិននឹងការព្រមព្រៀងគ្នាលើច្បាប់ថវិកាដែលជាប់គាំងដោយសារការមិនចុះសម្រុងគ្នាលើបញ្ហាអន្តោប្រវេសន៍។
មេដឹកនាំខាងគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាលោក Mitch McConnell បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា លោកបានកំណត់ពេលវេលាត្រឹមម៉ោង ១ រំលងអាធ្រាត្រ ថ្ងៃចន្ទស្អែកនេះ ដើម្បីធ្វើការបោះឆ្នោតលើច្បាប់ថវិកាថ្មីមួយដែលនឹងបន្តដំណើរការរបស់រដ្ឋាភិបាលរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ។ ការបោះឆ្នោតនេះដាក់សម្ពាធលើសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យឲ្យឈានដល់ការព្រមព្រៀង បើមិនដូច្នេះទេ ច្បាប់ថវិកាថ្មីនេះនឹងប្រឈមនឹងការមិនអនុម័តជាលើកទីពីរ។
សិទ្ធិចំណាយថវិការបស់រដ្ឋាភិបាលបានផុតកំណត់កាលពីម៉ោង ១២ យប់ ថ្ងៃសុក្រកន្លងទៅនេះ ដែលបង្កឲ្យរដ្ឋាភិបាលត្រូវបញ្ឈរជើងបុគ្គលិករដ្ឋមិនសូវចាំបាច់បន្ទាន់ទាំងអស់ជាបណ្ដោះអាសន្ន លើកលែងតែបុគ្គលិកចាំបាច់ដែលមិនអាចខ្វះបានដែលត្រូវនៅបន្តបំពេញការងាររបស់ខ្លួន។
សមាជិកព្រឹទ្ធសភានៃគណបក្សទាំងពីរមានការខ្វែងគំនិតគ្នាលើបញ្ហាជាច្រើនពាក់ព័ន្ធការការពារជាតិ និងអន្តោប្រវេសន៍ ដែលក្នុងនោះមានទាំងការកែប្រែច្បាប់ដែលការពារជនគ្មានក្រដាសស្នាមជិត ៨ សែននាក់ដែលចូលមកក្នុងសហរដ្ឋអាមេរិកតាំងពីពួកគេនៅជាកុមារផងដែរ។
សមាជិកព្រឹទ្ធសភាបានចាប់ផ្ដើមពិភាក្សាដេញដោលឡើងវិញកាលពីរសៀលថ្ងៃសៅរ៍ម្សិលមិញលើច្បាប់ថវិកាបណ្ដោះអាសន្នមួយដែលនឹងផ្ដល់ថវិកាដល់រដ្ឋាភិបាលឲ្យបន្តដំណើរការរបស់ខ្លួនរហូតដល់ថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខ។ ប៉ុន្តែ ច្បាប់ថវិកាជាបន្តបណ្ដោះអាសន្ននេះត្រូវបានរារាំងដោយសមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យលោកស្រី Tammy Baldwin ដោយលោកស្រីបាននិយាយថា៖ «ច្បាប់នេះគឺជាការពន្យារពេលដោះស្រាយបញ្ហា និងមិនបានសម្រេចឲ្យបាននូវដំណោះស្រាយណាមួយសម្រាប់ប្រជាពលរដ្ឋអាមេរិកាំងនោះទេ»៕