នៅថ្ងៃចន្ទនេះ បទឧក្រិដ្ឋដំបូងមួយចំនួនពាក់ព័ន្ធទៅនឹងការជ្រៀតជ្រែករបស់រុស្ស៊ីចូលទៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកកាលពីឆ្នាំមុនអាចនឹងបង្ហាញជាសាធារណៈនៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលប្រធានាធិបតី Donald Trump បានបញ្ជាក់សារជាថ្មីនូវគោលជំហររបស់លោកថា ការស៊ើបអង្កេតទាំងនេះគឺជាការតាមព្យាបាទលើរូបលោក។
កាលពីថ្ងៃសុក្រកន្លងទៅនេះ អង្គចៅក្រមពលរដ្ឋសហព័ន្ធបានសម្រេចលើបទចោទប្រកាន់នៅក្នុងការស៊ើបអង្កេតដែលដឹកនាំដោយទីប្រឹក្សាពិសេសលោក Robert Mueller។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានសំខាន់ៗនានាជាច្រើន ដែលបានរាយការណ៍ថា ការចោទប្រកាន់អាចធ្វើឡើងជាសាធារណៈនៅថ្ងៃចន្ទនេះ។
គេនៅមិនទាន់ឃើញមានការបង្ហាញជាសាធារណៈណាមួយអំពីថាតើនរណានឹងប្រឈមនឹងបទចោទប្រកាន់ទាំងនេះ ឬក៏ថាតើបទឧក្រិដ្ឋអ្វីដែលត្រូវចោទប្រកាន់នោះទេ។ អ្នកជំនាញច្បាប់នានាបាននិយាយថា បទឧក្រិដ្ឋដំបូងអាចជាការចោទប្រកាន់ប្រឆាំងនឹងបុគ្គលមិនសំខាន់នៅក្នុងរឿងនេះ ដោយរដ្ឋអាជ្ញាប្រើយុទ្ធសាស្ត្រទូទៅមួយដើម្បីកសាងសំណុំរឿងប្រឆាំងនឹងមន្ត្រីថ្នាក់ទាប មុនពេលផ្ដោតលើមន្ត្រីសំខាន់ៗបន្ថែមទៀត។
បន្ថែមទៅនឹងការស៊ើបអង្កេតរបស់លោក Mueller គេក៏ឃើញមានការស៊ើបអង្កេតរបស់សភាដាច់ដោយឡែកពីនេះផងដែរពាក់ព័ន្ធនឹងការជ្រៀតជ្រែករបស់រុស្ស៊ី និងទំនាក់ទំនងដែលអាចមានរវាងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Trump ជាមួយនឹងរុស្ស៊ី។
សហគមន៍ស៊ើបការណ៍សម្ងាត់របស់សហរដ្ឋអាមេរិកបានសន្និដ្ឋានកាលពីដើមឆ្នាំ ២០១៧ កន្លងទៅនេះថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានដឹកនាំយុទ្ធនាការមួយដើម្បីបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិក និងដើម្បីជួយលោក Trump ឲ្យឈ្នះការបោះឆ្នោត។
កន្លងមក លោក Trump បានបញ្ជាក់ម្ដងហើយម្ដងទៀតថាមិនមានការឃុបឃិតណាមួយកើតឡើងនោះទេ ដោយក្នុងនោះមានទាំងសំណេររបស់លោកនៅលើប្រព័ន្ធ Twitter កាលពីថ្ងៃអាទិត្យម្សិលមិញផងដែរថា គណបក្សប្រជាធិបតេយ្យ និងលោកស្រី Hillary Clinton ដែលជាគូប្រជែងនយោបាយរបស់លោកនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន គឺជាអ្នកដែលមានកំហុស៕