វីដេអូចម្រៀងលក្ខណៈអប់រំមួយ ដែលនិយាយអំពីការការពារខ្លួនកុំឲ្យឆ្លងជំងឺកូវីដ១៩ បានទទួលការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនលើបណ្ដាញសង្គមនៅកម្ពុជា។
ក្នុងរយៈពេលពីរថ្ងៃ បទចម្រៀងមួយនេះ ដែលមានបទភ្លេងញាក់កន្ត្រាក់អារម្មណ៍អមដោយការច្រៀង rap ទទួលបានការចូលទស្សនាចំនួនជាង១៣០.០០០ដង លើបណ្ដាញសង្គម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលបានសហការគ្នាផលិតចម្រៀងនេះឡើង។
អង្គការ Minor Act ដែលមានទីស្នាក់ការនៅសហរដ្ឋអាមេរិក បានផ្ដួចផ្ដើមផលិតវីដេអូចម្រៀងនេះឡើង ដោយមានការសហការជាមួយនឹងសមាគមហ្វារពន្លឺសិល្បៈ ដែលជាអង្គការបង្ហាត់សៀកដល់កុមារក្រីក្រនិងជួយស្ដារវិស័យសិល្បៈខ្មែរ និងក្រុមចម្រៀងយុវជន KlapYaHandz Records។
បទចម្រៀងនេះដែលមានចំណងជើងជាភាសាអង់គ្លេសថា "WASH YA HANDZ" ឬជាភាសាខ្មែរថា «លាងដៃរបស់អ្នក» បានប្រាប់ឲ្យប្រជាជនស្នាក់នៅក្នុងផ្ទះ ដោយមិនត្រូវចេញទៅក្រៅបើមិនចាំបាច់ ត្រូវពាក់ម៉ាស់ និងប្រាប់ពីរបៀបលាងដៃឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ដែលកំពុងរាតត្បាតទូទាំងពិភពលោក។
បច្ចុប្បន្ននេះ នៅកម្ពុជា មានករណីឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១២២នាក់ ក្នុងនោះរួមមានអ្នកជាសះស្បើយចំនួន ១១០នាក់។ ហើយនៅទូទាំងសកលលោក មានករណីឆ្លងជំងឺនេះជាង២ លាន ៥ សែន នាក់ ហើយមានករណីស្លាប់ជាង ១ សែន ៧ ម៉ឺន នាក់។ នេះបើតាមស្ថិតិរបស់សាកលវិទ្យាល័យ Johns Hopkins University ក្នុងសហរដ្ឋអាមេរិក។
បទចម្រៀងជាវីដេអូអប់រំនេះគឺជាផ្នែកមួយនៃយុទ្ធនាការអប់រំជាសាធារណៈនៅទូទាំងពិភពលោកដើម្បីផ្សព្វផ្សាយឲ្យប្រជាជនយល់ដឹងពីការរក្សាអនាម័យផ្ទាល់ខ្លួន ក្នុងអំឡុងពេលដែលពិភពលោកកំពុងជួបវិបត្តិសុខភាពសាធារណៈយ៉ាងធ្ងន់ធ្ងរនេះ ដោយសារតែជំងឺកូវីដ១៩។
គោលបំណងមួយទៀតនៃវីដេអូអប់រំនេះគឺដើម្បីរៃអង្គាសថវិកាសម្រាប់ជួយដល់ក្រុមសៀក កូនសិស្សក្រីក្រ គ្រូបង្រៀន និងបុគ្គលិកនានានៃសមាគមហ្វារពន្លឺសិល្បៈដែលកំពុងតែប្រឈមនឹងការខ្វះខាតដោយសារតែការផ្អាកសកម្មភាពសេដ្ឋកិច្ចដើម្បីការពារកុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ យោងតាមបទបញ្ជារបស់រដ្ឋាភិបាលកម្ពុជាផងដែរ៕