កំណត់និពន្ធ៖ ទោះបីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសបានត្រូវចុះហត្ថលេខាតាំងពី២៤ឆ្នាំមុនម៉្លេះ ក៏ អ្នកជំនាញខាងការសិក្សាអំពីសន្តិភាពអះអាងថា សន្តិភាពពិតប្រាកដនិងជាវិជ្ជមាន (positive peace) ដែលជាគោលដៅរបស់កិច្ចព្រមព្រៀងទីក្រុងប៉ារីស មិនទាន់កើតមាននៅកម្ពុជានៅឡើយ។ អ្នកនាង ស៊ីរិ សាវីណា និស្សិតបណ្ឌិតផ្នែកភូមិសាស្ត្រនៃសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក និងជានាយិកាសារមន្ទីរនៃការចងចាំរបស់វិទ្យាស្ថានស្លឹករឹត ទើបបានសរសេរអត្ថបទទស្សនៈផ្ទាល់ខ្លួនមួយអំពីកេរដំណែលសង្គ្រាមនៅកម្ពុជា ដោយអ្នកនាងថា ការកសាងសន្តិភាពពិតប្រាកដនៅកម្ពុជាទាមទាររយៈពេលច្រើនជំនាន់និងការដោះស្រាយបញ្ហាអយុត្តិធម៌សង្គម។ សូមប្រិយមិត្តស្តាប់បទសម្ភាសន៍រវាងលោក សឹង សុផាត នៃ VOA ជាមួយអ្នកនាង ស៊ីរិ សាវីណា អំពីខ្លឹមសារសំខាន់ៗនៃអត្ថបទដែលមានចុះផ្សាយខាងក្រោម។
Your browser doesn’t support HTML5
សំណល់សង្គ្រាមនៅប្រទេសកម្ពុជានិងកេរដំណែលរបស់ Kate Webb
ខ្ញុំបានអានរឿងរ៉ាវផ្ទាល់ខ្លួនរបស់អ្នករាយការណ៍អំពីសង្គ្រាមនៅប្រទេសវៀតណាមគឺអ្នកស្រី ខេត វេប (Kate Webb)។ នៅឆ្នាំ១៩៧១ ទាហានវៀតកុង ដែលជាទាហានវៀតណាមខាងជើង បានចាប់ខ្លួនអ្នកស្រី ខេត វេប នៅក្នុងទឹកដីនៃប្រទេសកម្ពុជា។ គាត់បានរៀបរាប់យ៉ាងលម្អិតអំពីព្រឹត្តិការណ៍នៃការចាប់ខ្លួន ការឃុំខ្លួន និងអារម្មណ៍ផ្ទាល់ខ្លួនរបស់គាត់ពាក់ព័ន្ធនឹងរឿងរ៉ាវដែលបានកើតឡើង។ ការបរិយាយរបស់គាត់ទាក់ទងនឹងស្ថានភាពចលាចលនៅក្នុងប្រទេសកម្ពុជា និងវៀតណាម បានធ្វើឱ្យខ្ញុំនឹកឃើញនូវបទ ពិសោធន៍របស់ប្រជាជនកម្ពុជាដែលធ្លាប់ឆ្លងកាត់សង្គ្រាមកម្ពុជា (១៩៧០-១៩៧៥) និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥-១៩៧៩)។ ខ្ញុំយល់ឃើញថា នៅក្នុងរឿងរ៉ាវដែលបានលើកឡើងមានភាពស្រដៀងគ្នាមួយនោះគឺសង្គ្រាម និងអំពើប្រល័យពូជសាសន៍អាចកើតឡើងទៅលើមនុស្សគ្រប់រូប មិនថាអ្នកជាកងទ័ពដែលបង្កសង្គ្រាម ឬជាប្រជាជនស៊ីវិលដែលរត់គេចពីសង្គ្រាម។ អំពើសាហាវយង់ឃ្នងអាចកើតឡើងលើជនទាំងនោះដោយមិនរើសមុខ។ សង្គ្រាមនឹងតាមលងដួងវិញ្ញាណរបស់យើង។ មិនតែប៉ុណ្ណោះ សង្គ្រាមអាចនឹងឆក់យកជីវិតរបស់យើងបានគ្រប់ពេលវេលា។
សង្គ្រាមនិងអំពើប្រល័យពូជសាសន៍នៅប្រទេសកម្ពុជា និងនៅប្រទេសផ្សេងទៀត តែងតែនាំមកនូវភាពវិនាសអន្តរាយ។ ជាងនេះទៅទៀត កេរដំណែលនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍ នៅតែបន្តតាមយាយីយើងដែលធ្លាប់ហែលឆ្លងព្រឹត្តិការណ៍នោះ។ សង្គ្រាមនិងអំពើប្រល័យពូជសាសន៍ មិនត្រឹមតែបន្សល់នូវស្លាកស្នាមរបួសជាអចិន្ត្រៃយ៍ដល់អ្នកដែលរស់រានមានជីវិតតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តប៉ះពាល់ដល់សង្គមជាតិទាំងមូល និងកូនចៅជំនាន់ក្រោយជាច្រើនជំនាន់ថែមទៀត។
ទោះបីជាខ្ញុំមិនធ្លាប់ឆ្លងកាត់(នូវបទពិសោធន៍)សង្គ្រាម និងអំពើប្រល័យពូជសាសន៍ទាំងនោះដោយខ្លួនឯងផ្ទាល់ក៏ដោយ ក៏បទពិសោធន៍របស់អ្នកដែលរស់រានមានជីវិតពីសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ ប្រជាជនដែលរស់នៅប្រទេសកំពុងមានសង្គ្រាម ជនបរទេសដែលធ្លាក់ចូលអន្លង់នៃភ្លើងសង្គ្រាម អ្នករាយការណ៍ព័ត៌មានអំពីសង្គ្រាមបានធ្វើឱ្យខ្ញុំរន្ធត់ជាខ្លាំង។ ខ្ញុំអាចយល់អំពីអារម្មណ៍នៃការភ័យខ្លាចចំពោះការស្លាប់ ការតស៊ូរបស់អ្នកទាំងអស់នោះដើម្បីរស់ និងភាពអង់អាចរបស់អ្នក ទាំងអស់នោះក្នុងការជាសះស្បើយពីបញ្ហាផ្លូវចិត្ត។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំមានសំណាងដែលជីវិតរបស់ខ្ញុំមិនបានដិតដាមដោយសារសង្គ្រាមនិងអំពើប្រល័យពូជសាសន៍។ ប៉ុន្តែ ដោយសារតែផលប៉ះពាល់យូរអង្វែងនៃសង្គ្រាមនិងអំពើប្រល័យពូជសាសន៍ «សន្តិភាពពិតប្រាកដមួយ» ដែលជាការសន្យានៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានបញ្ចប់ជម្លោះប្រដាប់អាវុធនៅក្នុងប្រទេសកម្ពុជា ហាក់ដូចជាពិបាកនឹងសម្រេចបាន។ ខួបលើកទី២៤នៃកិច្ចព្រមព្រៀងនេះធ្វើឱ្យខ្ញុំគិតអំពីបញ្ហាប្រឈមដែលប្រទេសកម្ពុជាកំពុងជួបប្រទះសព្វថ្ងៃ ពោលគឺបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរដែលបន្សល់ពីសង្គ្រាម និងអំពើប្រល័យពូជសាសន៍។
ខ្ញុំបានចាប់កំណើតនៅក្នុងគ្រួសារមួយដែលរស់រានមានជីវិតពីសង្គ្រាម និងអំពើប្រល័យពូជសាសន៍។ គ្រួសាររបស់ខ្ញុំបានប្រឹងប្រែងរស់ បន្ទាប់ពីរបបខ្មែរក្រហមបានដួលរលំទៅ។ ឪពុកម្តាយខ្ញុំខិតខំធ្វើយ៉ាងណាឱ្យខ្ញុំមានអាហារគ្រប់គ្រាន់បរិភោគ និងទទួលបានការអប់រំត្រឹមត្រូវ។ ឪពុកម្តាយរបស់ខ្ញុំបានលះបង់ជាច្រើនដើម្បីឱ្យខ្ញុំអាចធំលូតលាស់។ ជាអកុសល មិនមែនក្មេងជំនាន់ក្រោយទាំងអស់សុទ្ធតែមានសំណាងដូចរូបខ្ញុំនោះទេ។ ប៉ុន្តែ ក្មេងជំនាន់ក្រោយទាំងអស់នោះដែលមានអាយុស្រករនឹងខ្ញុំ ធំដឹងក្តីនៅក្នុងស្ថានភាពដូចខ្ញុំ ពោលគឺគ្រួសាររបស់យើងទាំងអស់គ្នាបានកសាងជីវិតសារឡើងវិញពីបាតដៃទទេបន្ទាប់ពីរបបខ្មែរក្រហម។ យើងធំលូតលាស់នៅក្នុងពេលវេលាមួយដែលប្រទេសកម្ពុជាកំពុងប្រឹងងើបពីសង្គ្រាម និងអំពើប្រល័យពូជសាសន៍ដែលបានញំញីប្រទេសកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។ មិនខុសអំពីគ្រួសាររបស់ខ្ញុំ គ្រួសារកម្ពុជាដទៃទៀតបានប្រឹងប្រែងកសាងជីវិតរបស់ពួកគេឡើងវិញ។ ជាលទ្ធផល ប្រជាជនកម្ពុជាបានកសាងជីវិតប្រសើរជាងមុន។ បើទោះបីជាមិនបានល្អខ្លាំងយ៉ាងណាក៏ដោយ ក៏យើងបានចាកផុតអំពីសេចក្តីស្រេកឃ្លាន(ដែរ)។
រហូតមកដល់សព្វថ្ងៃនេះ ការតស៊ូរបស់ប្រជាជនកម្ពុជានៅតែបន្តមានជារៀងរាល់ថ្ងៃ។ ខ្ញុំតែងតែសង្ឃឹមថា ខ្ញុំជាបុគ្គលចុងក្រោយមួយរូបក្នុងចំណោមបុគ្គលដទៃទៀតដែលទទួល(រង)បទពិសោធន៍នៃការតស៊ូរបស់អ្នកដែលរស់រានមានជីវិតពីអំពើប្រល័យពូជសាសន៍។ ប៉ុន្តែក្មេងជំនាន់ក្រោយដែល បានចាប់កំណើតនៅតែបន្តរងផលប៉ះពាល់(ទាំងនេះ)។ ខ្ញុំបានឃើញក្មេងៗមួយចំនួនជួបប្រទះនូវភាពអត់ឃ្លាន មិនមានឱកាសទៅសាលារៀន ទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ ការរំលោភបំពាន ការរើសអើង និងការកេងប្រវ័ញ្ច។ រឿងរ៉ាវទាំងអស់នេះបានកើតឡើងជាក់ស្តែងទៅលើអ្នកដែលរស់នៅក្បែរផ្ទះរបស់ខ្ញុំ សាច់ញាតិរបស់ខ្ញុំ និងនៅចំពោះមុខរបស់ខ្ញុំ។ នៅតាមដងផ្លូវ នៅពេលដែលខ្ញុំងាកមើលក្រោយ ខ្ញុំឃើញក្មេងកំពុងសុំទាន និងកំពុងស្រេកឃ្លាន។ ខ្ញុំឆ្ងល់ថា ហេតុអ្វីបានជាប្រជាជនកម្ពុជា មួយចំនួននៅតែមិនអាចបំពេញតម្រូវការរស់នៅប្រចាំថ្ងៃរបស់ខ្លួនបាន បើទោះបីជាមួយជំនាន់(របស់ខ្ញុំ)បានកន្លងហួសទៅហើយ? ហេតុអ្វីបានជាប្រជាជនកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាកង្វះអាហារ និងមិនមានលទ្ធភាពទៅរៀន? តើកិច្ចព្រមព្រៀងសន្តិភាពបានជួយអ្វីខ្លះដល់ប្រជាជនកម្ពុជា?
ជាក់ស្តែង វិនាសកម្មដែលបង្កឡើងដោយសារសង្គ្រាម និងអំពើប្រល័យពូជសាសន៍មិនបានបញ្ចប់ទៅតាមរយៈកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ កិច្ចព្រមព្រៀងសន្តិភាព និងការបោះឆ្នោតជាតិនោះទេ។ ប្រសិនបើឫសគល់នៃបញ្ហាមិនត្រូវបានដោះស្រាយ ផលប៉ះពាល់នឹងនៅតែបន្តជះឥទ្ធិពលមកដល់សព្វថ្ងៃ។ កេរដំណែលនៃសង្គ្រាម និងអំពើប្រល័យពូជសាសន៍នៅតែបន្តមានទៅលើការរស់នៅរបស់ប្រជាជនសព្វថ្ងៃ ព្រមទាំងបានបង្កជាអំពើហិង្សាផ្សេងៗ រួមទាំងអំពើហិង្សាដោយផ្ទាល់ និងអំពើហិង្សាជាប្រព័ន្ធ។ កេរដំណែលទាំងអស់នោះមិនត្រឹមតែប៉ះពាល់ទៅលើភាពថ្លៃថ្នូររបស់បុគ្គល និងសង្គមតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបន្តប៉ះពាល់ដល់ក្មេងជំនាន់ក្រោយពីមួយជំនាន់ទៅមួយជំនាន់។ បើទោះបីជាអំពើហិង្សាដោយផ្ទាល់បានសាបទៅវិញបន្តិចម្តងៗក៏ដោយ ក៏អំពើហិង្សាជាប្រព័ន្ធនៅតែបន្តចាក់ឫសយ៉ាងជ្រៅនៅក្នុងសង្គមកម្ពុជា ដែលពិបាកនឹងដោះស្រាយបាន។ បច្ចុប្បន្ន យើងនៅតែបន្តរងគ្រោះអំពីភាពមិនស្មើគ្នាក្នុងការទទួលបានការអប់រំ ការជួញដូរមនុស្ស កម្មករកុមារ ទុព្វលភាពបរិស្ថាន និងវដ្តនៃភាពក្រីក្រដែលប្រជាជនកម្ពុជាភាគច្រើនជួបប្រទះ។ បញ្ហាទាំងអស់នេះហាក់ដូចជាបានបាំងភ្នែករបស់យើង ដែលធ្វើឱ្យយើងរកពុំឃើញនូវដំណោះស្រាយ។ ប៉ុន្តែ យើងគួរចងចាំថា បញ្ហាទាំងអស់នេះមិនត្រឹមតែធ្វើឱ្យយើងមើលមិនឃើញនោះទេ ប៉ុន្តែថែមទាំងបានចាក់យ៉ាងជ្រៅនៅគ្រប់ស្រទាប់វណ្ណៈសង្គម តាំងពីបុគ្គលម្នាក់ៗរហូតដល់ស្ថាប័នទាំងមូល។
យើងគ្រប់គ្នាដឹងហើយថា សង្គ្រាមមិនមានសេចក្តីមេត្តាករុណាចំពោះបុគ្គលណាម្នាក់ឡើយ។ ផ្ទុយទៅវិញ សង្គ្រាមបានឆក់យកជីវិតមនុស្ស និងបានបង្កសេចក្តីឈឺចាប់ និងការព្រាត់ប្រាស់។ ជាងនេះទៅទៀត បើទោះបីជាសង្គ្រាមបានបញ្ចប់ ហើយកិច្ចព្រមព្រៀងសន្តិភាពបានបង្កើត ក៏នេះមិនបានបញ្ជាក់ថា យើងទទួលបានសន្តិភាពពិតប្រាកដនោះដែរ។ ជាផលវិបាក អំពើហិង្សានៅតែបន្ត កើតមាននៅក្នុងសង្គមរបស់យើង។ យើងអាចនឹងមើលមិនឃើញនូវបញ្ហាទាំងនោះនឹងភ្នែកទទេ ប៉ុន្តែបញ្ហាទាំងនោះបានដក់ជាប់យ៉ាងជ្រៅនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់យើង។ អំពើហិង្សាជា ប្រព័ន្ធដែលយើងជួបប្រទះសព្វថ្ងៃគឺជាបញ្ហាប្រឈមពិតប្រាកដដែលបានកើតឡើងនៅពេលដែល ប្រទេសយើងដែលមើលទៅហាក់ដូចជាកំពុងមានសន្តិភាព។ ជាក់ស្តែង ការបញ្ចប់នៃជម្លោះប្រដាប់ អាវុធគឺគ្រាន់តែជាការចាប់ផ្តើមនៃដំណើរដ៏វែងឆ្ងាយរបស់កម្ពុជាក្នុងការដោះស្រាយកេរដំណែលដែលជម្លោះប្រដាប់អាវុធបានបន្សល់។ ដូច្នេះ យើងម្នាក់ៗមានកាតព្វកិច្ចក្នុងការលុបបំបាត់នូវវដ្តនៃអំពើហិង្សានេះ។ ដំណើរការនៃការដោះស្រាយបញ្ហាទាំងអស់នេះមិនអាចសម្រេចបានត្រឹមតែបុគ្គលក្នុងជំនាន់របស់ខ្ញុំ ដូចដែលខ្ញុំបានសង្ឃឹមទុកនោះទេ ប៉ុន្តែទាមទារនូវការចូលរួមពីយុវជនច្រើនជំនាន់ក្រោយៗទៀត។
អ្នកស្រី ខេត វេប បាននិយាយនៅក្នុងអវសានកថានៅក្នុងសៀវភៅរបស់គាត់ថា ប្រសិនបើអាច គាត់ចង់ជួបបុគ្គលដែលបានចាប់ខ្លួនគាត់ម្តងទៀតនៅក្នុងកាលៈទេសៈផ្សេង។ បទពិសោធន៍របស់ ខេត វេប បានកើតឡើងនៅក្នុងពេលសង្គ្រាម។ ខេត វេប សង្ឃឹមថានឹងបានជួបទាហានដែលបានចាប់ខ្លួនគាត់ ម្តងទៀត ប្រសិនបើទាហានរូបនោះនៅរស់រានមានជីវិតបន្ទាប់ពីសង្គ្រាមបានបញ្ចប់។ ប្រសិនបើរឿងនេះអាចកើតឡើងពិតមែននោះ បំណងប្រាថ្នារបស់គាត់នឹងក្លាយទៅជាការពិត។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជាវិញ បើទោះបីជាសង្គ្រាមនិងអំពើប្រល័យពូជសាសន៍បានបញ្ចប់អស់រយៈពេលជាង៣០ឆ្នាំ ហើយទាំងកិច្ចព្រមព្រៀងសន្តិភាពត្រូវបានបង្កើតអស់រយៈពេលជាង២៤ឆ្នាំយ៉ាងណាក៏ដោយ ក៏សន្តិភាពពិតប្រាកដហាក់ដូចជានៅឆ្ងាយសឹងនឹងមិនអាចសម្រេចបាន។
------------
ស៊ីរិ សាវីណាបញ្ចប់ការសិក្សាអនុបណ្ឌិតនៅសាកលវិទ្យាល័យខូវិនទ្រី (Coventry University) ចក្រភពអង់គ្លេស ផ្នែកសន្តិភាពនិងជម្លោះ ហើយបច្ចុប្បន្នគឺជានិស្សិតបណ្ឌិតផ្នែកភូមិសាស្ត្រនៃសាកលវិទ្យាល័យ ខេនស្តេត (Kent State University) និងជានាយិកា សារមន្ទីរនៃការចងចាំរបស់វិទ្យាស្ថានស្លឹករឹត ដែលជាវិទ្យាស្ថានអចិន្ត្រៃយ៍របស់មជ្ឈមណ្ឌលឯកសារកម្ពុជា។