ទស្សនកិច្ច​លោក វ៉ាង យី ផ្តោត​លើ​ការ​កសាង​សហគមន៍​កម្ពុជា​ចិន​ជាមួយ​នឹង​«វាសនារួម»

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ចាប់ដៃស្វាគមន៍គ្នា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (AKP via AP)

រដ្ឋមន្ត្រីការបរទេស​ចិន​លោកវ៉ាង យី​ (Wang Yi) បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​លោក​ក្នុង​ទីក្រុង​ភ្នំពេញ​ ប្រទេសកម្ពុជា ​ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក សុខ ចិន្តាសោភា និង​មន្ត្រី​សំខាន់​ដទៃទៀត​លើ​បញ្ហា​ជាច្រើន​ ទាក់ទិន​ការ​ពង្រឹង​ទំនាក់ទំនង​ក្នុង​ការ​កសាង​ «សហគមន៍វាសនា​រួម​» សេដ្ឋកិច្ច​ និង​បញ្ហាតំបន់ និង​អន្តរជាតិ​។

ប្រមុខការទូត​ចិន​ បាន​មក​ដល់​ប្រទេស​កម្ពុជាកាលពីថ្ងៃអាទិត្យ​ បន្ទាប់ពីលោក​បាន​បញ្ចប់​ទស្សន​កិច្ច​ផ្លូវ​ការ​របស់​លោក​នៅប្រទេស​ឥណ្ឌូណេស៊ី​ និង Papua New Guinea ទីដែល​លោក​បាន​លើក​ឡើង​ពីការបន្តកិច្ចសហប្រតិបត្តិការលើ​វិស័យ​សំខាន់​ៗ​ដូចជា សេដ្ឋកិច្ច ​កិច្ចការ​ការពារ​សន្តិសុខ​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ និង​ជំនួយសម្រាប់​កិច្ចការ​សង្គ្រោះ​គ្រោះមហន្តរាយ។ លោក​លើកឡើង​ក្នុង​ប្រទេស​Papua New Guinea ថា ប្រទេស​ចិន​ និង​ប្រទេស​តំបន់​ប៉ាស៊ីហ្វិក​គួរ​តែជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ ដោយ​គ្មាន​ការ​ជ្រៀតជ្រែក​នយោបាយ​ក្នុងស្រុក។ នេះបើតាម​បណ្តាញផ្សព្វផ្សាយ​ ABC របស់​អូស្រ្តាលី និង​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។

យោង​តាម​សេចក្តីប្រកាសព័ត៌មានរបស់​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា លោក វ៉ាង យី និងលោក ​សុខ ចិន្តាសោភា​ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​ខ្លាំង​ក្លា​លើ​គ្រប់​វិស័យ​នៅក្នុង​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា-ចិន​ ក្រោម​កិច្ច​សហប្រតិបត្តិការ​ភាព​ជាដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ និងការកសាង​សហគមន៍មានវាសនា​រួមកម្ពុជា-ចិន​ ប្រកបដោយ​គុណភាព​ខ្ពស់​ កម្រិត​ខ្ពស់​ និង​ស្តង់​ដារ​ខ្ពស់។

ភាគី​ទាំង​ពីរឱ្យដឹង​អំពីការ​បន្ត​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ ការផ្លាស់​ប្ដូរ​រវាង​ប្រជាជន​និង​ប្រជាជន​ ការ​អភិវឌ្ឍរួ​មគ្នា​នៃ ​«ច្រករបៀង​ឧស្សាហកម្ម និង​បច្ចេកវិទ្យា» និង «ច្រក​របៀង​មច្ឆា និង​អង្ករ» ហើយ​ក៏បាន​ពិភាក្សា​លើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ​ ថាមពល សេដ្ឋកិច្ច​ និង​ពាណិជ្ជកម្ម​។ ប្រមុខ​ការទូត​ទាំងពីរ​ក៏​បាន​ផ្លាស់​ប្ដូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ​ ដែល​ជាកង្វល់​រួម​ផង​ដែរ។ នេះបើតាម​ក្រសួង​ការ​បរទស​កម្ពុជា​។

ក្រៅ​ពី​ជំនួបនេះ លោក វ៉ាង បាន​បន្ត​ជួប​ជាមួយ​មន្ត្រី​កម្ពុជាផ្សេង​ទៀត មុនលោក​ចូលជួប​សម្តែង​ការ​គួរសម ជាមួយ​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន ដែល​លាលែង​ពី​តំណែង​នាយក​រដ្ឋមន្ត្រី​ក្រោយ​កាន់​អំណាច​បាន ​៣៨ ឆ្នាំ និង​នាយក​រដ្ឋមន្ត្រី​កម្ពុជា លោកហ៊ុន ម៉ាណែត។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា លោក ​ជុំ សុន្ទរី​ មិន​ផ្តល់​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​ជំនួប​ទ្វេភាគី​រវាង​លោកវ៉ាង និង​លោក សុខ ចិន្តាសោភា​។

វីអូអេ​ក៏​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា តាម​សារ​អេឡិកត្រូនិច​អ៊ីមែល​បាន​នៅ​ឡើយ​ទេ គិត​ត្រឹម​ល្ងាច​ថ្ងៃចន្ទ​នេះ។

ប៉ុន្តែ​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋចិន ​Xinhua រដ្ឋមន្ត្រីការបរទេស​ចិន​លោក វ៉ាង​ យី ​បានថ្លែងថា ប្រទេស​ចិន​មាន​ឆន្ទៈ​ដើម្បី​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា ​ជំរុញ​ការ​អភិវឌ្ឍ​ឱ្យ​មាន​កាន់​តែច្រើន​ថែម​ទៀត​នៅ​ក្នុង​ការ​កសាង​សហគមន៍​កម្ពុជាចិន​ជាមួយ​នឹង​វាសនា​រួម។

បើតាម​ការ​ចុះ​ផ្សាយ​របស់ ​Xinhua​ នា​ថ្ងៃ​ចន្ទ​នេះ លោក​វ៉ាងបាន​លើកឡើង​ទៀតថា ប្រទេស​ចិន​មាន​ឆន្ទៈ​នឹង​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បីបង្កើន​សកម្មភាព​រួម​ជាលក្ខណៈ​យុទ្ធសាស្ត្រ និង​ជំរុញ​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នូវ​កិច្ច​សហការ​ក្នុង​វិស័យ​ធំៗ​ចំនួន ​៦ ដូចជានយោបាយ ការកសាង​សមត្ថភាព​ កសិកម្ម​ ថាមពល​ សន្តិសុខ​ និង​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​ប្រជាជន។

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi និងនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ពិភាក្សាគ្នាក្នុងជំនួបមួយ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤។ (AKP via AP)

លោក ​សុខ ចិន្តា​សោ​ បានថ្លែង​ថា កម្ពុជា​ប្រកាន់​ខ្ជាប់​គោលនយោបាយ​ចិន​តែ​មួយ​ ហើយ​ប្តេជ្ញា​ពង្រីក​បន្ថែម​កិច្ចសហការ​មិត្តភាព​ជាមួយ​ប្រទេស​ចិន។​ លោកក៏ថា​ កម្ពុជាក៏សម្លឹង​មើល​គម្រោង​កិច្ចសហការបន្ថែម​ទៀត​ជាមួយ​ប្រទេស​ចិន ហើយ​ស្វាគមន៍​ឱ្យ​មាន​ក្រុមហ៊ុន​ចិន​កាន់តែ​ច្រើន​មក​រកស៊ីនៅ​ប្រទេស​កម្ពុជា។​

អ្នក​តាម​ដាន​ភូមិសាស្ត្រ​នយោបាយ​អន្តរជាតិ​លោក សេង វណ្ណលី ប្រាប់​វីអូអេ​ថា ការ​លើក​ឡើង​របស់​ប្រមុខ​ការទូត​ចិន​ក្នុង​ការ​កសាង ​«សហគមន៍​វាសនា​រួម» គឺ​ជា​គោល​នយោបាយ​ការបរទេស​របស់​ចិន​ក្នុង​ការ​ធ្វើ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រទេស​នានា។

លោកបន្ថែម​ថា​ រាល់​ពេល​ដែល​ប្រមុខ​ថ្នាក់​ដឹកនាំ​ចិន​មាន​ដំណើរ​ទស្សនកិច្ច​នៅ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ជាញឹកញាប់​មិន​រំលងប្រទេស​កម្ពុជា​ឡើយ ដែល​ជា​ការ​បង្ហាញ​ពី​មិត្តភាព​ដែកថែប​រវាង​ប្រទេស​ទាំង​ពីរ​ ពោល​គឺ​មិត្ត​ភាព​ដែល​មាន​ភាព​ស្និទ្ធស្នាល​ខ្លាំង​ជាង​គេ បើ​មើល​ទៅ​លើ​ទំនាក់​ទំនង​ការបរទេស​របស់​ប្រទេស​ឯទៀតនោះ។ ​

លោក​ថ្លែង​ថា៖​ «គាត់ [ចិន] ចង់​កសាង​សមាគម​ជោគ​វាសនា​រួម​ទូទាំង​ពិភពលោក​ ក៏​ប៉ុន្តែ​កម្រិត​នៃ​ទំនាក់​ទំនង​ជាមួយ​ប្រទេស​ដទៃ​ ដោយ​ប្រទេស​ខ្លះ​នៅ​មាន​កម្រិត​តិច​តួច​នៅ​ឡើយ។ ដោយ​ឡែក​ទំនាក់​ទំនង​របស់​ចិន និង​កម្ពុជា​ហ្នឹង​វា​ស្ថិត​នៅ​ក្នុង​កម្រិត​មិត្ត​ដែក​ថែប​ អ៊ីចឹង​ហើយ​បាន​រាល់​ដំណើរ​ទស្សន​កិច្ច​ផ្សេងៗ​ហ្នឹង​គឺ​តែងតែ​មាន​ជំនួប​ជាមួយ​ថ្នាក់​ដឹក​នាំ​ច្រើន​ ហើយ​តែង​តែ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​រវាង​ប្រទេស​ទាំង​ពីរ​ជា​ញឹក​ញាប់​»។

អ្នក​ស្រាវជ្រាវ​របស់​មជ្ឈមណ្ឌល​សិក្សា​អាស៊ី​អាគ្នេយ៍​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ លោក ​លឹម ឆាយ ​ប្រាប់​វីអូអេ​ថា ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​លោកវ៉ាង​ នៅ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក​ភាគខាង​ត្បូង គឺ​ប្រទេស​ចិន​ចង់​បញ្ជាក់​ពី​សារ​ការ​ទូតថ្មី​របស់​ខ្លួន បន្ទាប់​ពី​ព្រឹត្តិការណ៍​សំខាន់​ថ្មីៗ​មួយ​ចំនួន​ដែល​បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ចុង​ឆ្នាំ​ ២០២៣ និង​ដើម​ឆ្នាំ​ ២០២៤។

បើតាម​អ្នកជំនាញ​ខាង​កិច្ច​ការ​អាស៊ីអាគ្នេយ៍​រូបនេះ​ ចិន​ចង់​បញ្ជាក់​សា​ជាថ្មី​ពាក់ព័ន្ធ​នឹង​វោហា​រ​សាស្ត្រ​របស់​ខ្លួន ​ពាក្យ​ស្លោក​នយោបាយ ​ព្រម​ទាំង​ពង្រឹង​ឥទ្ធិពល​របស់​ខ្លួន​ជាមួយ​ភាគី​កម្ពុជា ​ជា​ពិសេស​គោល​គំនិត​របស់​ប្រធានាធិបតី​ចិន​ លោក​ Xi​ Jinping​ ក្នុងការ​កសាង​ ​«សហគមន៍​វាសនា​រួម»​នេះ​។

ទស្សនកិច្ច​របស់លោក វ៉ាង យី កើត​ឡើង​នៅក្រោយ​ពេល មានការ​អត្ថាធិប្បាយខ្លះៗ​ផងដែរ​ពី​សហ​រដ្ឋ​អាមេរិក​អំពី​តម្លាភាពរបស់​គម្រោង​នាវាចរណ៍​«ព្រែក​ជីក​ហ្វូណន​តេជោ​» ​ដែល​ជា​គម្រោងមាន​តម្លៃ​ប្រមាណ​ជា​ ១៧០០ ​លាន​ដុល្លារ​អាមេរិក​។ គម្រោង​នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិ​ជ្ជ​កម្ម (Belt and Road Initiative ឬBRI)​ របស់​រដ្ឋាភិបាល​ចិន​ ហើយ​ក៏កំពុងត្រូវបាន​ប្រព័ន្ធ​ផ្សព្វ​ផ្សាយអន្តរជាតិ​មួយ​ចំនួន​រាយការណ៍ថា​ វាអាច​បង្ក​ជាក្តីបារម្ភ​ដល់​ប្រទេស​វៀតណាម។ ​

​កាល​ពី​ថ្ងៃទី ​៦ ខែមេសា​ ឆ្នាំ ​២០២៤​ កា​សែត The Straits Times ដែល​មាន​ស្នាក់ការ​នៅ​ប្រទេស​សិង្ហ​បុរី​ បាន​ចុះ​ផ្សាយ​សេចក្តី​រាយ​ការណ៍មួយជាមួយនឹងការវិភាគថា​ គម្រោង​ដ៏ធំមួយ​នេះ​អាច​ជា​ច្រក​ដ៏​មាន​សក្តានុពល​សម្រាប់​យោធា​ចិន​។

បន្ថែម​លើរឿងព្រែក​ជីកហ្វូណនតេជោ​នេះ​ ក្រុម​អ្នកស្រាវជ្រាវកិច្ចការ​សន្តិសុខនៅ​ដែន​សមុទ្រ​ ដែល​មាន​មូលដ្ឋាន​នៅសហរដ្ឋអាមេរិក​នៅបន្ត​ឃ្លាំមើល​ សកម្មភាព​នាវាចរណ៍​កប៉ាល់កងទ័ព​ចិន​នៅ​មូល​ដ្ឋាន​ទ័ពជើង​ទឹក​រាមរបស់កម្ពុជា​។ ​

យ៉ាងណា​មិញ​ គេ​មិនទាន់ដឹង​ច្បាស់​នៅ​ឡើយ​ទេ​ថា បញ្ហា​នៃគម្រោង​ព្រែក​ជីក​ហ្វូណន​តេជោ​ និង​មូល​ដ្ឋាន​ទ័ពជើង​ទឹករាម អាច​នឹង​ស្ថិត​ក្នុង​របៀបវារៈ​នៃ​ដំណើរទស្សនកិច្ចរបស់​លោក​វ៉ាង យី ឬយ៉ាង​ណា​ទេ​។ ​

ក្រោយ​ជំនួប​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជាលោក សុខ ចិន្តាសោភា​ ប្រមុខ​ការ​ទូត​ចិន​ ត្រូវគេ​រំពឹង​ថានឹង​ចូល​បង្គំ​គាល់​ព្រះ​មហាក្សត្រ​ ព្រះបាទ​សម្តេច​នរោត្តម សីហមុនី​ នៅព្រះបរមរាជវាំង​ និង​ចូល​ជួប​សម្តែង​ការ​គួរ​សម​ដាច់​ដោយ​ឡែក​ជាមួយប្រធាន​ព្រឹទ្ធ​សភា លោកហ៊ុន​ សែន និង​នាយករដ្ឋមន្ត្រី ​លោក​ហ៊ុន ម៉ាណែត ​នៅ​ថ្ងៃ​ចន្ទនេះ​៕