បទ​សម្ភាសន៍​VOA៖ សហរដ្ឋ​អាមេរិក​ក្រោម​រដ្ឋ​ការ​ថ្មី​ និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W Patrick Murphy ផ្តល់បទសម្ភាសដល់វីអូអេ ពី«ការហូរច្រោះ»នៃការអនុវត្តប្រជាធិបតេយ្យនៅកម្ពុជា និងក្ដីរំពឹង​ក្រោមរដ្ឋបាល​ថ្មីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Joe Biden នៅភ្នំពេញ ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ (ខាន់ សុគុំមនោ/វីអូអេ)

កំណត់និពន្ធ៖ ក្នុង​បទ​សម្ភាសន៍​ផ្តាច់​មុខ​មួយជាមួយ​ VOA​ កាល​ពី​សប្តាហ៍​មុន​លោក W. Patrick Murphy ឯកអគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​នៅ​កម្ពុជា បាន​ពិភាក្សា​ពី«ការ​ហូរច្រោះ»​នៃ​ការ​អនុវត្ត​ប្រជាធិបតេយ្យ​នៅ​កម្ពុជា និង​ក្ដី​រំពឹង​ថា​គោល​នយោបាយ​អាមេរិក​មក​កាន់​កម្ពុជា នឹង​មិន​ផ្លាស់​ប្តូរ​អ្វី​ច្រើន​នោះ​ទេ ក្រោម​រដ្ឋការ​ថ្មី​របស់​ប្រធានា​ធិបតី​ជាប់​ឆ្នោត លោក Joe Biden។ លោក អូន ឆេងប៉រ កញ្ញា ហ៊ាន សុជាតា និងអ្នកស្រី ខាន់ សុគុំមនោ រៀបរៀង​បទសម្ភាសន៍​នេះ​ឲ្យ​ VOA ​ពី​រាជធានី​ភ្នំពេញ​ដូច​តទៅ៖

VOA៖ អរគុណ​លោក​ឯក​អគ្គរដ្ឋទូត​ដែល​ផ្តល់​បទ​សម្ភាស​ន៍​ដល់​VOA។ ៣​ឆ្នាំ​ចុង​ក្រោយ​នេះ​បក្ស​ជំទាស់ដ៏​ធំ​ត្រូវ​បាន​រំលាយ​មន្ត្រី​ជាន់​ខ្ពស់​របស់​បក្ស​ប្រឆាំង​បើ​មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ​ក៏​ត្រូវ​រត់​ភៀស​ខ្លួន​ចេញ​ទៅ​ក្រៅ​ប្រទេស​និង​ត្រូវ​ហាម​ឃាត់​ពី​នយោបាយ។ បច្ចុប្បន្ន​នេះ កម្ពុជា​ជា​សភា​ឯក​បក្ស និង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​បក្ស​តែ​មួយ​ហើយមាន​ការ​ចាប់​ចង​អ្នក​រិះគន់​អ្នក​កាសែត​ និង​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត។ ចុងក្រោយនេះ​មនុស្ស​យ៉ាង​តិច១៣៧​នាក់​ដែល​មាន​អតីតភាព​ជាមួយ​បក្ស​ជំទាស់​កំពុង​ត្រូវ​បាន​កាត់ទោស​ក្នុង​សវនា​ការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ តើ​លោក​នៅ​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​ប្រជាធិបតេយ្យ​ឬ​ទេ?

ឯក​អគ្គ​រដ្ឋទូត Murphy៖ លោក​ដឹង​ទេ​ថា​ខែ​នេះ​យើង​ផ្ដោត​សំខាន់​ទៅ​លើ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ដែល​ជា​ផ្នែក​មួយ​នៃ​ទំនាក់​ទំនង​ទ្វេភាគី​ដែល​ចាប់ផ្ដើម​៧០​ឆ្នាំ​មុន គ្រា​ដែល​សហរដ្ឋអាមេរិក​បាន​ទទួល​ស្គាល់​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ។

កន្លង​មក​ជា​ច្រើន​ឆ្នាំ​មក​នេះ​យើង​បាន​ផ្ដោត​ទៅ​លើ​វិស័យ​ជាច្រើន​នៃ​កិច្ច​សហការ និង​ភាព​ជា​ដៃ​គូ ហើយ​ខ្ញុំ​សូម​ជម្រាប​ថា​ទាំង​នោះ​ក៏​រាប់​បញ្ចូល​ផង​ដែរ​នូវ​វិស័យ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ពិសេស​ក្នុង​រយៈកាល​៣០​ឆ្នាំ​ចុង​ក្រោយ​នេះ​រាប់​ពី​កិច្ច​ព្រម​ព្រៀង​សន្ដិភាព​ទីក្រុង​ប៉ារីស​មក​ដែល​មាន​អាមេរិក​ជា​រដ្ឋ​ហត្ថលេខី​ធ្វើ​ការ​ជាមួយ​ប្រទេស​កម្ពុជា​និង​ប្រទេស​១៧​ផ្សេង​ទៀត​ដែល​ពាក់​ព័ន្ធ។

ទាំង​នោះ​បាន​នាំ​ទៅ​ដល់​ការ​លេច​ចេញនូវ​រដ្ឋធម្មនុញ្ញ​ថ្មី និង​ក្របខណ្ឌ​ដើម្បី​កសាង​កម្ពុជា​ដែល​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ហើយ​ការណ៍​នេះ​បាន​សម្រេច​នូវ​ការ​ចម្រើន​លូតលាស់​ជា​ច្រើន។ ខ្ញុំ​គិត​ថា​ពលរដ្ឋ​កម្ពុជា អាច​សាទរ​ចំពោះ​ការណ៍​ដែលលទ្ធិប្រជាធិបតេយ្យ​ផ្តល់​នូវ​វិបុលភាព ស្ថិរភាព សន្តិភាព​និង​សុខុមាលភាព។ ក្នុង​រយៈ​ពេល​៣០​ឆ្នាំ​ចុងក្រោយ​នេះ កម្ពុជា​មាន​អ្វីៗ​ទាំង​នោះ​ច្រើន​ណាស់។

លោក​បាន​ចង្អុល​បង្ហាញ​ទៅ​លើ​រយៈ​កាល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​កំពុង​បង្ក​ជា​ក្ដី​បារម្ភ​ពីព្រោះ​មាន​ការ​ធាក់​ថយ​ក្រោយ​នៃ​ការ​អនុវត្ត​និង​ប្រពៃណី​ប្រជាធិប​តេយ្យ​ដែល​សម្រេច​បាន​នេះ។

ម្ល៉ោះ​ហើយ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​របស់​ពលរដ្ឋ​កម្ពុជា​និង​ជា​ដៃគូ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​លើក​ទឹក​ចិត្ត​ឲ្យ​ធ្វើ​ផ្ទុយ​ពី​នេះ​ក្នុង​នោះ​សូម​បើក​ឲ្យ​មាន​លម្ហសិទ្ធិ​សេរីភាព​ជាង​មុន​ឲ្យ​មាន​ការ​រាប់​បញ្ចូល​ជាងមុន​និង​ការ​អនុលោមខ្លាំង​ជាង​មុន​តាមគោល​ការណ៍ និង​ស្មារតី​ពហុ​បក្ស​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​កម្ពុជា។

VOA៖ លោក​ឯក​អគ្គរដ្ឋទូតក្នុង​នាម​ជា​ដៃ​គូ​របស់​កម្ពុជា​លោក​ជឿ​ជាក់​ទេ​ថា​រដ្ឋាភិបាល​អាមេរិក និង​ខ្លួន​លោក​ផ្ទាល់​រួម​ទាំង​សហការី​នៅ​ទីនេះ​អាច​ព្យាយាម​ផ្ដល់​យោបល់​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ការ​ត្រឡប់​មក​ដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ដោយ​រដ្ឋ​អំណាច​កម្ពុជា?

ឯកអគ្គរដ្ឋទូត Murphy៖ យើង​ជំរុញ​រឿង​នេះ​ខ្លាំងណាស់។ យើង​លើក​ទឹក​ចិត្ត​ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​តាម​រយៈ​កម្មវិធី​នានា​របស់​យើង​ការ​ផ្ដល់​សារ​ប្រាប់​ជា​សាធារណៈ និង​ការ​ផ្ដល់​សារ​ប្រាប់​ជា​លក្ខណៈ​ឯកជន​ផង​ដែរ។

ខ្ញុំ​មាន​ជំនួប​ជា​ញឹកញាប់​ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​ហើយ​យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​អនុលោម​តាមទាំង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​ដែល​បាន​ផ្ដល់​សិទ្ធិ​និង​សមត្ថភាព​ចូលរួមសកម្មភាពនយោ​បាយ​ជូន​ប្រជាជន​កម្ពុជា ទាំង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​គោលការណ៍​នីតិរដ្ឋ។

VOA៖ លោក​ឯកអគ្គរដ្ឋទូត​ឧបមា​ថា​លោក​ជួប​ផ្ទាល់​ជាមួយ​សកម្មជន​បក្ស​ជំទាស់​នៅ​មូលដ្ឋាន​ដែល​បច្ចុប្បន្ននេះ កំពុង​ប្រឈមនឹង​ហានិភ័យ​នៃ​ការ​ប្ដឹង​ចាប់​ចង ឬ​ក៏​អំពើ​ហិង្សា​ផង តើ​លោក​មាន​អ្វី​និយាយ​ទៅ​កាន់​ពួក​គេ​?

ឯកអគ្គរដ្ឋទូត Murphy៖ បាទ​! ខ្ញុំ​នឹង​និយាយ​ប្រាប់​ពួក​គេ ដូច​អ្វី​ដែល​ខ្ញុំ​ប្រាប់​ប្រជាជន​កម្ពុជា​ជា​ទូទៅ​ដែរ។ នៅ​ក្នុង​ដំណាក់​កាល​នេះ​ដែល​មាន​ការ​ធាក់​ថយ​ក្រោយ​នៃ​ការ​អនុវត្ត​ប្រជាធិប​តេយ្យ​សួរ​ថា​តើ​នេះ​ជា​មាគ៌ា​ប្រពៃ​បំផុត​ក្នុង​ការ​អនុវត្ត​ប្រជាធិប​តេយ្យ​មែន​ទេ? ហើយ​យើង​បាន​ឮ​ពី​ប្រជាជន​ជា​ច្រើន​ថា​មិនមែន​នោះ​ទេ!

សកម្មភាព​ទាំង​នេះ​កំពុង​ធ្វើ​ឲ្យ​ហូរ​ច្រោះ​នូវ​ការ​អនុវត្ត​ល្អ​បំផុត​នៃ​ប្រជាធិបតេយ្យ​ដែល​បាន​បង្ហាញ​ជា​តឹក​តាង​នៅ​ទី​នេះ​តែ​ម្ដង​ក្នុង​ប្រទេស​កម្ពុជា។

កាល​ពី​អតីត​កាល​ធ្លាប់​មាន​ការ​បោះ​ឆ្នោត​ដែល​រៀប​ចំ​កាន់​តែ​ជោគជ័យ​ដែល​គ្រា​នោះ​មាន​ការ​រាប់​បញ្ចូល​ជាង​មុន​មាន​អត្រា​ចូល​រួម​ខ្ពស់​ជាង​មុន​ពី​សំណាក់​គណ​បក្ស​នានា​ជា​ច្រើន។ ធ្លាប់​មាន​ផង​ដែរ​នូវការ​ចូលរួម​របស់​សង្គម​ស៊ីវិល​ដ៏​រស់​រវើក​និង​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ដ៏​ខ្លាំង​ក្លា។ តែ​ពីរ​បី​ឆ្នាំ​ចុងក្រោយ​នេះ​មាន​ចលនា​ដើរ​ថយ​ក្រោយ​ក្នុង​ចំណុច​ទាំង​នេះ។

អ្វី​ដែល​យើង​អាច​ថ្លែង​បាន​ទៅ​កាន់​ប្រជាជន​កម្ពុជា​នោះ​គឺ​ថា​អ្នក​ទាំង​អស់​គ្នា​គួរ​អនុវត្ត​សិទ្ធិ​ដែល​មាន​ចែង។ អ្នក​គួរ​តែ​អនុវត្ត​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​និង​ដោយ​សន្ដិវិធី។ ហើយ​អ្វី​ដែល​យើង​ចង់​ប្រាប់​ទៅ​រដ្ឋាភិបាល គឺថា​សូម​ពិចារណា​គិត​គូរ​អំពី​មាគ៌ា​នានា​ដើម្បី​រាប់​បញ្ចូល​សំឡេង​បន្ថែម​ពី​ប្រជាជន​ហើយ​សូម​បង្កើន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​លើក​តម្កើង​សិទ្ធិ​នានា​របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​មាន​ស្រាប់។

ព័ត៌មាន​ទាក់ទង៖ កម្ពុជា​ឆ្នាំ២០២០ កត់សម្គាល់​ដោយ​ទណ្ឌកម្ម​អន្តរជាតិ​និង​ការបន្ត​យាយី​អ្នករិះគន់​រដ្ឋាភិបាល

VOA៖ លោក​ឯកអគ្គរដ្ឋទូត​លោក​និយាយ​ដល់​ចំណុច​ប្រជាធិប​តេយ្យ​នេះ​តើ​លោក​ស្រណុក​ចិត្ត​ទេ​នៅ​ពេល​ដែល​លោក​នាយករដ្ឋមន្ត្រី​ថ្មីៗ​នេះ​បាន​លើក​ឡើង​អំពី​លទ្ធភាព​កាន់​អំណាច​យូរ​អង្វែង​បន្ត​ទៀត​របស់​បក្ស​ប្រជាជន​កម្ពុជា ហើយ​មាន​ការ​ពិភាក្សា​អំពី​លទ្ធភាព​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក​ ហ៊ុន ម៉ាណែត កាន់​តំណែង​បន្ត និងរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន​ព័ន្ធ​មុនីរ័ត្ន​ជា​បេក្ខភាព​នាយករដ្ឋមន្រ្តី​ថែម​ទៀត​ផង ខណៈកម្ពុជា​នៅ​ជា​ប្រទេស​ដែល​រើស​មេដឹក​នាំ​តាម​ការ​បោះ​ឆ្នោត​សភា​នៅ​ឡើយ។ តើ​លោក​ស្រណុក​ចិត្តទេ​នៅពេល​ឮ​វោហារស័ព្ទ​នេះ​?

ឯកអគ្គរដ្ឋទូត Murphy៖ និយាយ​ពិត​ត្រង់​ទៅ​ថា​តើ​ខ្ញុំ​ស្រណុក​ចិត្ត​ឬ​អត់នោះ​មិន​សំខាន់​នោះ​ទេ។ ខ្ញុំ​ជា​ភ្ញៀវ​នៅ​ទីនេះ។ សំណួរ​នេះ​យក​ល្អ ​គួរ​តែ​តម្រង់​ទៅ​សួរ​ប្រជាជន​កម្ពុជា។

ខ្ញុំ​គិត​ថា​មាន​ភាព​ចាំបាច់​ក្នុង​ការ​គូស​បញ្ជាក់​ថា​សហ​រដ្ឋអាមេរិក​មិន​ឈរ​កាន់​ជើង​ខាង​ណា​មួយ​នៃ​នយោបាយ​ខ្មែរ​ឡើយ​តែ​ឈរ​នៅ​ខាង​ប្រជាជន​កម្ពុជា​ដែល​មាន​សិទ្ធិ​សេរី​ក្នុង​ការ​ទទួល​បាន​ទម្រង់​អភិបាលកិច្ច​តាម​បែប​ពហុបក្ស មាន​សិទ្ធិ​សេរី​ភាព​ក្នុង​ការ​និយាយ​ស្ដី​និង​ជួបជុំ។ យើង​គិតថា​ពួក​គេ​គួរ​ទទួល​បាន​គាំពារ​នូវ​សិទ្ធិ​ទាំង​នេះ។

តើ​វា​ល្អ​ទេ​សម្រាប់​ប្រទេស​ដែល​អាសនៈ​ទាំង​អស់​នៃ​ស្ថាប័ន​នីតិ​បញ្ញត្តិ​ត្រូវ​កាន់​កាប់​ដោយ​បក្ស​តែ​មួយ? តើ​វា​មិន​ល្អ​ជាង​នេះ​ទេ​ឬ​បើ​មាន​តំណាង​ចម្រុះ​ពហុបក្ស​អង្គុយ​នៅ​ទី​នោះ?

យើង​គិត​ថា​ប្រជាធិប​តេយ្យ​អាច​មាន​ការ​ជជែក​គ្នា​លាន់​ឮ​យ៉ាង​តាន​តឹង។ ខ្ញុំ​កើត​នៅ​ប្រទេស​មួយ​ដែល​ការ​អនុវត្ត​និង​ប្រពៃណី​ប្រជាធិបតេយ្យ​របស់​យើង​មាន​ការ​ជជែក​គ្នា​លាន់​ឮ​យ៉ាង​តាន​តឹង​មែន​ទែន។ អ្នក​ខ្លះ​សឹង​តែ​ថា​រញ៉េរញ៉ៃ​ផង។ គេ​ត្រូវ​ការ​ធ្វើ​ការ​ខ្លាំង​ដើម្បី​ឲ្យ​ប្រជាធិប​តេយ្យ​ដំណើរ​ការ។ តែ​យើង​នឹង​រឹងមាំ​ជាង​ធម្មតា​ក្រោម​ឆ័ត្រ​ប្រជាធិប​តេយ្យ​នៅ​ពេល​ដែល​យើង​មាន​សំឡេង​ចម្រុះ​រួម​ទាំង​សំឡេង​រិះគន់ និង​ប្រឆាំង​ផង​ដែរ។

ខ្ញុំ​ជា​មន្ត្រី​រដ្ឋការ​សាធារណៈ។ ខ្ញុំ​ទទួល​បាន​ការ​រិះ​គន់។ ខ្ញុំ​ស្វាគមន៍!។ ការ​រិះគន់​នាំ​ឲ្យ​ខ្ញុំ​រឹង​មាំ​ជាង​មុន​ដោយ​វា​បាន​ចង្អុល​បង្ហាញ​ទៅ​លើ​ចំណុច​ខ្វះ​ខាត​របស់​យើង​ដែល​យើង​អាច​បំពេញ​ការងារ​បាន​កាន់​តែ​ចម្រើន។ ហើយ​វា​ពិត​ជា​មាន​សារៈ​សំខាន់​មែន​ទែន​សម្រាប់​ពលរដ្ឋ​ក្នុង​ការ​ដឹង​ថា​សំឡេង​កង្វល់​របស់​ពួក​គេ​ត្រូវ​បាន​មន្ត្រី​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ដែល​នាំ​ឲ្យ​ពួក​គេ​អាច​ចូល​រួម​ក្នុង​ដំណើរ​ការ​តាំង​ចិត្ត​សម្រេច​ចិត្ត​លើ​គោល​នយោ​បាយ​ច្បាប់​ និង​បទបញ្ញត្តិ​នានា​ដែល​ដាក់​ឲ្យ​អនុវត្ត។ នេះ​ជា​អ្វី​ដែល​អ្នក​ផង​ប្រាថ្នា​ចង់​បាន​គឺ​ចង់​បាន​ភាព​ជា​ពលរដ្ឋ​ដែល​ដឹង​ឮ​ថា​ពួក​គេ​មាន​អំណាច​ចូលរួម​ក្នុង​ដំណាក់​កាល​ទាំង​នោះ។

ព័ត៌មាន​ទាក់ទង៖ លោក ហ៊ុន សែន ព្រលយ​ថា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​បច្ចុប្បន្ន​ជា​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ម្នាក់

VOA៖ តើ​ក្នុង​រយៈពេល​កន្លង​១៥ខែ​ដែល​លោក​ស្ថិត​ក្នុង​ប្រទេស​កម្ពុជា​នេះ​លោក​បាន​ពាំនាំ​សារ​ទាំង​នេះ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ឬទេ​ហើយ​មន្ត្រី​អ្នក​មុខ​អ្នក​ការ​ទាំង​នោះ​ព្រម​ទទួល​នូវ​មតិ​របស់លោក​ទេ?

ឯកអគ្គរដ្ឋទូត Murphy៖ ប្រាកដ​ណាស់!​ខ្ញុំ​មក​ទីនេះ​ជាមួយនឹង​សារ​មិត្តភាព​និង​ភាព​ជា​ដៃ​គូ។ យើង​មាន​កម្មវិធី​និង​សកម្មភាព​ជា​ច្រើន​ពាស​ពេញ​ប្រទេស​កម្ពុជា និង​ធ្វើការ​ជាមួយ​ប្រជាជន​កម្ពុជា​ដែល​ទទួល​ជោគ​ជ័យ​ខ្លាំង​មែន​ទែន​ក្នុង​ការ​ជួយ​យឹត​យោង​កម្ពុជា​ទទួល​ផល​វិជ្ជមាន​ក្នុង​វិស័យ​ជា​ច្រើន​រាប់​ចាប់​តាំង​ពី​កសិកម្ម​បរិស្ថាន​ អប់រំ​សិក្សា​ធិការ​និង​សុខមាលភាព​សាធារណៈ។

ជំនួយ​របស់​យើង​សម្រាប់​វិស័យ​សុខាភិបាល​មាន​សារៈសំខាន់​ណាស់​អំឡុង​ពេល​នេះ​ដែល​មាន​រោគ​រាត​ត្បាត​ជា​សាកល។

ហើយ​អ្វី​ដូច​គ្នា​នេះ​ត្រូវ​បាន​គេ​លើក​ឡើង​ផង​ដែរ​អំពី​ការ​ចម្រើន​ឡើង​លើ​វិស័យ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​ពេល​ដែល​លោក​ក្រឡេក​ទៅ​មើល​សង្គម​ស៊ីវិល​ស្ថាប័ន​ និង​រដ្ឋធម្មនុញ្ញ។ចំណុច​ដែល​មាន​បញ្ហា​គឺ​អំឡុង​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ​នេះ​ដែល​លោក​អាច​ឃើញ​នូវ​ការ​ធ្លាក់​ស្រក​ស្រុត​យ៉ាង​គំហុក។

សារ​របស់​ខ្ញុំ​ដែល​ប្រកាន់​ខ្ជាប់​នោះ​គឺ​ទៅ​កាន់​មន្ត្រី​ថ្នាក់​ខ្ពស់​បំផុត​របស់​រដ្ឋាភិបាល​ថា​ក្នុង​នាម​ជា​មិត្ត​ភ័ក្ដិ​យើង​លើក​ទឹក​ចិត្ត​អ្នក​ក្នុង​ការ​ធ្វើ​អ្វី​ដែល​ផ្ទុយ​ពី​នេះ ដោយ​សូម​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​អ្នក​បង្កើន​សំឡេង​ចម្រុះ​បន្ថែម​ហើយ​រាប់​បញ្ចូល​សំឡេង​ទាំង​នោះ​ក្នុង​ដំណើរ​ការ​នៃ​ការ​សម្រេច​ចិត្ត។ ធ្វើ​ដូច្នេះ​អ្នក​នឹង​កាន់​តែ​រឹងមាំ​ជាង​នេះ។ យូរៗ​ទៅ​ អ្នក​នឹង​ចំណេញ​នូវ​វិបុលភាព និង​ស្ថិរភាព​ដែល​មាន​ចរិត​ឋិតថេរ​យូរអង្វែងនៅ​ពេល​ដែល​អ្នក​លើក​កម្ពស់ និង​ការពារ​សិទ្ធិ​ទាំង​នោះ​របស់​ពលរដ្ឋ​អ្នក។

Your browser doesn’t support HTML5

លោក កឹម សុខា៖ ភាព​គ្មាន​កំហុសជា «យុត្តិធម៌​ក្នុងចិត្ត»

VOA៖​ លោក​ឯកអគ្គរដ្ឋទូត​ លោក​កឹម សុខា​ មេ​បក្ស​ជំទាស់​នៃ​បក្ស​សង្គ្រោះជាតិ CNRP កំពុង​រង​បណ្ដឹង​ក្ដីក្ដាំ​លើ​សំណុំរឿង​«ក្បត់​ជាតិ» ដែល​មាន​ការ​ចោទ​ប្រកាន់​ថា​គប់​គិត​ជាមួយ​សហរដ្ឋ​អាមេរិក​ផ្ទាល់ ដើម្បី​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋអំណាច​កម្ពុជា​។ ខ្លួន​លោក​ផ្ទាល់​ក៏​ធ្លាប់​ចូលរួម​អង្កេត​សវនាការ​ម្ដង​ដែរ​នៅ​ខែ​មីនា​មុន​ពេល​សវនាការ​ត្រូវ​ផ្អាក។ តើ​លោក ​កឹម សុខា​គួរ​តែ​ត្រូវ​ឲ្យ​រួច​ខ្លួន​ហើយ​បទ​ចោទ​ប្រឆាំង​រូបលោក​គួរ​ត្រូវ​បាន​ទម្លាក់​ចោល​ទេ?

ឯកអគ្គរដ្ឋទូត Murphy៖ បាទ​! ចម្លើយ​ល្អ​បំផុត​សម្រាប់​សំណួរ​នេះ​គួរ​តែ​ចេញ​ពី​ស្ថាប័ន​តុលាការ​មួយ​ដែល​មាន​ឯករាជភាព។ បើ​សិន​បើវា​តម្រូវ​ឲ្យ​មាន​ដំណើរការ​ក្ដី​នោះ​វា​គួរ​តែ​ត្រូវ​ធ្វើ​ដោយ​តម្លាភាព​និង​អនុលោម​ទៅ​នឹង​ស្មារតី​នីតិរដ្ឋ​យក​ច្បាប់​ជា​ធំ។

​ខ្ញុំ​បាន​ថ្លែង​យ៉ាង​ច្បាស់​ណាស់​ទាំង​ជា​សាធារណៈនិង​ជា​លក្ខណៈ​ឯកជន​ថា​រាល់​ការ​ចោទ​ប្រកាន់​អំពី​ការ​ពាក់​ព័ន្ធ​របស់​សហ​រដ្ឋអាមេរិក សុទ្ធ​សឹង​តែ​ជា​រឿង​ប្រដិត្ឋ​និង​មិន​ពិត។

លោក​ប្រធានាធិបតី​របស់​ខ្ញុំ​ក៏​បាន​ថ្លែង​យ៉ាង​ច្បាស់​ក្នុង​ការ​ឆ្លើយឆ្លង​លិខិត​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ផង​ដែរ​លើ​ចំណុច​នេះ។ សហរដ្ឋ​អាមេរិក​មាន​តម្លាភាព​ណាស់​ហើយ​យើង​មក​ទី​នេះ​ក្នុង​នាម​ជា​មិត្តភ័ក្ដិ​និង​ជា​ដៃ​គូ​សហការ។ យើង​មិន​មាន​ចេតនា​សោះ​ក្នុង​ការ​ជ្រៀត​ជ្រែក​ហើយ​យើង​ក៏​គ្មាន​វត្ថុ​បំណង​ក្នុង​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល​ម្ចាស់​ស្រុក​ទេ។ នោះ​ជា​ឆន្ទានុសិទ្ធិ​របស់​ប្រជាជន​កម្ពុជា​ទេ​តើ។

យើង​មក​ទីនេះ​ដើម្បី​ជួយ​និង​ដើម្បី​ជា​ដៃ​គូ​ដ៏​ល្អ។ យើង​ក៏​មាន​ផល​ប្រយោជន៍​ជាតិ​របស់​យើង​ផង​ដែរ។ វា​ជា​ផលប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ចែក​រំលែក​នូវ​គុណ​តម្លៃ និង​គោល​ការណ៍​របស់​យើង​អំពី​ប្រជាធិប​តេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស។ យើង​លើក​ទឹក​ចិត្ត​ថា​បណ្ដា​មេដឹក​នាំ​នយោ​បាយ​ពី​គ្រប់​គណបក្ស​ទាំង​អស់​ចាំបាច់​ត្រូវ​មាន​ឱកាស​ចូល​រួម​គ្រប់​ដំណើរ​ការ​ហើយ​យើង​លើក​ទឹក​ចិត្ត​អាជ្ញាធរ​ទាំង​អស់​ឲ្យ​ផ្ដល់​ការ​អនុ​ញ្ញាត និង​រៀបចំ​ដំណើរ​ការ​នេះ​ឲ្យ​សម្រេច​បាន។

យើង​មិន​ជឿ​នោះ​ទេ​ថា​បទ​ចោទ​ដែល​មាន​ចរិត​នយោ​បាយ ការ​ឃុំ​ឃាំង និង​សវនា​ការ​ដែល​អូស​បន្លាយ​យូរ ការ​ចោទ​សង្ស័យ​ដែល​ហួស​ពី​ការ​ពិត​នូវ​បទ​ចោទ​ដែល​ត្រូវ​បាន​ប្រដិត្ឋ​ឡើង ជា​មាគ៌ា​ដ៏​ល្អ ដែល​គេ​ត្រូវ​ការ​ចាំបាច់​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិប​តេយ្យ។ យើង​បាន​គូស​បញ្ជាក់​ច្បាស់​ណាស់។

សម្រាប់​បុគ្គល​ដូច​ជា​លោក​កឹម សុខា​យើង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​លទ្ធភាព​នានា​ដែល​អាច​ជួយ​និង​រៀប​ចំ​ឲ្យ​គាត់​អាច​ក្លាយ​ផ្នែក​មួយ​នៃ​ដំណើរ​ការ​នយោបាយ។ លោក កឹម សុខា​មាន​បទ​ពិសោធន៍​យូរ​លង់​ក្នុង​ការ​បំពេញ​មុខងារ​រដ្ឋ​និង​សង្គម​ស៊ីវិល។ លោក​ កឹម សុខា ​ជា​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ដែល​គេ​ឯង​គោរព​កោត​ក្រែង​ហើយ​លោក​អាច​ចូលរួម​ជួយប្រជាជន​កម្ពុជា​ហើយ​ខ្ញុំ​គិត​ថា​លោក​សឹង​ថា​ចង់ផ្តល់​ការ​ចូលរួម​ជា​លក្ខណៈ​វិជ្ជមាន​នានា។

លោក កឹម សុខា ចេញពី​សាលាដំបូង​រាជធានី​ភ្នំពេញបន្ទាប់​ពី​សវនាការ​របស់​លោក​បាន​បញ្ចប់​នៅព្រឹក​ថ្ងៃទីទី​១១ ខែមីនា ឆ្នាំ២០២០។(ទុំ ម្លិះ/VOA)

VOA៖​ អ្វី​ដែល​លោក​បាន​រៀបរាប់​មុននេះ​ចំពោះ​ករណី​របស់​លោក​ កឹម សុខា ថ្នាក់​ដឹកនាំ​គណ​បក្ស​ជំទាស់​សកម្មជន​ និង​អ្នក​គាំទ្រ​គណបក្ស​ជំទាស់​ដែល​កំពុង​រង​ការ​ចោទ​ប្រកាន់។​តើ​យើង​អាច​និយាយ​បាន​ទេ​ថា​នេះ​ជា​ប្រព័ន្ធ​តុលាការ​ឯករាជ្យ?

ឯកអគ្គរដ្ឋទូត Murphy៖ សំណួរ​ល្អ។ ខ្ញុំ​គិតថា​ សម្រាប់​ពលរដ្ឋ​កម្ពុជា​នេះ​គឺ​ជា​ស្ថាប័ន​មួយ​នៅ​កម្ពុជា។ យើង​សង្កេត​ឃើញ​ថា​នៅ​ពេល​ដែល​មាន​សវនាការ​ទ្រង់​ទ្រាយ​ធំ​ទៅ​លើ​មនុស្ស​ជាង​១០០​នាក់​ទាំង​ដែលពួក​គេ​មិន​ដឹង​ផង​ថា​ខ្លួន​ទទួល​រង​ការ​ចោទ​នោះ។ នៅ​ពេល​មាន​ដំណើរ​ការ​ដែល​ខ្វះ​តម្លាភាព វា​តែង​មាន​សំណួរ​ចោទ​ឡើង។ តើ​អ្វី​នៅ​ពី​ក្រោយ​នេះ? តើ​ពិត​ជា​មាន​នីតិ​រដ្ឋ​ដ៏​រឹង​មាំ​ទេ? តើ​មាន​ប្រព័ន្ធ​តុលាការ​ឯក​រាជ្យ​ដែរ​ឬ​ទេ?

ខ្ញុំ​បាន​ឮ​មតិ​ជា​ច្រើន​នៅ​កម្ពុជា​ដែល​លើក​ឡើង​នូវ​សំណួរ​ទាំង​នោះ។ ខ្ញុំ​គិត​ថា​សំណួរ​ទាំង​នោះ​វា​សម​ហេតុ​ផល។ ក៏​ប៉ុន្តែ​វា​មាន​ប្រយោជន៍​សម្រាប់​ភាព​ចាស់​ទុំ​របស់​កម្ពុជា​ក្នុង​នាម​ជា​ប្រទេស​ប្រជាធិប​តេយ្យ។​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​នាំ​មុខ​កិច្ច​ខំ​ប្រឹង​ប្រែង​ដើម្បី​ការពារ​សិទ្ធិ​ធានាថា​គណបក្ស​នយោបាយ មេដឹក​នាំ​នយោបាយ​និង​សង្គម​ស៊ីវិល ត្រូវ​បាន​គិត​គូរ និង​ទទួល​បាន​ផល​ប្រយោជន៍​ដូចៗ​គ្នា។ មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​សប្បាយ​ចិត្ត​នឹង​រដ្ឋាភិបាល​រាល់​ថ្ងៃ​នោះ​ទេ។ វា​មាន​មតិ​រិះ​គន់ ហើយ​វា​ដូច​គ្នា​នឹង​សហរដ្ឋ​អាមេរិក​ដែរ។ ក៏​ប៉ុន្តែ​ការ​ស្តាប់ គាំទ្រ​និង​ស្វាគមន៍​មតិ​រិះ​គន់ គឺជា​ធាតុ​ផ្សំ​ដ៏​សំខាន់​នៃ​ប្រជាធិប​តេយ្យ។​

VOA៖ ​ខ្ញុំ​ក៏​ចង់​ជជែក​អំពី​រឿង​នេះ​ដែរ។ ដូច​លោក​បាន​ដឹង​ថា​ លោកស្រី មូរ សុខហួរ​ អនុ​ប្រធាន​គណ​បក្ស​ជំទាស់​ដែល​មាន​សញ្ជាតិ​អាមេរិកាំង​ប្រកាស​ដឹក​នាំ​ក្រុម​មន្ត្រី និង​ថ្នាក់​ដឹក​នាំ​គណបក្ស​និរទេស​ខ្លួន​ក្រៅ​ប្រទេស​ត្រឡប់​ចូល​កម្ពុជា​វិញ​ដោយ​លោកស្រី​លើក​ឡើង​ថា​ដើម្បី​ចូល​រួម​ក្នុង​សវនាការ​ទ្រង់​ទ្រាយ​ធំ​នោះ។ តើ​រដ្ឋាភិបាល​អាមេរិក​នឹង​គាំ​ទ្រ​ឲ្យ​មាន​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​ឬ​យ៉ាងណា​ខណៈភាពយុត្តិធម៌​និង​ភាព​ត្រឹម​ត្រូវរបស់​សវនាការ​ស្ថិត​ក្រោម​មន្ទិល​សង្ស័យ​នៅ​ឡើយ?

ឯកអគ្គរដ្ឋទូត Murphy៖ ដូច​ដែល​លោក​បាន​លើក​ឡើង​អំពី​បុគ្គល​សញ្ជាតិអាមេរិកាំង​ម្នាក់។ សំណួរ​នេះ ​គួរ​សួរ​គាត់​ផ្ទាល់។ ប៉ុន្តែ​ខ្ញុំ​អាច​ចែក​រំលែក​ជាមួយ​លោកនូវ​អ្វី​ដែល​យើង​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ធ្វើ​នោះ​គឺ​ការ​ទទួល​យក​សំឡេង​របស់​ពលរដ្ឋ​កម្ពុជា​ទាំង​ក្នុង និង​ក្រៅ​ប្រទេស។​

កម្ពុជា​គួរ​តែ​ជា​ប្រទេស​ដែល​ស្វាគមន៍​ពលរដ្ឋ​ខ្លួន​គ្រប់​រូប ពោល​គឺ​អ្នក​រាល់​គ្នា​ដែល​ត្រូវ​បាន​កំណត់​ថាជា​ពលរដ្ឋ​កម្ពុជា។ វា​គួរ​ឲ្យ​ស្តាយ​ណាស់​ដែល​បុគ្គល​មួយ​ចំនួន​ក្នុង​ប្រទេស​មិន​មាន​សិទ្ធិ​បញ្ចេញ​មតិ​ដោយ​សេរី​ដើម្បី​ចូល​រួម​ក្នុង​ជីវិត​នយោ​បាយ។ វា​គួរ​ឲ្យ​ស្តាយ ដែល​បុគ្គល​មួយ​ចំនួន​ទៀត​នៅ​ក្រៅ​ប្រទេស​ដោយ​សារ​ការ​ភៀស​ខ្លួន​ឬបារម្ភ​ពី​ភាព​អយុត្តិធម៌​នៅ​ក្នុង​ប្រទេស។ យើង​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ដើម្បី​ទទួល​យក និង​ស្វាគមន៍​មតិ​ចម្រុះ​ទាំង​នោះ។

លោកស្រី មូរ សុខហួរ អនុប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

​VOA៖ តើ​រដ្ឋាភិបាល​អាមេរិក​នឹង​ធ្វើ​អ្វី​ដើម្បី​ធានា​ឲ្យ​លោកស្រី មូរ សុខហួរ អាចត្រឡប់​មក​កម្ពុជាវិញ​ដោយ​សុវត្ថិភាព?

ឯកអគ្គរដ្ឋទូត Murphy៖ ខ្ញុំ​គិត​ថា​វា​ស្ថិត​នៅ​លើ​ស្ថាន​ភាព​ជាក់​ស្តែង។​ក្នុង​នាម​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ខ្ញុំ​ពិត​ជា​មាន​កាតព្វកិច្ច។ ដូច្នេះ​ខ្ញុំ​ខិត​ខំ​ប្រឹង​ប្រែង​ជា​រៀង​រាល់ថ្ងៃ​ដើម្បី​ធានា​ថាសិទ្ធិ​របស់​ពួកគេ​ត្រូវ​បាន​ការពារ​ក្នុង​នាម​ជា​ទេសចរ ឬ​អ្នក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ខ្ញុំ​អាច​និយាយ​ជំនួស​ឲ្យ​ពលរដ្ឋ​អាមេរិកាំង​រស់​នៅ​កម្ពុជា​ប៉ុណ្ណោះ។

VOA៖ តើ​លោក​បាន​ពិភាក្សា​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ផែន​ការ​ត្រឡប់​មក​កម្ពុជា​របស់​លោកស្រី មូរ សុខហួរទេ ជុំវិញ​ការ​ធានាសន្តិសុខ​សុវត្ថិភាព​ និង​អហិង្សា?

ឯកអគ្គរដ្ឋទូត Murphy៖ ដោយ​សារ​តែ​លោក​និយាយ​អំពី​សេណារីយ៉ូ​ជាក់​ស្តែង​មួយដែល​បុគ្គល​សញ្ជាតិ​អាមេរិកាំង​ម្នាក់​និយាយ​ជា​សាធារណៈ​អំពី​ផែន​ការ​ត្រឡប់​មក​វិញ។ សំណួរ​នេះ គួរ​សួរ​ទៅ​កាន់​អាជ្ញាធរ​កម្ពុជា ឬ​ក៏​បុគ្គល​នោះ​ផ្ទាល់​តែ​ម្តង។ ប៉ុន្តែ​ខ្ញុំ​សុំ​បញ្ជាក់​ឡើង​វិញ​ថា​វា​ជា​ការ​ងារ​របស់​ខ្ញុំ​ក្នុង​ការ​ការ​ពារ​សិទ្ធិ សុវត្ថិភាព​និង​សន្តិសុខ​ដល់​គ្រប់ពលរដ្ឋ​អាមេរិកាំង​ដែល​រស់នៅ​ទី​នេះ។ ប៉ុន្តែ​ក្នុង​នាម​ខ្ញុំ​ជា​ឯកអគ្គរដ្ឋទូត​អាមេរិក​នៅ​កម្ពុជា​ការងារ​របស់​ខ្ញុំ​ក៏​ផ្តល់​ដំបូន្មាន​ល្អៗទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា ដែល​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​ពង្រីក​ការ​ចូលរួម​នូវ​គ្រប់​មតិ​ពលរដ្ឋ​កម្ពុជា​មិន​ថា​មតិ​ទាំង​នោះ​នៅ​ក្នុង ឬ​ក្រៅ​ប្រទេស​ទេ​ឲ្យ​តែ​ពួក​គេ​ចង់​ចូលរួម​ក្នុងដំណើរ​ប្រជាធិបតេយ្យ។

VOA៖ បាទ! ​អរគុណ​លោក​អគ្គរដ្ឋទូត។​ខ្ញុំ​ចង់​ជជែក​អំពី​នយោបាយ​អាមេរិក​វិញ​ម្តង។ ដូច​ដែល​លោក​ដឹង​ហើយ​ថា​អាមេរិក​បាន​បិទ​បញ្ចប់​ការ​បោះ​ឆ្នោត​នា​ពេល​ថ្មី​ៗ​នេះ។ ហើយ​ពេល​នេះ​ លោកJoe Biden ត្រូវ​បានអង្គ​បោះ​ឆ្នោត​អាមេរិក​កំណត់​ថា​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី​៤៦។ ប៉ុន្តែ​លោក Donald Trump និង​ក្រុម​គាត់​អស់រយៈពេល​ជាង​មួយ​ខែ​ហើយ​ដែល​បាន​ហៅ​ការ​បោះ​ឆ្នោត​នេះ​ថា«មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត» ហើយ​បដិសេធ​មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត។ តើ​នេះ​អាច​ជា​ឧទាហរណ៍​សម្រាប់​រដ្ឋាភិបាល​ផ្តាច់​ការ​នៅ​ជុំ​វិញ​ពិភព​លោក និង​អាច​ទម្លាក់​តម្លៃ​ភាព​ដឹក​នាំ​សហរដ្ឋ​អាមេរិក​ចំពោះ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស​ក៏​ដូចជានយោបាយ​បោះ​ឆ្នោត​នៅ​លើ​ឆាក​អន្តរជាតិ?​

ឯកអគ្គរដ្ឋទូត Murphy៖ ឆេង​ប៉រ ដឹង​ទេ​ថា​ខ្ញុំ​បម្រើ​ការ​ងារ​ទូត​និង​សេវា​សាធារណៈ​អស់​រយៈ​ពេល​៣១​ឆ្នាំ​ហើយ​គិត​ត្រឹម​ឆ្នាំ​នេះ។ ខ្ញុំ​បាន​មើល​ឃើញ​ មាន​បទ​ពិសោធន៍ និង​បាន​ចូលរួម​ក្នុងអន្តរ​កាល​ផ្ទេរ​អំណាចនៅ​អាមេរិក​ពី​រដ្ឋបាល​មួយ​ទៅ​រដ្ឋបាល​មួយ​ទៀត​ជា​បន្ត​បន្ទាប់។​

ខ្ញុំ​មាន​ទំនុក​ចិត្ត​យ៉ាង​ខ្ពស់​ថា​នា​ខែ​មករា​ខាង​មុខ​យើង​នឹង​មាន​អន្តរកាល​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​មួយ។​

តាម​ពិត​ទៅ​ប្រធានាធិបតី​ថ្មី​នេះ​នឹង​ក្លាយជា​ប្រធា​នាធិបតី​ទី​៧ ចំណែក​រដ្ឋមន្ត្រី​ការបរទេស​ថ្មី​នេះ​នឹង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​ទី១១​ហើយ​ដែល​ខ្ញុំ​បាន​បម្រើ គិត​ចាប់​ពី​ខ្ញុំ​ផ្តើម​អាជីព​ការ​ទូត​នេះ។

ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​អ្វី​ដែល​អ្នក​បាន​ឃើញ កំពុង​កើត​ឡើង​នៅ​អាមេរិក គឺ​ជា​ប្រជាធិបតេយ្យ។ អ្នក​មើល​ឃើញ​មាន​មតិជា​ច្រើន​នៅ​អាមេរិក។ អ្នក​មើល​ឃើញ​នីតិរដ្ឋ។ យើង​មាន​តុលាការ​ដើរ​តួ​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ការ​ប្រជាធិបតេយ្យ។ ដូច​ដែល​លោក​បាន​លើកឡើង​ទាក់​ទង​នឹង​អង្គ​បោះឆ្នោត​អាមេរិក​អញ្ចឹង។ សភា​របស់​យើង​មាន​តួនាទី​ដាច់​ដោយ​ឡែក។ ទាំង​នេះ​ហើយ​ជា​ឧប​ករណ៍​នៃ​ប្រជាធិបតេយ្យ។ វា​អាច​ជាសំឡេង​រំខាន តែ​មិន​អី​ទេ។ ពេល​ខ្លះ​វា​អាច​មើល​ទៅ​ដូច​ជា​រញ៉េរញ៉ៃ​បន្តិច​ប៉ុន្តែ​វា​មាន​ដំណើរ​ការ​ល្អ។ ខ្ញុំ​ជឿ​ជាក់​ថា​ច្បាស់​ជា​មាន​អន្តរ​កាល​ផ្ទេរ​អំណាច​ដោយ​រលូន និង​សន្តិវិធី​នា​ពេល​ខាង​មុខ​មិន​ខាន។

VOA៖ ក៏​ប៉ុន្តែ​ប្រធានាធិបតី​រូប​នេះ​ទទួល​បានសំឡេង​ឆ្នោត​គាំ​ទ្រ​ជាង​៧០​លាន ហើយ​អ្នក​គាំទ្រ​ទាំង​នោះ​កំពុង​ស្តាប់​គាត់​ហើយ​នាំគ្នា​និយាយ​ថា​ការ​បោះ​ឆ្នោត​នោះ​មិន​អាច​ទុកចិត្ត​បាន។​ក្នុង​នាម​ជា​តំណាង​អាមេរិក​នៅ​បរទេស​តើ​លោក​មាន​ក្តី​បារម្ភ​ទេថា​តម្លៃ​នៃ​សហរដ្ឋ​អាមេរិក​អាច​ត្រូវ​បាន​វាយប្រហារ​យក​គំរូ​តាម​ឬ​ប្រើប្រាស់​ដោយ​រដ្ឋាភិបាល​ផ្តាច់​ការ​ដូចជា​ការ​និយាយ​ថា​«មើលន៎​»សហរដ្ឋ​អាមេរិក​មាន​ប្រធានាធិបតី​ដែល​មិន​ទទួល​យក​លទ្ធផល​បោះ​ឆ្នោត​ដែល​កើត​ឡើង​ក្រោម​ការ​ដឹកនាំ​របស់​ខ្លួន?

ឯកអគ្គរដ្ឋទូត Murphy៖ ក្នុង​នាម​ជា​តំណាង​រដ្ឋាភិបាល​អាមេរិក​មួយ​រូប ខ្ញុំ​អាច​និយាយ​បា​ន​ថា​ខ្ញុំ​មាន​មោទនភាព​ចំពោះប្រទេស​ខ្ញុំ។ យើង​បាន​កសាង​សមិទ្ធផល​ជា​ច្រើន​ក្នុង​រយៈពេល​ជាង​២៤០​ឆ្នាំ​នៃ​ប្រជាធិប​តេយ្យ​របស់​យើង។ យើង​មាន​ដំណើរ​ការ​ឋិតថេរ​ចំពោះ​ការ​ព្យាយាម​ធ្វើ​ឲ្យ​សហព័ន្ធ​យើង​មាន​ភាព​ល្អ​ឥត​ខ្ចោះ​ហើយ​យើង​មាន​ទម្រង់​នៃ​រដ្ឋាភិបាល​ដែល​បម្រើ​យើង។​

ខ្ញុំ​មិន​មែន​មាន​ន័យ​ថាទម្រង់​រដ្ឋាភិបាល​យើង​ល្អ​ជាង​គេ​បំផុត​នោះ​ទេ។​ក៏​ប៉ុន្តែ​ អ្វី​ដែល​សំខាន់​នោះ​គឺ​លទ្ធិ​ប្រជាធិប​តេយ្យ​ជាគោលការណ៍​មូលដ្ឋាននៃ​រដ្ឋាភិបាល​មួយ​ដែល​បង្កើត​ឡើង​ពី​ពលរដ្ឋ និង​ដើម្បី​ពលរដ្ឋ។ ហើយ​គោល​ការណ៍ទាំង​អស់​នោះ​ទៀត​សោត​យើង​ឃើញ​វា​ដើរ​តួនាទី​សំខាន់​នៅ​សហរដ្ឋ​អាមេរិក។ មាន​ទស្សនៈជា​ច្រើន​នៅ​សហរដ្ឋអាមេរិក​ហើយ​ទស្សនៈ​ខ្លះ​រិះគន់​ខ្លាំងគួរ​សម។ ខ្ញុំ​អាច​និយាយ​បាន​ថា​ស្ថាប័ន​របស់​យើង​មាន​ភាពរឹងមាំ​ ជា​ពិសេស​នីតិរដ្ឋ និង​ប្រព័ន្ធ​តុលាការ និង​ការ​បែង​ចែក​អំណាច​យ៉ាង​ច្បាស់​លាស់​រវាង​ស្ថាប័ន​រដ្ឋ​អំណាចទាំង​៣។ ទាំង​នេះ​ហើយដែល​អាច​ធានា​នូវអន្តរ​កាល​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នា​ពេល​ខាង​មុខ។

​នៅ​អាមេរិក​យើង​មិន​ចេះ​តែ​ចាប់​មនុស្ស​ដោយ​សារ​ការ​បញ្ចេញ​មតិ​នោះ​ទេ។ យើង​មិន​ចេះ​តែ​ចោទ​ប្រកាន់​គេ។ យើង​ក៏​មិន​ចេះ​តែចោទ​គេ​ពី​បទ​ក្បត់​ជាតិ​ចំពោះ​ការបញ្ចេញ​មតិ​និង​ទស្សនៈ​រិះគន់​ចំពោះ​ដំណើរ​ការ​ប្រជាធិប​តេយ្យ​នោះ​ដែរ។ នេះ​ហើយ​ជា​ប្រជាធិប​តេយ្យ។

មាន​ទស្សនៈ​ជា​ច្រើន​នា​ពេល​ចុង​ក្រោយ​នេះ។ ខ្ញុំ​រីក​រាយ​ដែល​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ចំពោះ​សហរដ្ឋ​អាមេរិក​ទាំង​ជុំវិញ​ពិភព​លោក​និង​នៅ​កម្ពុជា។ ប៉ុន្តែ​គោល​ការណ៍​ទាំង​នេះ គឺ​ត្រឹម​ត្រូវ។​យើង​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​ខ្លាំង។

VOA៖ អញ្ចឹង​ខ្ញុំ​អាច​និយាយ​បានទេ​ថា​លោក​ Biden នឹង​ចូល​កាន់​អំណាច​នៅ​ខែ​មករា​ឆ្នាំ​ក្រោយ​នេះ?​

ឯកអគ្គរដ្ឋទូត Murphy៖ អាច​និយាយ​បាន​ថា​អាមេរិក​នឹង​មាន​អន្តរ​កាល​ផ្ទេរ​អំណាច​មួយ​ប្រកប​ដោយ​សន្តិវិធីនា​ពេល​ខាង​មុខ។ អង្គ​បោះ​ឆ្នោត​អាមេរិក​បាន​បញ្ជាក់​ដូច្នេះ​ហើយ​លោកប្រធានាធិបតី​ជាប់​ឆ្នោត​កំពុង​មមាញឹក​រៀបចំ​រដ្ឋបាល​របស់​លោក។ យើង​ចាំ​មើល​ថា​នឹង​មាន​ការ​វិវឌ្ឍ​យ៉ាង​ណា​ទៀត។ សភា​អាមេរិក​មាន​តួនាទី​តែង​តាំងសមាស​ភាព​មួយ​ចំនួន​ទៅ​ឲ្យ​គណៈ​រដ្ឋ​មន្ត្រី។ យើង​ចាំ​មើល​ទៀត​ថា​នឹង​មាន​អ្វី​កើត​ឡើង​នា​ពេល​ខាង​មុខ​ដ៏​ឆាប់​នេះ។​

VOA៖ អរគុណ​លោក​ឯកអគ្គ​រដ្ឋទូត។ តើ​លោក​រំពឹង​ថា​លោក Joe Biden នឹង​ដោះស្រាយ​ជាមួយ​ប្រទេស​ចិន ខុស​ពី​ប្រធានាធិបតី ​Trump ឬ​យ៉ាង​ណា? ក្នុង​រដ្ឋបាល​លោក​ Trump យើង​មើល​ឃើញ​សង្គ្រាម​ពាណិជ្ជកម្ម​កើត​ឡើង​ជា​បន្ត​បន្ទាប់។ ភាព​តាន​តឹង​និង​ការ​ប្រកួត​ប្រជែង​ជា​បន្ត​បន្ទាប់​រវាង​អាមេរិក និង​ចិន​កំពុង​កើន​ឡើង។ តើ​លោក ​Biden នឹង​មានយុទ្ធសាស្ត្រ​ទន់​ភ្លន់​ជាមួយ​ប្រទេស​ចិន​ឬយ៉ាង​ណា?​ហើយ​តើ​ប្រទេស​តូចៗ​ដូច​ជា​កម្ពុជា នឹង​អាច​រង​ផល​ប៉ះពាល់​អ្វី​ខ្លះ​ដែរ?

ឯកអគ្គរដ្ឋទូត Murphy៖ ខ្ញុំ​មិន​ទាន់​អាច​និយាយ​ជំនួស​ឲ្យ​រដ្ឋបាល​ថ្មី​នៅ​ឡើយ​ទេ។​ហើយ​ប្រធាធិបតី​ជាប់ឆ្នោត​នៅ​ពេល​គាត់​ចូល​កាន់​តំណែង គាត់​នឹង​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ និង​ចក្ខុ​វិស័យ​របស់​គាត់​ក្នុង​នាម​ជា​ប្រធានាធិបតី។ អ៊ីចឹង យើង​នឹង​រង់ចាំ​មើល​ទាំ​ង​អស់​គ្នា។​

ក្នុង​នាម​ជា​មន្ត្រី​ការទូត​និង​ជា​មន្ត្រីសាធារណៈមួយ​រូប ដែល​មាន​បទពិសោធន៍​ក្រាស់​ក្រាល​ក្នុង​តំបន់​នេះ ខ្ញុំ​អាច​និយាយ​បាន​ថា​នយោបាយ​អាមេរិក​និង​ផល​ប្រយោជន៍​ជាតិ​របស់​អាមេរិក​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ក្នុង​រដ្ឋបាល​នីមួយៗ។

រដ្ឋបាល​ចូល​កាន់​អំណាច​ថ្មី​នឹង​ផ្តោត​សំខាន់​លើ​គុណ​តម្លៃ និង​គោល​ការណ៍​ដូច​គ្នា។​ប្រជាធិប​តេយ្យ គឺ​ល្អ​។​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ជា​រឿង​សំខាន់​។​នីតិរដ្ឋ​ដ៏​រឹង​មាំ​ក៏​នឹង​ស្វះ​ស្វែង​ដើម្បី​ជំរុញ​ភាព​រុង​រឿង​របស់​អាមេរិក​តាម​រយៈ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​ដ៏​ល្អ​ព្រម​ទាំងទំនាក់​ទំនង​ការ​ទូត​យូរ​អង្វែងនៅ​ក្នុង​តំបន់។ ខ្ញុំ​យល់​ថា​វា​ស៊ី​សង្វាក់គ្នា​ល្អ​ណាស់​។

រដ្ឋបាល​ណា​មួយ​ក៏ដោយ​តែងប្រឈម​នឹង​បញ្ហា​ស្រដៀង​គ្នា​ដែល​តែង​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​គិត​ទាំង​ការ​រីក​សាយ​នៃ​អាវុធ​ប្រល័យ​លោក​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ការ​គំរាម​កំហែង​ដល់​សន្តិសុខ​ដែន​សមុទ្រ​ឥរិយាបទ​ឈ្លាន​ពាន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ដូច​គ្នា​ដែរ ឱកាស​ក៏​មាន​ភាព​សង់​តង់​គ្នា​ដែរ។ទន្លេ​មេគង្គ​មាន​សារៈ​សំខាន់​ចំពោះ​រដ្ឋបាល​ជា​ច្រើន​កន្លងមក​ហើយ​ខ្ញុំ​គិត​ថា​តំបន់​នេះ​នឹង​នៅ​តែ​មាន​សារៈ​សំខាន់។​អាស៊ាន​ក៏​មាន​សារៈ​ប្រយោជន៍​អញ្ចឹង​ដែរ។​

យើង​ត្រូវ​ចាំ​ថា​រដ្ឋបាល​មុន​បាន​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា (East Asia Summit) បង្កើត​ឲ្យ​មាន​តំណែង​ជា​បេសក​ទូត​ដំបូង​គេ​ប្រចាំ​អាស៊ាន​នៅ​ហ្សាកាតា។ រដ្ឋបាល​បច្ចុប្បន្ន បាន​បន្ត​បេសកកម្ម​ទាំង​នេះ។​

ខ្ញុំ​គិតថា​វា​ប្រហែល​ជា​ត្រឹម​ត្រូវ​ក្នុង​ការ​រំពឹង​ថា​រដ្ឋបាល​បន្ទាប់​នឹង​នៅ​តែ​បន្ត​ការងារ​ទាំង​នេះ។​ដូច្នេះ​សរុប​មក​វិញ​ខ្ញុំ​ចង់​និយាយ​ថា​កន្លង​មក​មាន​ភាព​សង់តង់​គ្នា​ជា​ច្រើន​ជុំ​វិញ​ផល​ប្រយោជន៍​របស់​អាមេរិក​ចំពោះសារៈ​សំខាន់​នៃតំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក និង​ជា​ពិសេស​តំបន់អាស៊ីអាគ្នេយ៍។​ដូច្នេះ​យើង​ចាំ​មើល​ទាំង​អស់​គ្នា​ថារដ្ឋបាល​ថ្មី​នឹងសម្រេច​ចិត្ត​យ៉ាង​ណា។​

Your browser doesn’t support HTML5

លោក ​Biden​ នឹង​ប្រឈម​មុខ​ជាមួយ​បញ្ហា​ក្នុង​​កិច្ច​ព្រមព្រៀង​​ពាណិជ្ជ​កម្ម​អាស៊ី​ប៉ាស៊ីហ្វិក​

VOA៖ ក្នុង​រយៈ​ពេល​ពីរឆ្នាំ​កន្លង​មក​នេះ​មាន​ការ​សង្ស័យ​ពី​សំណាក់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​និង​រដ្ឋាភិបាល​សម្ព័ន្ធ​មិត្ត​រួម​ទាំង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​ផង​ដែរមើល​ឃើញ​ថា​រដ្ឋាភិបាល​ចិន​មាន​សក្តានុពល​ក្នុង​ការ​កាន់​កាប់​ទ្រព្យ​សម្បត្តិ​យោធា​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ពោល​គឺ​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍តារាសាគរ​នៅ​ខេត្ត​កោះកុង​និង​នៅ​មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម។​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​មិនទាន់​បាន​បង្ហាញ​ភស្តុតាង​ជា​សាធារណៈ នៅ​ឡើយ​ទេ។ តើ​លោកមាន​គម្រោង​អ្វី​ទៅ​លើ​រឿង​នេះ​ទេ​ឬ​ក៏នៅ​តែ​បន្តបង្ហាញ​ការ​ព្រួយ​បារម្ភ​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​ឬ​ជា​ច្រើន​សប្តាហ៍​ទៅ​មុខ​ទៀត?

ឯកអគ្គរដ្ឋទូត Murphy៖ បាទ... មាន​សេចក្តី​រាយ​ការណ៍​គួរ​ឲ្យ​ទុក​ចិត្ត​មួយ​ចំនួន​តាម​ស្ថាប័នព័ត៌មាន​និង​ពី​ក្រុម​អ្នក​ជំនាញ​អំពី​បញ្ហា​នេះ​ហើយខ្ញុំ​លើក​ទឹក​ចិត្ត​ឲ្យ​អ្នក​អាន​ VOA​ តាម​ដាន​មើល​របាយការណ៍​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​ទាំង​នោះ។ យើងមាន​ក្តី​បារម្ភ​សម​ហេតុ​ផលមួយ​ទៅ​លើ​បញ្ហា​នេះ​នៅ​កម្ពុជា ហើយ​ក្តី​បារម្ភ​ដែល​យើង​បាន​សម្តែង​កន្លង​មក​ចំពោះកម្ពុជា គឺ​ការ​ព្រួយ​បារម្ភ​រ​បស់​យើង​ចំពោះ​អធិប​តេយ្យ​ភាព​រ​បស់​កម្ពុជា។

​យើង​សង្ឃឹម​ថា​អាជ្ញាធរ​កម្ពុជានឹង​ចាត់​វិធាន​ការ ដើម្បី​ការពារ​ឯករាជ​ភាព​នៃ​គោល​នយោបាយ​ការ​បរទេស​របស់​ខ្លួន​ ​អធិបតេយ្យ​ភាព​ទឹក​ដី​របស់​ខ្លួន​និង​គោរព​យ៉ាង​ខ្ជាប់​ខ្ជួន​នូវ​រដ្ឋធម្មនុញ្ញ​ដែល​ប្រទេស​នេះ​មាន ដែល​រដ្ឋ​ធម្មនុញ្ញ​នោះ​ហាម​ឃាត់​វត្តមាន​របស់​កង​ទ័ព​បរទេសការ​ឈរ​ជើង​របស់​បរទេស​នៅ​លើ​ទឹក​ដី​កម្ពុជា។​

អ្នកសារព័ត៌មានមួយរូបថតរូបភាពនៃនាវាល្បាតរបស់កងទ័ពជើងទឹកកម្ពុជា នៅក្នុងអំឡុងទស្សនកិច្ចពិសេសនិងកម្រមួយសម្រាប់អ្នកសារព័ត៌មាននៅមូលដ្ឋានទ័ពសមុទ្ររាម ក្នុងខេត្តព្រះសីហនុកាលពីថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ ២០១៩។ (សឹង សុផាត/VOA)

VOA៖​ លោក​ឯកអគ្គរដ្ឋទូត​នៅ​ពេល​ដែល​លោក​និយាយ​ជាមួយ​ពួក​យើង​កាល​ពី​ឆ្នាំ​មុន លោក​បាន​និយាយ​ថា​ស្ថាន​ភាព​នៃ​ទំនាក់​ទំនង​កម្ពុជា និង​អាមេរិកគឺ​ដូចជា​ទ្វារ​បើក​ពាក់​កណ្តាល​បិទ​ពាក់​កណ្តាល​អញ្ចឹង។ ដូច្នេះ​ឥឡូវ​នេះ​ដែល​យើង​កំពុង​ជជែក​គ្នា​ពេល​នេះតើ​លោក​សង្កេត​ឃើញ​ថា​វា​មាន​ទំនោរ​ជាក់​លាក់​មួយទេ​ថា​វា​បើក​ចំហ ឬ​បិទ​ជិត​តែ​ម្តង?

ឯកអគ្គរដ្ឋទូត Murphy៖ អ្នក​ដឹង​ហើយ​ ដូច​ដែល​អ្នក​បាន​លើក​ឡើង។ ខ្ញុំ​បាន​មក​ដល់​ទី​នេះ​ជាង​១៥​ខែ​លើ​ស​មួយ​ឆ្នាំ​បន្តិច។ វា​ជា​ពេល​ដ៏​រីករាយ​សម្រាប់​ខ្ញុំ​ក្នុង​នាម​ជា​ឯក​អគ្គរដ្ឋ​ទូត​សហរដ្ឋ​អាមេរិក​នៅ​ទីនេះ។ ទំនាក់​ទំនង​នេះ​មាន​សារៈសំខាន់​សម្រាប់​យើង ហើយ​ខ្ញុំ​បាន​ប្រើ​ពេល​វេលា​នេះ​ជា​ឱកាស​មួយ​ដើម្បី​ទស្សនា​ខេត្ត​ទាំង​អស់​ក្នុង​ប្រទេស​ជួប​ពលរដ្ឋ​កម្ពុជា​ខុសៗ​គ្នា​ជា​ច្រើន។ ខ្ញុំ​ទាក់​ចិត្ត​ទៅ​នឹង​ចំណុចវិជ្ជមាន​ជា​ច្រើន​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​គឺ​ភាព​អត់​ធន់​ ​អំណត់​អត់​ធ្មត់​ការ​គោរព​ ភាព​ក្មេង​វ័យ​ច្នៃ​ប្រឌិត បង្កើត​ថ្មី​និង​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​បន្ត​ក្លាយ​ជា​ប្រទេស​មួយ​ដែល​កាន់​តែ​ប្រសើរ​មាន​វិបុល​ភាព​និង​ស្ថិរភាព​កាន់​តែ​ខ្លាំង។ ហើយ​ខ្ញុំ​ឮ​ពី​មតិ​ជា​ច្រើន​ដែល​ចង់​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស។ ដូច្នេះ​អ្វី​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​គឺ​ឱកាស​នេះ​ឯង។

យើង​បាន​ប្រើ​ប្រាស់​ឆ្នាំ​នេះ​ក្នុង​ការ​ផ្តោត​លើ​ភាព​ជា​ដៃ​គូ​សំខាន់​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ដែល​យើង​ធ្វើការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ក្នុង​ស្រុកដែល​តាម​ការ​កត់សម្គាល់​របស់​ខ្ញុំ​មាន​ដូចជា​ពាណិជ្ជកម្ម​និង​វិនិយោគ កសិកម្ម បរិស្ថាន​ស្ត្រី​និង​យេនឌ័រ​ យុវជន សុខភាព​សាធារណៈ​ ការ​អនុវត្ត​ច្បាប់​និង​រួម​ទាំង​លទ្ធិ​ប្រជាធិប​តេយ្យ​និង​សិទ្ធិ​មនុស្ស។​

ដូច្នេះ ខ្ញុំ​នៅ​តែ​មាន​សុទិដ្ឋិ​និយម។ ខ្ញុំ​ខក​ចិត្ត​ចំពោះ​ការ​ដើរ​ថយ​ក្រោយ​មួយ​ចំនួន​លើផ្នែក​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ពីព្រោះ​ប្រជា​ពលរដ្ឋ​កម្ពុជា​ជា​ច្រើន មាន​ការ​ខក​ចិត្ត។ ប៉ុន្តែ​

ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា​អាច​មាន​ការ​ផ្លាស់​ប្តូរ​វិញ​ពីព្រោះ​កម្ពុជា​បាន​បង្ហាញថា​ខ្លួន​អាច​នឹងចង់​ធ្វើ​រឿង​ទាំង​នេះ។​

ហើយ​កម្ពុជា​មាន​សក្តានុពល​អាច​នឹង​ក្លាយ​ជា​តារា​រះ​ចែង​ចាំង​នៅ​ក្នុង​តំបន់​នេះ​ប្រសិន​បើ​ប្រទេស​នេះ​ប្រកាន់​ខ្ជាប់​នូវ​គោល​ការណ៍​និង​គុណ​តម្លៃ​ទាំង​អស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​និង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​អំពីវិធី​សាស្ត្រ​ពង្រឹង​វិស័យទាំង​នេះ​ឲ្យ​រីក​ចម្រើន​ទៅ​មុខ។​

VOA៖ ទំនាក់​ទំនង​ស្និទ្ធស្នាល​មួយ​ដែល​មើល​ឃើញតាម​រយៈ​លិខិត​ឆ្លង​ឆ្លើយ​រវាង​លោកប្រធានាធិបតី​ដូ​ណាល់​ ត្រាំ​ និង​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ដោយ​និយាយ​អំពី​ការ​បង្កើត​ឲ្យ​មាន​ក្រុម​ការងារ​កិច្ចការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ធ្វើ​ការ​រួម​គ្នា។​តើ​ការ​បញ្ចប់​តំណែង​លោក​ប្រធានាធិបតី Trumpនឹង​ធ្វើ​ឲ្យ​ការ​ឆ្លើយ​ឆ្លងបែប​នោះ​វិល​ត្រឡប់​ទៅ​រក​សូន្យ​វិញ​ដោយ​ចាប់​ផ្តើម​ថ្មី​ម្តង​ទៀត​ជាមួយ​រដ្ឋបាលលោក​Biden​ដែរ​ឬ​ទេ?​

ឯកអគ្គរដ្ឋទូត Murphy៖ ចាំ​មើល​ជាក់​ស្តែង​សិន។​ ខ្ញុំ​ចង់​លើក​ឡើង​អំពី​ភាព​ស៊ី​ចង្វាក់​របស់យើង​តាំង​ពី​អតី​តកាល​ទៅ​លើ​អ្វី​ដែល​យើង​ចាប់​អារម្មណ៍ គោល​ដៅ​និងគោល​បំណងក៏​ដូច​ជា​ភាព​ស៊ី​ចង្វាក់របស់​យើង​ក្នុង​ការ​មើល​នូវ​អ្វី​ដែល​ជា​ប​ញ្ហាប្រឈម និង​ឱកាស។

ប៉ុន្តែ​អ្នក​ដឹង​ទេ​ខ្ញុំ​គិត​ថា​វា​សំខាន់​ណាស់​សម្រាប់​ខ្ញុំ​ក្នុង​ការ​ថ្លែង​អំពី​វា។​ យើង​ឃើញ​ទិដ្ឋភាព​វិជ្ជ​មាន​ចំពោះ​ទំនាក់​ទំនង​នេះ។ យើង​មាន​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​ល្អ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​ច្បាប់​ដើម្បី​ដោះ​ស្រាយ​ឧក្រិដ្ឋកម្ម និង​ប្រឆាំងការ​រីក​សាយ​ភាយ​នៃ​អាវុធ។

យើង​មាន​ទំនាក់​ទំនង​រឹង​មាំ​រវាង​ពលរដ្ឋ​និង​ពលរដ្ឋ។ យើង​មាន​ភាព​ខុស​គ្នា​ខ្លះ​ដែរ​ពីមួយ​ពេល​ទៅ​មួយ​ពេល។​ហើយ​យើង​ចង់​ឃើញ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដើម្បី​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ​និង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អនុវត្ត​នីតិរដ្ឋនៅ​ទី​នេះ​ពីព្រោះ​យើង​ឃើញ​មាន​ការ​ធាក់​ថយ​ក្រោយ​មួយ​ចំនួន​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ យើង​នឹង​បន្ត​ធ្វើ​វា។

ខ្ញុំប្រាកដ​ក្នុង​ចិត្ត​ក្នុង​ការ​ផ្តល់​សារ​ទៅ​កាន់​គ្រប់​ផ្នែក​ទាំង​អស់។ ​វា​មិន​មែន​ជា​ទំនាក់​ទំនង​ល្អ​ឥត​ខ្ចោះ​នោះទេ ប៉ុន្តែ​អ្វី​ដែល​លើក​ទឹក​ចិត្ត​ខ្ញុំ​នោះគឺ​ទំនាក់​ទំនង​ដ៏យូរ​អង្វែង និង​រឹងមាំ​រវាង​ប្រជា​ពលរដ្ឋ​របស់​យើង។ ទំនាក់​ទំនង​រវាង​ពលរដ្ឋ​និង​ពលរដ្ឋរបស់​យើង​អាច​ចាត់​ទុក​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​ទំនាក់​ទំនង​ល្អ​ខ្លាំង​ជាងនៅ​ក្នុង​តំបន់​នេះ។ យើង​មាន​ជន​ជាតិ​អាមេរិកាំង​ដែល​ជា​បុគ្គល​ឯកជន​ជា​ច្រើន ដែល​មក​កម្ពុជា ​ក្នុង​នាម​ជា​អ្នក​ទេសចរ​ជា​អ្នក​ជំនួញ​ក្នុង​នាម​ជា​អ្នក​ធ្វើ​ការ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​និង​ជា​បុគ្គលិក​ស្ថាប័ន​និង​ក្រុម​ហ៊ុន​អន្តរ​ជាតិ​ដែល​ធ្វើ​ការ​ល្អៗ​នៅ​ទី​នេះ។

យើង​មាន​មោទនភាព​ចំពោះ​កម្មវិធី​អាហារូបករណ៍​ Fulbright របស់​យើង និង​កម្មវិធី​អ្នក​ស្ម័គ្រចិត្ត​របស់​ទីភ្នាក់ងារ​ Peace Corps ។

យើង​ក៏​ឃើញ​មាន​ពលរដ្ឋ​កម្ពុជា​កាន់​តែ​ច្រើន​ឡើងៗ​ទៅ​សហរដ្ឋអាមេរិក។​

មែន​ទែន​ទៅជន​ជាតិ​អាមេរិកាំង​ប្រមាណ​៣០​ម៉ឺន​នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើតហើយ​ចំនួន​ពលរដ្ឋ​ទាំង​នេះ​បាន​បន្តរួម​ចំណែក​ឲ្យ​មានភាពជិត​ស្និទ្ធ​ថែម​ទៀត​តាម​រយៈ​ការ​ធ្វើ​ជំនួញ​ទេសចរណ៍​ការ​ភ្ជាប់​ទំនាក់​ទំនង​ឡើង​វិញ​ជាមួយគ្រួសារ​និង​តាម​ភូមិ​ឃុំកំណើត​របស់​អ្នក​ទាំង​នោះ។

ខ្ញុំ​គិត​ថា​មូលដ្ឋានគ្រឹះរឹងមាំ​នេះ​នឹង​ក្លាយ​ជាគ្រឹះ​មួយទៅ​ថ្ងៃ​ខាង​មុខ។​ខ្ញុំ​សង្ឃឹម​ថា​វា​នឹង​បន្ត​រឹង​មាំ​ព្រោះ​យើង​ចាំបាច់​ណាស់​ក្នុង​ការ​ធ្វើ​ឲ្យវិវឌ្ឍទៅ​មុខ​លើ​វិស័យ​ដែល​យើង​មិន​ទាន់បាន​ឃើញ​ផ្ទាល់​ភ្នែក។

VOA៖​ លោក​ឯកអគ្គ​រដ្ឋទូត​សម្រាប់​កម្ពុជា​ដែលនឹង​មាន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នៅ​ឆ្នាំ​២០២២ និង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ឆ្នាំ​២០២៣ តើ​កម្ពុជា​ត្រូវ​ការ​អ្វី​ខ្លះ​ ដើម្បី​ធ្វើ​ឲ្យ​ការ​បោះ​ឆ្នោត​នោះ មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​តាម​ទស្សនៈ​របស់រ​ដ្ឋា​ភិបាល​សហរដ្ឋអាមេរិក​?​

ឯកអគ្គរដ្ឋទូត Murphy៖ ពិត​ណាស់​ ការ​បោះ​ឆ្នោត​ទាំង​នោះ​នឹង​មាន​សារៈ​សំខាន់​ណាស់​ពីព្រោះ​ការ​បោះ​ឆ្នោត​មាន​សារៈ​សំខាន់​នៅ​ក្នុង​លទ្ធិ​ប្រជាធិប​តេយ្យ។​ទោះ​ថា​វា​មិន​មែនជា​អ្វីៗ​គ្រប់​យ៉ាង​ក៏​ដោយតែមូលដ្ឋាន​គ្រឹះ​គឺ​វា​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ គឺ​មូល​ដ្ឋាន​ដែល​អនុវត្ត​ជាប្រចាំ​ដែល​រួម​មាន​នីតិរដ្ឋដែល​រឹងមាំ​តម្លាភាព ការ​គិតគូរ និង​ផ្តល់​ប្រយោជន៍​ដូចៗគ្នា ការ​ប្រឹង​ប្រែង​ក្នុង​ការ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​បញ្ចេញ​មតិ និង​ស្វាគមន៍​ចំពោះ​ការ​ប្រឆាំង និង​ការ​រិះគន់។​នេះ​ទំនង​ជា​អ្វី​ដែល​ខ្ញុំ​គិត​ថាសំខាន់​បំផុត។

នៅ​ពេល​អ្នក​ត្រូវ​បោះ​ឆ្នោត​អ្នក​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា​មូល​ដ្ឋាន​ទាំង​អស់​នោះ​រឹ​ងមាំ​ដើម្បី​ឲ្យ​ពលរដ្ឋ​អាច​ចូលរួម​បាន​អាច​ឲ្យ​ពលរដ្ឋ​មាន​ទស្សនៈផ្សេង​ៗ​គ្នា​គណ​បក្ស​ជា​ច្រើន​អាច​ចូល​រួម​ប្រកួត​ប្រជែងនៅ​ក្នុង​ដំណើរ​ការ​មួយដែល​ត្រូវ​បាន​គេ​មើលនិង​ទទួល​យក​ថា​មាន​លក្ខណៈសេរី​និង​យុត្តិធម៌។​ដូច្នេះ​វា​ត្រូវ​ការ​ការងារ​ច្រើន​ហើយ​ខ្ញុំ​គិត​ថា​ការងារ​នេះ​បាន​ចាប់ផ្តើម​ឥឡូវ​នេះ​ហើយ។​ឆ្នាំ​២០២២ ក៏​នឹង​មាន​សារៈ​សំខាន់ដែរ។ កម្ពុជា​នឹង​ធ្វើ​ជា​ប្រធាន​អាស៊ាន​ហើយ​វា​ជា​ឆ្នាំ​ដ៏​សំខាន់​មួយដែល​កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​ថ្នាក់​ដឹកនាំ​ពី​បណ្តា​ប្រទេស​នៃ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​ទាំង​មូល​រួម​ទាំង​សហរដ្ឋអាមេរិក​និង​ប្រទេស​សំខាន់ៗ​ផ្សេង​ទៀត​ក៏​ដូច​ជា​តួអង្គ​អ្នក​ពាក់​ព័ន្ធ​សំខាន់ៗ​នានា​នៅ​ក្នុង​តំបន់។ កម្ពុជា​នឹង​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​បង្កើត​របៀប​វារៈ​បង្កើត​ឈុត​ឆាកពី​ក្រោយ​ដែល​ស្វាគមន៍​មេដឹកនាំ​ទាំង​អស់​នោះ​ដើម្បី​ឲ្យ​តំបន់​នេះ​អាច​រួម​គ្នា​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​ធំ​ៗក្នុង​តំបន់ ក្នុងពិភព​លោកនិង​បញ្ហា​ផ្សេង​ទៀត។

មូលដ្ឋាន​គ្រឹះ​ដែល​ខ្ញុំ​កំពុង​និយាយ​នេះ​គឺ​សម្រាប់លទ្ធិ​ប្រជា​ធិប​តេយ្យសិទ្ធិ​មនុស្ស នីតិ​រដ្ឋ​និង​ការ​ជួយ​ប្រទេស​មួយ​ឲ្យ​ក្លាយ​ជា​ម្ចាស់​ផ្ទះ និង​ប្រធាន​អាស៊ាន​ដ៏​ល្អ​មួយ ហើយ​នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​សម្រាប់​ឆ្នាំ​ក្រោយ។​

VOA៖ សំណួរ​ចុង​ក្រោយ លោក​ឯកអគ្គរដ្ឋទូត​ តើ​លោក​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទេ​ទាក់​ទង​នឹង​បញ្ហា​ដ៏​ក្តៅ​គគុក​បំផុត​នៃ​ទំនាក់​ទំនង​រួម​ទាំង​ការបញ្ជូនពលរដ្ឋ​សញ្ជាតិ​អាមេរិក​កាំង​ដើម​កំណើត​ខ្មែរនិង​បំណុល​ដែល​សល់​ពី​របប​លន់ នល់។​តើ​អ្នក​រំពឹង​ថា​នឹង​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ណា​មួយ​ទេ​នា​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​ទៀត?

ឯកអគ្គរដ្ឋទូត Murphy៖ អ្នក​ដឹង​ហើយ​ ​ប្រទេស​ទាំង​អស់​ត្រូវ​មានទំនួល​ខុស​ត្រូវ។​នៅ​ពេល​មាន​អ្នក​ចូល​មក​រស់​នៅ​ដែលប្រព្រឹត្ត​ល្មើស​នឹងច្បាប់​ឬ​គ្មាន​ភាព​ស្រប​ច្បាប់​ក្នុង​ការ​តាំង​ទី​លំនៅ​នោះ​ប្រទេសដើម​កំណើតមាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​នាំ​ពួក​គេ​ត្រឡប់​ទៅ​វិញ។ ជា​រៀង​រាល់​ឆ្នាំកម្ពុជា​បាន​បណ្តេញ​ជន​បរទេស​ជា​ច្រើន​ដែល​រស់​នៅ​គ្មាន​ភាពស្រប​ច្បាប់​នៅ​ទីនេះ។​ប្រទេស​ទាំង​អស់​នោះ​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​នាំ​ពលរដ្ឋ​របស់​ខ្លួន​ត្រឡប់​ទៅ​វិញ​ក្នុង​នោះ​រួម​ទាំង​សហរដ្ឋ​អាមេរិក​ផង។​

យើង​ឃើញ​មានជនជាតិ​អាមេរិកាំង​ដែល​រស់​នៅ​មិន​ស្រប​ច្បាប់ក្នុង​ប្រទេស​កម្ពុជា។​យើង​មាន​កាតព្វ​កិច្ច​ក្នុង​ការ​យក​ពួកគេ​ទៅ​វិញ ហើយ​យើង​បាន​ធ្វើ​វា។

កម្ពុជា​ក៏​ត្រូវមាន​កាតព្វកិច្ច​ក្នុង​ការ​ទទួល​យក​ពលរដ្ឋ​របស់​ខ្លួន​ពី​សហរដ្ឋ​អាមេរិក​វិញដែល​អាមេរិកបាន​ប្រើ​គ្រប់​មធ្យោបាយ​ស្រប​ច្បាប់​ប្រើ​ដំណើរ​ការ​ក្នុងប្រព័ន្ធ​តុលាការ​របស់​យើង​ក្នុង​ការ​ពិនិត្យ​ឡើង​វិញ រហូត​ដល់​អស់​ជម្រើស​ហើយ​ដែរ។

កន្លង​មក​យើង​មាន​កិច្ច​សហ​ប្រតិបត្តិ​ការ​ល្អ​លើ​ដំណើរ​ការ​នេះ​ហើយ​ខ្ញុំ​សង្ឃឹម​ថា​យើង​នឹង​បន្ត​ទៅ​មុខ​ទៀត។ រដ្ឋបាល​ណា​មួយ​ក៏ដោយត្រូវ​មាន​ទំនួល​ខុស​ត្រូវ​តាម​ច្បាប់​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​យើង។ ហើយខ្ញុំ​គិត​ថា​បញ្ហា​នេះ​នឹង​នៅ​តែ​ជា​បញ្ហា​មួយ​ដែល​យើង​ធ្វើ​ការរួមគ្នា។​

VOA៖ ចុះ​ចំណែក​ឯ​រឿងបំណុលនៅ​របប​ លន់​ នល់ កាល​ពីឆ្នាំ​១៩៧០​ វិញ?

ឯក​អគ្គរដ្ឋទូត ​Murphy៖​ ជំហរ​របស់​យើង​លើ​បញ្ហា​នេះដែល​យើង​និយាយ​ជា​សាធារណៈ និង​កន្លង​មក​គឺ​ថា​ប្រទេស​ទាំង​អស់​មាន​ទំនួល​ខុស​ត្រូវ។ រដ្ឋាភិបាល​ទាំង​អស់​មាន​ទំនួល​ខុស​ត្រូវ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​បំណុល​អន្តរ​ជាតិ​របស់​ពួក​គេ។ កម្ពុជា​ជំពាក់​បំណុលអាមេរិក​ខ្លះ។ កម្ពុជា​ក៏​ជំពាក់​បំណុល​ប្រទេស​ដទៃ​ទៀត​ដែរ ហើយ​ជំពាក់ប្រទេស​ផ្សេងច្រើន​ជាង​សហរដ្ឋអាមេរិក​ទៅ​ទៀត។ ដូច្នេះ​យើង​ទន្ទឹង​រង់​ចាំ​ស្តាប់​ពី​ខាង​រដ្ឋាភិបាល​កម្ពុជា​នៅ​ពេល​ខាង​មុខ​ទៀត។

VOA៖ អរ​គុណ​លោកឯកអគ្គរដ្ឋ​ទូត​ដែល​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​VOA។

ឯកអគ្គរដ្ឋទូត Murphy៖ ​ខ្ញុំ​រីករាយ​បាន​ជជែក​ជាមួយ​លោក។ សូម​ជូន​ពរ​លោក និង​សហការី VOA​ រីក​រាយ​នឹង​ទិវា​ចូលឆ្នាំ​សាកល​ខាង​មុខ​នេះ៕