អ្នកស្រី Harris ប្រឈម​នឹង​ឧបសគ្គ និង​ឱកាស​ក្នុង​នាម​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ

អ្នកស្រី Kamala Harris បេក្ខជន​អនុប្រធានាធិបតី​សហរដ្ឋអាមេរិក​ឆ្នាំ ២០២០ ថ្លែង​ក្នុង​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​សម្រាប់​ថ្ងៃ​ទី ៣ នៅ​ក្រុង Wilmington រដ្ឋ Delaware។

ពេល​នេះ​ជា​ពេល​វេលា​សំខាន់​មួយ​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​សហរដ្ឋ​អាមេរិក ដែល​អ្នកស្រី Kamala Harris ដែល​ជា​ពលរដ្ឋ​អាមេរិកាំង​ជាប់​ពូជពង្ស​ហ្សាម៉ាអ៊ីក និង​ឥណ្ឌា ទទួល​យក​ការតែងតាំង​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ។

អ្នកស្រី Harris បាននិយាយ​ថា៖ «យើង​ទាំងអស់គ្នា​ឋិត​នៅ​ក្នុង​ការ​ប្រយុទ្ធ​នេះ​ជាមួយ​គ្នា។ នេះ​ជា​កាតព្វកិច្ច​មួយ​ដ៏​អស្ចារ្យ។ នេះ​ជា​បុព្វសិទ្ធិ​មួយ​ដ៏​អស្ចារ្យ»។

ការ​អំពាវនាវ​របស់​អ្នកស្រី​គឺ​ត្រូវចិត្ត​របស់​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​ជា​ច្រើន។

អ្នកស្រី Dorian Tyus ដែល​ជា​អ្នក​បោះឆ្នោត​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ និយាយ​ថា៖ «យុវជន​ជា​ច្រើន​នៅ​ទូទាំង​ប្រទេស​អបអរ​សាទរ និង​មាន​អារម្មណ៍​ជិតស្និទ្ធ​ជាមួយ​នឹង​អ្នកស្រី ដោយសារតែ​ការ​អំពាវនាវ​នេះ»។

កន្លង​មក​ធ្លាប់​មាន​បេក្ខជន​អនុ​ប្រធានាធិបតី ២ នាក់​មុន​អ្នកស្រី Harris ដែល​នោះ​គឺ​អ្នកស្រី Geraldine Ferraro ខាង​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ ១៩៨៤ និង​អ្នកស្រី Sarah Palin ខាង​គណបក្ស​សាធារណរដ្ឋ​កាល​ពី​ឆ្នាំ ២០០៨។

អ្នកស្រី Ferraro និង​អ្នកស្រី Palin ត្រូវបាន​ជ្រើសតាំង​ដើម្បី​ផ្តល់​កម្លាំង​ដល់​ការ​ឃោសនា​បោះឆ្នោត​សម្រាប់​គណបក្ស​ដែល​មាន​អត្រា​គាំទ្រ​តិច​ជាង​គូ​ប្រជែង​នៅ​ក្នុង​ការ​ស្ទង់​មតិ។ ក៏ប៉ុន្តែ សម្រាប់​អ្នកស្រី Harris វិញ អ្នកស្រី​ចូលរួម​ជាមួយ​លោក Biden នៅ​ពេល​ដែល​ការ​ស្ទង់​មតិ​បង្ហាញ​ថា លោក​ Biden ជា​អ្នក​នាំ​មុខ​គូ​ប្រជែង។

លោក William Howell នៃ​សាកលវិទ្យាល័យ Chicago និយាយ​ថា៖ «លោក Biden ពឹង​ពាក់លើ​កម្លាំង​ពិត​ប្រាកដ​របស់​គណបក្ស ហើយ​លោក​យល់​ថា​អ្នកស្រី Harris ដែល​ជា​ស្ត្រី​មិនមែន​ស្បែក​ស​ស័ក្តិសម​ជា​ដៃគូ​ឈរ​ឈ្មោះ​របស់​លោក​សម្រាប់​ការបោះឆ្នោត​នេះ។ ករណី​នេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទិសដៅ​នៃ​គណបក្ស​ប្រជាធិបតេយ្យ និង​ទិសដៅ​សម្រាប់​សហរដ្ឋ​អាមេរិក»។

អ្នក​នយោបាយ​ជា​ស្ត្រី​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​បាន​ជួប​ប្រទះ​ជា​យូរ​មកហើយ​នូវ​ឧបសគ្គ​បន្ថែម បើ​ប្រៀបធៀប​ជាមួយ​អ្នក​នយោបាយ​ជា​បុរស។ ឧបសគ្គ​បន្ថែម​ទាំង​នោះ​មាន​ដូចជា​ការណ៍​ដែល​ត្រូវ​គេ​វាយតម្លៃ​លើ​រូបរាង ឬ​ក៏​សំឡេង​របស់​ពួកគេ​ជាដើម។

បន្ថែម​ពី​លើ​នេះ​ទៀត ក្នុង​នាម​ជា​បេក្ខជន​ជា​ស្ត្រី​មិនមែន​ស្បែក​ស អ្នកស្រី Harris ប្រឈម​នឹង​ការ​វាយតម្លៃ​បន្ថែម​ទាក់ទិន​នឹង​ប្រវត្តិ​គ្រួសារ​របស់​អ្នកស្រី។ ទោះបីជា​អ្នកស្រី​ជា​ពលរដ្ឋ​អាមេរិកាំង​កើត​ក្នុង​រដ្ឋCalifornia ក៏​ដោយ ក៏​លោក​ប្រធានាធិបតី Donald Trump មិន​បាន​ច្រានចោល​នូវ​ការ​អះអាង​គ្មាន​មូលដ្ឋាន​ដែល​ថា អ្នកស្រី Harris គ្មាន​សិទ្ធិ​ឈរ​ឈ្មោះ​ជា​បេក្ខជន​អនុ​ប្រធានាធិបតី​នោះ​ទេ ដោយសារតែ​មាន​ឪពុក​ម្ដាយ​ជា​ជន​អន្តោប្រវេសន៍។

ទោះបីជា​យ៉ាងណា​ក៏ដោយ នៅ​ទីបំផុត​វា​អាស្រ័យ​លើ​អ្នក​បោះឆ្នោត ដែល​ជា​អ្នក​សម្រេច​លើ​រឿង​ដែល​ត្រូវ​ជឿ។

លោក Abullah Haydar ដែល​ជា​អ្នកបោះឆ្នោត​ឯករាជ្យ និយាយ​ថា៖ «ក្នុង​នាម​ជា​មនុស្ស​ម្នាក់​ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​អន្តោប្រវេសន៍ អ្នក​មិន​ចាំបាច់​ត្រូវ​ព្យាយាម​បង្ហាញ​ឲ្យ​គេ​ឃើញ​ថា​អ្នក​ជា​ពលរដ្ឋ​អាមេរិកាំង​ម្ដង​ហើយ​ម្ដង​ទៀត​នោះ​ទេ ដោយសារ​ពួក​អ្នក​រើសអើង​ជាតិ​សាសន៍​នឹង​មិន​ងាយ​ជឿ​អ្នក​ឡើយ [ដោយសារ​គំនិត​រើសអើង​នេះ​នៅ​ដក់​ជាប់​នឹង​គំនិត​របស់​ពួកគេ​រួច​ស្រេច​ទៅ​ហើយ]»។

អ្នកស្រី Harris ដែល​ជា​អតីត​រដ្ឋអាជ្ញា នឹង​បំពេញ​មុខ​នាទី​សំខាន់​មួយ​នៅ​ក្នុង​ការ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ការ​វាយ​ប្រហារ​ដោយ​ពាក្យ​សម្តី​របស់​គណបក្ស​ប្រជាធិបតេយ្យ​លើ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump។

លោក​ប្រធានាធិបតី Trump កន្លង​មក ធ្លាប់​បាន​ហៅ​អ្នកស្រី Harrisថា​ជា​មនុស្ស «អាក្រក់» និង «កំណាច» ដែល​អ្នក​ខ្លះ​ចាត់ទុក​ពាក្យ​ទាំង​នេះ​ថា​មាន​លក្ខណៈ​ប្រកាន់​ភេទ។

ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នកស្រី Harris មាន​ឱកាស​ច្រើន​ធ្វើ​ជា​អនាគត​នៃ​គណបក្ស​របស់​អ្នកស្រី។

សម្រាប់​លោក Biden ប្រសិនបើ​ជាប់​ឆ្នោត លោក​នឹង​មាន​អាយុ ៧៨ ឆ្នាំ​នៅ​ពេល​ស្បថ​ចូល​កាន់​តំណែង​នៅ​ខែ​មករា ដោយ​ធ្វើ​ឲ្យ​លោក​ក្លាយជា​បុរស​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ដែល​កាន់​តំណែង​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក។

សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​កាល​ពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឲ្យ​ឃើញ​អំពី​ភាព​ចម្រុះ​ជាតិ​សាសន៍​និង​វប្បធ៌ម​របស់​គណបក្ស​ប្រជាធិបតេយ្យ និង​គម្លាត​ជំនាន់​នៅ​ក្នុង​គណបក្ស។

លោក William Howell នៃ​សាកលវិទ្យាល័យ Chicago ថ្លែង​ថា៖ «លោក Biden បង្ហាញ​សញ្ញា​ថា​លោក​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ការ​ផ្ទេរ​កិច្ចការ​ឱ្យ​អ្នកស្រី Harris និង​អ្នក​ដែល​មាន​លក្ខណៈ​សម្បត្តិ ទស្សនៈ​វិស័យ និង​បទ​ពិសោធន៍​ជីវិត​ដូច​អ្នកស្រី Harris»។

ករណី​នេះ​មាន​ន័យ​ថា មិន​ថា​លោក Joe Biden ឈ្នះ ឬ​ក៏​ចាញ់​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ ២០២០ នេះ​នោះ​ទេ អ្នកស្រី Kamala Harris ទំនងជា​នឹង​សម្លឹង​ឆ្ពោះ​ទៅ​មុខ​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤៕

ប្រែ​សម្រួល​ដោយ​លោក ឈឹម សុមេធ