អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris នឹងធ្វើទស្សនកិច្ចទៅកាន់តំបន់គ្មានយោធា (DMZ) នៅព្រំដែនរវាងប្រទេសកូរ៉េខាងត្បូងនិងប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ស្អែក។ នេះបើតាមការបញ្ជាក់របស់មន្ត្រីសេតវិមានកាលពីថ្ងៃអង្គារ។
ដំណើរទស្សនកិច្ចរបស់អ្នកស្រី Harris ទៅកាន់តំបន់ DMZ នេះនឹងក្លាយជាដំណើរទស្សនកិច្ចដែលមានការចាប់អារម្មណ៍ខ្លាំងបំផុតរបស់មន្ត្រីសហរដ្ឋអាមេរិកទៅកាន់តំបន់នេះនៅក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ។
អ្នកស្រី Harris បានចំណាយពេលភាគច្រើននៃទស្សនកិច្ចរបស់អ្នកស្រីនៅសប្ដាហ៍នេះនៅក្នុងប្រទេសជប៉ុនហើយនឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍ស្អែក។ ប្រទេសទាំងពីរនេះគឺជាប្រទេសនៅតំបន់អាស៊ីខាងកើតដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden យល់ឃើញថាជាសម្ព័ន្ធមិត្តដ៏សំខាន់នៅក្នុងតំបន់ នៅចំពេលដែលប្រទេសចិនកំពុងបង្ហាញឥរិយាបថកាន់តែក្អេងក្អាងជាងមុន។
អ្នកស្រី Harris ស្ថិតក្នុងចំណោមឥស្សរជនបរទេសជាច្រើនរូបដែលចូលរួមក្នុងពិធីបុណ្យសពផ្លូវរដ្ឋរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុនលោក Shizon Abe កាលពីថ្ងៃអង្គារនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
នៅក្នុងដំណើរទស្សនកិច្ចរបស់អ្នកស្រីនៅក្នុងប្រទេសជប៉ុន អ្នកស្រីបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសម្ពន្ធភាពរវាងសហរដ្ឋអាមេរិកនិងប្រទេសជប៉ុន នៅចំពេលដែលមានការប្រឈមនឹងឥទ្ធិពលរបស់ប្រទេសចិន។
អ្នកស្រីបញ្ជាក់ដូច្នេះថា៖ «សម្ពន្ធភាពរវាងប្រទេសជប៉ុននិងសហរដ្ឋអាមេរិកគឺជាគ្រឹះនៃអ្វីដែលយើងជឿថាមានសារៈសំខាន់ចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។ ហើយនេះគឺជាអ្វីដែលយើងផ្ដល់អាទិភាព ដោយហេតុថាយើងក៏ជឿជាក់ផងដែរថាវាផ្ដល់ប្រយោជន៍ខ្ពស់បំផុតដល់ប្រជាពលរដ្ឋអាមេរិកាំងទាក់ទិននឹងសន្តិសុខនិងវិបុលភាពរបស់ពួកគេ ហើយយើងក៏ជឿជាក់ថាវាផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋជប៉ុនដូចគ្នានេះផងដែរ»៕
អ្នកស្រី Harris នឹងធ្វើទស្សនកិច្ចទៅតំបន់គ្មានយោធា (DMZ) នៅព្រំដែនរវាងកូរ៉េទាំងពីរ
សេតវិមាន —