ការបោះឆ្នោតប្រជាមតិដែលរៀបចំឡើងដោយអាជ្ញាធរដែលតែងតាំងដោយប្រទេសរុស្ស៊ីនៅក្នុងតំបន់ ៤ នៃប្រទេសអ៊ុយក្រែនដើម្បីភ្ជាប់តំបន់ទាំង ៤ នោះជាផ្នែកមួយនៃប្រទេសរុស្ស៊ី គ្រោងនឹងបញ្ចប់នៅថ្ងៃអង្គារនេះ។
ការធ្វើប្រជាមតិនេះត្រូវបានរដ្ឋាភិបាលអ៊ុយក្រែននិងសម្ព័ន្ធមិត្តបស្ចិមប្រទេសរបស់អ៊ុយក្រែនច្រានចោលថាជាការធ្វើប្រជាមតិក្លែងក្លាយ។
អ្នកស្រី Karine Jean-Pierre អ្នកនាំពាក្យសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រាប់អ្នកកាសែតកាលពីថ្ងៃចន្ទថា៖ «សហរដ្ឋអាមេរិកឈរជាមួយដៃគូរបស់យើងនៅទូទាំងពិភពលោកដើម្បីច្រានចោលលទ្ធផលប្រឌិតឡើងណាមួយដែលប្រទេសរុស្ស៊ីប្រកាស [ទាក់ទិននឹងការធ្វើប្រជាមតិនេះ]»។
អ្នកស្រីបានបន្ថែមថា៖ «សហរដ្ឋអាមេរិក រួមជាមួយនឹងសម្ព័ន្ធមិត្តនិងដៃគូរបស់ខ្លួន កំពុងត្រៀមដាក់ទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរបន្ថែមទៀតឱ្យបានលឿនលើប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងវិធានការដែលយើងកំពុងឃើញនៅពេលបច្ចុប្បន្ននេះ ប្រសិនបើរុស្ស៊ីបន្តទៅមុខជាមួយនឹងការភ្ជាប់យក [ដែនដីរបស់អ៊ុយក្រែន] នេះ»។
ការបោះឆ្នោតប្រជាមតិនេះបានធ្វើឡើងតាំងពីថ្ងៃសុក្រសប្ដាហ៍មុននៅក្នុងតំបន់ Luhansk និងតំបន់ Kherson ដែលត្រួតត្រាដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន និងនៅក្នុងតំបន់ Donetsk និងតំបន់ Zaporizhzhia ដែលកាន់កាប់ដោយរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ប្រសិនបើប្រទេសរុស្ស៊ីរងការគំរាមកំហែងហួសពីដែនកំណត់ជាក់លាក់ណាមួយ រុស្ស៊ីមានសិទ្ធិឆ្លើយតប «ដោយគ្មានការសុំការយល់ព្រមពីនរណាម្នាក់និងប្រឹក្សាយោបល់រយៈពេលយូរណាមួយឡើយ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។