នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជារៀបចំផ្ទេរអំណាចដឹកនាំពីមន្ត្រីជើងចាស់ធ្លាប់ប្រយុទ្ធ ឬឆ្លងកាត់សង្គ្រាមឱ្យឈាមថ្មីដែលភាគច្រើនជាកូនចៅ ដើម្បីបន្តដឹកនាំក្នុងដំណាក់កាលសន្តិភាពនោះ អ្នកបោះឆ្នោតវ័យក្មេងរំពឹងថា ក្រុមមេដឹកនាំឈាមថ្មីរបស់គណបក្សប្រជាជនកម្ពុជាអាចប្រមូលអារម្មណ៍ផ្តោតលើសេដ្ឋកិច្ច មិនបែកអារម្មណ៍ខ្វល់ខ្វាយអំពីសង្គ្រាម ដូចអ្នកដឹកនាំបន្តពីសម័យសង្គ្រាម។
ថ្លែងអំពីក្រុមឈាមថ្មីរបស់គណបក្សកាន់អំណាច និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រាប់វីអូអេថាពួកគេមានសុទិដ្ឋិនិយមថា រលកក្រោយត្រូវតែច្រានរលកមុន។
និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា សុន ស្រីសួគ៌ ប្រាប់វីអូអេថា៖ «ខ្ញុំគិតថា គាត់អាច ដោយសារគាត់ទៅរៀនពីស្រុកគេ គាត់នឹងយល់ដឹងពីតិចនិក ក៏ដូចជាយុទ្ធសាស្ត្រថ្មីៗ ដែលស្រុកគេកំពុងអភិវឌ្ឍប្រទេសរបស់គេ។ ហើយគាត់អាចនឹងយកវិស័យអប់រំដូចជាវិស័យអប់រំថ្មីៗ យកមកអភិវឌ្ឍ បង្កើតនូវវិស័យអប់រំដែលខុសពីជំនាន់ឥឡូវ។ មានអ្វីថ្មីៗចូលមកក្នុងវិស័យអប់រំ ដែលធ្វើឱ្យយុវជនជំនាន់ក្រោយហ្នឹងគាត់យល់ដឹងច្រើនកាន់តែច្បាស់»។
លោក ប្រាក់កែវ រិទ្ធីឯក អាយុ១៩ឆ្នាំ និស្សិតឆ្នាំទី២ ផ្នែកវិទ្យាសាស្ត្រកំព្យូរទ័រ លើកឡើងថា៖ «បើតាមខ្ញុំយល់ ពួកគាត់ឃើញថា ប្រទេសយើងរាល់ថ្ងៃមាន បញ្ហាអីខ្លះ អ៊ីចឹង គាត់ដឹងមកតាំងពីដើមមក។ អ៊ីចឹង គាត់អាចនឹងត្រៀមជាដំណោះស្រាយសម្រាប់បញ្ហាអស់ហ្នឹងហើយអស់ហើយ។ អ៊ីចឹង ខ្ញុំរំពឹងថា និយាយទៅគឺបញ្ហាដែលយើងធ្លាប់ជួបប្រទះហ្នឹងនឹងបានដោះស្រាយភាគច្រើន បើទោះមិនបានទាំងអស់ក៏បានភាគច្រើនដែរ»។
និស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយម្នាក់ទៀត លោក ភួង ខេមរា អាយុ ២០ឆ្នាំ ថ្លែងថា៖ «ពួកគាត់គឺជាអ្នកជំនាន់ក្រោយ អ៊ីចឹង គាត់ក៏បានដឹងពី តិចនិក និង វិធីសាស្ត្រល្អៗ ដើម្បីនាំឱ្យអីវ៉ាន់ទាំងអស់ហ្នឹង ឬក៏បញ្ហាទាំងអស់ហ្នឹង បានដោះស្រាយបានយ៉ាងរលូន ហើយអាចប្រកួតប្រជែងជាមួយនឹងបរទេសផងដែរ។ ថ្វីដ្បិត ពេលដែលយើងចាប់ផ្តើមថ្មីៗ វានឹងមានបញ្ហាតិចតួចហើយ ប៉ុន្តែគាត់អាចនឹងមានវិធីសាស្ត្រមួយ ដែលអាចដោះស្រាយបាន ហើយប្រជាពលរដ្ឋអាចប្រកបមុខរបរ ឬក៏ដូចថា អីវ៉ាន់ដែលយើងលក់ចេញទៅហ្នឹងអាចប្រកួតនៅក្នុងទីផ្សារអន្តរជាតិបាន»។
អ្នកបោះឆ្នោតវ័យក្មេងសង្ឃឹមថា រដ្ឋាភិបាលឈាមថ្មីនឹងត្រូវការចំណេះដឹង និងធនធានមនុស្សវ័យក្មេងដូចជាពួកគេ ហើយអាចនឹងបង្កើតឱកាសការងារច្រើនសម្រាប់និស្សិត ដូច្នេះសេដ្ឋកិច្ចជាតិនឹងមានសន្ទុះ។ លោក រិទ្ធីឯក ជំរុញឱ្យរដ្ឋាភិបាលថ្មីពង្រឹងធនធានមនុស្ស។
លោកថ្លែងថា៖ «យើងអាច ឥឡូវយើងគិតថា ក្នុងស្រុកយើងវាមានកង្វះខាតច្រើន អ៊ីចឹងធ្វើម៉េច ពង្រឹងក្នុងស្រុកយើងសិនដើម្បីទៅប្រជែងជាមួយគេ\ បើយើងក្នុងខ្លួនមិនទាន់រឹងទេ ទៅប្រជែងជាមួយគេអត់កើតទេ។ អ៊ីចឹងធ្វើម៉េចឱ្យក្នុងស្រុកគ្រប់គ្រាន់នឹងធឹងអីហើយ ចាំទៅប្រកួតប្រជែងជាមួយគេតាមក្រោយក៏អត់យឺតពេលដែរ»។
លើសពីនេះ ក្រុមនិស្សិតថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក៏ត្រូវពង្រីកផងដែរដើម្បីទាក់ទាញការវិនិយោគ។
កញ្ញា ខេន សុវិមាន ជានិស្សិតឆ្នាំទី២នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រាប់វីអូអេថា៖ «ខ្ញុំគិតថា វាអាចនឹងចំណាយច្រើន ប៉ុន្តែខ្ញុំជឿជាក់ថារាជរដ្ឋាភិបាលជំនាន់ថ្មីអាចនឹងខិតខំយក metro [រថភ្លើងក្រោមដី] sky train [រថភ្លើងល្បឿនលឿន] like new public transport [ដូចការដឹកជញ្ជូនសាធារណៈបែបថ្មី] មកចូលមកក្នុងប្រទេសយើងច្រើនដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនយើង»។
អ្នកបោះឆ្នោតវ័យក្មេងជាច្រើននាក់និយាយថា ថ្នាក់ដឹកនាំរដ្ឋាភិបាលថ្មីគួរត្រូវបានជ្រើសរើសចេញពីបុគ្គលឯករាជ្យក្រៅគណបក្សនយោបាយ បន្ថែមលើក្រុមឈាមថ្មីរបស់គណបក្សកាន់អំណាច។ ប៉ុន្តែពួកគេមិនចាប់អារម្មណ៍តំណែងនយោបាយទេ គឺចង់បានត្រឹមការបម្រើប្រទេសជាតិកម្រិតជំនាញ។
ព័ត៌មានទាក់ទង៖
អ្នកបោះឆ្នោត៖ ក្នុងដំណាក់កាលសន្តិភាព មេដឹកនាំវ័យក្មេងនឹងផ្តោតលើសេដ្ឋកិច្ចនិសិ្សតឆ្នាំទី២ផ្នែកប្រព័ន្ធផ្សព្វផ្សាយ កញ្ញា សុន ស្រីសួគ៌ អាយុ ២០ឆ្នាំ លើកឡើងទៀតថា៖ «ចំពោះឱកាសជារដ្ឋមន្ត្រីហ្នឹង ខ្ញុំគិតថាធំពេក ខ្ញុំអត់រំពឹងថាខ្ញុំចង់ក្លាយជារដ្ឋមន្ត្រីអីផង»។
កញ្ញាបន្ថែមថា រដ្ឋាភិបាលត្រូវបង្កើនផលិតកម្មរបស់សហគមន៍ក្នុងស្រុក បន្ថែមលើការវិនិយោគ ដើម្បីឱ្យមានតុល្យភាពពាណិជ្ជកម្មសេរី កុំឱ្យការនាំចូលលើសការនាំចេញ ដែលធ្វើឱ្យបាត់ភាពស្មើគ្នាលើជញ្ជីងពាណិជ្ជកម្ម។
កញ្ញាលើកឡើងថា៖ «សម្រាប់ការនាំចេញនាំចូលខ្ញុំក៏រំពឹងថា រដ្ឋាភិបាលគាត់នឹងបង្កើតនូវរោងចក្រក៏ដូចជាសហគ្រាសឱ្យមានការផលិតផលិតផលអាហារក៏ដូចជាគ្រឿងប្រើប្រាស់ផ្សេងៗដែលប្រជាជនត្រូវការហ្នឹងមិនចាំបាច់នាំចូលពីប្រទេសដទៃ ដោយសារស្រុកយើងជាប្រទេសមួយកំពុងអភិវឌ្ឍដែរ។ អ៊ីចឹង បើយើងនាំចូលច្រើនពេក វាធ្វើឱ្យប្រជាជនរបស់យើងទិញពីគេច្រើន វាអត់សូវមានការទូលំទូលាយ ហើយវាក៏អាចនាំផលិតផលរបស់យើងហ្នឹងចេញទៅក្រៅប្រទេសបាន បើសិនជាយើងមានគុណភាព ហើយអ្នកប្រើប្រាស់យើងពេញចិត្ត»។
កម្មការិនីដែលវីអូអេបានសម្ភាសមិនទាន់ហ៊ានសន្និដ្ឋានអំពីលទ្ធផលនៃការបោះឆ្នោត ដោយគ្មានគណបក្សភ្លើងទៀននោះទេ ខណៈពលរដ្ឋជាច្រើនអាចដឹងយ៉ាងច្បាស់ថា គណបក្សកាន់អំណាចនឹងបន្តដឹកនាំប្រទេសនេះ។
អ្នកស្រី កុយ ចាន់នឿន អាយុ ៣៩ឆ្នាំថ្លែងថា៖«ចំពោះការណ៍ស្នើសុំខាងរដ្ឋាភិបាលហ្នឹងគឺវាមានច្រើនចំណុចដែរ ប៉ុន្តែគ្រាន់ថា យើងអត់ដឹងថា បោះឆ្នោតទៅមុខទៀតហ្នឹង វារបៀបម៉េច អ៊ីចឹងក៏ខ្ញុំអត់ទាន់ហ៊ានថា ស្នើសុំរបៀបម៉េចដែរ? មែនអត់? ដល់ពេលអ៊ីចឹង បើសិនជាផ្លាស់ប្តូររដ្ឋាភិបាល ហើយក៏រដ្ឋាភិបាលដដែលអ៊ីចឹង គាត់មានវិធានការម៉េចគឺ ចាំពេលដល់កន្លែងពេលហ្នឹងសិន។ ប៉ុន្តែបើថាឱ្យខ្ញុំឥឡូវ ថាសម្រេចថាខ្ញុំអាចស្នើសុំអីបាន គឺខ្ញុំអត់ទាន់ដឹងខ្លួនឯងដែរ ព្រោះអីយើងអត់ដឹងថា ពីឥឡូវម៉េច? ពីមុនយ៉ាងម៉េច? ក៏ទៅមុខទៀត ក៏ខ្ញុំអត់ទាន់ដឹងដែរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថា គណបក្សកាន់អំណាចមានបេក្ខជននាយករដ្ឋមន្ត្រីទាំងសម្រាប់ក្រុមឈាមថ្មី និងក្រុមជើងចាស់ ដើម្បីត្រៀមដោះស្រាយបញ្ហាដែលនៅខ្វះចន្លោះតិចតួច ក្រោយពីមានដោះស្រាយបញ្ហាធំៗជាមូលដ្ឋានរួចហើយ ដូចជាជម្លោះដីធ្លី។
លោកប្រាប់វីអូអេថា៖ «គោលជំហររបស់គណបក្សប្រជាជនគឺប្រែប្រួលទៅតាមកាលៈទេសៈ និងដំណាក់កាលនៃសភាពការណ៍របស់ប្រទេសជាតិ។ នៅពេលដែលប្រទេសជាតិត្រូវការរំដោះចេញពីរបបប្រល័យពូជសាសន៍ អាហ្នឹងឆន្ទៈមោះមុតក្នុងការប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍មានហើយ។ ក៏ប៉ុន្តែ នៅក្នុងសភាពការណ៍ដែលប្រទេសជាតិ ត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ហើយ គឺចាប់ស្តាកសាង សេដ្ឋកិច្ចកម្ពុជាឡើងវិញ អាហ្នឹងគោលជំហរប្រែប្រួលទៅតាមសភាពការណ៍ហ្នឹង»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ថា រដ្ឋាភិបាលថ្មីគួរស្តាសិទ្ធិមនុស្សនិងប្រជាធិបតេយ្យដើម្បីទទួលបានការអនុគ្រោះពន្ធដែលអាចជួយកម្ពុជាប្រកួតប្រជែងក្នុងទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយរក្សាទុកការងារក្នុងប្រទេស។
លោកបន្ថែមថា៖ «សហគមន៍អឺរ៉ុបដែលគេផ្តាច់ជំនួយអនុគ្រោះពន្ធ EBA ២០ភាគរយហ្នឹង ហើយគេនៅតែមានលក្ខខណ្ឌដដែលថាឱ្យកម្ពុជាយើងស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។ បើសិនជាមិនមានអ្វីប្រែប្រួលទេ គេអាចនឹងពិចារណាថែមទៀត ទៅលើការកាត់បន្ថយបន្ថែម ឬការព្យួរទាំងស្រុង។ នេះជាការព្រួយបារម្ភ»។
អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភិរិទ្ធ ឱ្យដឹងថា ស្ថានភាពការងាររបស់កម្មករនឹងប្រឈមមុខនឹងផលវិបាក ខណៈកម្ពុជាកំពុងងាកចេញពីគន្លងប្រជាធិតេយ្យដែលបង្កផលប៉ះពាល់លើការទទួលបានឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក។
លោកថ្លែងថា៖ «ដើម្បីដោះស្រាយបំណុល ដើម្បីដោះស្រាយជីវភាព វាត្រូវការតែមានការងារធ្វើ មានការងារសមរម្យ។ ខ្ញុំចង់និយាយមិនមែនទៅបេះត្រកួន មិនមែនទៅ ចាប់ក្តាម រាវខ្យងលក់ហ្នឹង យើងបានត្រឹមតែដោះស្រាយជីវភាពប្រចាំថ្ងៃទេ។ ប៉ុន្តែការងារសមរម្យគឺការងារដែលមានការកំណត់តាមច្បាប់ មានម៉ោងពេល មានប្រាក់ឧបត្ថម្ភ មានការទទួលខុសត្រូវពីសង្គម ពីក្រុមហ៊ុនអីហ្នឹង។ អាហ្នឹងហើយដែលជួយឱ្យប្រជាពលរដ្ឋមានសិ្ថរភាពក្នុងការរស់នៅ»។
គួររំឭកថា ប្រមាណ ៧៥ភាគរយនៃប្រជាជនកម្ពុជាជាង ១៦លាននាក់មានអាយុក្រោម ៣៥ឆ្នាំ។ ហើយក្នុងចំណោមនោះ អ្នកដែលមានអាយុលើស ១៨ឆ្នាំ ត្រូវគេរំពឹងថា នឹងប្រើប្រាស់សិទ្ធិបោះឆ្នោតក្នុងពេលមានការបោះឆ្នោតជាតិនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ។ អ្នកបោះឆ្នោតវ័យក្មេងរំពឹងថា ប្រទេសពួកគេនឹងបន្តទទួលបានការអភិវឌ្ឍ និងទទួលបានដំណោះស្រាយលើបញ្ហាប្រឈមសំខាន់ៗដែលនៅសេសសល់ ក្រោយការចាកចេញរបស់អ្នកនយោបាយឈាមចាស់៕