អ្នក​ស្ម័គ្រចិត្ត​ចុះចែក​ស្បៀង​ដល់​ចាស់​ជរា​នៅ​ក្រុង​ឡុងប៊ិច

លោក ឆល សុង​ ប្រធាន​សម្ព័ន្ធភាព​ខ្មែរ​អាមេរិកាំង​ បាន​បញ្ជាក់​ថា​ អំណោយ​ទាំងនេះ​ផ្តោត​សំខាន់លើ​មនុស្សចាស់​ជរា ដែល​រស់នៅ​តែ​ម្នាក់​ឯង ​គ្មាន​កូនចៅ​ឯជាមួយ។

ពលរដ្ឋ​នៅ​ទូទាំង​រដ្ឋកាលីហ្វញ៉ា​ ទទួលបទបញ្ជា​មិន​ឱ្យ​ចាកចេញ​ពីផ្ទះ​បើមិនមានការចាំបាច់​ទេ ដែល​ជា​បម្រាម​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​១៩​ ប៉ុន្តែ​សម្រាប់អ្នកស្ម័គ្រចិត្ត​ខ្មែរ-អាមេរិកាំង​មួយ​ក្រុម​ មើល​ឃើញ​ថា ​វាជាពេល​វេលា​ដែល​ពួកគេ​ត្រូវ​ធ្វើ​សកម្មភាព​បន្ថែម​ ដើម្បី​ថែរក្សា​សុខភាពពលរដ្ឋ​វ័យ​ចំណាស់​នៅក្នុង​សហគមន៍​។

នេះជា​សប្តាហ៍​ទីពីរ​ហើយ​ ដែល​ក្រុមអ្នកស្ម័គ្រចិត្ត​នៃ​សម្ព័នភាព​ខ្មែរ​អាមេរិកាំង​ បាន​យក​ស្បៀង​អាហារ​ទៅ​ចែក​ជូន​ពលរដ្ឋ​វ័យ​ចំណាស់ នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច ​និង​ស៊ីកណល់ហ៊ីល​ ដែល​ជាប់​នៅក្នុង​ផ្ទះ​និង​កំពុង​ខ្វះខាត​ស្បៀង​អាហារ។​

លោក ឆល សុង​ ប្រធាន​សម្ព័ន្ធភាព​ខ្មែរ​អាមេរិកាំង​ បាន​បញ្ជាក់​ថា​ អំណោយ​ទាំងនេះ​ផ្តោត​សំខាន់លើ​មនុស្សចាស់​ជរា ដែល​រស់នៅ​តែ​ម្នាក់​ឯង ​គ្មាន​កូនចៅ​នៅ​ជាមួយ​ ដោយសារតែ​ពួកគាត់​គឺ​ជា​ក្រុម​ងាយ​រងគ្រោះ​នឹង​ការឆ្លង​វីរុស​កូរ៉ូណា​ ហើយ​អាច​នឹង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ បើសិន​ជាពួកគាត់​ទៅ​ផ្សារ​ទិញ​អាហារ។

លោក​ ឆល សុង​ បាន​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា ​ការលះបង់​នៅ​ពេល​នេះ​គឺជា​ភារៈកិច្ច​ ពីព្រោះតែ​ពេលណា​យើង​ត្រូវការ​ពួកគាត់​ យើង​តែង​តែ​ទៅរក​ពួកគាត់ ​តែ​ពេលនេះ ​យើង​មិន​អាច​ចោល​ពួកគាត់​បាន​ទេ»។

កាលីហ្វញ៉ា​បានក្លាយ​ជារដ្ឋ​ទីមួយ ​ដែលបាន​ប្រកាស​ស្ថានភាព​គ្រា​មាន​អាសន្ន កាលពី​ថ្ងៃទី​២០​ ខែ​មីនា​ ដោយ​តម្រូវ​ឱ្យ​ពលរដ្ឋ​នៅ​ឆ្ងាយពីគ្នា​ និង​កុំចេញ​ពីផ្ទះ​ បើមិន​មាន​ការចាំបាច់។ រហូត​មកដល់​ពេល​នេះ​ នៅ​ក្នុង​រដ្ឋមាន​អ្នកឆ្លង​ជិត​ ២០.០០០នាក់​ និង​ស្លាប់​ជាង ​៥០០​នាក់​ ដែល​ជា​ចំនួនច្រើន​លំដាប់ទី៤​នៅ​ទូទាំង​សហរដ្ឋ​អាមេរិក។

អ្នកជំនាញ​សុខាភិបាល​ បាន​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ជួយ​មើល​ថែ​ពលរដ្ឋ​ចាស់ៗ​នៅក្នុង​សហគមន៍​របស់​ពួកគេ​ ដោយ​ជួយ​ទិញ​អាហារ​ និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ ដើម្បី​ជៀសវាង​មិន​ឱ្យ​ពួកគេ​ចេញ​ពី​លំនៅដ្ឋាន។

លោក ឆល ​សុង​ បាន​បញ្ជាក់​ថា ​ពលរដ្ឋ​ចាស់​ជរា​ទាំងនោះ​ ទទួល​ការឧបត្ថម្ភ​ពី​រដ្ឋ​ និង​ក៏​មាន​អង្គការ​ធំៗ​ជាច្រើន​ចែក​ស្បៀង​ដែរ​ ប៉ុន្តែ​ដោយសារ​តែ​ការខ្វះខាត​មធ្យោបាយ​ធ្វើដំណើរ​ទៅ​ទទួល​យក​ និង​ការ​ហាមឃាត់​មិន​ឱ្យ​ចាកចេញ​ពី​លំនៅដ្ឋាន​ធ្វើ​ឱ្យ​ពួកគាត់​ជួប​ការលំបាក​ខ្លាំង។​

«ខ្ញុំ​ខំ​ទប់​ចិត្ត​ណាស់​ ដែល​និយាយ​ជាមួយ​នឹង​លោកប្អូន ​ពីព្រោះ​ការខ្វះខាត​របស់​ពួកគាត់​ នេះ​គឺថា​បើ​យើង​មិន​ជួយ​គាត់ ​នៅពេល​នេះ​សួរថា​ តើពេលណា​យើងនឹងជួយគាត់។ គ្រាន់តែសេចក្តីសង្ឃឹម​គឺ​ថាមិន​ប៉ះពាល់​ដល់​ជីវិត​របស់​ពួកគាត់​ ដោយសារ​ឥឡូវ​គាត់​មាន​សុខភាព​ល្អ​ អត់​មាន​ប៉ះពាល់​សុខភាព​អី​អីចឹង​។ អីចឹង ​ខ្ញុំ​មាន​តែ​បន់ស្រន់​ដល់​ព្រះ ​កុំ​ឱ្យ​ប៉ះពាល់​ពួកគាត់​ជា​រៀង​ដរាប»។​

ក្រុមស្ម័គ្រចិត្ត​នេះ​មាន​សមាជិក​ជិត​ ១០នាក់ ​ដែល​រួមមាន​មិត្ត​ភក្តិ​អាមេរិកាំង​ផងដែរ។ ពួកគេបាន​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន និង​ថវិកា​បាន​មក​ពី​សប្បុរសជនដទៃ​ទៀត​ក្នុង​សហគមន៍ ដើម្បីទិញ​ស្បៀង​ចែក​ជូន​ដល់​មនុស្ស​ចាស់​ទាំងនោះ។

ក្រុមស្ម័គ្រចិត្តនៃ​សម្ព័ន្ធភាព​ខ្មែរ​អាមេរិកាំង​ កំពុងរៀបចំ អំណោយ​ដើម្បីជូនដល់​មនុស្សចាស់​ជរា ដែល​រស់នៅ​តែ​ម្នាក់​ឯង ​គ្មាន​កូនចៅ​ឯជាមួយ នៅរដ្ឋកាលីហ្វ័រញ៉ា។

លោកស្រី​ ហេង សេរីរ័ត្ន​ ដែល​ជា​អ្នកស្ម័គ្រចិត្ត​ម្នាក់​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​យល់​ឃើញ​ពី​ភាព​លំបាក​របស់​ចាស់ៗ​ ដែលគាត់​នៅម្នាក់ឯង​ អត់មាន​កូនចៅ​នៅផ្ទះ​រដ្ឋ ហើយ​គាត់​នៅ​ឃុំ​ខ្លួន ​អត់ហ៊ាន​ចេញ​ពីព្រោះ​គាត់មាន​ហានិភ័យ​ឆ្លង​ជាងមនុស្ស​ពេញវ័យ​។ គាត់អត់អាច​ទៅផ្សារ​បាន​ គាត់​មានភាព​លំបាក។ ខ្ញុំយល់​អារម្មណ៍​មនុស្ស​ចាស់​ ទើបខ្ញុំ​ចំណាយ​ថវិកា​ និង​ពេល​វេលា​ យក​ឥវ៉ាន់​ទៅឱ្យ​គាត់»។​

ក្រុមអ្នកស្ម័គ្រចិត្ត​ ក៏​មាន​ការព្រួយបារម្ភ​ពី​សុខភាព​ខ្លួនឯង​ដែរ​ ប៉ុន្តែត្រូវ​តែ​ជំនះ ​និង​គោរព​តាម​និយាម​អនាម័យ​ដែល​មជ្ឈមណ្ឌល​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​បាន​ដាក់​ចេញ។

លោកស្រី ​ហេង សេរីរ័ត្ន​ បាន​បន្ថែម​ថា៖ «មាន​ការព្រួយ​បារម្ភ​ ប៉ុន្តែ​យើង​ធ្វើ​តាម​ច្បាប់​គេ​ដាក់​ឱ្យ​។ យើង​ត្រូវពាក់ស្រោមដៃ ​យើង​ត្រូវ​លាង​អាល់កុល ​ត្រូវ​ពាក់ម៉ាស់ ​ហើយ​យើង​អត់​ឈរ​ជិត​គ្នា​ទេ​ គឺ​ពីរ​ម៉ែត្រ​ ដល់​អីចឹង​ទៅ ​វា​អត់​មាន​ភាព​ឆ្លង​ទេ។ ម្ល៉ោះ​ហើយ​គាត់​ចាស់ៗ​ចេញមក​យក​អីវ៉ាន់​ហ្នឹង​ ក៏គាត់ធ្វើ​ដូច​យើង​ដែរ»។​

រហូតមក​ដល់​ពេល​នេះ​ ក្រុមអ្នកស្ម័គ្រចិត្ត​បាន​ចែក​ស្បៀង​ដែល​មាន​ទឹកសុទ្ធ ​ទឹកស៊ីអ៊ីវ​ ទឹកត្រី​ ត្រីងៀត​ និង​ពងទា​ជាដើម ​ជូន​ដល់​មនុស្ស​ចាស់ជរា​ជាង​ ១០០​នាក់​ហើយ​ ដោយ​ភាគច្រើន​គឺ​ជាពលរដ្ឋ​ខ្មែរ​អាមេរិកាំង។

រូបភាព​ឃ្លីប​វីដេអូ​ខ្លីៗ ​ដែល​ក្រុម​ការងារ​បាន​ថត​ និង​ផ្តល់​ជូន​មកដល់​វីអូអេ​ បង្ហាញ​ថា ​ពលរដ្ឋ​ទាំងនោះ​ដោយ​មានខ្លះពាក់​ម៉ាស់ បាន​មក​ទទួល​អំណោយ​ដែល​បាន​ដាក់​ទុក​នៅមុខ​ផ្ទះ ​និងខ្លះ​នៅក្នុង​អគារ​ដែល​រដ្ឋ​បាន​ផ្តល់​ជូនពួកគាត់​ស្នាក់​។

លោកយាយ​ លឹម ថូ ​អាយុ​៩៣​ឆ្នាំ​រ ស់នៅ​ក្នុង​ទីក្រុង​ឡុងប៊ិច​ បាន​ថ្លែងថា៖ «ខ្ញុំ​ចាស់ជរា​ខ្ញុំ​អត់មាន​ធ្វើអ្វី​កើត​ទេ។ បងប្អូន​ជួយ​ខ្ញុំ​ផង។ ឥវ៉ាន់ហ្នឹង​សូម​ដល់​មាតា​បីតា​ដែល​ចែកឋាន។ ខ្ញុំ​គ្មាន​ពាក្យ​អី​សមរម្យ​ដែរ​។ ខ្ញុំ​សូម​ទៅ​ទាំងអស់​គ្នា។ សុខ​សប្បាយ​ទាំំងអស់​គ្នា។​

លោកយាយ​ ស៊ីវ បេលីម​ អាយុ​៨៥ឆ្នាំ​ រស់នៅ​ទីក្រុង​ឡុងប៊ិច​ បាន​ថ្លែង​ដែរ​ថា៖​ «ខ្ញុំ​សូមអរគុណ​ហើយ​នូវ​អំណោយទាន​របស់​កូនក្មួយ​ទាំងអស់​។ សូម​ទេវតា​ជួយ​ក្មួយ​ឱ្យ​ជួបតែ​រឿង​ល្អ​ទាំងអស់​គ្នា។ សូមឱ្យ​ម្ចាស់ទាន​ជួបតែរឿង​ល្អ»។​

លោក ឆល សុង ​បន្ត​ថា​ បើទោះបីជា​ធ្វើបាន​ប៉ុណ្ណេះ ​ប៉ុន្តែ​កិច្ចការ​របស់​លោកនៅ​មិនទាន់​ចប់​នៅឡើយ​ទេ៖

​«មានមិត្តភក្តិ​មួយ​ចំនួន​ទៀត​ដែរ​ គាត់​កំពុង​តែ​ឆ្លើយតបមកខ្ញុំ​វិញ ​ដើម្បី​ឱ្យ​ជួយ​ដោះស្រាយ​បងប្អូនមួយ​ចំនួន​ទៀត​ ដែល​គាត់មាន​វ័យ ៩០​ផ្លាយ​ ឬ៨០​ផ្លាយ ​ហើយគាត់រស់នៅតែឯង ដែលយើងមិនទាន់ចែក​ចាយ​ ហើយ​ពាក្យ​ពេចន៍​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លួនឯង​ ក៏មិនអាច​នៅស្ងៀម​ គឺនឹង​បន្ត​ប្រើប្រាស់​ប្រាក់កាស​ដែល​នៅសល់​ទាំង​ប៉ុន្មាន​ ដើម្បី​នឹង​សម្រួល​ចែក​ជូន​ពួកគាត់»។

តួលេខ​របស់​មន្ទីរសុខាភិបាល​ក្រុង​ ឡូសអាន់ជឺឡេស​ ត្រឹមថ្ងៃទី៨​ ខែមេសា​ បង្ហាញថា​ នៅទូទាំងក្រុង​ មាន​អ្នកឆ្លង​ចំនួន​ ៧.៥៣០​នាក់​និង​ស្លាប់​ ១៩៨​នាក់ ​ក្នុងនោះ​ទីក្រុង​ឡុងប៊ិច មានអ្នកឆ្លង​ចំនួន​ ២៥៦​នាក់​ និងស្លាប់ ​៦នាក់។ ទីក្រុងឡុងប៊ិច​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅច្រើន​ជាងគេបំផុត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក៕