កំណត់និពន្ធ៖ សមាជិកសភាអាមេរិកាំងដែលមកពីគណបក្សទាំងពីរបានបង្កើតក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Bipartisan Congressional Cambodia Caucus) កាលពីថ្ងៃទី១៧ ខែមីនាដើម្បីតាមដានការវិវត្តន៍នយោបាយនិងសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា។ ក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជានេះដឹកនាំដោយលោក Alan Lowenthal សមាជិកសភាប្រចាំរដ្ឋកាលីហ្វញ៉ាមកពីខាងគណបក្សប្រជាធិបតេយ្យ និងលោក Steve Chabot សមាជិកសភាប្រចាំរដ្ឋអូហៃយូមកពីខាងគណបក្សសាធារណរដ្ឋ។ ពីរដ្ឋធានីវ៉ាស៊ីនតោន លោកម៉ែន គឹមសេង នៃ VOA បានសម្ភាសលោក Alan Lowenthal សហប្រធាននៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជានេះ។ ខាងក្រោមនេះគឺជាបទសម្ភាសទាំងស្រុង៖
VOA៖ សូមអរគុណលោកដែលយល់ព្រមផ្តល់បទសម្ភាសដល់ VOA ខ្មែរ។ ការិយាល័យរបស់លោកទើបតែចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីការបង្កើតក្រុមសមាជិកសភាដែលមកពីគណបក្សទាំងពីរ ដើម្បីតាមដានការងារកម្ពុជា។ តើលោកអាចប្រាប់ខ្ញុំបានទេថា ក្រុមសមាជិកសភានេះនឹងធ្វើកិច្ចការអ្វីខ្លះ?
លោក Alan Lowenthal៖ បាទ ខ្ញុំគិតថាទំនាក់ទំនងដ៏ខ្លាំងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជាគឺវាមានសារៈសំខាន់ណាស់ដើម្បីជំរុញអនាគតនៃលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅតំបន់អាស៊ីអាគ្នេយ៍។ ហើយក្នុងខណៈពេលដែលប្រទេសកម្ពុជាបាននិងកំពុងតែក្លាយជាដៃគូពាណិជ្ជកម្មកាន់តែរឹងមាំជាមួយនឹងសហរដ្ឋអាមេរិក វាជាការសំខាន់ណាស់ដែលសមាជិកសភាយល់ដឹងពីអ្វីដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ ក្នុងខណៈពេលដែលយើងបន្តគាំទ្រការរីកចម្រើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងក៏ចង់ឱ្យកម្ពុជាយល់ដែរថាក្នុងនាមជាដៃគូរបស់យើង គេក៏គួរដឹងថាតើយើងផ្តល់តម្លៃលើអ្វីខ្លះ។ហើយតម្លៃដែលយើងផ្តល់ឱ្យគឺការគោរពសិទ្ធិមនុស្ស នីតិរដ្ឋ ហើយយើងនៅតែបន្តគាំទ្រឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកម្ពុជាដែលនឹងនាំទៅឱ្យមានលទ្ធិប្រជាធិបតេយ្យកាន់តែធំជាងមុន ការគោរពសិទ្ធិមនុស្សកាន់តែធំជាងមុន ហើយមានការការពារផ្លូវច្បាប់ពិតប្រាកដដល់ពលរដ្ឋរបស់ខ្លួន។
VOA៖ ខ្ញុំដឹងថា លោកបានជួបពិភាក្សាជាមួយនឹងលោក William Heidt ដែលជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ តើក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានជម្រាបជូនលោកយ៉ាងដូចម្តេចខ្លះ ពីការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា?
លោក Lowenthal៖ បាទ លោកឯកអគ្គរដ្ឋទូតបានប្រាប់យើងពីបញ្ហាមួយចំនួនដែលកំពុងតែកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។ លោកបានរំឭកដល់យើងថានៅមានកិច្ចការជាច្រើនដែលនឹងត្រូវធ្វើបន្តនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាថា នឹងមានការបោះឆ្នោតដោយសេរី និងទូលំទូលាយ។ យើងនៅតែមានការព្រួយបារម្ភ។ បន្ទាប់ពីការបោះឆ្នោតជាតិក្នុងឆ្នាំ២០១៣ យើងនៅតែមានការព្រួយបារម្ភពី បញ្ហាជាច្រើន ហើយយើងបាននិយាយទៅលោកឯកអគ្គរដ្ឋទូតហើយប្រាប់គាត់ឱ្យជូនដំណឹងជាប់ជាប្រចាំដល់ក្រុមសមាជិកសភាថា តើនឹងមានការបោះឆ្នោតដោយសេរី ឬទេ។ យើងគាំទ្រដល់ការបោះឆ្នោត ហើយថាតើអ្នកណាក៏ដោយដែលពលរដ្ឋកម្ពុជាសម្រេចបោះឆ្នោតឱ្យគឺអាស្រ័យលើពលរដ្ឋកម្ពុជាទេ ប៉ុន្តែអ្វីដែលសហរដ្ឋអាមេរិកអាចធ្វើបាន គឺធ្វើយ៉ាងណាអាចឱ្យការបោះឆ្នោតនោះត្រូវរៀបចំ ឡើងដោយត្រឹមត្រូវហើយសំឡេងរបស់ពលរដ្ឋកម្ពុជាត្រូវបានគេទទួលស្គាល់ ហើយការបោះឆ្នោតនោះ ពិតជាបង្ហាញពីឆន្ទៈរបស់ពលរដ្ឋកម្ពុជា។
VOA៖ ចុះ ជាទូទៅលោកគិតយ៉ាងណាដែរអំពីសេរីភាពនៃការបញ្ចេញមតិនិងសេរីភាពខាងផ្នែកនយោបាយនៅក្នុងប្រទេសកម្ពុជា?
លោក Lowenthal៖ ខ្ញុំគិតថា លោកឯកអគ្គរដ្ឋទូតបាននិយាយប្រាប់យើងថា ក្នុងពេលដែលមានការប្រសើរឡើងខ្លះនៅលើផ្នែកនេះ ក៏ប៉ុន្តែនៅមិនទាន់បានច្រើនទេ។ ខ្ញុំក៏នៅក្នុងគណៈកម្មាធិការសិទ្ធិមនុស្ស Tom Lantos ហើយកាលពីពេលថ្មីៗនេះ លោកសម រង្ស៊ី មកពិភាក្សាជាមួយពួកយើងអំពីការបណ្តេញរូបលោកចេញពីសភាជាតិ មានដីកាចាប់ខ្លួនគាត់ ហើយគាត់ត្រូវតែចាកចេញពីប្រទេសកម្ពុជា។ ដូច្នេះយើងក្នុងក្រុមសមាជិកសភានេះចង់ធ្វើឱ្យប្រាកដថាមិនគ្រាន់តែគណបក្សប្រជាជនកម្ពុជាទេដែលត្រូវមានសំឡេង ប៉ុន្តែក៏ត្រូវមានសំឡេងបក្សប្រឆាំងដែរ ហើយប្រសិនបើគេចង់ឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវគឺត្រូវតែមានបក្សប្រឆាំងដែលអាចបញ្ចេញសំឡេងបាន ហើយទុកឱ្យពលរដ្ឋកម្ពុជាធ្វើការសម្រេចចិត្ត។ ដូច្នេះយើងមានការព្រួយបារម្ភ។ ទោះបីពលរដ្ឋកម្ពុជាខិតខំបញ្ចេញសំឡេងតាំងពីឆ្នាំ២០១៣ប៉ុន្តែនៅមិនទាន់ច្រើននៅឡើយទេ។ ដូច្នេះយើងគាំទ្រឱ្យមានការផ្លាស់ប្តូរដើម្បីឱ្យកម្ពុជាក្លាយជាសង្គមមួយដែលមានលក្ខណៈប្រជាធិបតេយ្យ។
VOA៖ បើនិយាយពីមេដឹកនាំគណបក្សប្រឆាំងវិញដូចលោកបានលើកឡើងហើយគឺគាត់នៅក្រៅប្រទេសនៅឡើយ ដើម្បីគេចចេញពីការចោទប្រកាន់នានាដែលក្រុមសិទ្ធិមនុស្សចាត់ទុកថាមានលក្ខណៈនយោបាយ ហើយឥឡូវនេះអនុប្រធានរបស់គាត់កំពុងត្រូវបានគេភ្ជាប់ទៅនឹងរឿងរ៉ាវអាស្រូវជាច្រើន ហើយក្រៅពីនេះគឺមានសមាជិកបក្សប្រឆាំងនៅជាប់ពន្ធនាគារហើយម្នាក់ក្នុងចំណោមនោះ គឺជាពលរដ្ឋអាមេរិកាំង ហើយតើក្រុមអ្នកតំណាងរាស្រ្តមើលឃើញថា គួរដោះស្រាយបញ្ហាទាំងនេះយ៉ាងម៉េចដែរ?
លោក Lowenthal៖ ជំហានដំបូង គឺក្រុមអ្នកតំណាងរាស្រ្តមើលឃើញថា នេះគឺជាបញ្ហាដែលបានកើតមានឡើងហើយយើងនឹងនិយាយអំពីបញ្ហានេះ។ យើងនៅមិនទាន់បាននិយាយពីបញ្ហានេះនៅឡើយទេ ក្នុងនាមជាក្រុមអ្នកតំណាងរាស្រ្ត បើទោះបីជាលោកសហប្រធាន Steve Chabot និងរូបខ្ញុំ ធ្លាប់បាននិយាយអំពីការអនុញ្ញាតឱ្យមេដឹកនាំគណបក្សប្រឆាំងត្រឡប់ទៅប្រទេសកម្ពុជា ហើយបញ្ឈប់ការចាប់ខ្លួននេះក៏ដោយ។ ការបោះឆ្នោតដោយសេរី និងត្រឹមត្រូវអាចធ្វើបាន លុះត្រាណាតែគណបក្សប្រឆាំងមិនរងការយាយីរំខាន ហើយអនុញ្ញាតឱ្យសម្តែងមតិដោយសេរី។ យើងក្នុងនាមជាក្រុមសមាជិកសភានៅមិនទាន់ប្រកាន់ជំហរណាមួយពីបញ្ហានេះនៅឡើយទេ។ ដូចលោកដឹងហើយថា យើងទើបតែបង្កើតកាលពីជាងមួយសប្តាហ៍មុន គឺនៅថ្ងៃទី១៧ខែមិនា។ ប៉ុន្តែទាំងលោក Chabot និងខ្លួនខ្ញុំមានការព្រួយបារម្ភពីបញ្ហានេះខ្លាំងណាស់ហើយអាទិភាពសំខាន់របស់យើងនឹងឱ្យក្រុមសមាជិកសភានឹងសម្តែងមតិពីបញ្ហានេះ។ ប៉ុន្តែយើងនៅមិនទាន់ប្រកាន់ជំហរនៅឡើយទេ។
VOA៖ ពលរដ្ឋខ្មែរអាមេរិកាំងនៅពេលឥឡូវនេះកំពុងតែប្រើសិទ្ធិរបស់ពួកគេកាន់តែច្រើនឡើងក្នុងនាមជាពលរដ្ឋអាមេរិកាំង។ នេះបើតាមប្រភពផ្សេងៗដែលខ្ញុំទទួលបានតាមរយៈការធ្វើសេចក្តីរាយការណ៍ពីសហគមន៍ខ្មែរនៅក្នុងទីក្រុងឡុងប៊ិច។ ដូច្នេះតាមយោបល់របស់លោក តើពួកគាត់គួរតែធ្វើយ៉ាងណាទៀតដើម្បីធានាថា សិទ្ធិសេរីភាពទាំងអស់ដែលលោកទើបមានប្រសាសន៍អម្បាញ់មិញត្រូវបានគោរព និងជំរុញឱ្យមានការផ្លាស់ប្តូរនៅក្នុងប្រទេសកំណើតរបស់ពួកគេ?
លោក Lowenthal៖ ខ្ញុំគិតថាពួកគេត្រូវតែសម្តែងមតិ។ ពួកគេត្រូវដឹងថា ពួកគេមានមិត្តភក្តិនៅឯរដ្ឋសភាជាតិដែលពិតជាចង់គាំទ្រឱ្យមានលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា ហើយគឺប្រទេសកម្ពុជាមួយដែលមានមេដឹកនាំត្រូវបានគេបោះឆ្នោតជ្រើសរើសដោយសេរី ដោយពលរដ្ឋកម្ពុជា។ សហគមន៍(ខ្មែរ)ឥឡូវនេះ បានសម្តែងមតិ ហើយនឹងថាពួកគេចង់បានការបោះឆ្នោតដោយត្រឹមត្រូវក្នុងប្រទេសកម្ពុជា។
VOA៖ បើនិយាយពីក្រុមសមាជិកសភានេះវិញ តើលោកគិតថាវានឹងពិបាកក្នុងការប្រមូលផ្តុំសមាជិកសភាដទៃទៀតឱ្យគាំទ្របញ្ហាកម្ពុជាទេ?
លោក Lowenthal៖ អត់ទេ។ ខ្ញុំគិតថាដូចក្រុមសមាជិកសភាដទៃទៀតដែរគឺត្រូវការពេលវេលាមួយរយៈក្នុងការបង្កើតជាក្រុម ហើយខ្ញុំគិតថាដោយមានការងាករបស់សហរដ្ឋអាមេរិកទៅរកទ្វីបអាស៊ី ហើយឥឡូវមានការផ្តោតលើតំបន់អាស៊ីអាគ្នេយ៍ ហើយដោយសារកម្ពុជាបានក្លាយជាដៃគូពាណិជ្ជកម្មជាជំហានៗ ខ្ញុំគិតថាមានសមាជិកសភាជាច្រើននឹងចាប់ផ្តើមដឹងពីតម្រូវការដែលថា ប្រសិនបើប្រទេសកម្ពុជារីកលូតលាស់ខាងផ្នែកសេដ្ឋកិច្ចជាមួយនឹងសហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកត្រូវតែធ្វើឱ្យប្រាកដពីអ្វីដែលយើងឱ្យតម្លៃ។ ហើយយើងនិយាយទៅកាន់ពលរដ្ឋកម្ពុជាពីអ្វីដែលយើងឱ្យតម្លៃ។ អ្វីដែលយើងឱ្យតម្លៃគឺថា យើងចង់ឱ្យប្រទេសកម្ពុជាជោគជ័យ យើងគាំទ្រទំនាក់ទំនងសេដ្ឋកិច្ច ប៉ុន្តែយើងក៏គាំទ្រពលរដ្ឋកម្ពុជាដែរ។ យើងនឹងសម្តែងមតិពីលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សដែលកំពុងតែត្រូវបានរំលោភ ហើយយើងនឹងសម្តែងមតិក្នុងនាមជាក្រុមអ្នកតំណាងរាស្រ្តដើម្បីឱ្យមានការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ នេះគឺជាការផ្តោតចំណាប់អារម្មណ៍របស់យើងក្នុងនាមជាក្រុមអ្នកតំណាងរាស្រ្ត។
VOA៖ បើខ្ញុំរំឭកពីព្រឹត្តិការណ៍ដែលបានកើតមានឡើងក្នុងពេលកន្លងមក។ ក្នុងពេលកន្លងមកមានសេចក្តីថ្លែងការណ៍ខ្លះពីសភាជាតិហាក់ដូចជាគណបក្សកាន់អំណាចនៅកម្ពុជាមិនទទួលយកទេ។ ដូច្នេះតើមានយន្តការណាដើម្បីធានាថា ការព្រួយបារម្ភដែលសភាបញ្ចេញត្រូវបានកម្ពុជាទទួលយកទេ?
លោក Lowenthal៖ ខ្ញុំគិតថាយើងបានធ្វើឱ្យអាជ្ញាធរកម្ពុជាចាប់អារម្មណ៍ហើយ។ ខ្ញុំគិតថាពួកគេដឹងហើយថា ដោយមានការបង្កើតជាក្រុមសមាជិកសភា គឺសភាសហរដ្ឋអាមេរិកចង់មានទំនាក់ទំនងស៊ីជម្រៅជាមួយនឹងប្រទេសកម្ពុជា។ ប៉ុន្តែនេះមានន័យថាត្រូវតែមានការផ្លាស់ប្តូរខ្លះក្នុងប្រទេសកម្ពុជា។
VOA៖ សំឡឹងទៅពេលខាងមុខ។ លោកបានមានប្រសាសន៍ច្រើនពីការបោះឆ្នោត។ ជាការពិតប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតថ្នាក់មូលដ្ឋាននៅឆ្នាំ២០១៧ និងការបោះឆ្នោតជាតិនៅឆ្នាំ២០១៨។ តើលោកមានអនុសាសន៍យ៉ាងណាដែរដល់ក្រសួងការបរទេសសហរដ្ឋអាមេរិកដើម្បីជួយធានាឱ្យមានការបោះឆ្នោតដោយសេរី និងត្រឹមត្រូវដូចដែលលោកបានលើកឡើង?
លោក Lowenthal៖ យើងចង់ធ្វើឱ្យប្រាកដថា កំណែទម្រង់អ្វីក៏ដោយដែលបានពិភាក្សាហើយមានការឯកភាពដោយគណបក្សទាំងពីរក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣គឺត្រូវបានគេធ្វើតាម។
ក្រោយពីការបោះឆ្នោតជាតិឆ្នាំ២០១៣ អ្វីដែលក្រសួងការបរទេសដឹងគឺមានភាពមិនប្រក្រតីជាច្រើនក្នុងការបោះឆ្នោតនោះ ហើយត្រូវធានាថា នឹងមានការផ្លាស់ប្តូរសម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និង ២០១៨។ យើងចង់ធ្វើឱ្យប្រាកដថាក្រសួងការបរទេសតាមដានការងារនេះនិងសង្កេតការណ៍ក្នុងការបោះឆ្នោតនេះ មានអ្នកសង្កេតការណ៍ និងចូលរួមច្រើនជាងកាលពីឆ្នាំ២០១៣។
VOA៖ សូមអរគុណលោក Alan Lowenthal សមាជិកសភាដែលបានផ្តល់បទសម្ភាសដល់ VOA ខ្មែរ។ សូមអរគុណចំពោះពេលវេលារបស់លោក។
លោក Lowenthal៖ អរគុណ។ ខ្ញុំពិតជាសប្បាយចិត្តណាស់លោកគឹមសេង ហើយខ្ញុំមានការគាំទ្រទាំងស្រុងនិងសង្ឃឹមថាក្រុមសមាជិកសភានេះនឹងមានផលប៉ះពាលពិតប្រាកដលើការអភិវឌ្ឍនិងការផ្លាស់ប្តូរក្នុងប្រទេសកម្ពុជា៕