កំណត់និពន្ធ៖ នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានកំពុងធ្វើសមាហរណកម្ម ក្នុងចំណោមបណ្ដារដ្ឋជាសមាជិករបស់ខ្លួន ដែលជំហានដំបូងត្រូវបានធ្វើឡើងក្នុងវិស័យសេដ្ឋកិច្ច ក្រោមពាក្យស្លោកថា «សហគមន៍សេដ្ឋកិច្ចអាស៊ាន» ដែលបានចាប់ផ្ដើមនៅដំណាច់ឆ្នាំ២០១៥។ ប៉ុន្តែ សមាហរណកម្មអាស៊ានកំពុងដំណើរការ ក្នុងបរិយាកាសដែលសេដ្ឋកិច្ចសាកលលោកកំពុងរងបាតុភូតថ្មីនៃការកើតឡើងនៃចលនាគាំពារនិយមប្រឆាំង និងចរន្តសាកលភាវូបនីយកម្ម។ នៅក្នុងកិច្ចសម្ភាសន៍តាមសារអេឡិចត្រូនិកជាមួយ លោក អូន ឆេងប៉រ នៃ VOA ផ្នែកខេមរភាសា លោកអគ្គលេខាធិការអាស៊ាន Le Luong Minh បានលើកឡើងអំពី ពាណិជ្ជកម្មអន្តរជាតិ ដំណើរការនៃសមាហរណកម្មរបស់អាស៊ាន និងការតាំងចិត្តរបស់អាស៊ានទៅថ្ងៃអនាគត។
VOA៖ តើអាស៊ានមានទស្សនៈយ៉ាងណាទៅលើភាពមិនប្រាកដប្រជានៅក្នុងបណ្តាប្រទេសលោកខាងលិច ជាពិសេសការធ្លាក់ចុះនៃសហភាពអឺរ៉ុប? តើមានមេរៀនអ្វីខ្លះដែលអាស៊ានអាចរៀនបានពី Brexit?
Le Luong Minh៖ Brexit បានកើតឡើងនៅពេលដែលមានការព្រួយបារម្ភអំពីអធិបតេយ្យភាព បញ្ហាជនអន្តោប្រវេសន៍ និងការចូលរួមចំណែកមិនស្មើគ្នា ទល់នឹងផលប្រយោជន៍នៃភាពជាសមាជិកសហភាពអឺរ៉ុបនីមួយៗ។ បរិបទអាស៊ានមានលក្ខណៈខុសពីគេគួរឲ្យកត់សម្គាល់ ដោយសារអាស៊ានធ្វើការដោយផ្អែកលើគោលការណ៍នៃការមូលមតិគ្នា (កុងសង់ស៊ីស) ហើយរដ្ឋជាសមាជិកនៅអាចរក្សាអធិបតេយ្យភាពរបស់គេរៀងៗខ្លួន។
ទោះជាយ៉ាងណាមានមេរៀនមួយចំនួនដែលយើងត្រូវរៀនពី Brexit (ការចាកចេញរបស់ចក្រភពអង់គ្លេសពីសហគមន៍អឺរ៉ុប)។ ខណៈពេលដែលផលប្រយោជន៍សេដ្ឋកិច្ចនៃការធ្វើសមាហរណកម្មមិនប្រឈមនឹងបញ្ហាដូចនៅក្នុងបរិបទBrexitនោះ មេរៀនល្អពីរឿងនេះគឺថា សារៈសំខាន់ដែលសមាហរណកម្មក្នុងតំបន់គួរតែផ្ដល់ជាប្រយោជន៍ដល់រដ្ឋជាសមាជិកទាំងអស់ នឹងត្រូវធានាថា ភាគីពាក់ព័ន្ធដែលនៅក្នុងទទួលយកចំណែកចេញចូលបែបនេះយូរលង់តទៅទៀត។
ហេតុនេះហើយសារៈសំខាន់នៃការដឹង និងការយល់ជាសាធារណៈ អំពីគុណប្រយោជន៍នៃការធ្វើសមាហរណកម្មថ្នាក់តំបន់នេះមានសារៈសំខាន់ជាខ្លាំងដើម្បីបង្កើតនិងរក្សាការយល់ព្រមនិងការគាំទ្រពីសាធារណជន ក៏ដូចជាការដោះស្រាយបញ្ហានៃការយល់ច្រឡំ ដែលអាចកើតមានជាយថាហេតុ នៅក្នុងការទំនាក់ទំនងរវាងសមាហរណកម្មថ្នាក់តំបន់ និងបញ្ហាប្រឈមនានាក្នុងបណ្ដារដ្ឋជាសមាជិក។
VOA៖ តើអាស៊ានយល់ថា វាដល់ពេលហើយឬនៅក្នុងការទទួលយកតួនាទីជាអ្នកដឹកនាំធំជាងនេះនៅក្នុងតំបន់និងពិភពលោកដោយការបង្កើត គំនិតផ្ដួចផ្ដើមដែលផ្តោតទៅលើអាស៊ានកាន់តែខ្លាំង?
មានយន្តការមួយចំនួនត្រូវបានបង្កើតរួចទៅហើយ ជាមួយនឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនានានៅលើគន្លងនៃសហគមន៍អាស៊ាន ដែលបានផ្តល់ជាផលជាក់ស្តែងដើម្បីជាប្រយោជន៍ដល់ប្រជាជនអាស៊ាន រួមទាំងអ្នកពាក់ព័ន្ធសំខាន់ៗនានាផងដែរ។
ចាប់តាំងពីពេលត្រូវបានបង្កើតឡើង អាស៊ានបានធ្វើការឥតឈប់ឈរដើម្បីរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីអាគ្នេយ៍។ អាស៊ាន បាននឹងកំពុងផ្តល់ឲ្យតំបន់នេះនូវមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងឱកាសអភិវឌ្ឍវប្បធម៍សង្គម។ ការធានាសុវត្ថិភាពរបស់ប្រជាជនយើងនឹងនៅតែជាគន្លឹះរបស់អាស៊ាន។ អាស៊ានបានរក្សាសុវត្ថិភាពប្រជាពលរដ្ឋរបស់ខ្លួន ចៀសចេញពីការគំរាមកំហែងសន្តិសុខបែបប្រពៃណី និងការគំរាមកំហែងសន្តិសុខផ្សេងទៀត ដូចជាការផ្លាស់ប្តូរអាកាសធាតុ ជំងឺឆ្លង គ្រោះមហន្តរាយធម្មជាតិនិងឧក្រិដ្ឋកម្មឆ្លងដែននៅក្នុងរូបភាពផ្សេងៗ។
នៅក្របខណ្ឌនៃ ផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC)ឆ្នាំ២០២៥ អាស៊ានកំពុងធ្វើការឆ្ពោះទៅរកការធ្វើសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ានកាន់តែខ្លាំងឡើង ចូលទៅក្នុងចរន្តសេដ្ឋកិច្ចសាកលលោក។ ការកសាងពីការចំណេញនៃការចូលរួមរបស់អាស៊ានជាមួយសាកលលោក និងការផ្តួចផ្តើមការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនអាស៊ានអាចទទួលយកតួនាទីធំជាងនេះ ក្នុងការសហការជាមួយដៃគូក្នុងតំបន់និងដៃគូកម្រិតសាកលនានា ក្នុងការស្វែងរកការតភ្ជាប់ជាយុទ្ធសាស្រ្ត ដើម្បីបន្តភាពជាដៃគូសេដ្ឋកិច្ចជាពិសេសជាមួយប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើននិងក្រុមនៅក្នុងតំបន់ដែលមានជំនឿទៅលើគុណតម្លៃ និងមានគោលការណ៍ដូចគ្នា លើការធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់ពួកគេប្រសើរឡើងតាមរយៈការធ្វើសមាហរណកម្មសេដ្ឋកិច្ច។
អាស៊ាននឹងបន្តការគាំទ្រយ៉ាងពេញទំហឹងចំពោះប្រព័ន្ធពាណិជ្ជកម្មពហុភាគី ចូលរួមយ៉ាងសកម្មក្នុងវេទិកាតំបន់និងលើកកម្ពស់ការចូលរួមជាមួយស្ថាប័នសាកលនិងស្ថាប័នថ្នាក់តំបន់នានា។ ពាក់ព័ន្ធនឹងការធ្វើសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់ ការផ្តួចផ្តើមបច្ចុប្បន្នដែលយកអាស៊ានជាគោល ដែលក្នុងចំណោមនោះមានការចរចានៃ ភាពជាដៃគូសេដ្ឋកិច្ចថ្នាក់តំបន់គ្រប់ជ្រុងជ្រោយ (RCEP) ក៏ដូចជាការពិនិត្យនិងការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ានជាមួយនឹងដៃគូខាងក្រៅតំបន់របស់ខ្លួន (ASEAN +1FTAs) ដើម្បីធានាថា កិច្ចព្រមព្រៀងទាំងនោះនៅតែទាន់សម័យ គ្រប់ជ្រុងជ្រោយ មានគុណភាពខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការរអាជីវកម្មដែលប្រតិបត្តិការ បណ្តាញផលិតកម្មនៅក្នុងអាស៊ាននិងដៃគូតំបន់ពាណិជ្ជកម្មសេរីរបស់ខ្លួន FTA ។
សសរស្តម្ភនៃគំនិតផ្ដួចផ្ដើមគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ានគឺជាសុខុមាលភាពរបស់សហគមន៍អាស៊ាន។ វានឹងមិនមានពេលវេលាល្អប្រសើរជាងនេះនោះទេ ដែលត្រូវនិយាយអំពីការកាត់បន្ថយការរងទុក្ខវេទនា និងការសង្គ្រោះជីវិតរបស់ប្រជាពលរដ្ឋអាស៊ាន។ គំនិតផ្តួចផ្តើមត្រូវបានបង្ហាញនៅក្រោមក្របខ័ណ្ឌគ្រប់គ្រងគ្រោះមហន្តរាយក្នុងតំបន់ គឺជាបញ្ហានៃការរស់រានមានជីវិតនិងភាពរឹងមាំដ៏សំខាន់។
VOA៖ អ្នកខ្លះមើលសមាហរណកម្មអាស៊ានថាយឺត (ប៉ុន្តែនៅក្នុងដំណើរដ៏ប្រយ័ត្នប្រយែង) ។ តើលោកគិតថា វាគឺជាពេលវេលាត្រឹមត្រូវដែរឬទេ សម្រាប់អាស៊ានដើម្បីបង្កើនល្បឿននៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិករបស់ខ្លួន?
Le Luong Minh៖ គំនិតទស្សនៈនៅលើថា តើអាស៊ានគួរធ្វើដំណើរក្នុងល្បឿនបែបណាក្នុងការធ្វើសមាហរណកម្មថ្នាក់តំបន់នេះ គឺទំនងនឹងក្លាយជាការយល់ឃើញបែបអត្តនោម័តិផ្សេងៗពីគ្នា។ នៅពេលនៃការចាប់ផ្តើមសហគមន៍សេដ្ឋកិច្ចអាស៊ានជាផ្លូវការនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ដែលបានសម្រេចគោលដៅកំណត់ដោយថ្នាក់ដឹកនាំអាស៊ាន បានសម្រេចការអនុវត្តស្ទើរតែទាំងស្រុងនៃវិធានការនៅក្រោមផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)ឆ្នាំ២០២៥។
សន្ទុះនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៥ ឥឡូវនេះត្រូវធ្វើឡើងជាមួយនឹងផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)ឆ្នាំ២០២៥ ជាផែនទីបង្ហាញផ្លូវ ដែលទទួលបានទទួលបន្តពីផែនការដំបូង។ ផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)ឆ្នាំ២០២៥ ត្រូវតាក់តែងឡើងអមដោយផែនការសកម្មភាពជាយុទ្ធសាស្រ្តរួមនៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ ដែលចែងពីខ្សែបណ្តាញសកម្មភាពគន្លឹះសំខាន់ៗដែលត្រូវបានយកចេញពីផែនការការងារតាមវិស័យនានា និងបានចង្អុរបង្ហាញពេលវេលាសម្រាប់សកម្មភាពផ្សេងគ្នា។
លើសពីនេះទៀត អាស៊ានមានលក្ខណៈខុសប្លែកពីគេ ដោយសារការខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់។ ជាមួយនឹងការផ្តោតសំខាន់យ៉ាងខ្លាំងទៅលើសហគមន៍មួយដែលយកច្បាប់ជាមូលដ្ឋានផ្តោតទៅលើប្រជាពលរដ្ឋនិងយកប្រជាពលរដ្ឋជាគោល អាស៊ានមានការផ្តោតខ្លាំងទៅលើការធានាថា រដ្ឋសមាជិកទាំងអស់ ទោះបីជាកម្រិតនៃការអភិវឌ្ឍរបស់រដ្ឋជាសមាជិកទាំងនោះស្ថិតក្នុងកម្រិតណាក៏ដោយ សុទ្ធតែអាចជាអ្នកចូលរួមយ៉ាងសកម្មនៅក្នុងការទទួលផលប្រយោជន៍ ពីសំណាក់របៀបវារៈនិងកម្មវិធីសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់។
ក្នុងន័យនេះ អាស៊ានទទួលស្គាល់ថា រដ្ឋជាសមាជិកខ្លះអាចនឹងត្រូវការពេលវេលាបន្ថែមទៀតដើម្បីសម្រេចការប្តេជ្ញាចិត្តថ្នាក់តំបន់របស់ពួកគេឲ្យបាន ដូច្នេះហើយវិធានច្បាស់លាស់ និងគំនិតផ្តួចផ្តើមជាក់លាក់ត្រូវបានដាក់ក្នុងរបៀបវារៈដើម្បីជួយរដ្ឋជាសមាជិកទាំងនោះ។ ការមានរដ្ឋជាសមាជិកដែលមានរចនាសម្ព័ន្ធសេដ្ឋកិច្ចផ្លាស់ប្តូរនិងកម្រិតនៃការអភិវឌ្ឍ ជាការចាំបាច់សម្រាប់ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ានឲ្យចូលគ្នាដើម្បីឲ្យសមាហរណកម្មនេះមាននិរន្តរភាពដូច្នេះហើយ ការផ្តោតអារម្មណ៍គឺការធានាថា សមាហរណកម្មគឺស៊ីជម្រៅ មានន័យ និងស្ថិតស្ថិរយូរអង្វែង។
អាចនិយាយបានថាយើងមានទីតាំងដើម្បីពន្លឿនការអនុវត្តវិធានការមួយចំនួនសម្រាប់អាស៊ានដើម្បីឆ្ពោះទៅមុខ និងដើម្បីឲ្យនៅតែមានភាពត្រដំត្រសង ឆ្លើយតបទៅនឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ពិភពលោកនាពេលបច្ចុប្បន្នហើយដើម្បីប្រាកដថាគំរូដ៏សមរម្យ និងទីតាំងដ៏សមប្រកប នៅតែអាចរក្សាលំហសម្រាប់កិច្ចសន្ទនាបែបនេះ និងដំណើរការនៃការធ្វើការសម្រេចចិត្តនានា។
VOA៖ តើមានការលំបាកអ្វីខ្លះ (ទាំងក្នុង និងខាងក្រៅអាស៊ាន) សម្រាប់អាស៊ាននៅក្នុងឆ្នាំដំបូងនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចសហគមន៍អាស៊ាននេះ?
Le Luong Minh៖ នៅឆ្នាំដំបូងនៃការអនុវត្តន៍ ផែនការគោលសហគមន៍សេដ្ឋកិច្ចអាស៊ាន(AEC)ឆ្នាំ២០២៥ ត្រូវបានគេផ្តោតសំខាន់ទៅលើ ការកំណត់មូលដ្ឋានគ្រឹះសម្រាប់ដាក់ឲ្យដំណើរការដែលមានប្រសិទ្ធភាពនៃផែនការគោលថ្មីការអនុម័តផែនការការងារតាមវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាននានា និងការអនុម័តក្របខ័ណ្ឌត្រួតពិនិត្យនិងវាយតម្លៃសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០១៥ ។
បញ្ហាប្រឈមសំខាន់មួយគឺការធានាការយល់ដឹង និងការបំពេញតាមការរំពឹងទុកនានាចំពោះសហគមន៍សេដ្ឋកិច្ចអាស៊ាន។ ការឆ្លើយតបធម្មតារបស់ភាគីពាក់ព័ន្ធទៅនឹងការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាននេះគឺជាការរំពឹងទុកនៃដំណើរការផ្លាស់ប្តូរមួយរំពេច ឬកង្វះការយល់ដឹងនូវអ្វីដែលវាពិតជាហុចផលមែន។ ហេតុនេះហើយកិច្ចខិតខំប្រឹងប្រែងនឹងត្រូវពង្រឹងជាបន្តបន្ទាប់នៅក្នុងការលើកកម្ពស់ការទំនាក់ទំនង ការផ្សព្វផ្សាយនិងការធានាឱ្យមានរបៀបវារៈមួយនៃការចូលរួមនិងការពិគ្រោះយោបល់ថ្នាក់តំបន់។ ការភ្ជាប់ទំនាក់ទំនងពីភាគីពាក់ព័ន្ធនឹងត្រូវបានជំរុញឱ្យស្របតាមសត្យានុម័តិភាពនៃតំបន់អាស៊ានមួយដែលមាការរាប់បញ្ចូល ការផ្តោតទៅលើ ប្រជាពលរដ្ឋនិងការយកប្រជាពលរដ្ឋជាគោល។
ជារូបភាពខាងក្រៅ ឆ្នាំនៃការសម្ភោធសហគមន៍សេដ្ឋកិច្ចអាស៊ាន បានចាប់ផ្តើមនៅក្នុងពេលនៃបរិយាកាសសេដ្ឋកិច្ចនិងនយោបាយសាកលមិនប្រាកដប្រជា។ សេដ្ឋកិច្ចសាកលមានការលូតលាស់យឺតយ៉ាវនៅក្នុងកម្រិតទាបជាងកម្រិតមធ្យមជាមួយលទ្ធផលមិនល្អទៅលើទាំងពាណិជ្ជកម្មអន្តរជាតិ និងពាណិជ្ជកម្មក្រៅប្រទេសដោយផ្ទាល់។
អាស៊ានក៏បានប្រឈមនឹងការគំរាមកំហែងនៃការកើនឡើងចលនាសេដ្ឋកិច្ចគាំពារនិយម ដែលត្រូវបានគេមើលឃើញថាបានកើតមានទូទាំងសាកលលោកជាពិសេសនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនខ្លាំង៕
ប្រែសម្រួលដោយ ផន បុប្ផា