វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA បានបណ្តេញអតីតអ្នកគ្រប់គ្រងសេវាភាសាចិនកុកងឺពីការងារ និងបានព្យួរការងារអ្នកគ្រប់គ្រងម្នាក់ទៀតនៅសេវាចិនកុកងឺ បន្ទាប់ពីការស៊ើបអង្កេតរយៈពេលជាងមួយឆ្នាំអំពីការបញ្ឈប់ការផ្សាយផ្ទាល់នៃបទសម្ភាសន៍ជាមួយអ្នករិះគន់រដ្ឋាភិបាលចិនដ៏លេចធ្លោម្នាក់។
ទីភ្នាក់ងារនេះក៏បានប្រកាសថា ក្រុមអ្នកស៊ើបអង្កេតឯករាជ្យមិនបានរកឃើញភ័ស្តុតាងណាដែលបញ្ជាក់ថា ទីភ្នាក់ងាររបស់រដ្ឋាភិបាលអាមេរិកមួយនេះទទួលរងសម្ពាធពីរដ្ឋាភិបាលក្រុងប៉េកាំងនិងការជ្រៀតចូលរបស់ចារកម្មចិននោះទេ។
នាយិការរបស់ VOA លោកស្រី Amanda Bennett បានប្រកាសអំពីការបណ្តេញចេញពីការងារ និងការព្យួរការងារជាសារអេឡិចត្រូនិចទៅគ្រប់បុគ្គលិកទាំងអស់កាលពីថ្ងៃព្រហស្បតិ៍ ដោយបាននិយាយថា៖ «នៅថ្ងៃនេះ VOA បានបណ្តេញបុគ្គលិកម្នាក់ផ្នែកសេវាភាសាចិនកុកងឺពីការងារ និងបានព្យួរការងារបុគ្គលិកម្នាក់ទៀត»។
បុគ្គលិកផ្នែកសេវាភាសាចិនកុកងឺពីរនាក់ផ្សេងទៀតកំពុងរង់ចាំការសម្រេចពីខាសហជីពតំណាងឲ្យបុគ្គលិករដ្ឋាភិបាល ថាតើត្រូវដាក់ពិន័យក្នុងកម្រិតណា។ ចំណែកឯបុគ្គលិកទី៥បានត្រឡប់ចូលធ្វើការវិញភ្លាមៗបន្ទាប់ពីហេតុការណ៍នោះបានកើតឡើង។ VOA សេវាភាសាចិនកុកងឺធ្វើការផ្សព្វផ្សាយព័ត៌មានជូនដល់ប្រជាពលរដ្ឋនៅប្រទេសចិន៤០លាននាក់ជារៀងរាល់សប្តាហ៍។
លោកស្រី Bennett បដិសេធមិនបង្ហាញអត្តសញ្ញាណរបស់បុគ្គលដែលជាប់ពាក់ព័ន្ធ ដោយលោកស្រីបានថ្លែងថា នេះគឺជាបញ្ហាបុគ្គលិក។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ប្រធានគ្រប់គ្រងសេវាភាសាចិនកុកងឺ អ្នកស្រី Sasha Gong ដែលត្រូវបានព្យួរការងារយូរមកហើយនោះបានបញ្ជាក់ថា អ្នកស្រីត្រូវបានបណ្តេញចេញពីការងារ ហើយប្រធានគ្រប់គ្រងម្នាក់ទៀតគឺលោក Huchen Zhang បានបញ្ជាក់ថា ត្រូវបានព្យួរការងារ។
តាមរយៈសារអេឡិចត្រូនិចដែលលោកស្រី Amanda Bennett ផ្ញើរទៅបុគ្គលិក VOA លោកស្រីបានសរសេរថា ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពីការស៊ើបអង្កេតទាំង៤ដាច់ដោយឡែកពីគ្នាបាននិងសន្និដ្ឋានថា ការបញ្ឈប់ការផ្សាយផ្ទាល់នៃបទសម្ភាសន៍ខាងលើគឺជាកិច្ចខិតខំរបស់ VOA ដើម្បីពង្រឹងស្តង់ដារព័ត៌មានដែលមានពីមុនមក៕