សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋវ៉ាស៊ីនតោនបានបញ្ចប់ទស្សនកិច្ចក្នុងប្រទេសកម្ពុជាជាង១សប្តាហ៍របស់លោក ដើម្បីស្វះស្វែងរកការពង្រីកពាណិជ្ជកម្មរវាងកម្ពុជានិងអ្នកវិនិយោគមកពីរដ្ឋវ៉ាស៊ីនតោន។ លោកព្រឹទ្ធសមាជិកសភាលោកដន បេនតុនបានកត់សម្គាល់ថា ប្រទេសកម្ពុជាជាកន្លែងដ៏មានសក្តានុពលដែលផ្តល់ឱកាសវិនិយោគដល់អ្នកវិនិយោគអាមេរិកាំងជាងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។
ថ្លែងប្រាប់វីអូអេតាមទូរស័ព្ទក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយកាលពីថ្ងៃអង្គារ លោក ដន បេនតុន (Don Benton) សមាជិកព្រឹទ្ធសភាអាមេរិកាំងប្រចាំរដ្ឋវ៉ាស៊ីនតោន បានថ្លែងក្រោយពីការបំពេញទស្សនកិច្ចក្នុងប្រទេសកម្ពុជាថា ប្រទេសកម្ពុជាមានសក្តានុពលនៃឱកាសវិនិយោគយ៉ាងខ្លាំងជាងប្រទេសអាស៊ានផ្សេងទៀត សម្រាប់អ្នកវិនិយោគអាមេរិកាំង ជាពិសេសនៅពេលកម្ពុជាចូលក្នុងសហគមន៍ សេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០១៥ខាងមុខ។
«ខ្ញុំគិតថា ប្រហែលជារឿងចម្បងទី១ដែលត្រូវគិត។ អ្នកវិនិយោគអាមេរិកាំងគួរក្រឡេកមើលអំពីរឿងនោះ អំពីវត្តមានរបស់គេក្នុងសហគមន៍អាស៊ាន និងទីតាំងជាក់ស្តែងរបស់គេ ដែលស្ថិតនៅចំកណ្តាលនៃសហគមន៍សេដ្ឋកិច្ចនេះ។ ហើយខ្ញុំគិតថា ហេតុផលនៃទីតាំងភូមិសាស្ត្រ និងហេតុផលភូគព្ភសាស្ត្រ អ្នកវិនិយោគគួរក្រឡេកមើលកម្ពុជា។ តែបញ្ហាមួយផ្សេងទៀតគឺគិតពិចារណាអំពីកម្លាំងពលកម្មនៅកម្ពុជាផងដែរ»។
លោកថ្លែងថា អំណោយផលទាំងនោះរាប់បញ្ចូលទាំងកម្លាំងពលកម្មដ៏ស្រួច ស្រាវចំនួន៦៨ភាគរយនៃមនុស្សពេញវ័យក្រោមអាយុ៣០ឆ្នាំ ដែលមានការប្រើ ប្រាស់ប្រព័ន្ធបច្ចេកវិជ្ជាទូរគមនាគមន៍អ៊ីនធើណិត ទូរស័ព្ទចល័តនិងការមិនយកពន្ធលើការនាំចូលសម្ភារៈវិនិយោគ ការដែលកម្ពុជាមិនចង់ក្លាយជាដៃគូពាណិជ្ជកម្ម ដូចប្រទេសចិន ការមិនកេងប្រវ័ញ្ចលើប្រាក់ចំណេញរបស់ក្រុមហ៊ុន ការធានាបំបាត់អំពើពុករលួយរបស់រដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរឿងផ្តល់អាជ្ញាបណ្ណជាដើម។
«ខ្ញុំគិតថា មិនមានរឿងដូច្នេះទៀតកើតឡើងក្នុងប្រទេសកម្ពុជាទេ។ រដ្ឋាភិបាល បោសសម្អាត ហើយលោកអ្នកអាចធ្វើជំនួញនៅកម្ពុជាដោយសេរី និងដោយ គ្មានការពាក់ព័ន្ធនឹងការអនុវត្តគ្មានក្រមសីលធម៌ទៀតទេ ហើយខ្ញុំគិតថា នេះ ជាសារដ៏ធំសម្រាប់រដ្ឋាភិបាលអាមេរិកាំងអាចជួយបន្ទរដល់ទៅអ្នកវិនិយោគ អាមេរិកាំងថា រដ្ឋាភិបាលកម្ពុជាពិតជាមានភាពប្រាកដប្រជាណាស់អំពីបញ្ហាពុក រលួយ និងការបោសសម្អាត។ ហើយរឿងនេះជាសារដ៏មានឥទ្ធិពលមួយសម្រាប់អ្នកវិនិយោគទុនអាមេរិកាំង»។
ទស្សនកិច្ចចំនួន៨ថ្ងៃនៅកម្ពុជារបស់លោកសមាជិកព្រឹទ្ធសភា Don Benton ខាងគណបក្សសាធារណរដ្ឋ មកពីសង្កាត់ទី១៧ ក្រុង Vancouver រដ្ឋវ៉ាស៊ីនតោននោះបានបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ក្នុងអំឡុងពេលទស្សនកិច្ចនោះដែរ លោកអះអាងថា លោកបានជួបជាមួយលោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោករដ្ឋមន្ត្រីក្រសួងកសិកម្មអ៊ុក រ៉ាប៊ុន លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ថោង ខុន និងមន្ត្រីជាន់ខ្ពស់ស្និទនឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែនមួយចំនួនទៀតដើម្បីស្វះស្វែងរកមើលឱកាសវិនិយោគ និងឱកាសដែលអ្នកវិនិយោគស.រ.អា. អាចជួយធ្វើឲ្យប្រសើរឡើងបាន។
«យើងពិតជាចង់ធ្វើការវិនិយោគជាមួយកម្ពុជាមែន។ ដូច្នេះបេសកកម្មរបស់ យើងគឺជាការបង្កើនឱកាសវិនិយោគសម្រាប់អ្នកវិនិយោគពីរដ្ឋវ៉ាស៊ីនតោនទៅប្រទេសកម្ពុជា និងអំពីការបង្កើនឱកាសនាំចូលសម្រាប់កម្ពុជាផងដែរ»។
លោក Don Benton ដែលមកពីរដ្ឋដែលមានពលរដ្ឋខ្មែររស់នៅយ៉ាងច្រើនលំដាប់ លេខ៤នេះ បានថ្លែងយ៉ាងដូច្នេះគឺរាប់បញ្ចូលទាំងការនាំចូលនូវអង្ករខ្មែរដែលជាប់លេខមួយក្នុងពិភពលោកចំនួនពីរឆ្នាំជាប់ៗគ្នា។ លោកបានបន្តថា កសិកម្មពេលនេះ កម្ពុជាត្រូវការអ្នកវិនិយោគ ជាពិសេសខ្នាតមធ្យមខាងម៉ាស៊ីនកិនស្រូវ ដែលមិនចាំបាច់ឲ្យនាំស្រូវចេញទៅប្រទេសថៃ និងវៀតណាម ការពង្រីកវិស័យទេសចរណ៍ ការវេចខ្ចប់គ្រឿងកំប៉ុង ទូរត្រជាក់សម្រាប់ស្តុកឥវ៉ាន់ បន្ថែមពីលើការរីកលូតលាស់វិស័យកាត់ដេរដ៏ខ្លាំងក្លា និងតម្រូវការវិនិយោគទុនខ្នាតធំផងនោះ។ លោកបានទទួលស្គាល់ថា តម្លៃភ្លើងនៅកម្ពុជាគឺថ្លៃបន្តិចមែន តែតម្លៃនឹងចុះថោកនៅពេលខាងមុខ ដោយសារមានការវិនិយោគផ្នែកថាមពលនេះដែរ។
លោកហែម ហេង ឯកអគ្គរាជទូតខ្មែរប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតោន បានអះអាង ថា ជាពេលវេលាដែលក្រុមហ៊ុនវិនិយោគស.រ.អា.ទៅធ្វើវិនិយោគនៅកម្ពុជាហើយដោយសារកម្ពុជាពេលនេះមានស្ថិរភាពនយោបាយនិងសន្តិភាព។
«ការធ្វើវិនិយោគនៅកម្ពុជាមិនមែនតែសម្រាប់ទីផ្សារកម្ពុជាដែលមានពលរដ្ឋ១៤លានឬ១៥លាននាក់តែប៉ុណ្ណោះទេ តែជាទីផ្សាររបស់អាស៊ានដែលមានពលរដ្ឋជាង៦០០លាននាក់។ ដូច្នេះវិនិយោគិនអាមេរិកគួរតែទៅធ្វើវិនិយោគនៅកម្ពុជា ព្រោះឱកាសវិនិយោគនៅកម្ពុជាមានសក្តានុពលខ្លាំងលើវិស័យជាច្រើន ដូចជា វិស័យសំណង់ វិស័យថាមពល វិស័យកសិឧស្សាហកម្ម វិស័យទេសចរណ៍ជាដើម»។
ទោះជារដ្ឋាភិបាល មន្ត្រីកម្ពុជាជាន់ខ្ពស់ធានាថា មានប្រព័ន្ធច្បាប់ និងគ្មានអំពើ ពុករលួយ និងការផ្តល់ការលើកទឹកចិត្តច្រើនមែនក្តី ក្រុមហ៊ុនអាមេរិកាំងនិង បណ្តាប្រទេសលោកខាងលិចជាច្រើនហាក់ដូចជានៅរារែកក្នុងការបោះទុនវិនិយោគក្នុងប្រទេសកម្ពុជានៅឡើយ បើធៀបនឹងអ្នកវិនិយោគមកពីប្រទេស ចិន៕