អំពើហិង្សាបានផ្ទុះឡើងកាលពីពាក់កណ្ដាលយប់ថ្ងៃសៅរ៍នៅប្រហែលជាពីរប្លុកពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក ស្របពេលដែលប៉ូលិសការពារឧទ្យាន អង្គរក្សការពារប្រធានាធិបតី និងទាហានបម្រុងថ្នាក់ជាតិ បានការពារបរិវេណជុំវិញទីលាន Lafayette Square។
ប៉ូលិសបានប្រើទឹកបាញ់ឲ្យក្រហាយភ្នែកដើម្បីបំបែកក្រុមអ្នកតវ៉ារាប់រយនាក់ ហើយគេឃើញមានមនុស្សមួយចំនួនបានវាយកម្ទេចបង្អួចមូលនិធិ និងវិទ្យាស្ថានប្រធានាធិបតី Ronald Reagan នៅក្នុងប្លុកលេខ ១៤០០ នៃដងវិធី Pennsylvania ហើយសាខាធនាគារ PNC មួយកន្លែងត្រូវបានបំផ្លាញ។
ក្រុមអ្នកលួចមួយចំនួនបានដុតភ្លើងនៅក្នុងភោជនីយដ្ឋាន ២ កន្លែង នៅផ្លូវទល់មុខនឹងសមាគមប្រវត្តិសាស្ត្រសេតវិមានជិតទីលាន Lafayette Square ហើយរន្ទាសំណង់ច្រើនជាន់ក៏ត្រូវបានគេដុតបំផ្លាញផងដែរ នៅផ្នែកនៃអគារសភាពាណិជ្ជកម្មសហរដ្ឋអាមេរិកដែលកំពុងសាងសង់នៅក្បែរនោះ។
រថយន្តមួយចំនួនដែលចតនៅតាមផ្លូវក្បែរនោះក៏ត្រូវបានវាយកម្ទេច និងដុតបំផ្លាញផងដែរ។
ទិដ្ឋភាពបែបនេះដែលបានកើតឡើងនៅកណ្ដាលរដ្ឋធានីវ៉ាស៊ីនតោនកាលពីយប់ថ្ងៃសៅរ៍ឈានចូលថ្ងៃអាទិត្យ បានបង្ហាញឲ្យឃើញនូវព្រឹត្តិការណ៍តវ៉ានានាដែលបានកើតឡើងនៅតាមទីក្រុងផ្សេងៗទៀតនៅទូទាំងសហរដ្ឋអាមេរិកកាលពីមុន។
ភាពចលាចលទាំងនេះបានកើតឡើង ក្រោយពីមានការតវ៉ាដោយសន្តិវិធីនៅទូទាំងប្រទេស ក្នុងពេលប៉ុន្មានថ្ងៃក្រោយមក បន្ទាប់ពីលោក George Floyd អាយុ ៤៦ ឆ្នាំ ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតអាហ្វ្រិក បានស្លាប់ ក្រោយពីប៉ូលិសស្បែកសម្នាក់សង្កត់ជង្គង់ពីលើករបស់លោកអស់ជាង ៨ នាទី នៅក្នុងទីក្រុង Minneapolis រដ្ឋ Minnesota៕