អំពើ ហិង្សាលើកុមារនៅតែជាបញ្ហាដែលនាំឲ្យមានការខាតបង់ខាងសេដ្ឋកិច្ច និងសុខាភិបាលយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា។ យោងតាមរបាយការណ៍របស់អង្គការយូនីសេហ្វក្នុងឆ្នាំ២០១៣បានឲ្យដឹងថា ៥០ភាគរយនៃកុមារកម្ពុជាធ្លាប់ទទួលរងអំពើហិង្សាលើផ្លូវកាយ ផ្លូវចិត្តនិងផ្លូវភេទ។ ហើយវាក៏ជះឥទ្ធិពលជាអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូលខាងសុខភាពនឹងសេដ្ឋកិច្ច។
យ៉ាង ហោចណាស់ មានការបាត់បង់ថវិកាចំនួន១៦៨លានដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៣ ដោយសារតែផលប៉ះពាល់ជាអវិជ្ជមានផ្នែកសុខភាព ដែលបង្កឡើងដោយអំពើហិង្សាលើកុមារ។ នេះបើយោងទៅតាមរបាយការណ៍របស់អង្គការយូនីសេហ្វ (UNICEF) ក្នុងឆ្នាំ២០១៣។
បន្ថែមពីលើនោះទៀត ទឹកប្រាក់ចំនួនច្រើនជាង៨៣លានដុល្លារត្រូវបានបាត់បង់ ដោយសារមនុស្សជាច្រើនបាត់បង់ផលិតភាព ដែលបណ្តាលមកពីការទទួលរងអំពើហិង្សាកាលពីពួកគេនៅជាកុមារ។
នេះ ជាលើកដំបូងហើយដែលអង្គការយូនីសេហ្វបានចេញរបាយការណ៍វាយតម្លៃការ ខាតបង់ជាទឹកប្រាក់បណ្តាលមកពីអំពើហិង្សាលើកុមារនៅប្រទេស កម្ពុជា។ ការវាយតម្លៃអំពីការខាតបង់ជាទឹកប្រាក់នេះធ្វើឡើង ដោយយោងតាមរបាយការណ៍ដែលអង្គការនេះបានធ្វើការស្រាវជ្រាវទៅលើ បញ្ហាអំពើហិង្សាលើកុមារនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៣។
លោក ស្រី ដេបូរ៉ាកូមីនី នាយិកាអង្គការយូនីសេហ្វប្រចាំប្រទេសកម្ពុជា បាននិយាយថា អំពើហិង្សាលើកុមារដែលជាការរំលោភសិទ្ធិកុមារនោះ នៅតែជាបញ្ហាកើតមានក្នុងពិភពលោក។
«អំពើហិង្សាទៅលើក្មេង ស្រី និងក្មេងប្រុសជាបញ្ហានៅក្នុងប្រទេសទាំងអស់។ នៅទូទាំងសកលលោកមានកុមារប្រមាណជិតមួយកោដិនាក់ក្លាយជាកម្មវត្ថុ ក្នុងការធ្វើទារុណកម្ម»។
លោកស្រីមានប្រសាសន៍ថា មានក្មេងស្រីជិត៧០លាននាក់ត្រូវបានគេរាយការណ៍ថា ជាជនរងគ្រោះដោយអំពើហិង្សាលើរាងកាយនៅក្នុងទម្រង់ផ្សេងៗ។ ខណៈពេលដែលកុមារីប្រហែល១២០លាននាក់ជាកម្មវត្ថុនៃការបង្ខំឱ្យ ធ្វើសកម្មភាពផ្លូវភេទផ្សេងៗនោះ កុមារាក៏បានប្រឈមបញ្ហានេះដែរ ហើយពួកគេទទួលរងការឈឺចាប់ដោយអំពើហិង្សារាងកាយ ផ្លូវភេទ និងផ្លូវចិត្ត។
«អំពើហិង្សាលើកុមារកើតមាននៅគ្រប់ទី កន្លែង ប៉ុន្តែមនុស្សព្រងើយកន្តើយទៅលើបញ្ហានេះ។ អំពើហិង្សាលើកុមារជាញឹកញយត្រូវបានបិទបាំង ហើយគេមើលមិនឃើញ។ ប៉ុន្តែគេអាចការពារមិនឱ្យមានអំពើហិង្សាលើកុមារ នៅពេលដែលមនុស្សរួបរួមគ្នា ហើយនិយាយថា អំពើហិង្សាលើកុមារគឺមិនអាចទទួលយកបាន នៅពេលដែលពួកគេធ្វើអ្វីដែលគេមើលមិនឃើញឱ្យទៅជាមើលឃើញ និងនៅពេលដែលពួកគេធ្វើការស្រាវជ្រាវដ៏ល្អ ដូចជាអ្វីដែលអ្នកធ្វើនៅក្នុងប្រទេសកម្ពុជាគឺដូចករណីដែលយើង បង្ហាញនៅថ្ងៃនេះ»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការយូនីសេហ្វ បានឲ្យដឹងថា ការអង្កេតនេះធ្វើឡើងដើម្បីឱ្យមានកិច្ចសហការរវាងអ្នកតាក់តែងគោល នយោបាយ មន្ត្រីរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ប្រទេសនានា ដើម្បីការពារកុំឱ្យមានការអំពើហិង្សា ឬការរំលោភបំពានណាមួយទៅលើកុមារ ដែលជាអនាគតរបស់ប្រទេសជាតិ។
ការ សិក្សាបានបង្ហាញថា មានកុមារម្នាក់ក្នុងចំណោមពីរនាក់បានទទួលរងអំពើហិង្សាលើផ្លូវ កាយ បង្កឡើងដោយឪពុក ឬម្តាយ ឬមនុស្សពេញវ័យជាសាច់ញាតិ គ្រូ មិត្តភក្តិ ឬសមាជិកសហគមន៍។ ក្រៅពីនេះមានកុមារម្នាក់ក្នុងចំណោមបួននាក់បានទទួលរងការរំលោភ បំពានផ្លូវចិត្ត។
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានមានប្រសាសន៍ថា ជាងពាក់កណ្តាលនៃកុមារកម្ពុជាបានទទួលរងអំពើហិង្សា។
ជាង៥០ ភាគរយនៃកុមារនៅកម្ពុជាធ្លាប់ទទួលរងនូវអំពើហិង្សាលើរាងកាយផ្លូវ ចិត្ត និងផ្លូវភេទថែមទៀត ពេលកុមារភាព។ ក្នុងពេលកុមារភាព ពួកគេបានទទួលរងបញ្ហាទាំងអស់នេះ។
ការរំលោភបំពាននេះធ្វើឲ្យប្រទេសកម្ពុជាបានខាតបង់ជាទឹកប្រាក់ផ្នែកសុខភាព។
លោក ស្រីដេបូរ៉ា កូមីនី នៃយូនីសេហ្វ បានមានប្រសាសន៍ថា កង្វះការយល់ដឹងអំពីការប៉ះពាល់ជាអវិជ្ជមានដោយសារការប្រព្រឹត្តិ អំពើហិង្សាលើកុមារ និងការបន្តប្រព្រឹត្តអំពើហិង្សានេះតគ្នាគឺជាកត្តាចម្បង ដែលនាំឱ្យមានអំពើហិង្សាលើកុមារ។
«ខ្ញុំជឿថា កង្វះការយល់ដឹងអំពីផលវិបាកនៃអំពើហិង្សាគឺជាករណីដែលមនុស្សពេញ វ័យយល់ខុសអំពីវិធីក្នុងការអប់រំកូន។ យើងជឿថា ការអប់រំជាវិជ្ជមាន ការអប់រំបែបស្ថាបនាគឺជាវិធីល្អក្នុងការអប់រំកុមារ។ ការអប់រំដោយអំពើហិង្សាមិនមានប្រសិទ្ធភាពទេ»។
លោកស្រី ដេបូរ៉ា កូមីនី បានបន្ថែមទៀតថា៖ «ខ្ញុំគិតថា ដំបូងគឺឪពុកម្តាយដែលមានភាពហិង្សាត្រូវយល់ថា បញ្ហានេះចេញមកពីណា។ ក្នុងករណីជាច្រើនវាកើតមកពីពួកគេ ដែលពួកគេធ្លាប់ជាជនរងគ្រោះនៃអំពើហិង្សា»។
លោកស្រី ដេបូរ៉ា កូមីនី បានបញ្ជាក់ថា ការរកឃើញនេះគ្រាន់តែជាចំណែកតូចមួយប៉ុណ្ណោះ ដោយសារតែការស្រាវជ្រាវនេះបានពិនិត្យ និងវិភាគលើផលវិបាកលើផ្នែកសុខភាពមួយចំនួនតែប៉ុណ្ណោះ ដែលកើតចេញពីអំពើហិង្សាលើកុមារ។ នេះមានន័យថា ការខាតបង់ចំពោះសង្គមជារៀងរាល់ឆ្នាំមានកម្រិតខ្ពស់ជាងនេះ។
លោក ស្រីបានបន្ថែមថា អំពើហិង្សាលើកុមារ ទោះជាកើតមាននៅពេលណា ឬទីកន្លែងណាក៏ដោយ វាជាការរំលោភបំពានលើសិទ្ធិជាមូលដ្ខានរបស់កុមារ។ ការសិក្សានេះបានបញ្ជាក់ថា អំពើហិង្សាលើកុមារមិនត្រឹមតែប៉ះពាល់លើកុមារប៉ុណ្ណោះទេ តែវាជះឥទ្ធិពលអវិជ្ជមានយូរអង្វែងដល់ប្រទេសទាំងមូលផងដែរ។
លោក ស្រី អ៊ឹង កន្ថាផាវី បានអំពាវនាវឱ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួម ដើម្បីបញ្ឈប់អំពើហិង្សាលើកុមារ។ រីឯលោកស្រី ដេបូរ៉ា កូមីនី អំពាវនាវឱ្យឪពុកម្តាយយល់អំពីផលប៉ះពាល់ផ្សេងៗដែលកើតឡើងពីការ ប្រៀនប្រដៅកូនដោយប្រើអំពើហិង្សា៕