អ្នកភូមិទួលវិហារមួយចំនួនក្នុងខេត្តត្បូងឃ្មុំបានរំឭកពីភាពភ័យខ្លាច ដោយសារការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកកាលពីសម័យសង្រ្គាមក្នុងតំបន់ដែលពួកគេកំពុងរស់នៅបច្ចុប្បន្ននេះ។ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកនៅតំបន់នោះដើម្បីវាយប្រហារសត្រូវរបស់គេគឺពួកវៀតកុង។
លោកអួន សំអាត ជាអ្នកភូមិទួលវិហារអាយុ៥៩ឆ្នាំ បានថ្លែងប្រាប់ VOA ថា នៅពេលទម្លាក់គ្រាប់បែកនោះ លោកមានអាយុប្រហែល២១ឆ្នាំ ហើយតំបន់ដែលលោករស់នៅបច្ចុប្បន្ននេះជាកន្លែងដែលគ្រាប់បែកជាច្រើនត្រូវបានទម្លាក់នៅក្នុងសម័យលន់ នល់ ដែលគាំទ្រដោយអាមេរិក។
«គេថា វៀតកុងនៅទីហ្នឹង។ វៀតណាមខាងជើងនោះ វាមកឆ្លងកាត់នៅទីហ្នឹងទៅខាងកំពង់ចាម។ បឹង កាលណោះព្រៃ ព្រៃរាំង ព្រៃឫស្សីឡើងស៊្លុបហ្មង។ ហើយវាឆ្លងកាត់ទៅទួលកែវ ហើយបានទៅជីរោទិ៍»។
លោកបានរងរបួសជើងបន្តិចបន្តួច ចំណែកភរិយារបស់លោកបានរងរបួសធ្ងន់បន្តិចដែរនៅត្រង់ក្បាលជង្គង់។
ទោះជាការទម្លាក់គ្រាប់បែកនោះបានកើតឡើងជាង៤ទសវត្សរ៍កន្លងទៅហើយក្តី តែប្រជាពលរដ្ឋនៅតែមានការភ័យខ្លាចគ្រាប់បែកដែលនៅសេសសល់ទាំងនោះនៅពេលធ្វើការក្នុងចម្ការរបស់ពួកគេ។
លោកអួន សំអាត បាននិយាយថា លោកប្រទះឃើញគ្រាប់បែកពណ៌លឿងទំហំប៉ុនកដៃចំនួន៤គ្រាប់ ហើយបានរាយការណ៍ទៅមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា ហៅកាត់ថា ស៊ីម៉ាក។ លោកបន្តថា គ្រាប់បែកនោះត្រូវបានយកចេញ ហើយបំផ្ទុះចោលកាលពីឆ្នាំមុន។ ទោះជាយ៉ាងណា លោកសង្ស័យថា គ្រាប់បែកមិនទាន់ផ្ទុះនៅតែមានសេសសល់នៅដីចម្ការរបស់លោក។
លោកអួន សំអាត បានភ្ជួរដីចម្ការប្រមាណ៤ហិកតា ក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ដើម្បីដាំដើមយ៉ិនស៊ិន។ ទោះជាយ៉ាងណា លោកបានប្រាប់កុំឲ្យកម្មករភ្ជួររាស់ដីមួយកន្លែងដែលលោកសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះបន្សល់ទុក តាំងពីអំឡុងទសវត្សរ៍ឆ្នាំ១៩៧០។
«បានប្រាប់គេថា មិនបាច់ភ្ជួរតែខាងហ្នឹង។ អត់មានប្រាប់ថា មានគ្រាប់ ឬមិនមានគ្រាប់ទេ អត់ហ៊ានប្រាប់គេទេ។ តែប្រាប់ ក្រោយគេម៉េចមកភ្ជួរទៀត! គេថាតំបន់នេះមានគ្រាប់ គេម៉េចមកភ្ជួរ! ខ្លាចផ្ទុះគេ! មិនទុកចិត្តខ្លាចវានៅទៀត ព្រោះអាហ្នឹងតែផ្ទុះឌឹង ដឹងតែងាប់ហើយ!»
លោកសំអាត នៅតែមានភាពភ័យខ្លាច ពេលដើរនៅក្នុងចម្ការ និងតំបន់ក្បែរចម្ការរបស់លោកដោយលោកសង្ស័យថា ក្នុងតំបន់នេះនៅតែមានគ្រាប់មិនទាន់ផ្ទុះ កប់ជ្រៅនៅក្នុងដី។
«នៅ! ខ្ញុំថា នៅមិនទាន់មានសុវត្ថិភាពទេ។ បានដោះអស់ទៅលែងភ័យហើយ លែងអី។ អារម្មណ៍នឹកឃើញថា អូ អញ! មានគ្រាប់នៅកន្លែងហ្នឹង! តែផ្ទុះ ដឹងតែពិការមួយជីវិតហើយ»។
ប្រទេសកម្ពុជាបានរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារគ្រាប់មីន គ្រាប់បែកយន្តហោះ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀត ដែលសល់ពីសង្រ្គាមស៊ីវិល និងការទម្លាក់គ្រាប់បែករបស់អាមេរិក ចាប់ពីឆ្នាំ១៩៦៥ដល់ឆ្នាំ១៩៧៣។
សហរដ្ឋអាមេរិកត្រូវបានគេជឿថា បានទម្លាក់អាវុធយុទ្ធភណ្ឌប្រមាណ២,៧៥លានតោនទៅលើតំបន់ជាង១១៣.០០០កន្លែងក្នុងប្រទេសកម្ពុជា។ ចំនួនអ្នកស្លាប់ និងរងរបួសត្រូវបានគេប៉ាន់ប្រមាណថា មានចាប់ពី៥ពាន់ទៅដល់ជាងកន្លះលាននាក់។
អ្នកភូមិទួលវិហារម្នាក់ទៀតគឺលោកតេង ពៅ អាយុ៥៣ឆ្នាំ មានប្រសាសន៍ថា លោកបានដឹងថា តំបន់ក្បែរដីចម្ការរបស់លោកជាកន្លែងដែលត្រូវបានអាមេរិកទម្លាក់គ្រាប់បែកកាលពីសម័យសង្រ្គាម ជាពិសេសនៅជ្រលងមួយដែលនៅក្បែរចម្ការរបស់លោក។
លោកបានរាយការណ៍ទៅក្រុមស៊ីម៉ាកឲ្យមកដោះគ្រាប់នៅក្បែរជ្រលងនោះ ដែលលោកប្រាកដថា មានគ្រាប់មិនទាន់ផ្ទុះ ដោយសារលោកធ្លាប់ឆ្លងកាត់ការទម្លាក់គ្រាប់បែកកាលពីសម័យសង្រ្គាម។
«ខ្ញុំដឹងថា តំបន់ហ្នឹងមានគ្រាប់ប៊ុមប៊ី។ អីចឹងខាង ស៊ីម៉ាក គេឲ្យខ្ញុំជូនទៅ។ ខ្ញុំប្រាប់ថា តំបន់ហ្នឹង ជ្រោះហ្នឹងមានសុទ្ធតែគ្រាប់ប៊ុមប៊ី។ កាលមុនឡើងក្រហមពេញហ្នឹង គ្រាប់ឲ្យរនេកពេញហ្នឹង។ គ្មានអ្នកណាហ៊ានចូលរកទំពាំងទេសម័យហ្នឹងនោះ ពីជំនាន់ម៉ែៗខ្ញុំនោះ!»
ទោះជាយ៉ាងណា លោកថា ក្រុមជំនាញមិនបានចុះមកសិក្សា និងស្វែងរកគ្រាប់មិនទាន់ផ្ទុះទាំងនោះទេ។ លោកអំពាវនាវឲ្យក្រុមការងារស៊ីម៉ាកចុះមកស្រាវជ្រាវ និងបំផ្លាញគ្រាប់ទាំងនោះឲ្យទាន់ពេលវេលា។
«បាទ បើបានគេដោះ ក៏ល្អហើយ កុំឲ្យវាគ្រោះថ្នាក់ដល់អ្នកជំនាន់ក្រោយ វារងគ្រោះដល់អ្នកជំនាន់ក្រោយ អាចទៅរុករាន ធ្វើចុះឡើងនៅបាតដី អាចផ្ទុះគ្រោះថ្នាក់ទៅ។ អ្នកដឹងទៅ គេមិនអាចហ៊ានចុះធ្វើទេ បាតជ្រោះហ្នឹង បើនិយាយពីខ្ញុំ បើចងកាប់ ចង់ឈូសអី ក៏ខ្ញុំមិនហ៊ានដែរ នៅបាតជ្រោះហ្នឹង ព្រោះយើងធ្លាប់ដឹងមកនោះ ព្រោះថា កាប់មួយចបទៅខុស កាប់មួយចបទៅត្រូវ»។
អនុប្រធានភូមិទួលវិហារគឺលោកឡុង ខុន មានប្រសាសន៍ថា មិនមានករណីគ្រោះថ្នាក់ផ្ទុះគ្រាប់ប៉ះពាល់អ្នកភូមិរបស់លោកនាប៉ុន្មានឆ្នាំចុងក្រោយនេះទេ។ លោកបន្តថា អាជ្ញាធរតែងតែជូនដំណឹងទៅក្រុមដោះមីន ប្រសិនបើពួកគេប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ។ ទោះជាយ៉ាងណា លោកចង់ឲ្យក្រុមការងារស៊ីម៉ាក ដោះគ្រាប់មិនទាន់ផ្ទុះនៅតំបន់ក្បែរៗនោះ ដើម្បីបញ្ចៀសកុំឲ្យមានបញ្ហាទៅថ្ងៃខាងមុខ។
«ចង់ឲ្យដោះឲ្យអស់ដែរហ្នឹង(ម្តុំកន្លែងជ្រលង) កុំឲ្យមានបញ្ហាពិបាកដែរគ្រោះថ្នាក់ មិនដឹងនៅទីណា មើលមិនឃើញផង»។
លោកហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក) មានប្រសាសន៍ថា រហូតមកដល់ពេលនេះ មិនមានទិន្នន័យថា តើគ្រាប់បែកប៉ុន្មានក្នុងខេត្តត្បូងឃ្មុំ ដែលត្រូវបានដោះរួចហើយ និងនៅសេសសល់ប៉ុន្មាននោះទេ ដោយសារមជ្ឈមណ្ឌលត្រូវការពេលវេលាដើម្បីស្រាវជ្រាវ និងចុះប្រមូលទិន្នន័យបឋមបន្ថែមទៀត។
លោកហេង រតនា បានបន្ថែមថា មជ្ឈមណ្ឌលមានក្រុមការងារឆ្លើយតបបន្ទាន់ ដើម្បីដោះស្រាយភ្លាមៗ នៅពេលមានសេចក្តីរាយការណ៍អំពីគ្រាប់មិនទាន់ផ្ទុះនៅតាមតំបន់របស់ពួកគេ។
«អញ្ចឹងនៅពេលបច្ចុប្បន្ន នៅទិសខាងហ្នឹង ឲ្យតែមានបញ្ហាហៅ(មកយើង)គឺយើងទៅធ្វើហើយ។ តែយើងមិនបានទៅធ្វើឲ្យបញ្ចប់ថា ក្រោយពីយើងទៅយកគ្រាប់មួយគ្រាប់ហ្នឹងមក មានន័យថា កន្លែងហ្នឹងមានសុវត្ថិភាព១០០ភាគរយទេ ព្រោះយើងអត់ទាន់បោសសម្អាតទាំងស្រុង»។
បើតាមលោកហេង រតនា ខេត្តកំពង់ចាម និងត្បូងឃ្មុំ មិនសូវមានគ្រាប់មីនប្រឆាំងនឹងមនុស្ស និងរថក្រោះនោះទេ គឺភាគច្រើនសម្បូរគ្រាប់បែកទម្លាក់ពីយន្តហោះ អាចជាអំបែង គ្រាប់បែកចង្កោម និងគីមីជាដើម។
ចាប់ពីឆ្នាំ១៩៩២ដល់ឆ្នាំ២០១៦ កម្ពុជាបានរំដោះដីមានមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅលើផ្ទៃដីជាង១.៥០០គីឡូម៉ែត្រការ៉េ ហើយបានរកឃើញ និងកម្ទេចគ្រាប់មីនប្រឆាំងមនុស្សចំនួន១.០៣៦.៣៧៦គ្រាប់ គ្រាប់មីនប្រឆាំងរថក្រោះចំនួន២៤.២៥១គ្រាប់និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន២.៦៦០.៦៣៨គ្រាប់។ ចំនួនជនរងគ្រោះដោយសារគ្រាប់មីនក៏បានធ្លាក់ចុះពី៤.៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម៨៣នាក់ក្នុងឆ្នាំ២០១៦។
បើតាមរបាយការណ៍របស់ស៊ីម៉ាក កម្ពុជានៅមានផ្ទៃដីប្រមាណជាង១៩៤៦គីឡូម៉ែត្រក្រឡាទៀតដែលសង្ស័យថា មានមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលនឹងត្រូវធ្វើការបោសសម្អាតចាប់ពីឆ្នាំ២០១៧ដល់ឆ្នាំ២០២៥។ រដ្ឋាភិបាលកម្ពុជាក៏ត្រូវការថវិកាប្រមាណ៤០៦លានដុល្លារអាមេរិក ដើម្បីសម្រេចគោលដៅបោសសម្អាតមីនរហូតដល់ឆ្នាំ២០២៥។
ប្រទេសដែលផ្តល់ជំនួយធំៗដល់កម្ពុជាសម្រាប់ការដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ជប៉ុន និងអូស្រ្តាលី។
ដោយសារការសង្ស័យថា មានគ្រាប់មិនទាន់ផ្ទុះ លោកអួន សំអាត តែងតែណែនាំកូនរបស់លោកឲ្យមានការប្រុងប្រយ័ត្ននឹងគ្រាប់មិនទាន់ផ្ទុះនៅលើដីចម្ការ និងតំបន់ក្បែរនោះ៕