ប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc នឹងធ្វើដំណើរទៅធ្វើជាអធិបតីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីមួយរបស់រដ្ឋសភាកម្ពុជា ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃនៅកម្ពុជា ចាប់ពីថ្ងៃទី២១ដល់២២ ខែធ្នូ ឆ្នាំ២០២១។ នេះ បើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុករួមទាំងទូរទស្សន៍ជាតិកម្ពុជាផងដែរ។
សារព័ត៌មានថ្មីៗជាភាសាអង់គ្លេស បានរាយការណ៍ថា ប្រធានរដ្ឋសភាកម្ពុជាលោក ហេង សំរិន ក៏នឹងធ្វើជាសហអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាជាតិកម្ពុជាដែលនឹងចំណាយទឹកប្រាក់អស់ ២៥ លានដុល្លារអាមេរិកដែលជាជំនួយរបស់រដ្ឋាភិបាលវៀតណាម។
ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីវៀតណាមរូបនេះ ធ្វើឡើងតិចជាង២សប្តាហ៌ មុនពេលដែលប្រទេសកម្ពុជា ធ្វើជាប្រធានប្តូរវេនសមាគមអាស៊ាននៅដើមឆ្នាំ២០២២។
កាលពីខែកញ្ញា ឆ្នាំ២០២១ ប្រធានរដ្ឋវៀតណាមរូបនេះ ក៏បានបំពេញទស្សនកិច្ចនៅប្រទេសឡាវដែលជាប់ភូមិផងរបងជាមួយកម្ពុជាផងដែរ ជាអ្វីមួយដែលអ្នកវិភាគនយោបាយក្នុងតំបន់អាស៊ីអាគ្នេយ៍មើលឃើញថា ជាការបង្ហាញថា ប្រទេសវៀតណាម កំពុងព្យាយាមរក្សាទីតាំង និងឥទ្ធិពលរបស់ខ្លួននៅក្នុងប្រទេសក្បែរខាងទាំងនេះ ក្នុងពេលដែលប្រទេសចិន កំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួនក្នុងតំបន់។
ក្នុងពេលបំពេញទស្សនកិច្ចនៅកម្ពុជា លោក Nguyen Xuan Phuc នឹងចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាព្រះមហាក្សត្រ បរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ហើយក៏គ្រោងជួបលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
កាលពីថ្ងៃពុធ លោក ហ៊ុន សែន បានប្រកាសថា ក្នុងនាមជាប្រធានប្តូរវេនអាស៊ាន លោកនឹងខិតខំសម្របសម្រួលក្នុងចំណោមប្រទេសសមាជិកអាស៊ានជាមួយប្រទេសចិនក្នុងបញ្ហាជម្លោះនៅសមុទ្រចិនខាងត្បូង ដើម្បីសម្រេចឲ្យបានក្រមប្រតិបត្តិមួយសម្រាប់សមុទ្រចិនខាងត្បូង ឬហៅកាត់ថា COC (Code of Conduct for the South China Sea)។
ប្រទេសវៀតណាម គឺជាភាគីជម្លោះមួយជាមួយចិន ដែលទាមទារអធិបតេយ្យក្នុងដែនសមុទ្រចិនខាងត្បូង។
ការសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយរបស់ប្រទេសវៀតណាមនេះ គ្រោងនឹងបើកការដ្ឋាននៅដើមឆ្នាំ២០២២។ នេះ បើយោងតាមទំព័រហ្វេសប៊ុករបស់លោក ហេង សំរិន៕