តុលាការមួយនៅក្នុងទីក្រុងហាណូយនៃប្រទេសវៀតណាមកាលពីថ្ងៃពុធបានបញ្ជាឲ្យដាក់ពន្ធនា គារសកម្មជន២នាក់ដែលបានចុះផ្សាយនៅលើហ្វេសប៊ុកអំពីការប៉ះទង្គិចគ្នាអំពីជម្លោះដីធ្លីមួយកន្លែងដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ដែលហេតុការណ៍នេះកើតមានឡើងនៅជាយទីក្រុងហាណូយកាលពីឆ្នាំមុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AFP។
រដ្ឋាភិបាលវៀតណាមមិនដែលអត់អោនឲ្យដល់អ្នកទាំងឡាយណាដែលបានប្រើប្រាស់បណ្តាញសង្គមដើម្បីរិះគន់របបរបស់ខ្លួនទេ។
លោកស្រី Trinh Ba Phuong ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១០ឆ្នាំហើយលោកស្រីNguyen Thi Tam ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន៦ឆ្នាំពីបទរក្សាទុក ចែកចាយឬធ្វើការ ឃោសនាព័ត៌មាននិងឯកសារមិនពិតដែលមានគោលបំណងប្រឆាំងសារធារណរដ្ឋសង្គមនិយមវៀតណាម។
មន្ត្រីប៉ូលិស៣នាក់និងពលរដ្ឋម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងជម្លោះដីធ្លីមួយកន្លែងនៅក្នុងឃុំ Dong Tam កាលពីខែមករាឆ្នាំ២០២០នៅពេលដែលមន្ត្រីអាជ្ញាធរបានព្យាយាមដើម្បីធ្វើរបងនៅលើដីនោះ ក៏ប៉ុន្តែត្រូវបានអ្នកភូមិដែលប្រដាប់ដោយគ្រាប់បែក គ្រាប់បែកសាំង និងកាំបិត ចេញមកប្រឆាំងតវ៉ាយ៉ាងព្រោងព្រាត។ ពួកអ្នកភូមិបានប្រឆាំងជំទាស់នឹងការប៉ុនប៉ងរបស់យោធាសាងសង់ព្រលានយន្តហោះ។
ទីភ្នាក់ងារព័ត៌មានរដ្ឋវៀតណាម (Vietnam News Agency) បានរាយការណ៍ថា ខ្លឹមសារបង្ហោះនៅលើបណ្តាញសង្គមរបស់លោកស្រីPhuong និងលោកស្រី Tam មានលក្ខណៈមួលបង្កាច់និងប្រ ឌិតនូវហេតុការណ៍ដែលបានកើតឡើងនៅក្នុងឃុំ Dong Tam ដោយធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់រដ្ឋាភិបាលនិងបានញុះញង់ឲ្យពលរដ្ឋប្រឆាំងទៅលើអាជ្ញាធររដ្ឋ។
ម្តាយនិងប្អូនប្រុសរបស់លោកស្រី Phuong ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគា៨ឆ្នាំផងដែរកាលពីខែឧសភាកន្លងទៅពីបទចោទប្រកាន់ថាបានបង្ហោះព័ត៌មានជុំវិញរឿងនេះ។
កាលពីខែកញ្ញាឆ្នាំ២០២០ តុលាការក្រុងហាណូយ ក៏បានកាត់ទោសប្រហារជីវិតបុរស២នាក់ដែលបានសម្លាប់មន្ត្រីប៉ូលិស៣នាក់ហើយមនុស្ស២៧នាក់ផ្សេងទៀតក៏ត្រូវបានកាត់ទោសផងដែរជុំវិញហេតុការណ៍នៃការប៉ះទង្គិចគ្នាក្នុងរឿងជម្លោះដីធ្លីមួយនេះ។
ជម្លោះដីធ្លីនៅក្នុងប្រទេសវៀតណាមបានកើតមានឡើងជាទូទៅដោយសារបុគ្គលមានអំណាចនិងក្រុមហ៊ុនជាញឹកញាប់បានទាមទារកាន់កាប់ទ្រព្យសម្បត្តិទាំងនោះ។
ការការទោសលោកស្រី Phuong និងលោកស្រី Tam កើតមានឡើងតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីអ្នកកាសែតប្រឆាំងដែលមានឈ្មោះបោះសំឡេងម្នាក់ក៏ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល៩ឆ្នាំផងដែរ៕