ក្រុមហ៊ុនបច្ចេកវិទ្យាទើបបង្កើតថ្មី ឬ startup នៅវៀតណាមក្នុងឆ្នាំ ២០២០នេះកំពុងតែព្យាយាមបញ្ចៀសនូវកំហុសរបស់ក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀតដូចជា ក្រុមហ៊ុន Uber និងក្រុមហ៊ុន WeWork ដែលក្រុមហ៊ុនទាំងនេះបានធ្វើឲ្យវិនិយោគិនខកចិត្តក្នុងឆ្នាំ ២០១៩ ដោយសារតែខកខានក្នុងការរកប្រាក់ចំណេញ បន្ទាប់ពីភាពល្បីឈ្មោះនិងការរំពឹងខ្ពស់មក។
វិនិយោគិន និងសហគ្រិននៅក្នុងប្រទេសកុម្មុយនិស្តមួយនេះកំពុងមានការពិនិត្យពិច័យជាងមុនទៅលើក្រុមហ៊ុននិងអាជីវកម្មរបស់ពួកគេ បន្ទាប់ពីរកឃើញថា សហគ្រិន និងវិនិយោគិនដទៃទៀតនៅក្រៅប្រទេសត្រូវខាតបង់។ ក្រុមហ៊ុន WeWork ដែលជាក្រុមហ៊ុនផ្តល់កន្លែងជួលដើម្បីធ្វើការ ត្រូវបានយល់ឃើញថាជាឧទាហរណ៍សម្រាប់ការប្រុងប្រយ័ត្នមួយសម្រាប់ក្រុមហ៊ុន startup ដែលមិនបានបំពេញតាមក្តីរំពឹងទុក និងមិនអាចរកប្រាក់ចំណេញបាន។
អស់រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកវិនិយោគសុខចិត្តវិនិយោគលើអាជីវកម្មដែលមានការខាតបង់ ដើម្បីបានចំណែកទីផ្សារកាន់តែធំ។ ប៉ុន្តែនាពេលឥឡូវនេះ ពួកគេមានការពិនិត្យពិច័យជាងមុនចំពោះការវិនិយោគថ្មីៗ។
កម្មវិធី Vietnam Innovative Startup Accelerator ឬហៅកាត់ថា VIISA តម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាទើបនឹងចាប់ផ្តើមបំពេញតម្រូវការបទដ្ឋានមួយចំនួន អំឡុងពេលដែលអាជីវកម្មរបស់ពួកគេកំពុងស្ថិតនៅក្នុងកម្មវិធីបណ្តុះបណ្តាល VIISA នេះ។
លោក Hieu Vo សមាជិកក្រុមប្រឹក្សា និងប្រធានផ្នែកហិរញ្ញវត្ថុនៃកម្មវិធី VIISA បាននិយាយថា៖ «ក្រៅពីស្តង់ដារជ្រើសរើសដែលផ្អែកលើកលក្ខណៈជាក់ស្តែង ដែលគ្រប់ក្រុមហ៊ុនទើបនឹងបង្កើតថ្មី startup ទាំងអស់ត្រូវឆ្លងកាត់នោះ កម្មវិធីនេះក៏មានដាក់បញ្ចូលនូវរបៀបវាស់ស្ទង់ការវិវត្តថ្មីមួយ ដែលជួយយើងតាមដានដំណើរការវិវត្តរបស់ក្រុមហ៊ុនទើបនឹងបង្កើតថ្មី ដែលត្រូវបានទទួលចូលក្នុងកម្មវិធី VIISA។ ហើយខ្ញុំគិតថា ដំណើរការនេះនឹងជួយបុគ្គលម្នាក់ៗបំពេញឲ្យអស់សមត្ថភាពរបស់ពួកគេនៅក្នុងអាជីវកម្ម ដែលពួកគេបានបង្កើតឡើង និងប្តេជ្ញាសម្រេចឲ្យបាន»។
លោក Vo និយាយថា សហសេវិករបស់លោកអង្គុយពិភាក្សាជាមួយនឹងក្រុមហ៊ុនទើបនឹងចាប់ផ្តើមថ្មីថ្មោង startup នៅពេលដែលក្រុមហ៊ុនទាំងនោះចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាលនេះ ដើម្បីពិភាក្សាអំពីសុចនាករសមត្ថភាពចម្បង ឬ KPI ដែលនឹងត្រូវចាត់ទុកជា គោលដៅ។ កម្មវិធី VIISA ក៏បានផ្តល់ការហ្វឹកហ្វឺនដល់អាជីវកម្មទើបនឹងបង្កើតថ្មី ដើម្បីឲ្យពួកគេមានជំនាញអាចវាស់វែងបាន ដូចជា បែបផែននៅក្នុងការរៀបចំកិច្ចព្រមព្រៀងអាជីវកម្ម ឬការបង្កើតប្រព័ន្ធគណនេយ្យរបស់ពួកគេ។
លោក Vo បន្តទៀតថា ការមានរង្វាស់ និងចំណាត់ថ្នាក់នឹងជួយ «ទាំងសមត្ថភាពអាជីវកម្ម ក៏ដូចជា ការអភិវឌ្ឍផ្លាស់ប្តូរជាលក្ខណៈឯកជនរបស់ស្ថាបនិក»។
ស្ថាបនិកជាបុគ្គលម្នាក់ឬច្រើននាក់បានក្លាយជាចំណុចផ្តោតពិនិត្យពិច័យសំខាន់របស់ក្រុមវិនិយោគិន ដែលធ្លាប់តែមានភាពអនុគ្រោះចំពោះស្ថាបនិកដែលមានភាពប្លែក ឬក្លាហាន ដែលនេះត្រូវបានយល់ឃើញថា ជាផ្នែកមួយនៃលក្ខណៈសម្បត្តិគ្រប់គ្រាន់នៃបុគ្គលវ័យឆ្លាតខាងបច្ចេកវិទ្យាឲ្យដឹកនាំក្រុមហ៊ុនបែបច្នៃប្រឌិតមួយ។ ប៉ុន្តែក៏មានការតវ៉ាពីអ្នកផ្សេងដែលគិតថា ការបណ្ដោយជ្រុលហួសហេតុឲ្យស្ថាបនិកអាចធ្វើអ្វីស្រេចចិត្ត អាចបង្កការខូចខាតដល់អាជីវកម្មផងដែរ។ កន្លងមកមានចាប់ពីរឿងការបំពានផ្លូវភេទ ក្នុងវប្បធម៌កន្លែងធ្វើការរបស់ក្រុមហ៊ុន Uber រហូតដល់ទំនាស់ផលប្រយោជន៍នៅក្នុងសេចក្តីសម្រេចផ្នែកអាជីវកម្មនៅក្រុមហ៊ុន WeWork។
កម្មវិធីនេះមិនត្រឹមតែជួយក្នុងការគិតរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែក៏ជំរុញឲ្យមានទស្សនៈពីខាងក្រៅបន្ថែមទៀតផងដែរ នេះបើយោងតាមលោក Pham Manh Ha ស្ថាបនិក និងនាយកប្រតិបត្តិក្រុមហ៊ុន Beekrowd ដែលជាក្រុមហ៊ុនវិនិយោគមួយមានមូលដ្ឋាននៅក្រុងហូជីមិញ។
លោក Pham បាននិយាយថា៖ «ក្នុងនាមជាស្ថាបនិកលើកដំបូង វាហាក់ដូចជាមិនអាចឲ្យយើងមើលហួសពីរយៈពេលប្រាំមួយខែទៅមួយឆ្នាំដំបូងនៃអាជីវកម្មរបស់យើងទេ។ កត្តាទាំងនោះស្ថិតនៅខាងក្រៅដែលបិទបាំងយើងមិនឲ្យមើលអ្វីទាំងមូល»។
ដើម្បីអាចមើលឃើញទាំងរូបភាពវែងឆ្ងាយបាន អាជីវកម្មនៅវៀតណាមដូចជា ក្រុមហ៊ុនរបស់លោក កំពុងតែប្រើប្រាស់នូវយុទ្ធសាស្រ្តដែលអាចវាស់វែងបានជាងមុន។ នៅវៀតណាម មានការកើនឡើងនូវចំនួនក្រុមហ៊ុនបច្ចេកវិទ្យាទើបនឹងចាប់ផ្តើមថ្មី startup ជាច្រើន ស្របពេលដែលវិនិយោគិនបានប្រញាប់ប្រញាល់ក្នុងការវិនិយោគ និងកេងចំណេញពីសេដ្ឋកិច្ចដែលកំពុងមានកំណើនឆាប់រហ័ស។
ប៉ុន្តែពួកគេក៏ចងចាំដែរថា ពីសម័យកាល dot-com bubble ក្នុងទសវត្សរ៍១៩៩០ នៅសហរដ្ឋអាមេរិក ដែលពេលនោះការរីកធំជ្រុលនាំឲ្យធ្លាក់ចុះទៅវិញយ៉ាងឆាប់នៃអាជីវកម្មបច្ចេកវិទ្យាពាក់ព័ន្ធនឹងអ៊ីនធឺណិត និងការរីកធំជ្រុលនៅក្នុងវិស័យបច្ចេកវិទ្យាលើសាកលលោកនាពេលថ្មីៗនេះ ដែលអ្វីទាំងពីរនេះជាមេរៀនឲ្យមានការប្រយ័ត្នប្រយែង៕
ប្រែសម្រួលដោយ ណឹម សុភ័ក្រ្តបញ្ញា