ក្រុមមន្ត្រីស.រ.អា.បាននិយាយកាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា នឹងជួបជាមួយមេដឹកនាំគណបក្សកុម្មុយនិស្តវៀតណាមនៅថ្ងៃអង្គារនៅឯសេតវិមានដើម្បីធ្វើការចរចាអំពីបញ្ហាពាណិជ្ជកម្ម និងបញ្ហាឯទៀតៗ។
លោក Nguyen Phu Trong ជាអគ្គលេខាធិការនៃគណៈកម្មាធិការកណ្តាលរបស់គណបក្សកម្មុយនិស្តវៀតណាម ក៏ប៉ុន្តែលោកមិនបានកាន់តំណែងអ្វីក្នុងរដ្ឋាភិបាលទេ។ សេចក្តីថ្លែងការណ៍មួយរបស់សេតវិមានបាននិយាយថា លោកអូបាម៉ានឹងពិភាក្សាជាមួយលោក Trong អំពី «វិធីដើម្បីពង្រឹងភាពដៃគូទូលំទូលាយរវាងស.រ.អា. និងប្រទេសវៀតណាមថែមទៀត»។ លោក Trong ដែលជាមេដឹកនាំកុម្មុយនិស្តវៀតណាមទីមួយមកបំពេញទស្សនកិច្ចក្នុងស.រ.អា.នឹងធ្វើដំណើរមកដល់ស.រ.អា.ក្នុងរយៈពេលខ្លីនៅក្រោយខួប៤០ឆ្នាំនៃការបញ្ចប់សង្គ្រាមរវាងប្រទេសលោកនិងស.រ.អា.។
អតីតប្រទេសជាសត្រូវនឹងគ្នាទាំងពីរនេះបានធ្វើឱ្យទំនាក់ទំនងរវាងពួកគេមានភាពធម្មតាប្រក្រតីវិញកាលពី២០ឆ្នាំមុននេះ ហើយមានភាពជិតស្និទ្ធជាងមុនកាលពីឆ្នាំទៅមិញនៅពេលដែលភាពតានតឹងក្នុងតំបន់មានទាក់ទិនជាមួយប្រទេសចិនបានកើនខ្លាំងឡើងៗនៅក្នុងសមុទ្រចិនខាងត្បូង។ ក្រុមមន្ត្រីស.រ.អា.បាននិយាយថា ជំនួបរបស់លោកអូបាម៉ាជាមួយលោក Trong ក៏នឹងផ្តោតការយកចិត្តទុកដាក់ដែរលើភាពដៃគូឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក (Pacific) ដែលហៅកាត់ថា TPP សិទ្ធិមនុស្ស និងកិច្ចសហប្រតិបត្តិការទ្វភាគីខាងការពារប្រទេស៕