មន្ត្រី​ឧស្សាហកម្ម៖ វៀតណាម​ទិញ​អង្ករ​ពី​ឥណ្ឌា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​ចុងក្រោយ​នេះ

  • Reuters

រូបឯកសារ៖ កសិករ​ឥណ្ឌា​ម្នាក់​ហាល​ស្រូវ​នៅ​ជាយ​ក្រុង Jammu ប្រទេស​ឥណ្ឌា ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។

វៀតណាម​ ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ច្រើន​បំផុត​លំដាប់​ទី​បី​ក្នុង​ពិភពលោក បាន​ចាប់ផ្ដើម​ទិញ​អង្ករ​ពី​ប្រទេស​ឥណ្ឌា​ដែល​ជា​គូ​ប្រជែងខ្លួន ជា​លើក​ដំបូង​ក្នុង​រយៈពេល​រាប់​ទសវត្សរ៍​ចុង​ក្រោយ​នេះ បន្ទាប់​ពី​តម្លៃ​អង្ករ​ក្នុង​ប្រទេស​ឡើង​ថ្លៃ​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៩ឆ្នាំ​មក​នេះ ដោយសារ​ការ​ផ្គត់ផ្គង់​អង្ករ​ក្នុង​ស្រុក​មាន​កម្រិត។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​ឧស្សាហកម្ម​ ៤ នាក់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការ​ទិញ​នេះ​គូស​បញ្ជាក់​ពី​ការ​ផ្គត់ផ្គង់​ដែល​កំពុង​តែខើច​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​អាច​នាំ​ឲ្យ​តម្លៃ​អង្ករ​ឡើង​ថ្លៃ​នៅ​ឆ្នាំ​ ២០២១។ ​ហើយ​បណ្តា​ប្រទេស​ដែល​ធ្លាប់​តែទិញ​អង្ករ​ពីប្រទេសថៃ​និង​វៀតណាម ក៏​នឹង​ត្រូវ​បាន​បង្ខំ​ឲ្យបែរទៅ​ទិញ​អង្ករ​ពី​ឥណ្ឌា ដែល​ជា​ប្រទេស​នាំ​ចេញ​អង្ករ​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក​ផង​ដែរ។

ពាណិជ្ជករ​ឥណ្ឌា​បាន​ចុះ​កិច្ចសន្យា​នាំ​ចេញ​អង្ករ​បាក់កម្រិត ១០០ភាគរយ ចំនួន ៧ម៉ឺន​តោន​សម្រាប់​ការ​ដឹក​ជញ្ជូន​នាំ​ចេញ​នៅ​ខែ​មករា និង​ខែ​កុម្ភៈ​នេះ ដែល​អង្ករ​ក្នុង​មួយ​តោន​មាន​តម្លៃ ៣១០ ដុល្លារ​ហើយ​អ្នក​លក់​មិន​ទទួល​ខុសត្រូវ​ចំពោះ​ការ​ខូចខាត​ទេ ក្រោយ​ទំនិញ​នាំ​ចេញ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​ឧស្សាហកម្ម។

លោក B.V. Krishna Rao ប្រធាន​សមាគម​នៃ​អ្នក​នាំ​ចេញ​អង្ករ បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters កាល​ពី​ថ្ងៃ​ច័ន្ទ​ថា៖ «នេះ​ជា​លើក​ទីមួយ​ហើយ​ ដែល​យើងនាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​វៀតណាម»។ លោក​បាន​ថ្លែង​ទៀត​ថា៖ «តម្លៃ​[អង្ករ]​របស់​ឥណ្ឌា​ទាប​ ទាក់ទាញ[​អ្នក​ទិញ​]ណាស់។ តម្លៃ​ទាប​ជាង​គេ​ខ្លាំង​ធ្វើ​ឲ្យ​យើង​អាច​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន»។ ​

ការ​ផ្គត់ផ្គង់​ដែល​កាន់​តែ​ខើច និង​ការ​បន្ដ​ទិញ​ពី​ប្រទេស​ហ្វីលីពីន​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​វៀតណាម​ឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល ៩ ឆ្នាំ​មក​នេះ។

អង្ករ​បាក់​កម្រិត ៥ភាគរយ​ របស់​វៀតណាម​ត្រូវ​បាន​គេ​ឲ្យ​តម្លៃ​ប្រមាណ​ពី ៥០០ ទៅ ៥០៥ ដុល្លារ​ក្នុង​មួយ​តោន ដែល​ថ្លៃ​ខ្លាំង​ជាង​តម្លៃ​អង្ករ​ឥណ្ឌា​ដែល​មាន​តម្លៃ​ត្រឹម​តែ​ពី ៣៨១ ទៅ ៣៨៧ ដុល្លារ​តែ​ប៉ុណ្ណោះ​ក្នុង​មួយ​តោន។

ការ​ផ្គត់ផ្គង់​ដែល​កាន់​តែ​ខើច​នេះ​នឹង​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​កាន់​តែ​ខ្លាំង​អំពី​អសន្ដិសុខ​ស្បៀងអាហារ​ ក្នុង​តំបន់​ជាច្រើន​ដែល​ក្នុង​ចំណោម​នោះ​គឺ​តំបន់​អាហ្វ្រិក​ប៉ែក​ខាង​ត្បូង​ដែល​មាន​តម្រូវការ​នាំ​ចូល​ស្បៀងកើនឡើង​ខ្លាំង ​មួយ​ផ្នែក​ដោយសារកំណើន​ប្រជាជន។

ភាព​អត់ឃ្លានរ៉ាំរ៉ៃ​និង​ស្រួច​ស្រាវកំពុង​តែ​កើន​ឡើង ដោយការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ដែល​បាន​កាត់​បន្ថយ​ប្រាក់​ចំណូល និង​បង្អាក់​ដល់​សង្វាក់​ផ្គត់ផ្គង់​ស្បៀង។ ហើយ​ការណ៍​នេះ​បាន​ប៉ះ​ពាល់ដល់​ក្រុម​គ្រួសារ​ដែល​ងាយ​រងគ្រោះជា​ច្រើននៅ​ស្ទើរ​តែ​គ្រប់​ប្រទេស​ទាំង​អស់ ​ផង​ដែរ។​ នេះ​បើ​យោង​តាម​ធនាគារ​ពិភពលោក។ ​ ​

រូបឯកសារ៖ កម្មករ​នាំ​គ្នា​យក​អង្ករ​ចេញ​ពី​រោងចក្រ​ច្រកអង្ករ​មួយ​នៅក្រុង Can Tho ប៉ែក​ខាង​ត្បូង​ប្រទេស​វៀតណាម ថ្ងៃទី២៣​ ខែសីហា ឆ្នាំ២០១៥។

ការ​ស្ដុក​ទុក

ពាណិជ្ជករនិយាយ​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ ក៏​បាន​ធ្វើ​ឲ្យ​ប្រទេស​វៀតណាម និង​ប្រទេស​ដទៃទៀត​ទិញ​អង្ករ​ស្ដុកទុក​ផង​ដែរ។

វៀតណាម​បាន​ប្រកាស​កាល​ពី​ឆ្នាំ​មុន​ថា ខ្លួន​នឹង​ស្ដុក​ទុក​អង្ករ​ចំនួន ២សែន ៧ម៉ឺន​តោន​ដើម្បី​ធានា​ថា មាន​ស្បៀងអាហារ​គ្រប់គ្រាន់​ ខណៈ​ដែល​សង្វាក់​ផ្គត់ផ្គង់​ត្រូវ​បាន​បង្អាក់​ដោយសារ​ជំងឺ​កូវីដ១៩​នៅ​ទូទាំង​ពិភពលោក។

ពាណិជ្ជករ​ក្នុង​ប្រទេស​វៀតណាម​និយាយ​ថា អង្ករ​ពី​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​ស្ដុកទុក​ក្នុង​ឃ្លាំង​របស់​រដ្ឋាភិបាល​ចាប់​តាំង​ពី​ឆ្នាំ២០១៦ និង​ឆ្នាំ២០១៧ មក ហើយតម្លៃ​រាង​ថោក​នៃ​អង្ករ​ពី​ប្រទេស​ឥណ្ឌា​នេះ​ គឺ​ដោយសារ​គុណភាព​ទាប​របស់​វា។

ពាណិជ្ជករ​អង្ករ​ម្នាក់​ដែល​ស្ថិត​នៅ​ទីក្រុង​ហូជីមិញ​ ប្រទេស​វៀតណាម ថ្លែង​ថា៖ «គុណភាព​អង្ករ​ទាប​ណាស់ ដែល​មិន​ល្អ​សម្រាប់​មនុស្ស​ហូប​ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​សម្រាប់​តែ​ចិញ្ចឹម​សត្វ និង​ផលិត​ជា​ស្រាបៀរ​តែ​ប៉ុណ្ណោះ»។

ទិន្នផល​ស្រូវ​សរុប​របស់​វៀតណាម​ក្នុង​ឆ្នាំ២០២០ បាន​ថយចុះ​ ១,៨៥% គឺ​ស្មើ​នឹង ៤២,៦៩ លាន​តោន ឬ​ស្មើ​នឹង ២១,៣៥ លាន​តោន​អង្ករ។ នេះ​បើ​យោង​តាម​ទិន្នន័យ​ការិយាល័យ​ស្ថិតិ​របស់​រដ្ឋាភិបាល​វៀតណាម។

ការ​នាំ​ចេញ​អង្ករ​នៅ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ឆ្នាំ២០២០ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ថយ​ចុះ ៣,៥% ឬ​ស្មើ​នឹង ៦,១៥ លាន​តោន។

តម្រូវការ​ខ្ពស់​ពី​បណ្ដា​ប្រទេស​នៅ​ទ្វីប​អាស៊ី និង​ទ្វីប​អាហ្វ្រិក​ក៏​បាន​ធ្វើ​ឲ្យ​តម្លៃ​អង្ករ​ឥណ្ឌា​កើនឡើង​ផង​ដែរ ប៉ុន្តែ​តម្លៃ​អង្ករ​ឥណ្ឌាក៏​មិន​អាច​ឡើង​ខ្ពស់​ពេក​ដែរ​ ដោយសារ​តែ​អង្ករ​ក្នុង​ស្ដុក​មាន​ច្រើន​លើស​តម្រូវការ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Nitin Gupta អនុប្រធានក្រុមហ៊ុន Olam ដែល​ជួញដូរ​អង្ករ​របស់​ឥណ្ឌា។ ​

លោក Gupta និយាយ​បន្ត​ថា វៀតណាម​អាច​ទិញ​បាន​កាន់​តែ​ច្រើន ដរាបណា​តម្លៃ​នៅ​តែ​ខុស​គ្នា​ខ្លាំង។

កាល​ពី​ខែ​ធ្នូ ចិន​ដែល​ជា​ប្រទេស​នាំ​ចូល​អង្ករ​ច្រើន​បំផុត​នៅ​ក្នុងពិភពលោក បាន​ចាប់ផ្ដើម​ទិញ​អង្ករ​ឥណ្ឌា ជា​លើក​ដំបូង​ក្នុង​រយៈពេល​យ៉ាង​ហោច​ណាស់ ៣ ទសវត្សរ៍​ចុងក្រោយ​នេះ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​កាន់​តែ​ខើច​ពី​ប្រទេសថៃ មីយ៉ាន់ម៉ា និង​វៀតណាម និង​ដោយសារ​ការ​ផ្តល់​តម្លៃ​ទាប​ខ្លាំង​ពី​ប្រទេស​ឥណ្ឌា។

នៅ​ក្នុង​ឆ្នាំ ២០២០ ឥណ្ឌា​បាន​នាំ​ចេញ​អង្ករ​ច្រើន​បំផុត​រហូត​ដល់ ១៤លាន​តោន។ នេះ​បើ​យោង​តាម​ទិន្នន័យ​បឋម​របស់​ក្រសួង​ពាណិជ្ជកម្ម​ឥណ្ឌា៕

ប្រែសម្រួល​ដោយ​អ្នកស្រី ហុង ចិន្ដា