វៀតណាមបានឆ្លើយតបនឹងការសម្រេចចិត្តរបស់កម្ពុជាដែលដកខ្លួនចេញពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម CLV -DTA ថា វៀតណាមនឹងបន្តពិគ្រោះយោបល់ជាមួយឡាវ និងកម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនប្រទេសទាំងបី។ នេះបើតាមការចុះផ្សាយរបស់កាសែតវៀតណាម កាលពីថ្ងៃព្រហស្បតិ៍។
សារព័ត៌មាន Vietnamnet Global បានចុះផ្សាយអត្ថបទមួយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយស្រង់សម្តីរបស់អ្នកស្រី Pham Thu Hang អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមថា៖ «វៀតណាមនឹងបន្តពិគ្រោះយោបល់ជាមួយឡាវ និងកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការស៊ីជម្រៅ និងជាក់ស្តែងបន្ថែមទៀត ក្នុងចំណោមប្រជាជាតិទាំងបី ឱ្យស្របតាមដំណាក់កាលអភិវឌ្ឍន៍ថ្មី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី ពង្រឹងសហគមន៍អាស៊ាន និងរួមចំណែកដល់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់»។
កាសែតវៀតណាមមួយនេះ ស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបន្ថែមថា វៀតណាម ឡាវ និងកម្ពុជា មានយន្តការសហប្រតិបត្តិការជាច្រើន រួមទាំងតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ផងដែរ ហើយយន្តការនីមួយៗ មានតម្លៃផ្សេងៗគ្នា និងរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព និងជំរុញការអភិវឌ្ឍនៃប្រទេសទាំងបី។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនោះមិនបានឆ្លើយចំទៅនឹងសំណួររបស់អ្នកកាសែតវៀតណាម ដែលសួរជុំវិញការដកខ្លួនរបស់កម្ពុជាពាក់ព័ន្ធនឹងគម្រោង កម្ពុជា ឡាវ វៀតណាម CLV-DTA នោះទេ។ ប៉ុន្តែអ្នកស្រីបានលើកឡើងថា៖«ចំណងសាមគ្គីភាព មិត្តភាព និងភាពជឿជាក់រវាងវៀតណាម ឡាវ និងកម្ពុជា គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជាតិទាំងបី»។ នេះបើតាមសារព័ត៌មាន Vietnamnet Global។
គម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ១៩៩៩ តាមរយៈកិច្ចប្រជុំជាន់ខ្ពស់លើកដំបូងរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។
អតីតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសដកកម្ពុជាចេញពីកិច្ចសហប្រតិបត្តិការមួយនេះកាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤។ ការប្រកាសដកខ្លួននេះធ្វើឡើងក្រោយមានប្រតិកម្មរិះគន់ជាបន្តបន្ទាប់ពីក្រុមគណបក្សប្រឆាំង និងប្រជាពលរដ្ឋមួយចំនួន ដែលបានលើកឡើងពីការព្រួយបារម្ភថា កម្ពុជាអាចបាត់បង់ទឹកដីទៅប្រទេសវៀតណាម ដូចកម្ពុជាក្រោម។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា ថ្លែងថា ក្រោយកម្ពុជាប្រកាសដកខ្លួនចេញពីគម្រោង CLV នេះ គឺមិនទាន់ឃើញមានយន្តការផ្លូវការ ដែលមានសុពលភាពនៅឡើយទេ។ លោកថា ការដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការនេះនឹងមានសុពលភាព លុះត្រាតែប្រទេសទាំងបីចុះហត្ថលេខារួមគ្នា ដូចពេលចុះកិច្ចសហប្រតិបត្តិការលើគម្រោងមួយនេះ។
លោកថ្លែងថា៖ «យើងអត់ទាន់ឃើញអំពីយន្តការផ្លូវការនៃការចុះហត្ថលេខាលាចេញត្រឹមត្រូវមែនទែនទេ។ អាហ្នឹងត្រូវរង់ចាំលិខិតផ្លូវការមួយទៀត។ អ៊ីចឹងវាត្រូវការពេលវេលា ត្រូវការបញ្ជាក់។ វាមិនទាន់ហៅថា ប្រកាសហ្នឹងប្រកាសចូលជាសុពលភាពតែម្តងនៅទេ មិនទាន់អនុវត្តទេ ទាល់តែមានការចុះ[ហត្ថលេខា]ទាំងបីប្រទេសឡើងវិញ»។
លោក ឯម សុវណ្ណារ៉ា បន្ថែមថា បើតាមគោលការណ៍ច្បាប់ កាលណាប្រទេសមួយប្រកាសដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍ នោះបានន័យថា តំបន់នោះលែងជាតំបន់ត្រីកោណហើយ។
បើតាមលោក ឯម សុវណ្ណារ៉ា ការដកខ្លួនរបស់កម្ពុជាពីគម្រោងតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា ឡាវ វៀតណាម(CLV-DTA) ក៏មិនបានធ្វើឱ្យខាតប្រយោជន៍ដល់ប្រទេសទាំងបីឡើយ ដោយសារប្រទេសទាំងបី នៅមានកិច្ចសហប្រតិបត្តិការកម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម (CLMV) និងកិច្ចសហប្រតិបត្តិការផ្សេងទៀត។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយរូបនេះបន្ថែមថា ការដកខ្លួនរបស់រដ្ឋាភិបាលកម្ពុជា ក៏ជាភាពវ័យឆ្លាតរបស់អ្នកនយោបាយផងដែរ ព្រោះដើម្បីបញ្ចៀសកុំឱ្យប៉ះពាល់ និងបាត់បង់ការគាំទ្រនាថ្ងៃអនាគត ខណៈពលរដ្ឋរិះគន់ និងមិនពេញចិត្តគម្រោង CLV នោះ។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា និងអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាននៅឡើយទេ។
បើតាមលោក ហ៊ុន សែន ទោះបីជាកម្ពុជាដកខ្លួនចេញពីគម្រោង CLV ប៉ុន្តែកិច្ចសហការផ្សេងទៀតជាមួយប្រទេសជិតខាង គឺបន្តជាធម្មតា។
លោក ហ៊ុន សែន បង្ហោះសារកាលពីថ្ងៃទី២០ ខែកញ្ញា ថា៖ «យើងបន្តអភិវឌ្ឍលើទឹកដីរបស់យើង ដោយមានកិច្ចសហការជាធម្មតាជាមួយប្រទេសជិតខាង ក្នុងក្របខណ្ឌទ្វេភាគីរវាងប្រទេស និងប្រទេស ជាមួយអាស៊ាន ជាមួយ CLMV ជាមួយ ACMECS [អេកម៉ិក] ជាមួយ GMS និងដៃគូអភិវឌ្ឍន៍ផ្សេងទៀតនៅលើសកលលោក»។
បើតាមរដ្ឋាភិបាលកម្ពុជា កិច្ចសហប្រតិបត្តិការ CLMV គឺជាយន្តការមួយរបស់អាស៊ាន ដែលបង្កើតឡើងនៅឆ្នាំ២០០០ ដើម្បីជួយជំរុញការអភិវឌ្ឍប្រទេសអាស៊ានថ្មីទាំង៤ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដែលផ្ដោតអាទិភាពលើការពង្រឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កំណែទម្រង់រចនាសម្ព័ន្ធស៊ីជម្រៅក្នុងប្រទេសនីមួយៗ ក៏ដូចជាបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅក្នុងទិសដៅផ្សារភ្ជាប់សេដ្ឋកិច្ច និងប្រជាជនឱ្យកាន់តែជិតស្និទ។
នាពេលថ្មីៗនេះ ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅសហរដ្ឋអាមេរិក ក៏នៅតែបន្តបាតុកម្មទាមទារឱ្យរដ្ឋាភិបាលកម្ពុជា ដកចេញឱ្យដាច់ស្រឡះពីគម្រោងអភិវឌ្ឍន៍តំបន់ត្រីកោណជាមួយនឹងប្រទេសឡាវ និងវៀតណាម៕