មេធាវីនិងប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា តុលាការវៀតណាមកាលពីថ្ងៃព្រហស្បតិ៍បានតម្កល់សាលក្រមកាត់ទោសជាប់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំសម្រាប់អ្នកកាសែតប្រឆាំងដ៏លេចធ្លោម្នាក់ដែលត្រូវបានផ្តន្ទាទោសពីបទប្រឆាំងរដ្ឋ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Reuters។
តុលាការប្រជាជនដែលជាតុលាការកំពូលនៅទីក្រុងហាណូយបានច្រានចោលការប្តឹងឧទ្ធរណ៍របស់លោកស្រី Pham Doan Trang អាយុ ៤៤ ឆ្នាំនៅឯការកាត់ក្តីដែលមានសន្តិសុខយ៉ាងតឹងរ៉ឹងនៅក្នុងរដ្ឋធានីហាណូយ។ លោកស្រី Trang ដែលបានចុះផ្សាយយ៉ាងច្រើនអំពីបញ្ហាសិទ្ធិមនុស្ស និងការចោទប្រកាន់អំពីអំពើឃោរឃៅរបស់ប៉ូលិសក្នុងប្រទេសវៀតណាម ត្រូវបានកាត់ទោសកាលពីខែធ្នូពីបទធ្វើការឃោសនាប្រឆាំងរដ្ឋ។
លោក Dang Dinh Manh មេធាវីរបស់លោកស្រី Trang បាននិយាយថា៖ «លោកស្រីបានប្រកែកថា ការកាត់ក្តីដំបូងក្នុងខែធ្នូមិនបានអនុវត្តតាមនីតិវិធីក្នុងស្រុក និងសន្ធិសញ្ញាអន្តរជាតិទេ… ប៉ុន្តែតុលាការបានទទូចថា បណ្តឹងឧទ្ធរណ៍របស់លោកស្រីមិនមានមូលដ្ឋានអាចទទួលយកបានទេ»។
ទោះបីជាមានការកែទម្រង់សេដ្ឋកិច្ចយ៉ាងទូលំទូលាយ និងមានការបើកចំហឱ្យមានការផ្លាស់ប្តូរសង្គមក៏ដោយ ក៏បក្សកុម្មុយនិស្តដែលកាន់អំណាចនៅប្រទេសវៀតណាមរក្សាការត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយយ៉ាងតឹងរ៉ឹង និងមានការអត់ធ្មត់តិចតួចចំពោះការរិះគន់។
លោក Manh បាននិយាយថា សមាជិកគ្រួសាររបស់លោកស្រី Trang និងអ្នកការទូត នៅទីក្រុងហាណូយ ត្រូវបានហាមឃាត់មិនឱ្យចូលរួមសវនាការបណ្តឹងឧទ្ធរណ៍របស់លោកស្រីទេ។ សហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍បានហៅការចោទប្រកាន់កាត់ទោសលោកស្រី Trang នេះថា «មិនមានភាពច្បាស់លាស់»។ សហភាពអឺរ៉ុបបន្ថែមថា ការចាប់ខ្លួន និងការផ្តន្ទាទោសសកម្មជនអហិង្សា និងអ្នកកាសែតគឺផ្ទុយនឹងច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោក Nabila Massrali អ្នកនាំពាក្យគណៈកម្មការកិច្ចការបរទេសសហភាពអឺរ៉ុបបាននិយាយថា៖ «សហភាពអឺរ៉ុបបន្តអំពាវនាវឱ្យអាជ្ញាធរវៀតណាមដោះលែងអ្នកការពារសិទ្ធិមនុស្សទាំងអស់ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត»។
កាលពីខែមីនា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានប្រកាសនៅទីក្រុងវ៉ាស៊ីនតោនថា លោកស្រី Trang ជាជ័យលាភីរង្វាន់ស្ត្រីអន្តរជាតិក្លាហាន នៅក្នុងពិធីមួយដែលចូលរួមដោយភរិយាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកស្រី Jill Biden។ វៀតណាមបានជំទាស់នឹងការផ្តល់រង្វាន់នេះ។
បន្ទាប់ពីសេចក្តីសម្រេចកាត់ទោសនោះ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Ned Price បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា៖ «សហរដ្ឋអាមេរិកមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលប្រាំបួនឆ្នាំប្រឆាំងអ្នកនិពន្ធ និងអ្នកកាសែតវៀតណាមដ៏ល្បីឈ្មោះ គឺលោកស្រី Pham Doan Trang។
យើងកត់សម្គាល់របាយការណ៍អំពីការធ្លាក់ចុះផ្នែកសុខភាពរបស់លោកស្រី Trang និងជំរុញឱ្យវៀតណាមធានាឱ្យមានការថែទាំផ្នែកវេជ្ជសាស្រ្តគ្រប់គ្រាន់ និងអនុញ្ញាតឱ្យលោកស្រី Trang ទទួលបានការថែទាំសុខភាព»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងថា តុលាការកាលពីថ្ងៃអង្គារបាននិយាយថា លោកស្រី Trang មិនមែនគ្មានកំហុសនោះទេ ទោះបីជាលោកស្រីបានប្រកែកថា មិនមានកំហុសក៏ដោយ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមបានរាយការណ៍ថា៖ «គណៈវិនិច្ឆ័យបានចាត់ទុកថា សកម្មភាពរបស់លោកស្រី Pham Doan Trang គឺមានគ្រោះថ្នាក់សម្រាប់សង្គម»។
កាលពីដើមខែនេះ តុលាការក៏បានតម្កល់សាលក្រមកាត់ទោសជាប់ពន្ធនាគាររយៈពេលយូរប្រឆាំងនឹងសកម្មជនយ៉ាងហោចណាស់បីនាក់ផ្សេងទៀត៕