ប្រទេសវៀតណាមជាប្រទេសមួយដែលអាចនឹងមានសេដ្ឋកិច្ចរីកចម្រើននៅក្នុងឆ្នាំ ២០២០ នេះ នៅពេលដែលប្រទេសនេះឈានទៅធ្វើការបោះឆ្នោតសម្រេចចុងក្រោយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងទ្វីបអឺរ៉ុបនៅក្នុងសប្ដាហ៍នេះ។
រដ្ឋសភាជាតិវៀតណាមគ្រោងនឹងបោះឆ្នោតលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលរង់ចាំជាយូរមកហើយនេះនៅថ្ងៃព្រហស្បតិ៍ខាងមុខ។ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីសហភាពអឺរ៉ុប-វៀតណាម ដែលហៅកាត់ថា EVFTA នេះ ត្រូវបានគេមើលឃើញថាជាឧបករណ៍មួយសម្រាប់សេដ្ឋកិច្ចវៀតណាមក្នុងការងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាកាតាលីករមួយសម្រាប់ការកែទម្រង់ពលកម្ម និងបរិស្ថានផងដែរ។
ក្រោយពីបានបិទអស់ប៉ុន្មានសប្ដាហ៍ដោយសារវីរុសកូរ៉ូណាមក ប្រទេសវៀតណាមបានបើកដំណើរការអាជីវកម្មនានាឡើងវិញមុនប្រទេសភាគច្រើនបំផុតនៅលើពិភពលោក។ ករណីនេះធ្វើឲ្យវៀតណាមអាចទាក់ទាញវិនិយោគបរទេសនានា ដូចជាការសម្រេចចិត្តដំបូងបង្អស់របស់ក្រុមហ៊ុន Apple នៅក្នុងការផលិតផលិតផលថ្មីទាំងស្រុងនៅក្នុងប្រទេសវៀតណាមជាដើម។
មន្ត្រីសហភាពអឺរ៉ុប និងមន្ត្រីវៀតណាមបានហៅកិច្ចព្រមព្រៀងនេះថាជាកិច្ចព្រមព្រៀងពោរពេញដោយមហិច្ឆិតា ដោយសារតែគោលបំណងផ្តោតលើសង្គម និងបរិស្ថានរបស់វា។ ក្រៅពីការលុបចោលនូវពន្ធគយចំនួន ៩៩% រវាងភាគីទាំងពីរ កិច្ចព្រមព្រៀងនេះតម្រូវឲ្យវៀតណាមទទួលស្គាល់តាមផ្លូវច្បាប់ថា សហជីពការងារមានភាពឯករាជ្យពីគណបក្សកុម្មុយនិស្តដែលជាគណបក្សកាន់អំណាច និងតម្រូវឲ្យវៀតណាមពង្រឹងច្បាប់មួយចំនួនដូចជាច្បាប់ប្រឆាំងនឹងការកាប់ឈើខុសច្បាប់ជាដើម។
ការនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុបមានដូចជាសំលៀកបំពាក់ ស្បែកជើង និងវាយនភណ្ឌផ្សេងទៀត ក៏ដូចជាគ្រឿងអេឡិចត្រូនិច និងផលិតផលកសិកម្មជាដើម។ ចំណែកឯទំនិញដែលវៀតណាមនាំចូលពីសហភាពអឺរ៉ុបវិញមានដូចជាគ្រឿងម៉ាស៊ីន ថ្នាំពេទ្យ គ្រឿងបន្លាស់រថយន្ត និងផលិតផលអាហារ៕