ប្រទេស​វៀតណាម នឹង​ដក​ចេញ​​​ការរឹត​បន្តឹង​កូវីដ១៩ សម្រាប់​ជើង​យន្តហោះ​អន្តរជាតិ

រូបឯកសារ៖ អ្នកដំណើរ ដើរ​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ Noi Bai ក្នុង​ទីក្រុង​ហាណូយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។

ប្រទេស​វៀតណាម នឹង​ដកចេញ​នូវ​ការ​រឹត​បន្តឹងជំងឺ​កូវីដ១៩លើអ្នក​ធ្វើ​ដំណើរតាម​ជើង​យន្តហោះ​អន្តរជាតិ​ដែល​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​រួច​ហើយ​ ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​នេះ​ត​ទៅ។ នេះ​ បើ​តាម​ការឲ្យ​ដឹងរបស់​អាជ្ញាធរ​អាកាសចរណ៍​វៀតណាម​ដែល​បាន​និយាយនៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ​ហើយ​ដែល​ត្រូវ​បាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP។

រដ្ឋ​កុម្មុយនីស្តមួយ​នេះ បាន​បិទ​ប្រទេស​របស់​ខ្លួនចាប់​ពី​ខែ​មីនា ឆ្នាំ​២០២០ ​មក ​ដោយ​សារ​តែ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ​វិស័យ​ទេសចរណ៍​ដ៏​សំខាន់​របស់​ខ្លួន។

អាជ្ញាធរវៀតណាម បាន​កាត់​បន្ថយ​ការរឹត​បន្តឹង​យឺតៗ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែថ្មីៗ​នេះ​ ហើយ​មាន​អ្នក​ទេសចរ​តិចតួច​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​អនុញ្ញាតឲ្យចូល​មក​ប្រទេស​នេះ​ដោយ​មាន​ការ​រៀបចំ​ត្រឹមត្រូវ​ចាប់តាំង​ពី​ខែ​វិច្ឆិកា​មក។

ចាប់ពី​ថ្ងៃ​អង្គារ​ស្អែក​នេះ​តទៅ វៀតណាម នឹង​ដកចេញ​នូវ​ការរឹតបន្តឹងលើ​អ្នក​ដំណើរតាម​ជើង​យន្តហោះ​អន្តរជាតិ​ដែលហោះមក​កាន់​ប្រទេស​វៀតណាម។ នេះ​ បើតាម​ការ​បញ្ជាក់​របស់អាជ្ញាធរ​អាកាសចរណ៍ស៊ីវិល​វៀតណាម។

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​មិ្សល​មិញ​ មិន​បាន​បញ្ជាក់​ច្បាស់​ទេ​ថា តើមាន​ជើង​យន្តហោះ​ប៉ុន្មាន​ នឹង​ត្រូវ​អនុញ្ញាត​ឲ្យ​ហោះ​ចូល​មក​កាន់​ប្រទេស​វៀតណាម​នោះ ប៉ុន្តែបាន​បញ្ជាក់​ថា អ្នក​ធ្វើ​ដំណើរ​មក​ដល់ នឹង​ត្រូវ​បាន​អនុញ្ញាតដូចកាល​ពី​មុនការរាតត្បាត​នៃ​ជំងឺកូវីដ​១៩​ ដូច្នោះ​ដែរ។

បើ​តាម​វិធានការ​នេះ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ចង់​ចូល​មក​កាន់​ប្រទេស​វៀតណាម ត្រូវតែ​ចាក់​វ៉ាក់សាំង​កូវីដ១៩ឲ្យ​បាន​ពេញ​លេញ ​ហើយ​ត្រូវ​ធ្វើ​ចតាឡីស័កចំនួន​៣​ថ្ងៃនៅតាម​ផ្ទះ​ ឬ​នៅតាម​សណ្ឋាគារ។

អ្នក​ធ្វើ​ដំណើរ​ទាំង​អស់​ ត្រូវគោរពវិធានការចូល​និង​ចេញ​ដែល​មាន​ស្រាប់​ និង​តម្រូវ​ការថែរក្សា​សុខភាព​ដូច​មុនពេល​នៃ​ជំងឺ​រាតត្បាត​កូវីដ១៩។ នេះ ​បើ​តាម​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​វៀតណាម។

ពលរដ្ឋ​វៀតណាម​ដែល​មាន​អាយុ​ពេញ​វ័យ​ប្រមាណ​ជាង៩០% បាន​ចាក់វ៉ាក់សាំង​កូវីដ១៩ ចំនួន​២ដូស​រួច​ហើយ។ រដ្ឋាភិបាល​វៀតណាម កំពុង​ពិចារណាចាក់​វ៉ាក់សាំង​ដល់ក្មេង​ជំទង់ផង​ដែរ ខណៈ​ដែលខ្លួន​កំពុងបង្កើនល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​ដល់​ពលរដ្ឋ​របស់​ខ្លួន។

វៀតណាមនៅ​ពេល​បច្ចុប្បន្ន​នេះ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ថ្មី​ប្រចាំ​ថ្ងៃ​ប្រមាណ២ម៉ឺន​ករណី​ ហើយមាន​អ្នកឆ្លង​សរុប​ទាំង​អស់ប្រមាណ២លាន ៥សែន​នាក់​ និង​មាន​អ្នក​ស្លាប់​សរុបដោយ​សារ​ជំងឺ​នេះ ​ចំនួន​ជិត៣ម៉ឺន ៩ពាន់​នាក់ ចាប់តាំង​ពី​ការចាប់ផ្តើម​ការរាតត្បាត​នៃ​ជំងឺកូវីដ១៩ នេះ​មក៕