វៀតណាម​ចង់បាន​ចំណង​រឹងមាំ​ជាមួយ​ចិន​ ទោះ​បី​ជា​មាន​ការ​សង់​បន្ថែម​នៅ​ប្រជុំ​កោះ​ជម្លោះ

  • Ralph Jennings

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រីចិន Li Keqiang និងលោកនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc ចូលរួម​ពិធីចុះហត្ថលេខា​មួយ​នៅ​វិមាន​រដ្ឋាភិបាល​ចិន នៅទីក្រុងប៉េកាំង ប្រទេសចិន។

ប្រទេស​វៀតណាម​កំពុង​ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ព្យាយាម​សម្រេច​បាន​ទំនាក់ទំនង​ឲ្យ​កាន់​តែ​រឹងមាំ​ជាងមុន​ជាមួយ​ប្រទេស​ចិន ដែល​ជា​គូ​បដិបក្ខ​ផ្នែក​នយោបាយ​អស់​ជា​ច្រើន​សតវត្ស​ បើ​ទោះ​បី​ជា​មាន​សញ្ញា​ថ្មី​បង្ហាញ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ពង្រីក​ហេដ្ឋារចនា​សម្ព័ន្ធ​ នៅ​លើ​ប្រជុំ​កោះ​មាន​ជម្លោះ​មួយ​ចំនួន​នៅ​សមុទ្រ​ចិន​ខាង​ត្បូង។

ប្រទេស​វៀតណាម​ ដែល​ស៊ាំ​នឹង​ការ​សាងសង់​ហេដ្ឋារចនា​សម្ព័ន្ធ​បន្ថែម​របស់​ចិន​ជា​យូរ​មក​ហើយ​នៅ​ក្នុង​តំបន់​ជម្លោះ​ប្រជុំ​កោះ​ Paracel និង​ Spratly នោះ កំពុង​តែ​ខ្វល់ខ្វាយ​នឹង​ការ​បង្កើន​ការ​នាំ​ចេញ​របស់​ខ្លួន ហើយ​ក៏​ចង់​មាន​ពាណិជ្ជកម្ម​កាន់​តែ​រឹងមាំ​ជាមួយ​ចិន​ ដែល​មាន​សេដ្ឋកិច្ច​ធំ​លំដាប់​ទី​២​នៅ​លើ​ពិភពលោក។ អ្នក​វិភាគ​និយាយ​ថា​ ក្រុម​មន្ត្រី​វៀតណាម​ មិន​ប្រាកដ​ទេ​ថា​ ប្រធានាធិបតី​អាមេរិក​ ដូណាល់​ ត្រាំ (Donald Trump) អាច​ជួយ​វៀតណាម​ការពារ​ខ្លួន​ពី​ចិន​ នៅ​ក្នុង​ករណី​ចាំបាច់​នោះ។

វៀតណាម​ទំនង​ជ្រើស​យក​មធ្យោបាយ​ការទូត​រយៈពេល​យូរ​ជា​ផ្លូវ​បន្ត​ដំណើរ​ទៅមុខ

ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ទំនង​យល់​ថា​ មាន​តែ​ទំនាក់ទំនង​ស្ថិរភាព​រយៈពេល​យូរ​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ទេ​ ដែល​អាច​ជំរុញ​នាំ​ឲ្យ​មាន​ការ​ចរចា​លើ​តំបន់​ជម្លោះ Paracels ឬ​ Spartly នេះ​បើ​តាម​ លោក​ Oscar Mussons​ អ្នក​ប្រឹក្សា​អាជីវកម្ម​អន្តរជាតិ​ឲ្យ​ក្រុមហ៊ុន​ប្រឹក្សា​យោបល់​ Dezan Shira & Associates ក្នុង​ទីក្រុង​ហូជីមិញ។ ចិន​ស្ថិត​នៅ​លេខ​រៀង​ទី​៣​ ដែល​មាន​យោធា​រឹង​មាំ​បំផុត​លើ​ពិភពលោក​ ហើយ​វៀតណាម​ស្ថិត​នៅ​លេខ​រៀង​ទី​១៧ នេះ​បើ​តាម​ប្រព័ន្ធ​ទិន្នន័យ​ GlobalFirePower.com។

លោក​ Mussons និយាយ​ថា​៖ «យ៉ាង​ហោច​ណាស់​ពួកគេ​ដឹង​ថា​ ពួកគេ​កំពុង​ស្វែង​រក​អ្វី​មួយ។ ពួកគេ​កំពុង​ស្វែង​រក​បក្ខពួក​តែ​មួយ​គត់​ ហើយ​ដូច្នេះ​ពួកគេ​គឺ​ជា​សមមិត្ត​គ្នា។ វិធី​តែ​មួយ​ដែល​នៅ​សល់​សម្រាប់​វៀតណាម​ ប្រហែល​ជា​ប្រើប្រាស់​យុទ្ធសាស្ត្រ​ការទូត។​ វៀតណាម​មិន​អាច​ប្រជែង​ជាមួយ​នឹង​អំណាច​យោធា​របស់​ចិន​បាន​ទេ»។

ចិន​ពង្រឹង​ការ​គ្រប់គ្រង​របស់​ខ្លួន​នៅ​ប្រជុំ​កោះ​ Paracel

គម្រោង​ស្តី​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​ជា​ការងារ​ស្រាវជ្រាវ​របស់​ក្រុម​អ្នក​វិភាគ​ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ សម្រាប់​ការ​សិក្សា​អន្តរជាតិ​និង​យុទ្ធសាស្ត្រ​នៅ​ខែ​កុម្ភៈ​នេះ ​បាន​រៀបរាប់​ថា​ មាន​ភស្តុតាង​ថ្មី​ ដែល​បង្ហាញ​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​បន្ថែម​កងទ័ព​ជើង​ទឹក​និង​សម្ភារៈ​សម្រាប់​ទ័ព​អាកាស​ នៅ​ប្រជុំ​កោះ​ Paracel។
ចិន​និង​វៀតណាម​ ក៏​កំពុង​ប្រជែងយក​ការ​គ្រប់គ្រង​លើ​ប្រជុំ​កោះ Spratly ដែល​ត្រូវ​បាន​ទាមទារ​ដោយ​ភាគី​ប្រទេស​ព្រុយណេ​ ម៉ាឡេស៊ី​ តៃវ៉ាន់​ និង​ហ្វីលីពីន​ផង​ដែរ។

ក្រសួង​ការបរទេស​វៀតណាម​ មិន​បាន​បោះពុម្ព​ផ្សាយ​ជា​ការ​ឆ្លើយតប​លើ​គេហទំព័រ​របស់​ខ្លួន​ទៅ​លើ​របាយការណ៍​រក​ឃើញ​របស់​ក្រុម​អ្នក​វិភាគ​ទាំង​នេះ​ទេ កាល​ពី​ថ្ងៃ​ចន្ទ​ ដោយ​ប្រកាន់​យក​យុទ្ធសាស្ត្រ​ទន់ភ្លន់​ ស្រប​តាម​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ បន្ទាប់​ពី​មាន​កិច្ចប្រជុំ​ថ្នាក់​កំពូល​ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ និង​ខែ​មករា​កន្លង​ទៅ​នេះ។

វៀតណាម​អាច​នឹង​បន្ត​ប្រឆាំង​ ប៉ុន្តែ​នឹង​មិន​ធ្វើ​សកម្មភាព​អ្វីឡើយ

ក្រុម​អ្នក​ជំនាញ​និយាយ​ថា​ មេដឹកនាំ​ក្នុង​ទីក្រុង​ហាណូយ​ កំពុង​ចាប់​ផ្តើម​ទទួល​ស្គាល់​ដោយ​ស្ងាត់​ស្ងៀម​ ចំពោះ​ការ​គ្រប់គ្រង​របស់​ចិន​នៅ​លើ​ប្រជុំ​កោះ​ Paracel ទោះ​បី​ជា​បាន​តស៊ូ​ប្រឆាំង​អស់​រយៈពេល​៤៣​ឆ្នាំ​ក៏​ដោយ។

ប៉ុន្តែ​ លោក​ Carl Thayer សាស្ត្រាចារ្យ​ចូលនិវត្តន៍​ផ្នែក​នយោបាយ​នៅ​សាកលវិទ្យាល័យ​ New South Wales ក្នុង​ប្រទេស​អូស្ត្រាលី​និយាយ​ថា ​ដោយ​សារ​ចលនា​ប្រឆាំង​ចិន​ក្នុង​ចំណោម​ប្រជាជន​ជាង​៩៣​លាន​នាក់​របស់​ខ្លួន​ រដ្ឋាភិបាល​វៀតណាម​នឹង​បន្ត​ជ្រើស​យក​ការ​ទាមទារ​អធិបតេយ្យភាព​ជា​សាធារណៈ​ ប៉ុន្តែ​នឹង​បំបិទ​សំឡេង​មន្ត្រី​ណា​ដែល​មាន​កំហឹង​ឬ​ធ្វើ​ការ​តបត​នឹង​សកម្មភាព​របស់​ចិន ខណៈ​ពេល​ដែល​វៀតណាម​កំពុង​ចាក់​គ្រឹះ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ រួម​ទាំង​សមុទ្រ​ជាមួយ​ចិន​ផង​នោះ។

លោក​និយាយ​ថា​៖ «ខ្ញុំ​គិត​ថា​ វៀតណាម​នឹង​ធ្វើការ​ប្រឆាំង​តាមបែប​បទ​ឯកសារ​ ចំពោះ​សកម្មភាព​របស់​ចិន​នៅ​ប្រជុំ​កោះ​ Paracel​ ពីព្រោះ​វៀតណាម​ក៏​ទាមទារ​ដែនដី​អធិបតេយ្យភាព​ដែរ។ ​នេះ​ប្រហែល​ជា​តាម​ក្បួន​ទម្លាប់។ វៀតណាម​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​ចំពោះ​បញ្ហា​នេះ​ ក្រៅ​ពី​សម្រប​ខ្លួន​ទៅ​តាម​នោះ»។

ចិន​បាន​ដក​ស្រង់​កំណត់ត្រា​ប្រវត្តិសាស្ត្រ​លើ​ការ​ប្រើប្រាស់​សមុទ្រ ដើម្បី​ទាម​ទារ​យក​ដែន​ទឹក​៩៥%​ពី​សមុទ្រ​ចិន​ខាង​ត្បូង​ ដែល​លាត​សន្ធឹង​ពី​កោះ​តៃវ៉ាន់​ ដល់​ប្រទេស​សិង្ហបុរី។ ប្រទេស​ទាមទារ​ទាំង​៦ ​ចង់​បាន​ដែន​សមុទ្រ​នេះ​ ដោយសារ​ភាព​សម្បូរ​បែប​នៃ​ធនធាន​ជលផល។ ប្រទេស​ខ្លះ​កំពុង​រពឹង​ទទួល​បាន​ប្រេង​ឥន្ធនៈ​ដែល​ស្ថិត​នៅ​បាត​សមុទ្រ​ និង​ផល​ប្រយោជន៍​នៃការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​សមុទ្រ។

វៀតណាម​មាន​លទ្ធភាព​តិចតួច​ដើម្បី​ចូល​ទៅ​កាន់​ប្រជុំ​កោះ​ Paracel ដែល​មាន​កោះ​តូចៗ​ចំនួន​ ១៣០​ រាប់​ចាប់​ពី​ឆ្នេរ​សមុទ្រ​ខាង​កើត​របស់​ខ្លួន​ រហូត​ដល់​ភាគ​និរតី​នៃ​ទីក្រុង​ហុងកុង។ វា​កើត​ឡើង​ចាប់​តាំង​ពី​កងទ័ព​រំដោះ​នៃ​ប្រជាជន​ចិន​ បាន​កាន់កាប់​ប្រជុំ​កោះ​នោះ​ក្នុង​ឆ្នាំ​១៩៧៤​ បន្ទាប់​ពី​ឈ្នះ​ចម្បាំង​សមុទ្រ​ជាមួយ​ប្រទេស​វៀតណាម​ខាង​ត្បូង​នា​ពេល​នោះ។

ក្នុង​ចំណោម​កោះ​ទាំង​២០​ដែល​ចិន​បាន​កាន់កាប់​នៅ​ប្រជុំ​កោះ​ Paracels មាន​កោះ​បី​ដែល​មាន​កំពង់​ផែ ​អាច​ឲ្យ​នាវា​កងទ័ព​ជើង​ទឹក​និង​ស៊ីវិល​ដែល​ផ្ទុក​មនុស្ស​ចំនួន​ច្រើន​អាច​ចូល​ចត​បាន នេះ​បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​កិច្ច​ផ្ដួចផ្ដើម​ដើម្បី​តម្លាភាព​សមុទ្រ​អាស៊ី (Asian Maritime Transparency Initiative) ចុះ​ផ្សាយ​លើ​គេហទំព័រ​កាល​ពី​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ។ ចិន​បាន​ចាក់​ដី​បន្ថែម​ដើម្បី​ពង្រីក​កន្លែង​ដែល​គ្មាន​មនុស្ស​តាំង​ទីលំនៅ​ពី​មុន​នៅ​លើ​ប្រជុំ​កោះ​ Paracels បន្ថែម​ទៅ​លើ​ទំហំដី​ប្រហែល​ ៣២០០ហិកតា​ ដែល​ចិន​ចាក់​បន្ថែម​លើ​ប្រជុំ​កោះ​ជម្លោះ​មួយ​ទៀត​គឺ​កោះ Spratly។

របាយការណ៍​របស់​អង្គការ​កិច្ច​ផ្តួចផ្តើម​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា​ កោះ​តូចៗ​៤​ទៀត​ក្នុង​ប្រជុំ​កោះ​ Paracel គ្រប់គ្រង​ដោយ​ចិន​ មាន​កំពង់ផែ​ ហើយ​កោះ​ទី​៥​ក៏​កំពុង​ត្រូវ​បាន​សាងសង់​ ដែល​ពី​មុន​ខ្វះ​ខាត​ហេដ្ឋារចនាសម្ព័ន្ធ​យោធា។ កោះ​ទាំង​៥​នឹង​ផ្គត់ផ្គង់​គាំទ្រ​កោះ Helipads និង​ កោះ​ Duncan​ ជា​កោះ​មាន​យោធា​កម្រិត​ខ្ពស់​បំផុត​ទី​២​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រជុំ​កោះ​នោះ ដោយ​មាន​មូលដ្ឋាន​ឧទ្ធម្ភាគចក្រ​ចុះ​ចត​ពាសពេញ​នោះ។

របាយការណ៍​នោះ​បាន​បន្ថែម​ថា​ កោះ​ Woody​ ​ដែល​ជា​កោះ​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​បង្អស់​ មាន​ផ្លូវ​ចុះ​យន្តហោះ​ ឃ្លាំង​ផ្ទុក​យន្តហោះ​ និង​ការ​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីល​លើ​ដី​តម្រង់​ទិស​ទៅ​លើ​អាកាស​ផង​ដែរ។

កាល​ពី​ថ្ងៃ​ទី​៥​ខែ​កុម្ភៈ​ អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​វៀតណាម​បាន​រៀបរាប់​ថា​ មាន​ការ​បង្កើត​សាខា​ធនាគារ​ចិន​ «ដោយ​ខុស​ច្បាប់​» នៅ​លើ​កោះ​ Woody Island។ ប៉ុន្តែ​សារព័ត៌មាន​រាយការណ៍​ថា​ អាជ្ញាធរ​វៀតណាម​បាន​បង្ក្រាប​បាតុកម្ម​ដែល​មាន​មនុស្ស​ជាង​១០០​នាក់​កាល​ពី​ខែ​មុន​នៅ​ទីក្រុង​ហាណូយ​ នៅ​ថ្ងៃ​ខួប​រំឭក​ការ​គ្រប់គ្រង​របស់​ចិន​លើ​ប្រជុំ​កោះ​ Paracel។

កុបកម្ម​ប្រឆាំង​ចិន​ដែល​មាន​មនុស្ស​ស្លាប់​ បាន​កើត​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​នៅ​ឆ្នាំ​២០១៤ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ប្រេង​មួយ​ រុករក​អណ្ដូង​ប្រេង​នៅ​ក្នុង​ដែន​ទឹក​មាន​ជម្លោះ​ ក្បែរ​ឈូង​សមុទ្រ Tonkin ដែល​ស្ថិត​នៅ​ជិត​ភាគ​ខាងកើត​វៀតណាម​ និង​ភាគ​ខាង​ត្បូង​ចិន។

ចិន​និង​វៀតណាម​នឹង​ធ្វើការ​រួម​គ្នា

បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ចិន​របស់​អគ្គ​លេខាធិការ​បក្ស​កុម្មុយនិស្ត​វៀតណាម​ លោក​ Nguyen Phu Trong កាល​ពី​ខែ​មុន​ ដើម្បី​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ចិន​ លោក​ Xi Jingping ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ យល់​ព្រម​ដោះ​ស្រាយ​ជម្លោះ​ដែន​សមុទ្រ​ដោយ​សន្តិភាព​ ហើយ​ធ្វើការ​រួម​គ្នា​ដើម្បី​ការ​អភិវឌ្ឍ​នៅ​ក្នុង​ឈូង​សមុទ្រ។

ប្រទេស​ទាំង​ពីរ​បាន​គោរព​ទៅ​តាម​កិច្ច​ព្រមព្រៀង​នេសាទ​មួយ​អស់​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មក​ហើយ ហើយ​ក៏បាន​ពិភាក្សា​ជាមួយ​គ្នា​អំពី​ប្រតិបត្តិការ​រុករក​ប្រេង​ផង​ដែរ។

កាល​ពី​ខែ​កញ្ញា​ មេដឹកនាំ​កំពូល​របស់​ចិន​និង​ប្រធានាធិបតី​វៀតណាម បាន​សន្យា​ថា​ ពួកគេ​នឹង​ «គ្រប់គ្រង​ឲ្យ​បាន​ត្រឹម​ត្រូវ​លើ​ការ​ខ្វែង​គំនិត​គ្នា​ខាង​សមុទ្រ​ ហើយ​បន្ត​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី»។

ចិន​គឺ​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ជា​ដៃ​គូ​ពាណិជ្ជកម្ម​កំពូល​របស់​វៀតណាម ដែល​មាន​ទឹក​ប្រាក់​ ៦៦​ពាន់​លាន​ដុល្លារ​អាមេរិក​សម្រាប់​ការ​នាំចេញ​និង​នាំ​ចូល​ក្នុង​ឆ្នាំ​២០១៥​ នេះ​បើ​យោង​តាម​សារព័ត៌មាន​អនឡាន​របស់​រដ្ឋ​ចិន​ China Daily។

ក្រុម​អ្នក​វិភាគ​និយាយ​ថា​ ក្រុម​មន្ត្រី​នៅ​ក្នុង​ទីក្រុង​ហាណូយ​ ទំនង​ជា​ឲ្យ​តម្លៃ​ទៅ​ប្រទេស​ចិន​ជាង​មុន ខណៈ​ដែល​ពួកគេ​ព្យាយាម​វាស់​ស្ទង់​គោលនយោបាយ​របស់​សហរដ្ឋ​អាមេរិក​លើ​សមុទ្រ​ចិន​ខាង​ត្បូង។

លោក​ប្រធានាធិបតី​ ត្រាំ​ មិន​បាន​បញ្ជាក់​ទេ​ថា ​តើ​លោក​នឹង​ជួយ​ប្រទេស​វៀតណាម​នៅ​ក្នុង​ជម្លោះ​ដែនទឹក​ជាមួយ​ប្រទេស​ចិន​ ដូច​ប្រធានាធិបតី​អាណត្តិ​មុន លោក អូបាម៉ា ធ្លាប់​បាន​ធ្វើ​នោះទេ។

ប៉ុន្តែ​លោក​ Trump កំពុង​តែ​ខឹង​នឹង​ប្រទេស​ចិន។ រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Rex Tillerson បាន​ស្នើ​ឲ្យ​មាន​ការ​រារាំង​ចិន​ពី​ប្រជុំ​កោះ​ ដែល​ចិន​បាន​ទាមទារ​ ហើយ​កាល​ពី​ថ្ងៃ​ចន្ទ​មុន​ នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ USS Carl Vinson បាន​មក​ដល់​សមុទ្រ​ចិន​ខាង​ត្បូង។ ការ​ផ្លាស់ប្ដូរ​នេះ​បាន​បង្ក​ជា​ «ការ​គំរាម​កំហែង​យោធា​ដល់​ប្រទេស​ចិន» នេះ​បើ​យោង​តាម​សារព័ត៌មាន​អនឡាន​ Global Times បាន​រាយការណ៍។

ការ​រក្សា​តុល្យភាព​សម្រាប់​វៀតណាម

លោក​ Mussons និយាយ​ថា​ សេចក្ដី​សម្រេច​របស់​លោក​ ត្រាំ​ ដែល​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​ដៃ​គូ​ពាណិជ្ជកម្ម​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ (Trans-Pacific Partnership) របស់​ប្រទេស​ចំនួន​១២​ បាន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​មើល​ទៅ​ដូច​ជា​មិន​រឹងមាំ​ទាល់​តែ​សោះ​សម្រាប់​វៀតណាម។ ប្រទេស​វៀតណាម​គឺ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ី​ខាង​កើត​ទាំង​បួន​ ដែល​ជា​សមាជិកនៃ​កិច្ច​ព្រមព្រៀង​នោះ។

លោក​និយាយ​ថា​ បើ​ប្រៀប​ធៀប ចិន​មើល​ទៅ​ហាក់​ដូច​ជា​ «គួរ​ឲ្យ​ទុក​ចិត្ត​» ជាង ​ហើយ​បើ​ទំនាក់ទំនង​សេដ្ឋកិច្ច​ដំណើរការ​រលូន​ នោះ​នា​ពេល​ចុង​ក្រោយ​ចិន​ប្រហែល​ជា​បើក​ចំហ​កិច្ចពិភាក្សា​ជាមួយ​វៀតណាម​អំពី​សិទ្ធិ​កាន់កាប់​ទៅ​លើ​ប្រជុំ​កោះ​ Paracels។

លោក​ Jonathan Spangler នាយក​ស្ថាប័ន​អ្នក​វិភាគ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ (South China Sea Think Tank) នៅ​ក្នុង​ទីក្រុង​តៃប៉ិ​និយាយ​ថា​ រដ្ឋាភិបាល​វៀតណាម​ដឹង​ថា​ ខ្លួន​ត្រូវ​«តែ​ជៀសវាង​ការ​ធ្វើ​ឲ្យ​ចិន​មិន​សប្បាយ​ចិត្ត»​ ខណៈ​ពេល​ដែល​វៀតណាម​បន្ត​បើក​ចំហ​ទំនាក់ទំនង​វិស័យ​ការពារ​ជាតិ​ជាមួយ​សហរដ្ឋ​អាមេរិក។

លោក​ Spangler និយាយ​ថា​៖ «សម្រាប់​ប្រទេស​វៀតណាម​ ស្ថិរភាព​ក្នុង​តំបន់​ គឺ​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ទៅ​នឹង​សន្តិសុខ​ជាតិ»។«វៀតណាម​ ក៏​ដូច​ជា​ប្រទេស​ដែល​ទាមទារ​ផ្សេង​ទៀត​ ត្រូវ​ការ​រក្សា​តុល្យភាព​នៃ​ការ​ចំណេញ​ផ្នែក​សេដ្ឋកិច្ច​ជាមួយ​ចិន​ និង​ការ​ប្រថុយ​ផ្នែក​នយោបាយ​ដែល​មិន​ការពារ​ការ​ទាមទារ​អធិបតេយ្យភាព​របស់​ខ្លួន​ ដែល​លេចចេញ​នូវ​ភាព​ទន់​ខ្សោយ​នៅ​ក្នុង​ប្រទេស»៕

ប្រែ​សម្រួល​ដោយ​ នូវ​ ពៅលក្ខិណា